Monday, 17 September 2012

"បណ្ដាំក្រុមង៉ុយ" ដោយ​អ្នកព្រះភិរម្យ ភាសា អ៊ូ ហៅ ង៉ុយ



១‍‍   នេះបទព្រហ្មប្រាជ្ជប្រែ               ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
​      ឲ្យប្រិតប្រុងស្មារតី                      គួរគប្បីឲ្យឧស្សាហ៍                  
   កុំខ្ជិលកុំល្ងង់ពេក                        ខំរៀនលេខរៀនអក្ខរា
      រៀនគ្រប់សព្វធម៌អាថ៌                  ប្រាជ្ញាផ្សំនឹងគំនិត                  
   កំណើតកើតជាមនុស្ស        ​         មើលឲ្យធ្លុះទោះឆ្ងាយជិត
       ចេះស្ទាត់ប្រាកដពិត                   គិតការ​អ្វីបានគ្រប់យ៉ាង           
    មនុស្សល្ងង់មិនផ្អើលភ្ញាក់             ដូចភ្នេកខ្វាក់ទាំងសងខាង
       អាងរូបគ្មានអ្វីអាង                      សាងទាបថោកកើតមកខ្លៅ     
    ពូជមនុស្សទោះខ្ពស់ទាប             កាត់តាមភាពត្រកូលផៅ
       អាក្រក់ល្អសខ្មៅ                        កាត់កូនផៅដូចដូនតា             
    ពូជល្ងង់មិនបានបួស                  ទុកជាទោសនឹងសាសនា
​       អ្នកបួសចេះធម៌អាថ៌                   កូនសិក្សាខំរៀនសូត្រ             
    ពូជខ្លៅមិនសូវប្រាជ្ញ                   ពូជកោងកាចមិនសូវស្លូត
       ពូជត្រង់ៗរហូត                         ពូជភរភូតមិនផុតផៅ               
    ឳពុកម្តាយស្លូតត្រង់                   ចិត្តមិនចង់ឲ្យកូនខ្លៅ
       ជេរវាយស្តីប្រដៅ                      ឲ្យកូនចៅបានចេះដឹង              
   ឳពុកគ្មានតម្រិះ                         ឃើញកូនចេះមិនដែលខឹង
       ឃើញកូនខំប្រិតប្រឹង                  ឳពុកដឹងតែងត្រេកអរ            
១០ ដាស់តឿនក្រើនរំលឹក                 ជេរល្ងាចព្រឹកខ្លាចកូនក្រ
       ចង់ឲ្យតែកូនល្អ                         លោមអង្វរឲ្យកូនខំ               
១១ កូនកាចបំពេញទុក្ខ                    ម្តាយឳពុកមានបារម្ភ
       កូនស្លួតដឹងគួរសម                    មេបាថ្កុំថ្កើនកេរ្តិ៍ឈ្មោះ            
១២ ឳពុកម្តាយខ្សត់ខ្សោយ                កុំបណ្តោយឲ្យអាប់យស
       ខំរៀនឲ្យបានខ្ពស់                     គ្រាន់សង្រ្គោះដល់មេបា          
១៣ អ្នកល្ងង់ហេតុពីខ្ជិល                   ឥតមន្ទិលរឿងធម៌អាថ៌
       កូនចៅគួរសិក្សា                        រៀនអក្ខរាទាំងប្រុស់ស្រី          
១៤  កាលអង្គព្រះសាស្តា                  មានថេរាមានថេរី
       ភិក្ខុភិក្ខុនី                                  ធម៌បាលីចេះចាំស្ទាត់             
១៥ លោកសង្ឃខ្លះចេះស្ទើរ               ចេះភ្លើៗធ្វើឲ្យភ្លាត់
       ព្រះអង្គទ្រង់សន្មត់                     សិក្ខាបទដល់ឥឡូវ                
១៦ ទម្លាប់ទំនៀមខ្មែរ                       ខំធ្វើស្រែចងបានស្រូវ
       អ្នករៀនច្បាប់ខុសត្រូវ                ទុកជាផ្លូវភ្លឺប្រជ្ញា                     
១៧ ស្រុកសៀមលាវបារាំង              ចេះតតាំងពីដូនតា
       ចេះលេខចេះអក្ខរា                  សរសេរចារទាំងប្រុសស្រី           
១៨  ជាតិខ្មែរមិនចេះខ្មាស                 នាំពីចាសគំនិតខ្លី
