Saturday 11 August 2012

Cambodia's medical care lacks international standards

កម្មវិធី​បំណិន​ជីវិត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​កុមារ​ចូល​រៀន

ពន្លឺ​មួយ​ក្នុង​ភាព​ងងឹត​សូន្យសុង​នៃ​បញ្ហា​ព្រំដែន

ដោយ ប៉ែន បូណា
ការបកស្រាយ​រយៈពេល​ជាង៥ម៉ោង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​គឺជា​ពន្លឺ​មួយ​នៅក្នុង​ពិភព​ងងឹត​សូន្យសុង ​អំពី​បញ្ហា​ព្រំដែន។ ទោះបីជា​ការបកស្រាយ​នេះ​មិនបាន​ធ្វើ​ឲ្យ​បក្សប្រឆាំង និង​អ្នកតាមដាន​បញ្ហា​ព្រំដែន​មួយចំនួន​អស់ចិត្ត ក៏ប៉ុន្តែ ជាទូទៅ មានការ​យល់ស្រប​គ្នា​ថា​បញ្ហា​ព្រំដែន​ដែល​ជា​ប្រធានបទ​នយោបាយ​ដ៏​ក្តៅគគុក និង​ស្ថិតក្នុង​ភាពអាថ៌កំបាំង​ជា​យូរ​មកហើយ​នោះ ត្រូវបាន​រដ្ឋាភិបាល​លើក​មក​បកស្រាយ​ជា​សាធារណៈ។ នេះ​ជា​ពន្លឺ​មួយ​ក្នុង​ភាព​ងងឹត​សូន្យសុង​នៃ​បញ្ហា​ព្រំដែន។ តើ​គេ​គួរ​ដក​បទពិសោធន៍​យ៉ាងណា​អំពី​បញ្ហា​នេះ?
ការបកស្រាយ​រយៈពេល​ជាង៥ម៉ោង​នៅ​ចំពោះមុខ​សភា និង​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ អំពី​បញ្ហា​ព្រំដែន បានធ្វើ​ឲ្យ​អ្នកតាមដាន​ព្រឹត្តិការណ៍​នេះ​ជក់ចិត្ត។ ជក់ចិត្ត​ដ្បិត​គឺជា​លើក​ទី១ហើយ​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​លើកយក​បញ្ហា​ដ៏​ ក្តៅគគុក និង​ដែល​ស្ថិតក្នុង​ភាពអាថ៌កំបាំង​ជា​យូរ​មកហើយ​នោះ មក​បកស្រាយ​ជា​សាធារណៈ។

រយៈពេល​ជាង៥ម៉ោង​គ្មាន​ការឈប់​សម្រាក​ គឺជា​វេទិកា​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​មានឱកាស​បកស្រាយ​យ៉ាង​ពិស្តា​ អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​តែប៉ុណ្ណោះ​ទេ តែ​នេះ​ក៏​ជា​វេទិកា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ប្រើប្រាស់​ ដើម្បី​ការពារខ្លួន​ពី​ការចោទប្រកាន់ និង​វាយបក​ទៅលើ​បក្សប្រឆាំង និង​ក្រុម​អ្នក​រិះគន់​វិញ​យ៉ាង​ចាស់ដៃ និង​យ៉ាង​គ្រោតគ្រាត​ផងដែរ។ យ៉ាងណាក៏ដោយ អ្នកតាមដាន​ការបកស្រាយ​នេះ រាប់ទាំង​តំណាងរាស្ត្រ​បក្សប្រឆាំង​ដែលមាន​វត្តមាន​ក្នុង​រដ្ឋសភា​ផង បាន​ផ្ចង់​ស្តាប់​ដោយ​យកចិត្តទុកដាក់​តាំងពី​ដើម​រហូតដល់​ចប់។

ជាការ​ពិត បញ្ហា​ព្រំដែន​គឺជា​រឿង​ដ៏​ស្មុគស្មាញ ទាំង​លើ​ទិដ្ឋភាព​នយោបាយ និង​បច្ចេកទេស។ ភាពស្មុគស្មាញ​នេះហើយ​ដែល​មហាជន​ទូទៅ​ពិបាក​វិនិច្ឆ័យ​ថា តើ​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​មាន​ភាព​គួរ​ឲ្យ​ជឿជាក់​កម្រិតណា? នេះ​គឺជា​ចំណុច​មិន​អស់ចិត្ត​ទី១ ។ ចំណែកឯ​ការមិន​បើកឱកាស​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង ដែលជា​ម្ចាស់​សំណួរ បាន​សួរដេញដោល​ទៅនឹង​ចម្លើយ​របស់លោក​នាយក​រដ្ឋមន្ត្រី​ គឺជា​ចំណុច​មិន​អស់ចិត្ត​ទី២ ។ ចំណុច​មិន​អស់ចិត្ត​ទាំងពីរ​នេះ​នៅតែ​បង្ក​មន្ទិលសង្ស័យ​នៅឡើយ ​ចំពោះ​បញ្ហា​ព្រំដែន​បើទោះបីជា​គ្រប់គ្នា​ហាក់​មាន​អារម្មណ៍​ជ្រះថ្លា​ ចេញពី​ភាព​ងងឹតសូន្យ​នៃ​ភាពអាថ៌កំបាំង​នេះ​ក៏ដោយ។

