Monday, 8 July 2013

កម្ពុជា​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ

ដោយ សូត្រ សុខប្រាថ្នា
2013-07-07
 
ទី​បំផុត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ហើយ នៅ​ល្ងាច​ថ្ងៃ​៥ កក្កដា ឆ្នាំ​២០១៣។ សម្រាប់​ប្រវត្តិសាស្រ្ត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម។

ទីប្រឹក្សា ​រដ្ឋាភិបាល ​​លោក​បណ្ឌិត ស៊ន សំណាង​ ដែល​ជា​ប្រធាន​សមាគម​​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ឱ្យ​ដឹង​ថា ការ​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា មាន​គោល​បំណង​ក្នុង​ការ​បណ្តុះបណ្តាល​​កា​រស្រាវ​ជ្រាវ ការ​ផ្សព្វផ្សាយ​ផ្នែក​ប្រវត្តិសាស្ត្រ​ឱ្យ​កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ​ពី​ ថ្នាក់​ឧត្ដមសិក្សា​រហូត​ដល់​វិទ្យាល័យ ដើម្បី​បង្កើន​ស្នាដៃ​ក្នុង​ការ​សរសេរ​ប្រវត្តិសាស្រ្ត​ប្រកប​ដោយ​ភាព​ ត្រឹមត្រូវ និង​ដើម្បី​រួម​ចំណែក​​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

លោក ស៊ន សំណាង៖ «ដើម្បី​នឹង​ផ្សព្វផ្សាយ បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន​យើង ដល់​យុវជន​ជំនាន់​ក្រោយ​របស់​យើង។ គេ​តែង​តែ​និយាយ​ថា ប្រជាជាតិ​មួយ​ដែល​មិន​ស្គាល់​អតីតកាល​របស់​ខ្លួន​នោះ មិន​ស្គាល់​បច្ចុប្បន្នកាល នឹង​មិន​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​អ្វី?ដូច្នេះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នេះ គឺ​ថា​យើង​ចង់​ឱ្យ​សាធារណជន​ខ្មែរ ឬ​យុវជន​ខ្មែរ​យើង​យល់​កាន់​តែ​ច្បាស់​សម្រាប់​អតីតកាល»

សម្រាប់​អនុប្រធាន​​ដេប៉ាតឺម៉ង់​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា ដែល​ជា​អនុ​ប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​បញ្ជាក់​ពី​អារម្មណ៍​សប្បាយ​រីករាយ​សម្រាប់​ការ​បង្កើត​នូវ​សមាគម​អ្នក​ ប្រវត្តិសាស្រ្ត​កម្ពុជា​នេះ​ឡើង ដោយសារ​លោក​ធ្លាប់​មាន​ការ​គម្រោង​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​ម្ដង​រួច​ ហើយ ប៉ុន្តែ​មិន​អាច​ចេញ​ជា​រូបរាង ដោយ​សារ​ខ្វះ​មធ្យោបាយ​ផ្សេងៗ។ ប៉ុន្តែ​ពេល​នេះ​អ្នក​ដែល​ចូល​ចិត្ត​ក្នុង​ការ​ស្រាវជ្រាវ​អាច​ពង្រីង​នូវ​ សមត្ថភាព​របស់​ខ្លួន​បាន តាម​រយៈ​ការ​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា​នេះ៖ «ពិត​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​​នៅ​ពេល​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​បាន»

លោក​បាន​បន្ថែម​ទៀត​ថា ដោយសារ​កន្លង​មក​មជ្ឈដ្ឋាន​ទូទៅ​ដូច​ជា​មិន​សូវ​បាន​សិក្សា​ស្រាវជ្រាវ ឬ​យល់​ដឹង​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​ប្រវត្តិសាស្ត្រ​ជាតិ មិន​តែ​ប៉ុណ្ណោះ រវាង​គ្រូ​នៅ​ឧត្ដមសិក្សា និង​គ្រូ​នៅ​វិទ្យាល័យ​ក៏​មាន​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខុស​គ្នា ហើយ​សមាគម​នេះ អាច​ជា​ការ​ផ្ដល់​មធ្យោបាយ​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ទៀត​ផង។

លោក វង់ សុធារ៉ា៖ «មជ្ឈដ្ឋាន​ទូទៅ​ទាំង​គ្រូ ទាំង​ប្រជាជន​សាមញ្ញ ហាក់​ដូច​ជា​មិន​ទាន់​បាន​យល់​ដឹង​ឱ្យ​បាន​ស៊ី​ជម្រៅ ឬ​មួយ​ក៏​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង ហើយ​ក្នុង​ចំណោម​គ្រូ​ដែល​បង្រៀន​នៅ​ចំណេះ​ដឹង​ទូទៅ និង​នៅ​សាកលវិទ្យាល័យ នៅ​មាន​ការ​បង្ហាត់​បង្រៀន​អំពី​ខ្លឹមសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក៏​ខុស​ ដែរ»

ស្រដៀង​គ្នា​នេះ ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ​លោក​បណ្ឌិត ចិន្ត ច័ន្ទរតនា បាន​លើក​ឡើង​ថា លោក​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​​ការ​ដែល​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​ កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង ពីព្រោះ​ដោយសារ​ការ​ចូលរួម​ពី​សំណាក់​សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែល​មាន​មាន​ជំនាញ​ខាង​ប្រវត្តិសាស្រ្ត​បាន​រួម​គ្នា​ជា​ធ្លុង​មួយ​សម្រាប់​ រៀបចំ​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​ប្រកប​ទៅ​ដោយ​ភាព​សុក្រិត។

លោក ចិន្ត ច័ន្ទរតនា៖ «ទី​១ សមាគម​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម និង​រៀបចំ​ដោយ​សុទ្ធសឹង​តែ​មាន​អ្នក​ប្រាជ្ញ អ្នក​ស្រាវជ្រាវ លោកសាស្រ្តាចារ្យ ក៏​ដូច​ជា​និស្សិត​ដែល​មាន​ឆន្ទៈ ក៏​ដូច​ជា​គោលបំណង​រួម​ក្នុង​ការ​បង្កើត ឬ​ធ្វើ​អ្វី​មួយ​ឱ្យ​ជា​ធ្លុង​មួយ​ក្នុង​ការ​ចងក្រង ប្រមូល​ឯកសារ​ជា​ច្រើន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ហើយ​ឯកសារ​ទាំង​នោះ ជា​ពិសេស​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​គឺ​មាន​ភាព​សុក្រឹត»

សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហាផ្ទៃ នៃ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ន​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​អគារ​លេខ ៨ ផ្លូវ ១៧៣ សង្កាត់​អូឡាំពិក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...