        ល្ងង់ដប់ចេះពីបី                        ចេះជូញក្តីមិនចេះច្បាប់           
១៩  មិនចេះលេខអក្សរ                     មុខមាត់ល្អប្រាជ្ញាអាប់
       ឈ្មោះខ្លួនភ្លែកខ្លួនស្រាប់            គេសូត្រប្រាប់ទើបបានដឹង        
២០ ភ្នែកជាភ្លឺក្រឡែត                       ល្ងង់ព្រោះហេតុមិនខំប្រឹង
       កើតទាស់មានចិត្តខឹង                 ពឹងរកគេសរសេរឲ្យ                
២១ មនុស្សក្រហេតុពីខ្ញិល                មិនរមិលមើលមុខក្រោយ
       ម្យ៉ាងខ្សត់ពីព្រោះខ្សោយ            ញឹកខាងឱ្យរង្វើលរក                
២២ ម្យ៉ាងក្រពីព្រោះល្ងង់                  ជួញលិចលងមិនលៃលក
       ទិញថ្លៃទៅលក់ថោក                 ចេះតែយកមិនគិតយល់             
២៣ អ្នកមានៗគំនិត                         ដេកដើរគិតកើតរវល់
       ប្រាជ្ញាជាឬសគល់                     កើតអំពល់អំពីទ្រព្យ                  
២៤  អ្នកល្ងង់នឹងអ្នកចេះ                   បើនឹងរិះរាយរៀបរាប់
        អ្នកចេះប្រសើរគាប់​                   ល្ងង់ឥតភព្វអាប់រស្មី                  
២៥  មានរូបមានជីវិត                       មិនចេះគិតចង់ដឹងអ្វី
        រូបប្រុស់ឬកដួចស្រី                   នឹងហ៊ានស្តីគ្មានគេស្តាប់           
២៦  ល្ងង់ម្យ៉ានមានអំណាច              ល្ងង់កោងកាចអាងចាក់កាប់
        ឆាប់ខឹងមិនដឹងច្បាប់                 កាលណាស្លាប់គេត្រេកអរ       
២៧  អ្នកចេះតម្រិះដល់                     អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
         ចេះល្អិតចិត្តជាល្អ                    សួយអាករចូលមិនខ្វះ             
២៨   ចេះម្យ៉ាងមានអំណាច               អ្នកខ្លៅខ្លាចឱនសំពះ
         គេខុសជេរដៀលត្មេះ                អ្នកខ្លៅខ្លះគេលបខឹង             
២៩   ប្រាជ្ញម្យ៉ាងចេះសព្វសុស            ប្រព្រឹត្តខុសនោះមិនដឹង
         មិនគិតពិនិត្យថ្លឹង                     ប្រាជ្ញប្រិតប្រឹងប្រដៅគេ          
៣០   កូនចៅទោះធំតូច                     ខុសខិលខូចខឹងវាយជេរ
         មារយាទខ្លួនខុសគេ                 មិនគ្នាន់គ្នេរកិរិយាឯង             
៣១   កូនចៅទាំងស្រីប្រុស                ការត្រូវខុសគួរគិតក្រែង
         គិតគ្រប់សព្វកន្លែង                  តែងនឹងមានរាល់រូបកាយ          
៣២   ភ្នែកបើកភ្លឺមែនពិត                  មើលឃើញជិតៗរៀងអាយ
          ភ្នែកធ្មិចឃើញវែងឆ្ងាយ            សព្វសុសសាយមិនសេសសល់ 
៣៣   រៀនរកស៊ីលក់ទិញ                   ខាតចំណេញគិតឲ្យដល់
          ឱ្យដឹងការកិច្ចកល                   ទើបកើតផលប្រយោជន៍ខ្លួន     
៣៤    ឱ្យរៀនលេខនព្វន្ត                   បូកហាគុណឲ្យមាំមួន
          ដីសនឹងក្ដារឆ្នួន                      ក្រែងចិនយួនបំបាត់បាន           
៣៥    ជញ្ជីងភ្នែកមានល្បាក់              មើលឲ្យជាក់កុំប្រមាណ
          ក្រែងខុសខាតមិនបាន             ធ្លាប់រាប់អានកុំទុកចិត្ត              
៣៦    ភ្នែកមនុស្សធំរលីង                  ភ្នែកជញ្ជីងគេចុចល្អិត