ទោះជា​យ៉ាងណា បើ​ពិនិត្យ​ជារួម ការបកស្រាយ​រយៈពេល​ជាង៥ម៉ោង​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​មហាជន​ខ្មែរ​ជាទូទៅ​ ដែល​ស្ទើរតែ​មិនដែល​បានដឹង​ឮ​ទាល់តែសោះ​ អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ក្រៅតែពី​ឮ​ពាក្យរិះគន់ និង​ចោទប្រកាន់​គ្នា​អំពី​ការបាត់បង់​ទឹកដី​តាមរយៈ​សារព័ត៌មាន។

ដូច្នេះ ប្រាកដ​ណាស់​ថា ព្រឹ​ត្តិ​ការណ៍​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ មិន​ត្រឹមតែ​សម្រាប់​បញ្ហា​ព្រំដែន​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទាំងមូល​ផងដែរ។ វិជ្ជមាន​នៅត្រង់ថា ទី១៖ វា​បានបង្ហាញ​ពី​សេចក្តីក្លាហាន​មិន​ធ្លាប់​ដែល​ឃើញ​របស់​រដ្ឋាភិបាល​ ក្នុងការ​លើកយក​បញ្ហា​ដ៏​រសើប​មក​បកស្រាយ​ជា​សាធារណៈ។ ទី២៖ ការ​ឡើងទៅ​ឆ្លើយ​ដោយផ្ទាល់​មាត់​របស់​ប្រមុខ​រដ្ឋាភិបាល​តាម​សំណើ​ តំណាងរាស្ត្រ​បក្សប្រឆាំង​អំពី​បញ្ហា​ជាតិធំៗ គឺជា​ដំណើរការ​ដ៏​សំខាន់​មួយ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។ និង​ទី៣៖ ព្រឹត្តិការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​ ចំពោះមុខ​សភា ក៏ដូចជា​ចំពោះមុខ​ប្រជាពលរដ្ឋ​របស់ខ្លួន​ផងដែរ។

ក៏ប៉ុន្តែ ព្រឹត្តិការណ៍​នោះ ក៏បាន​ជះ​ចេញ​ចំណុច​អវិជ្ជមាន​មួយចំនួន​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ ជាក់ស្តែង រដ្ឋាភិបាល​ហាក់ដូចជា​នៅ​រឹត​ត្បឹ​ត​ពេក​ចំពោះ​ការផ្តល់​វេទិកា​ខ្លះ​ដល់​ ម្ចាស់​សំណួរ​ដើម្បី​បាន​ដេញដោល​បញ្ហា​មួយចំនួន​ ដើម្បី​ឲ្យ​ពួកគេ​អស់​ចិត្តនឹង​ចម្លើយ។ ម្យ៉ាងទៀត បញ្ហា​មួយចំនួន​គួរតែ​ត្រូវបាន​ជជែក​គ្នា​ដោយ​សម្ងាត់ ​រវាង​អ្នកនយោបាយ​ជាជាង​លើក​មក​ជជែក​គ្នា​ជា​សាធារណៈ​ក្នុងស្ថានភាព «ហែក​ទ្រូង​ឲ្យ​ក្អែក​ចឹក»។ នេះ​ក៏​ដោយសារតែ​កង្វះ​ទម្លាប់​ជជែក​គ្នា ​រវាង​គណបក្សកាន់អំណាច និង​បក្សប្រឆាំង​នេះឯង។

