Tuesday, 25 October 2022

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមសន្និសីទអន្តរជាតិនៅសាកលវិទ្យាល័យហាណូយ

(ហាណូយ)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានចាត់បញ្ជូនមន្រ្តីគ្រប់គ្រងចំនួនពីររូប គឺលោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងលោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ទៅចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិស្តីពី៖ «ការពង្រឹងសមត្ថភាពស្ថាប័នដើម្បីធ្វើអន្តរជាតូបនីយកម្ម នៃគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងវិស័យការទទួលស្គាល់គុណវុឌ្ឍិ នៅតាមបណ្តាប្រទេសអាស៊ី និងអឺរ៉ុប (Strengthening Capacity for Internationalization of Higher Education in the Erea of Credential Recognition Among EU and Asian Countries)» របស់គម្រោងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ក្នុងវិស័យទទួលស្គាល់ ក្នុងចំណោមបណ្តាប្រទេសអាស៊ី (Reco-ASIA Project) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នៅសាកលវិទ្យាល័យហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

គម្រោងនេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖
១៖ ផ្តល់អនុគ្រោះ និងបង្កើនគុណភាពនៃការបើកចំហរឱកាសផ្លាស់ប្តូរគ្នា (ចល័ត) នៅក្នុងប្រព័ន្ធឧត្តមសិក្សាអាស៊ី និងអឺរ៉ុប តាមរយៈការបង្កើនការទទួលស្គាល់គុណវុឌ្ឍិអប់រំនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប
២៖ បង្កើតសមត្ថភាព និងជំនាញរបស់ខ្លួនក្នុងឋានៈជាអ្នកវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអប់រំដោយកំណត់ពីការអនុវត្តរួមគ្នា និងបង្កើតឧបករណ៍រួមគ្នានៅក្នុងចំណោមប្រទេសអាស៊ី និងអឺរ៉ុបដែលបានចូលរួម ស្ថាប័នជាតិ និងគ្រឹះស្ថានឧត្តមសិក្សា
៣៖ កសាងមូលដ្ឋានគ្រឹះដើម្បីពង្រឹង និងបង្កើនកិច្ចសហការរវាងតំបន់អាស៊ី និងអឺរ៉ុបតាមរយៈបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការដែលទទួលបាននៅក្នុងដំណើរការបូឡូញ៉ា (Bologna Process) លើជំនាញឯកទេសនៃគ្រឹះស្ថានឧត្តមសិក្សាដែលបានចូលរួម និងឧត្តមានុវត្តន៍ដែលបានអនុម័តដោយបណ្តាញមជ្ឈមណ្ឌលព័ត៌មានអឺរ៉ុប (ENIC-NARIC)
៤៖ អភិវឌ្ឍកិច្ចសហប្រតិបត្តិការ ឲ្យបានរឹងមាំក្នុងចំណោមដៃគូគោល និងដៃគូរង ពីបណ្តាប្រទេសអាស៊ី លើកកម្ពស់បទពិសោធន៍របស់ដៃគូចូលរួមនីមួយៗ ទាក់ទងនឹងការទទួលស្គាល់ ដើម្បីសម្របសម្រួលការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា គម្រោង Reco-ASIA ស្ថិតក្រោមគម្រោងកសាងសមត្ថភាពនៅគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់មូលនិធិដោយសហគមន៍អឺរ៉ុប(Erasmus+ CBHE) ដែលមានដៃគូសរុបចំនួន២០ និងដៃគូរងចំនួន៤។ ដៃគូទាំងនោះ មកពីប្រទេសអ៊ីតាលី កម្ពុជា អេស្តូនី ម៉ុងហ្គោលី ស្រីលង្កា ថៃ ម៉ុងហ្គោលី និងវៀតណាម។ ដោយឡែកនៅប្រទេសកម្ពុជា មានក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជា ស៊ីម កំចាយមារ។ ចំពោះព័ត៌មានលម្អិតសូមចូលទៅទស្សនាគេហទំព័រ៖ http://www.recoasia.eu/
































Source: https://freshnewsasia.com/index.php/en/localnews/261367-2022-10-17-05-02-32.html?fbclid=IwAR2wlwvlJQaJ3Ak8wvQbWf6W-8HSaUN6P_MPN6-nGAUmNs9S0k93KTVAx-s

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...