          អ្នកល្អថ្លឹងប្រឹងប្រិត                  ព្រោះអាណិតខ្មែរល្ង់ខ្លៅ           
៣៧   ចិនមានពីដូរលក់                     ស្រូវកន្ទក់កន្តាំងតៅ
          របស់ទោះឆ្អិនឆៅ                    សំពត់អាវខោខ្មៅស               
៣៨   ខ្មែរអាងស្រូវក្នុងដោក                ដូរថ្លៃថោកអាក្រក់ល្អ
          អស់ស្រូវទៅជាក្រ                    អង្វរចិនជឿស្រូវឯង               
៣៩   ធ្វើស្រែនឿយហត់ណាស់           ចិននៅផ្ទះដេកចាំខែង
          ផ្ទះចិនពីរបីល្វែង                      មានកន្លែងជង្រុកស្រូវ។
៤០    ជាតិខ្មែរឥតគំនិត                      ស៊ីមិនគិតមើលខុសត្រូវ
         ​ ជឿចិនរាល់រដូវ                      កេរ្តិ៍ម៉ែឳចិនអូសអស់              
៤១    ចិនមកពីស្រុកនាយ                មានសំពាយជារបស់
          មិនទាន់ចេះខ្មែរសោះ              គ្មានកេរ្តិ៍ស្រែចំការ                 
៤២    កវែកចង្រ្កានឆ្នាំង                   ផ្សំកំលាំងនិងប្រាជ្ញា
          អម្រែកជិះលើស្មា                   មានម្លូរស្លាជាដើមទុន            
៤៣    ទំនិញមានគ្រប់មុខ                 ផ្ទាល់ផ្ទេរទុកដាក់ដោយធុន
          ចិនរែកមិនដែលពុន                ស្រូវជោរជន់ពេញជង្រុក         
៤៤    ឈប់រែកដេកអង្គុយ                 រាប់កាក់លុយប្រមូលទុក
          ឳទិនស្រាពីមុខ                      ទុកជាធ្នាក់ទាក់កខ្មែរ             
៤៥    ចិនច្រើនខ្មាំងចិត្តខ្មៅ               កន្តាំងតៅធ្វើជាស្រែ
          គ្មានត្បាល់គ្មានអង្រែ              អង្ករខ្មែរចូលបាវចិន              
៤៦    ជាតិខ្មែរច្រើនឥតខ្មាស            ស្រកស្រាណាសផឹកជឿចិន
          គំនិតគិតមិនឆ្អិន                    ផឹកបង្ហិនតែទ្រព្យឯង              
៤៧    កំណើតអ្នកផឹកស្រា               បែកប្រាជ្ញាច្រើនកន្លែង
          អ្នកម្យ៉ាងបែកខាងល្បែង          មិនគិតក្រែងខ្លាចខ្លួនក្រ          
៤៨     អាម្យ៉ាងបែកលួចឆក់              មារយាទអាក្រក់មិនបានល្អ
          ផឹកចោលការរបរ                    ចិនទាក់កធ្វើខ្ញុំបាន                
៤៩    មិនដឹងខ្លួនជាឆ្កួត                   និយាយអួតប្រាប់សន្តាន
          ថាចិនធ្លាប់រាប់អាន                 ផឹកថ្មេរមានចិនមិនគិត            
៥០    ថាចិនមិនចេះកាញ់                ប្រាប់សម្លាញ់ពួកម៉ាកមិត្ត
         គួកនទោះឆ្ងាយជិត               រឹតប្រមូលលុយឲ្យចិន              
៥១   ត្រូវស្រាចង់ស៊ីឆ្ងាញ់             ​     ឆុំឆាខ្លាញ់បកឆួលក្លិន
        ឃើញបាយសម្លឆ្អិន                  ផ្គាប់ចិត្តចិនយកបាយស៊ី          
៥២   ផឹកទឹកបោយត្រឡោក             មារយាទទាបថោកឬកសៀធី
        ចិនប្រើសែងរែកលី                   ស៊ីញយៗចិនមើលងាយ          
៥៣   ជាតិចិនកំណាញ់ស្វិត              នឹកក្នុងចិត្តមិននិយាយ
         មារយាទខ្មែរច្រើនរាយមាយ      រលាយទ្រព្យអភ័ព្វខ្លួន             
៥៤    ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់            ទាបថោកដល់ប្រពន្ធកូន