ម្យ៉ាងទៀត តាមរយៈ​ការបកស្រាយ​របស់លោក​នាយករដ្ឋមន្ត្រី បញ្ហា​ព្រំដែន​គួរតែ​ជា​រឿង​ដែល​អាច​ជជែក​គ្នា​បាន​ក្នុងចំណោម​អ្នកនយោបាយ​ ខ្មែរ​ដោយ​មិនចាំបាច់​លើកយក​បញ្ហា​នេះ​ទៅធ្វើជា​ចំណុចក្តៅ​នៃ​ជម្លោះ​នយោបាយ ​ឡើយ ពីព្រោះ​វា​ជា​ប្រយោជន៍​រួម​របស់​ជាតិ។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ច្បាស់​ថា ជម្លោះ​នយោបាយ ជាពិសេស​ជម្លោះ​អំពី​បញ្ហា​ព្រំដែន​តែម្តង គឺជា​ប្រភព​នៃ​ការធ្លាក់ចុះ​របស់​កម្ពុជា​ក្នុង​អតីតកាល ហើយ​វា​ក៏​ជា​ប្រភព​ដ៏​សំខាន់​ដែរ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ។ ក្នុង​បរិបទ​នេះ តើ​គេ​គួរ​ប្រែក្លាយ​បញ្ហា​ព្រំដែន​ឲ្យ​ទៅជា​ជម្លោះ​បែកបាក់​រវាង​ខ្មែរ និង​ខ្មែរ​តទៅទៀត​ដែរឬទេ? 

រដ្ឋាភិបាល​ទម្លាយ​​សំរង់​ខ្សែអាត់​រវាង​​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុនសែន ​​និង​លោក​ សុនឆ័យ​​

ដោយ លី ម៉េងហួរ

សំរង់​ខ្សែអាត់ ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយ​លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ​កាលពី​ថ្ងៃ​ទី១៧​ខែតុលា ឆ្នាំ​១៩៩៧ ​ត្រូវ​បាន​រដ្ឋាភិបាល ​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។​ ក្នុង​អត្ថបទ​ចំនួន ​២៨ ទំព័រ​នោះ​ បង្ហាញថា លោក​សុន​ឆ័យ បាន​ទូរស័ព្ទ​ រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ​អំពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​និង​គណបក្ស​សមរង្ស៊ី ​នៅ​ក្រៅ​ប្រទេស​ក្រោយពី​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ រវាង​កងកម្លាំង​ប្រដាប់​អាវុធ​ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

អត្ថបទ​ចំនួន ២៨ ទំព័រ ជា​ភាសា​ខ្មែរ ដែល​មាន​ចំណងជើង​ថា "​សំរង់​ខ្សែអាត់ សម្តេច ជួប​ជាមួយ​ឯកឧត្តម សុន ឆ័យ ​ថ្ងៃទី​១៧-១០-១៩៩៧ ( ម៉ោង ៧ និង ៣០​នាទី​យប់ )" ត្រូវបាន​គេ​មើលឃើញ​ក្នុង​គេហទំព័រ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចាប់​តាំងពី​យប់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។​ សំរង់​ខ្សែអាត់ បាន​បង្ហាញ​នូវ​កិច្ចសន្ទនារ​តាម​ទូរស័ព្ទ ដែល​លោក សុន ឆ័យ បាន​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​អំពី​ហេតុការណ៍ ​នៅ​ក្រៅប្រទេស និង​ទំនាក់​ទំនង​រវាង​ក្រុម​មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​និង​គណបក្ស​សមរង្ស៊ី ​ជាមួយនឹង​សហគមន៍​អន្តរជាតិ​ ក្រោយពី​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧​។

ខ្សែអាត់​នោះ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​បង្ហាញ ក្នុង​រដ្ឋសភា នៅ​ចំពោះមុខ​លោក សុន ឆ័យ​ ខណៈ​ដែល​លោក​បាន​ចូល​ពន្យល់​បំភ្លឺ​រដ្ឋសភា ​អំពី​ដំណើរការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា ​និង​វៀតណាម​ កាលពី​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២​។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ​លោក​តំណាងរាស្ត្រ ​សុន​ឆ័យ​ ជា​ចារកម្ម​របស់លោក​ ដោយ​បាន​ទទួលយក​ប្រាក់​ចំនួន ១ ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើ​ការងារ​លើ​ការផ្តល់​ព័ត៌មាន ​សម្រាប់​ការប្រយុទ្ធ​គ្នា​ ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ថ្ងៃទី​៥ និង​ថ្ងៃ​ទី​៦ ខែកក្កដា ​ឆ្នាំ​១៩៩៧​ រវាង​កងកម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ចាត់ទុក​លោក​សុន​ឆ័យ ជា​ប្អូនធម៌​របស់​លោក និង​បាន​ផ្តល់​ព័ត៌មាន​ ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​អាច​ទប់ទល់​នឹង​ផែនការ ​ដែល​រៀបចំ​ដោយ​លោក​ញឹក​ប៊ុនឆៃ​ លោក ខាន់​សាវឿន​ លោក ហូ សុខ​ ដែល​មនុស្ស​ស្មោះ​នឹង​អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។

