(ទីក្រុងឆុងឈីង)៖ លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង
តំណាងឯកឧត្តមសុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដឹកនាំប្រតិភូចំនួន០៦រូប
រួមមាន៖ លោកយឹង ហាក់
ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោក ហួ រី
ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោក ទិត ច័ន្ទឌី ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ
មនុស្សសាស្រ្ត និងអប់រំ លោកឯម ដារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យសង្គមសាស្រ្ត
និងអភិវឌ្ឍសហគមន៍ និងលោក ឌឿន អី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
ចូលរួមកិច្ចប្រជុំគម្រោង និងទស្សនកិច្ចសិក្សាលើកទី៤ ចាប់ពីថ្ងៃទី១ ដល់៥ ខែតុលា
ឆ្នាំ២០២៣ នៅសាកលវិទ្យា ល័យសៅស៍វេសថ៍ (Southwest University) នៅទីក្រុងឈុងឆីងនៃប្រជាមានិតចិន។
ទស្សនកិច្ចសិក្សាលើកទីបួនរបស់គម្រោងសហគមន៍អឺរ៉ុបដែលមានឈ្មោះថា
«គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១ (21st
Teach Skills) » មានគោលបំណងបណ្តុះបណ្តាលដើម្បីកសាងសមត្ថភាពគ្រូបង្រៀនចំនួនពីរម៉ូឌុលលើប្រធានបទសំខាន់ៗចំនួន៥រួមមាន៖
១. ការរៀន និងការបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល
២. វីធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ ការប្រើប្រាស់ឧទ្ទេសបង្រៀនឌីជីថល
និងប្រព័ន្ធគ្រប់គ្រងការរៀន (LMS/Apps)
៣. ការវាយតម្លៃសមិទ្ធកម្មនៅថ្នាក់ឧត្តមសិក្សា
៤. ការអភិវឌ្ឍជំនាញរិៈគិតឆ្លុះបញ្ចំង រិៈគិតស៊ីជម្រៅ និងការរៀបចំមុខវិជ្ជាបង្រៀន
និង
៥. ភាពច្នៃប្រឌិតនៅថ្នាក់ឧត្តមសិក្សា៖ បរិយាកាស, ការបង្រៀន, និងការរៀន
សាកលវិទ្យាល័យជាតិបាត់ដំបងបានបញ្ជូលមុខវិជ្ជាចំនួនបួននៅកម្មវិធីអប់រំរបស់ខ្លួនរួមមាន៖ ជំនាញដោះស្រាយបញ្ហាប្រកបដោយកិច្ចសហប្រតិបត្តិការ និងរិះគិតស៊ីជម្រៅ(Critical Thinking and Collaborative Problem Solving Skills), ជំនាញបច្ចេកវិទ្យាអប់រំ «នវានុវត្តន៍អប់រំ និងអប់រំឌីជីថល» (Educational Technology Skills), កិច្ចការរៀនសូត្រជាក់លាក់៖ ការអនុវត្តបំណិនជាក់ស្តែងនៅក្នុងថ្នាក់រៀន (Authentic Learning Tasks: Practical Implementation of the Skills in the Classroom), និងការកែលម្អការវាយតម្លៃសម្រាប់បំណិនសតវត្សទី២១ (Optimizing Assessment for 21st Century Skills)។ គម្រោងនេះនឹងជួយរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅគ្រឹះស្ថានឧត្តមសិក្សាស្របតាមផែនការយុទ្ធសាស្រ្តជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា៖ គម្រោងនេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍
និងការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការកសាងសមត្ថភាពនៅក្នុងវិស័យឧត្តមសិក្សា ដោយបានទទួលការការគាំទ្រហិរញ្ញវត្ថុ
ដោយសហភាពអ៊ឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេសរួមមានប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា)
ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា) ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវិនគ្រុប) ប្រទេសកម្ពុជា
(សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ)
ប្រទេសចិន (សាកលវិទ្យាល័យសៅវីស និងសាកលវិទ្យាល័យសិនហ្សិន) និងប្រទេសឥណ្ឌា (សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីស
និងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕
No comments:
Post a Comment