          អាប់យសទាំងបងប្អូន             ដល់តាដូនពូជពង្សខ្មែរ             
៥៥    ជាតិចិនសុទ្ធសឹងស               មានទល់ក្រខ្សត់ខ្លះដែរ
         ស៊ីផឹកសិទ្ធតាមសែ                តមបាយខ្មែរមិនស៊ីសោះ           
៥៦    មានផ្ទះមានដំណាំ                កាប់ដីដាំដោយកៀនកោះ
          ដំឡូវត្រាវចេកម្នាស់               ស៊ីមិនអស់ទុកលក់ដូរ                
៥៧    ខ្មែរច្រើនខ្ជិលប្រមឹក               កែងកោកឬកអួតអំបូរ
          ខ្វះលុយអង្គុយថ្នូរ                  កើបបង្ហូរស្រូវជង្រុក                  
៥៨     កូនអើយរឿងដំណាំ               គួរតែដាំឲ្យគ្រប់មុខ
           ដីកេរ្តិ៍ម្តាយឳពុក                   មិនត្រូវទុកចោលទំនេរ              
៥៩     រាជការវាស់មានថ្លៃ                ផ្តិតមេដៃផ្តាច់ជាកេរ្តិ៍
          មិនវាស់លេងទទេ                 ​ រេរិះយកពន្ធរាល់ឆ្នាំ                   
៦០    ដូវស្វាយអំពៅចេក                កុំខ្ជិលពេកដេកប្រចាំ
         ម្លូរស្លាម្រេចខ្ទឹមថ្នាំ                  ត្រូវតែដាំកុំឲ្យខ្វះ                       
៦១    ទេសឯកសំពតស                  ដីវាលល្អដាំកប្បាស
         កុំខ្ជិលតាមចាស់ៗ                   មនុស្សនឿយណាស់មិនដែលក្រ ។
៦២    បន្លែដាំគ្រប់មុខ                      យកគ្រាប់ទុកដាំបន្ត
         ចាក់ជីជាតិល្អៗ                       បង្ការស្លរពេលល្ងាចព្រឹក           
៦៣   ម្លូរស្លាថ្នាំខ្ទឹមម្រេច                   លូតលាស់លេចពីស្រោចទឹក
         បានផលផ្លែឬស្លឹក                   កុំឆ្មើងឬកវាក្រខ្លួន                    
៦៤    ត្រីងៀតផ្អកប្រហុក                 ខ្មែរគ្រប់ស្រុកទិញដូរយួន
         អំបិលធូបក្រមួន                      ពីតាដូនតែងដូរទិញ                 
៦៥    ដូរទុកដាក់ដម្កល់                    ស៊ីឲ្យដល់ខួបខែវិញ
         ឲ្យបរិបូណ៌ពោពេញ                 ខាតចំណេញកុំទិញតិច           
៦៦    អំបិលទិញមួយចុង                 ច្រកពេញអុងអាងខាងលិច​
         កុំទិញក្តោបខ្ចប់វេច                  អស់រំពេចគេចទិញទៀត           
៦៧    អំបិលមួយស្រូវបី                   វាល់នឹងល្អីទូលកណ្តៀត
          ខ្លួនក្រត្រដរឆ្លៀត                   មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត      
៦៨     កូនចៅទាំងប្រុសស្រី             គួរគប្បីប្រុងគំនិត
           ចិញ្ចឹមជន្មជីវិត                     គិតឲ្យវែងកុំគិតខ្លី                     
៦៩    ទំនេរល្ហែធ្វើការ                     សូត្រធម៌អាថ៌ទាំងប្រុសស្រី
         ឲ្យត្រឹមត្រូវបាលី                     ដូចស្រដីខាងដើមស្រាប់           
៧០   រាល់រូបទាំងប្រុសស្រី               កាលចេះស្តីព្រះចេះស្តាប់
         ម៉ែឳតម្រូវប្រាប់                      កូនចៅត្រាប់តាមដូនតា            
៧១   ចាស់ម្យ៉ាងសាងសីលទាន        មិនបំពានខុសពុទ្ធដីកា
         កូនកាត់តាមមេបា                   មិនទៅណាឆ្ងាយពីផ្លូវ             
៧២   ចាស់ម្យ៉ាងសាងផលកម្ម          ស្អប់សីលប្រាំដូចសត្រូវ