នៅ​ថ្ងៃ​សុក្រ​នេះ លោក​សុន​ឆ័យ​ មិនអាច​ទាក់ទង​បាន​ទេ​។​ ក៏​ប៉ុន្តែ​បន្ទាប់ពី​ស្តាប់​បទ​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ​នៅ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ ​លោក​តំណាងរាស្ត្រ សុន ឆ័យ បាន​ប្រាប់​អ្នកកាសែត ​ដោយ​ចាត់ទុកថា​ ការចោទប្រកាន់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ ពី​ទំនាក់ទំនង​លោក​ជា​ចារកម្ម​នោះ ​ជា​ការចោទប្រកាន់​ផ្តេសផ្តាស​ និង​ថា​ជា​ការបរិហារកេរ្តិ៍​លើ​រូបលោក​។

សូម​រម្លឹកថា កាលពី​ខែ​ឧសភា​ឆ្នាំមុន​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ​ក៏​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង នៃ​ការទាក់ទង​តាម​ទូរស័ព្ទ​រវាង​លោក និង​លោក​កឹម​សុខា ​ហើយ​ថា ​រូបលោក​ផ្ទាល់ ជា​អ្នក​ផ្តួចផ្តើម​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ​0ដើម្បី​បំបែក​សំឡេង​របស់​គណបក្ស​ស​ម​រង្ស៊ី​។​ ក៏ប៉ុន្តែ​កាលណោះ លោក​កឹម​សុខា បាន​បដិសេធ​៕

 

សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ សុខចិត្ត​លាឈប់​ពី​ឆាក​នយោបាយ

ដោយ ប៉ែន បូណា

ទី​បំ​ផុតទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចុះចាញ់​ក្នុង​សង្គ្រាម​ដណ្តើម​គណបក្ស​ជាមួយ​សហការី​របស់​ព្រះអង្គ​ហើយ។ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាស​ពី​ស្រុក​បារាំង​ថា ព្រះអង្គ​លាឈប់​ពី​ឆាកនយោបាយ​ចាប់ពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នេះ​តទៅ​ហើយ។ សម្តេចក្រុមព្រះ​បាន​ឲ្យ​ដឹងថា ទ្រង់​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌​ជាមួយ​ព្រះមហាក្សត្រ​នៅក្នុង​ ព្រះបរមរាជវាំង​វិញ។ ចំណែកឯ​មន្ត្រី​ដែល​មាន​ភក្តីភាព​ជាមួយ​ព្រះអង្គ​ក៏បាន​នាំគ្នា​លា​ឈប់​ពី​គណបក្ស​នយោបាយ​ដែរ។

 ក្នុង​លិខិត​ជូនដំណឹង​មួយច្បាប់​ពី​ប្រទេស​បារាំង ចុះ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បានប្រកាសថា ព្រះអង្គ​លាឈប់​​ពី​ឆាកនយោបាយ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ព្រះអង្គ​ក៏​លែង​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេចផ្សេងៗ របស់​គណបក្សនេះ​តទៅទៀត​ដែរ។

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ សម្តេចក្រុមព្រះ​បាន​បដិសេធ​យ៉ាង​ដាច់​អ​ហ​ង្កា​រថា​ ទ្រង់​នឹងមិន​ឈប់​ពី​ឆាកនយោបាយ​ឡើយ។ ការបដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ បាន​សរសេរ​លិខិត​ស្នើសុំ​ព្រះអង្គ​ឲ្យ​ឈប់សម្រាក​ពី​ឆាកនយោបាយ​ ដើម្បី​បើកឱកាស​ឲ្យ​លោក​បាន​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់លោក​ញ៉ឹក ប៊ុនឆៃ។

ប៉ុន្តែ ពេលនេះ​ស្រាប់តែ​ព្រះអង្គ​សម្រេច​ព្រះទ័យ​​លាឈប់​ពី​ឆាកនយោបាយ​ទៅវិញ។ ហេតុផល​ដែល​ព្រះអង្គ​លើក​មក​ពន្យល់​នៅពេលនេះ​ គឺ​ដោយសារតែ​ទ្រង់​យល់ឃើញ​ថា របប​រាជានិយម​នៅ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​រឹងមាំ​ក្រោម​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ដោយ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចក្រុមព្រះ​បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌ និង​សង្គមកិច្ច ជាមួយ​ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជ​វាំង​វិញ។

សម្តេចក្រុមព្រះ​ធ្លាប់បាន​លាឈប់​ពី​នយោបាយ​ម្តង​ហើយ កាលពី​ចុងឆ្នាំ២០០៨ ដើម្បី​ទៅ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអង្គ​ក៏បាន​វិល​ចូល​ឆាកនយោបាយ​ឡើងវិញ។

ការប្រកាស​លាឈប់​ពី​ឆាកនយោបាយ​របស់​សម្តេច​ក្រុមព្រះ​នៅពេលនេះ បាន​ធ្វើឡើង​ខណៈដែល​គ​ណ​បក្ស​របស់​ទ្រង់​កំពុង​បែកបាក់​យ៉ាងខ្លាំង​ ជុំវិញ​ការបង្រួបបង្រួម​អ្នករាជានិយម។ លោក សៅ រ៉ានី ដែលជា​គូទំនាស់​ជាមួយ​សម្តេចក្រុមព្រះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​អរគុណ​ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​សម្តេចក្រុមព្រះ និង​ចាត់ទុក​ការលាឈប់​នេះ​ថា​បាន​បើកផ្លូវ​ឲ្យ​ការបង្រួបបង្រួម​ អ្នករាជានិយម​កាន់តែ​លឿន​ទៅមុខ។

ប៉ុន្តែ មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ មិនបាន​ទៅ​ចូលរួម​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​នេះ​ទេ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យ គណបក្ស នរោត្តម រណ​ឫ​ទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា រូបលោក​ផ្ទាល់ ក៏ដូចជា​មន្ត្រី​គណបក្ស​នរោត្តម រណ​ឫ​ទ្ធិ ជាច្រើន​ទៀត​ដែរ​កំពុង​ដាក់ពាក្យ​លាឈប់​ពី​គណបក្ស។ លោក ប៉ែន សង្ហា បញ្ជាក់ថា រូបលោក និង​មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ​នឹងមិន​ចូលរួម​ចលនា​ រាជានិយម​ណា​ដែល​គ្មាន​សម្តេចក្រុមព្រះ​នោះឡើយ៕

 

លោក ឈឹម សៀកឡេង និងលោក ប៉ែន សង្ហា ប្រកាសឈប់ ធ្វើនយោបាយ តាមសម្តេចក្រុមព្រះ

Saturday, 11 August 2012 11:54 ដោយ៖​ សយ សុភាព :ID-068 
ភ្នំពេញ ៖ លោក ឈឹម សៀកឡេងប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ និងលោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស បានប្រកាសឈប់ ធ្វើនយោបាយ និងអ្នកនាំពាក្យ គណបក្សនរោត្តមរណឫទ្ធិ តាមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលាលែងចេញពីសមាជិកគណបក្ស ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ នេះតទៅ ដែលការប្រកាសឈប់ធ្វើ នយោបាយ នេះ បានបង្ហាញឲ្យ ឃើញថា មន្ត្រីទាំងពីររូប ពិតជាមានភក្តីភាព ជាមួយសម្តេចក្រុមព្រះ ដែលព្រះអង្គបានប្រកាសឈប់ ធ្វើនយោបាយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ។

យោងតាមលិខិតប្រកាសលាលែងពីតំណែងប្រធានស្តីទី និងសមាជិកគណបក្ស នរោត្តម រណឫទ្ធិ នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១២ លោក ឈឹម សៀកឡេង បានសរសេរថា "ដោយយោងព្រះលិខិតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ដែលព្រះអង្គប្រកាស ឈប់ធ្វើនយោបាយ ខ្ញុំឈឹម សៀកឡេង ប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ ដែលបានដង្ហែ សម្តេចក្រុមព្រះអស់រយៈពេលជាង ២៨ឆ្នាំ មកហើយនេះ សូមជម្រាបជូន សហជីវិន សហជីវនី សមាជិក សមាជិកា គណៈកម្មាធិការនាយក នៃគណបក្ស នរោត្តម រណឫទ្ធិ ថា ខ្ញុំលាឈប់ពីប្រធានស្តីទី..." ។

លោក ឈឹម សៀកឡេង ធ្លាប់កាន់តំណែងជាអគ្គលេខាគណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងរយៈពេលខ្លី ក្នុងឆ្នាំ១៩៩៣ និងធ្លាប់កាន់តំណែងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងកិច្ចការសាសនា នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយការបោះឆ្នោត ខែឧសភា ឆ្នាំ១៩៩៣។
នៅក្នុងរដ្ឋាភិបាលអាណត្តិទី១ លោក ឈឹម សៀកឡេង ធ្លាប់កាន់តំណែងជាអភិបាលក្រុងភ្នំពេញ ដែលនៅក្នុងតំណែងរបស់លោកនោះ លោកបានចេញសារាចរណែនាំឲ្យស្ត្រីជិះម៉ូតូចំហៀង មិនឲ្យជិះម៉ូតូអង្គុយ ពីក្រោយដូចបុរសទេ។ នៅក្នុងពេលនោះដែរ ដោយសារលោកមានជំងឺ តំណែងអភិបាលនេះ ត្រូវបានទំនេរ ដោយលោក ជា សុផារ៉ា ដឹកនាំកិច្ចការជំនួស។ ក្រោយ ហ៊្វុនស៊ិនប៉ិច បែកបាក់នៅខែតុលា ឆ្នាំ២០០៦ លោក ឈឹម សៀកឡេង បានងាកចេញ ហើយមកគាំទ្រសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បង្កើតគណបក្ស នរោត្តម រណឫទ្ធិ ។ បន្ទាប់ពីសម្តេចក្រុមព្រះ បានប្រកាសឈប់ធ្វើនយោបាយលើកទី១ នៅខែកញ្ញា ឆ្នាំ២០០៨ លោក ឈឹម សៀកឡេង បានកាន់តំណែងជាប្រធានគណបក្ស ជាតិនិយម ដែលប្តូរឈ្មោះមកពីគណបក្ស នរោត្តម រណឫទ្ធិ ។