         កូនកាត់តាមម៉ែឳ                    អាស្រូវភាសវិនាសខ្លួន            
៧៣   មិនជឿមគ្គជឿផល                 ធ្លាក់ទៅដល់អបាយបួន
          កងកម្មចាំគុំគួន                     គេចវេះពួនមិនកំបាំង               
៧៤    ព្រះអង្គមានពុទ្ធដីកា               ប្រៀបឧបមាជាទីតាំង
          ដួចគោមានកម្លាំង                 សម្រាំងទុកទឹមរទេះ                
៧៥    នឹងបរផ្លូវវៀចត្រង់                  ឬនឹងចង់បរគេចវេះ
          កង់វិលមិនរបេះ                     ជិះលើគោមិនឃ្លាតឃ្លា            
៧៦     រាល់រូបទាំងតូចធំ                  ចូលរូងភ្នំរូងគុហា
          យកថ្មផ្ទាំងរាំងទ្វា                   កម្មវេរាតោងចាប់បាន             
៧៧    កងសីលមានអង្គប្រាំ              វេរាកម្មដិតដោយដាន
           នរកប្រេតតិរច្ឆាន                  ខានឃាត់ឃាំងបាំងមគ្គផល    
៧៨    គួរខំសាងសីលទាន               យកនិព្វានជាត្រើយថ្នល់
          យូរឆាប់គង់តែដល់           ​​     កុសលជួយចាកសង្សារ           
៧៩    កូនចៅរេរិះគិត​                       មើលគំនិតចិត្តដូនតា
          ប្រព្រឹត្តខុសសាសនា              គេចកិរិយាកុំធ្វើត្រាប់              
៨០    មើលចាស់ណាត្រឹមត្រូវ           ចុះក្នុងផ្លូវគន្លងច្បាប់
          ចាស់ស្តីគប្បីស្តាប់                 ប្រិតប្រៀងប្រាប់ឲ្យប្រុងចាំ        
៨១    គោរពគុណទាំងប្រាំ               សូត្របាលីតាមចំណាំ
         រក្សាអង្គសីលប្រាំ                   កម្មវេរាតាមមិនទាន់                  
៨២    សាសនានៅវែងឆ្ងាយ            កន្លងប្លាយជាងពីរពាន់
         សព្វថ្ងៃលៃគ្នេរគ្នាន់                 មិនទាន់គ្រប់ជាប្រាំរយ              
៨៣  ឥឡូវចិតប្រាំបី                       នៅម្ភៃមួយខាងក្រោយ
        កូនចៅកុំបណ្តោយ                  ឲ្យលិចលង់ក្នុងសង្សារ            
៨៤   មានពាក្យចាសដំណាល          ថាកណ្តាលព្រះសាសនា
         ទំនាយក្បួនតម្រា                    ថានឹងរាវហើយរីកវិញ             
៨៥    ហេតុនេះអស់កូនចៅ              ទោះល្ងង់ខ្លៅយ៉ាងណាមិញ
          ខំឧស្សាហ៍ទន្ទេញ                  បំពេញពាក្យពុទ្ធទំនាយ           
៨៦    តំណពីថ្ងៃនេះ                        រៀនតំរិះកុំរាយមាយ
         កូនណាមិនស្វាធ្យាយ              មិនរលាយរលត់ទុក្ខ               
៨៧    ដល់សាសនាគ្រប់គ្រាន់           ជួបប្រាំពាន់ទៅខាងមុខ
          ទំនាយរាយទំនុក                   ថាឳពុកម្តាយស្អប់កូន              
៨៨     ថាកើតអន្តរកប្ប                    គុំសម្លាប់គ្នាបងប្អូន
           មិនដឹងតាដឹងដូន                 សូន្យសីលទានមិនមានសល់     
៨៩     គួរគិតកុំសាងកម្ម                  កាន់សីលប្រាំចាំដម្កល់
           ខំសាងមគ្គសាងផល            នឹងបានដល់ឋានសាន្តសុខ       
៩០     នឹងរួចពីកាប់ចាក់                  មិនបានធ្លាក់ទៅនរក
           ព្រះសិអារត្រាស់ខាងមុខ        រសាយទុក្ខសោករាល់ថ្ងៃ          
៩១     នេះហៅច្បាប់បណ្តាំ              ជាពាក្យប្រាំៗមួយផ្ទួន
           បទព្រហ្មគ្រប់ឃ្លាបួន             ជួនចែងចប់ម្លេះហើយហោង    
       

Sunday, 9 September 2012

China has become preferred destination for medical education

UNITED STATES: Football 10, academic quality 0

GLOBAL: University rankings and system benchmarking reach similar results

GLOBAL: Relax – Higher education won't be killed by MOOCs

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...