នៅមុនការលាលែងរបស់លោកពីឆាកនយោបាយ លោកបានកាន់តំណែងជាប្រធានស្តីទី គណបក្ស នរោត្តម រណឫទ្ធិ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ។
បច្ចុប្បន្ន លោកនៅសល់តំណែងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ។ នៅក្នុងតំណែងនយោបាយ លោក ឈឹម សៀកឡេង មិនមានអាស្រូវទេ រាប់ទាំងអំពើពុករលួយ។
អ្នកវិភាគនយោបាយ បានចាត់ទុកលោក ឈឹម សៀកឡេង ថាជាអ្នកនយោបាយមានភាពចាស់ទុំ និងមិនបានចាត់ទុកបក្សផ្សេងជាសត្រូវឡើយ។

អ្នកវិភាគចាត់ទុកលោក ឈឹម សៀកឡេង ជាអ្នកនយោបាយគួរឲ្យគោរព ។ លោក ឈឹម សៀកឡេង ត្រូវបានគេដឹងថា ជាឪពុកក្មេករបស់លោក កែវ រ៉េមី បច្ចុប្បន្នជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ។







Photo by DAP-NEWSPhoto by DAP-NEWS

សម្តេចក្រុមព្រះ ប្រកាសឈប់ ធ្វើនយោបាយ


ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ប្រតិកម្ម​តប​សម្ដី​នាយក​រដ្ឋមន្ត្រី​លើ​បញ្ហា​ព្រំដែន

2012-08-10
ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​លោក សឺន ស៊ូប៊ែរ ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម ហើយ​ថា​នេះ​គឺ​ជា​ការ​គេចវេះ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ ប្រវត្តិសាស្ត្រ។

RFA/Sok Serey
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។


ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ភ្ជាប់​ព្រះនាម​របស់​ព្រះអង្គ​ក្នុង​រឿង​ព្រំដែន​ម្ដង​ជា​ពីរ​ម្ដង នៅ​ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។
ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ចាត់​ទុក​ថា ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ទៅ​នឹង​បញ្ហា​ព្រំដែន​ម្ដង​ ហើយ​ម្ដង​ទៀត​នោះ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ព្រះអង្គ។

លោក សឺន ស៊ូប៊ែរ ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ លោក​ហៅ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​សភា​ថា គឺ​ជា​ប្រការ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក សឺន ស៊ូប៊ែរ អះអាង​ថា ព្រះ​នរោត្តម សីហនុ គឺ​ជា​ក្សត្រ​ដែល​មាន​ភក្ដីភាព​បំផុត ចំពោះ​បូរណភាព​ទឹកដី។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​នេះ ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ​មួយ។

ការ​ប្រតិកម្ម​របស់​លោក សឺន ស៊ូប៊ែរ នៅ​ពេល​នេះ​កើត​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ស្រាយ​បំភ្លឺ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ខាង​គណបក្ស សម រង្ស៊ី ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​ក្នុង​កិច្ច​ប្រជុំ​សភា។

ការ​ប្រើ​ពេល​វេលា​ឆ្លើយ​សំណួរ​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ ជាង​៥​ម៉ោង​នៅ​ក្នុង​សភា លោក ហ៊ុន សែន ចាត់​ទុក​អ្នក​ដែល​ព្យាយាម​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ ប្រជាជន ថា​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ទៅ​លើ​ប្រទេស​វៀតណាម នោះ គឺ​គោល​បំណង​សំខាន់​ចង់​វាយ​ប្រហារ​ទៅ​លើ​ព្រះ​មហា​វីរក្សត្រ​ប៉ុណ្ណោះ។ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ហៅ​អ្នក​រិះគន់​បែប​នេះ​ថា ជា​ក្រុម​កាក​សំណល់​ពី​សម័យ​សាធារណរដ្ឋ ហើយ​មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ក្នុង​អតីតកាល។

ព្រះអង្គ​ម្ចាស់​ធម្មិកោ ទី​ប្រឹក្សា​ព្រះ​មហាក្សត្រ ព្រះអង្គ​ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​ចេតនា​ នៃ​ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ក្នុង​រឿង​ព្រំដែន​នេះ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ ស្ដី​បន្ទោស​ថា ការ​បង្កើត​ឲ្យ​មាន​ភាព​សាំញ៉ាំ និង​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​រឿង​ព្រំដែន​សម្រាប់​កម្ពុជា​នេះ គឺ​ជា​កំហុស​ដែល​កើត​ចេញ​ពី​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​មិន​ប្រើប្រាស់​អំណាច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សន្ធិសញ្ញា​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​កាល​នោះ របប​រដ្ឋ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ប្រជាជន បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម ក្នុង​រឿង​ព្រំដែន​នោះ។
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​ចាត់​ទុក​ថា​នេះ​ទំនង​ជា​ចំណុច​ខ្សោយ​របស់​លោក ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ធ្វើ​ជា​ខែល ក្នុង​ការ​បង្ហាញ​ចំពោះ​ភាព​ចម្រូងចម្រាស​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​នោះ៕

PM Hun Sen addresses assembly

 100810_04

Wednesday 8 August 2012

សម្តេចហ៊ុន សែន ៖សង្ឃឹមថា បក្សប្រឆាំង នឹងមិនដើរចេញ ពីរដ្ឋសភា ជាលើកទី២

Wednesday, 08 August 2012 15:55 ដោយ អេង គឹមជាង Posted:ID-067

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានថ្លែងអះអាងថា គណបក្សប្រឆាំង នឹងមិនដើរចេញពី រដ្ឋសភាពជា លើកទី២ទេ បន្ទាប់ពីដើរចេញជាលើកទី១ នាពេលកន្លងមក ដោយពួកគេបានធ្វើការ ចោទប្រកាន់ថា ពុំមាន សិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតី បើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៦២ ប្រវែង១២៨គីឡូម៉ែត្រ ចាប់ពីថ្នល់បំបែកខេត្ត កំពង់ធំ ឆ្ពោះទៅទីរួមខេត្ត ព្រះវិហារ នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១២ថា នៅថ្ងៃទី៩ ខែសីហា ស្អែកនេះ សម្តេចនឹងទៅឆ្លើយបំភ្លឺករណីព្រំដែនហើយរំពឹងថា តំណាងរាស្រ្តគណបក្សប្រឆាំង នឹងមិនដើរចេញពីរដ្ឋសភា ដូចលើកមុននោះទេ។សម្តេចបានលើកឡើងថា ការដែលសម្តេចមានប្រសាសន៍យ៉ាងដូច្នេះ មិនស្មើនឹងពួក ប្រឆាំង បានជេរប្រមាថមើលងាយមកលើរាជរដ្ឋាភិបាលយ៉ាងច្រើនថា ជាអ្នកក្បត់ជាតិ។
សម្តេចបន្តថា «បក្សប្រឆាំងនឹងមិនធ្វើដំណើរចាកចេញពីរដ្ឋសភាទេ ហើយល្ងាចនេះម៉ោងបីនេះ បានជួបប្រជុំ ទៀតហើយ ដើម្បីត្រៀមរៀបចំឯកសារជាថ្មី ហើយខ្ញុំនិយាយនេះ មិនស្មើអស់លោកដើរជេរបញ្ចោពួកខ្ញុំតាមផ្លូវ តុគុយទាវ និងតៀមកាហ្វេទេ ខ្ញុំនិយាយនៅក្នុងរដ្ឋសភា»។

ប្រមុខរាជរដ្ឋាភិបាលបន្តថា បើគណបក្សប្រឆាំងដើរចេញពីរដ្ឋសភាមែននោះ មានរបៀបពីរយ៉ាង ទី១.យកកន្សែងខ្ទប់ភ្នែកដើម្បីកុំឲ្យបានឃើញអ្វីទាំងអស់។ ទី២.យកសំឡីញុកត្រចៀកឲ្យជិតហើយចាំទៅដល់ផ្ទះចាំដកវាចេញ ខ្លាចក្រែងនៅថ្ងៃស្អែក មានករណីបែប នេះកើត ឡើងម្តងទៀត។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «គេវ៉ៃ ហ៊ុន សែន ត្រឹមតែចំណុចមិនសំខាន់ទេ តែគេវ៉ៃដល់ចំណុចនរោត្តមសីហនុនោះ ព្រោះអ្វីដែល ហ៊ុន សែន ធ្វើគ្រាន់តែជាការយកអ្វីដែលព្រះនរោត្តម សីហនុ បន្សល់ទុកតែប៉ុណ្ណោះ ទាំងព្រំដែនសមុទ្រ និងព្រំដែនគោក។ អីចឹងគោលដៅពិតប្រាកដដែលគេវ៉ៃ គឺវ៉ៃ ហ៊ុន សែន តែតម្រង់ទៅសម្តេចព្រះនរោត្តម សីហនុ ដើម្បីការពារភាពត្រឹមត្រូវរបស់គេ នៃការធ្វើរដ្ឋប្រហារ ទំលាក់សម្តេចព្រះសីហនុ នៅឆ្នាំ១៩៧០»។

សម្តេចបានបញ្ជាក់ថា សម្តេចនឹងនិយាយរយៈពេល៤ម៉ោង ប៉ុន្តែ៤ម៉ោងនេះ មិនគ្រប់គ្រាន់ទេ គួរតែបន្ថែមឲ្យ បាន៧ម៉ោង ដើម្បីបកស្រាយជុំវិញបញ្ហានេះ ហើយសម្តេចនឹង ពន្យល់ពីដំណាក់កាលនីមួយៗ ពាក់ព័ន្ធនឹង បញ្ហាព្រំដែនហ្នឹង ហើយផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍ និងវិទ្យុទាំងអស់។

សូមបញ្ជាក់ថា សមាជិកសភាគណបក្ស សម រង្ស៊ី ១៦រូប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ បានសរសេរ លិខិតទៅសម្តេចនាយករដ្ឋមន្រ្តី តាមរយៈប្រធានរដ្ឋសភា ដើម្បីសួរនាំអំពីបញ្ហាបោះបង្គោលព្រំដែន និងខណ្ឌ សីមាព្រំដែនលេខ ១៨៤-១៨៧ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជូនលិខិតទៅសម្តេចនាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ បានឆ្លើយតបទៅនឹងការសួររបស់តំណាងរាស្រ្ត គណបក្ស ប្រឆាំងទាំង១៦រូប តាមរយៈលិខិតសម្តេច ហេង សំ រិន ហើយនៅថ្ងៃទី២៦ ខែធ្នូ លោក សម រង្ស៊ី បានសរសេរលិខិត ជូនសម្តេចតេជោ ហ៊ុន សែន ដោយបាន ថ្លែងអំណរគុណ និងសំដែងការគាំទ្រជំហររាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

សម្តេច ហ៊ុន សែន បានឆ្លើយតបទៅនឹងលិខិតនោះថា «…ទីតាំងបង្គោលព្រំដែនលេខ១៨៥ ក៏ដូចជាបង្គោល ព្រំដែនមួយចំនួន ដែលនៅសេសសល់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម រហូតមកដល់ពេលនេះ គណៈ កម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនទាន់បានឯកភាពគ្នា លើទីតាំងបោះបង្គោល នៅឡើយទេ។ ភាគីទាំងពីរបន្តចរចា ដើម្បីកំណត់ទីតាំងបង្គោលនេះ ក៏ដូចជាទីតាំងបង្គោលព្រំដែន ដែលនៅសេសសល់ដទៃទៀត ឲ្យបានសមស្របអាចទទួលយកបាន នាពេលខាងមុខ»។

លោក សម រង្ស៊ី ឆ្លើយតបទៅនឹងលិខិតរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ថា «ខ្ញុំសូម សម្តែងការគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះជំហរដ៏ត្រឹមត្រូវក្នុងការការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ដូចបានបញ្ជាក់នៅក្នុងលិខិតរបស់សម្តេចខាងលើ»។
លោក សម រង្ស៊ី បន្តថា «សូមសម្តេចជឿជាក់ចុះថា អ្នកស្នេហាជាតិខ្មែរទាំងអស់ ច្បាស់ជារួមកម្លាំង ពេញទំហឹង ជាមួយរាជរដ្ឋាភិបាល ដើម្បីការពារដីស្រែ ចំការ របស់ជនជាតិខ្មែរ ដែលរស់នៅតាមព្រំប្រទល់ដែន ក្នុងការខិតខំ រកដំណោះស្រាយឲ្យបានសមស្របអាចទទួលយកបាននៅពេលខាងមុខ តាមប្រសាសន៍របស់សម្តេច»។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២កន្លងទៅនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយក រដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង បានធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធបង្គោលព្រំសីមាលេខ ៣១៤ នៅក្នុង ខេត្តកំពត-ហាទៀង ដើម្បីជាការចូលរួមអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំង ពីរ។ នៅក្នុងពិធីនោះ មេដឹកនាំទាំងពីរ បានសន្យាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ឲ្យមានការ រីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសទាំងពីរបានកសាងព្រំដែនសន្តិភាពជាមួយគ្នា៕

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...