Friday, 26 July 2013 ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ
យុទ្ធនាការឃោសនាបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃសុក្រនេះ។
ក្នុងរយៈពេលមួយខែនៃយុទ្ធនាការឃោសនានេះ
គេសង្កេតឃើញគូប្រជែងនយោបាយ កំណត់យកខេត្តធំៗចំនួន ៦
ជាផែនទីប្រជែងគ្នាដណ្តើមសំឡេងគាំទ្រ
ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ ២០១៣ នេះ។
ខេត្ត កំពង់ចាម
ជាខេត្តដែលមានប្រជាប្រិយ បំផុតមានអាសនៈ ១៨
និងជាតំបន់សម្បូរដោយខ្មែរអ៊ិស្លាមច្រើនគួរសម។ កំពង់ចាម
គឺជាខេត្តក្នុងចំណោមខេត្តមានការប្រកួតប្រជែងខ្លាំងក្លា បំផុត
កាលពីការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០១២
(ជាកន្លែងដែលគណបក្សក្រៅគណបក្សប្រជាជនកម្ពុជា អាចឈ្នះ ៤០
ភាគរយនៃអាសនៈសរុប)។ គណបក្សប្រជាជនកម្ពុជាឈ្នះចំនួន ១១ អាសនៈ
នៅមណ្ឌលនេះ កាលពីឆ្នាំ ២០០៨ ប៉ុន្តែក្រុមអ្នកវិភាគរំពឹងថា
គណបក្សប្រឆាំងនឹងដណ្តើមបានច្រើនជាងមុន ក្នុងការបោះឆ្នោតលើកនេះ។
ជាសញ្ញាកម្លាំងខ្លាំងនៃខេត្តនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា និងប្រធានសភា/ប្រធានកិត្តិយសគណបក្សប្រជាជន លោក ហេង
សំរិន ទាំងពីរនាក់ឈរជាបេក្ខជននៅក្នុងខេត្តនេះហើយរដ្ឋមន្រ្តី
ក្រសួងការបរទេសលោក ហោ ណាំហុង ក៏នៅខេត្តនេះដែរ។ ប្រធានគណបក្ស
ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ រាជបុត្រី នរោត្តម អារុណរស្មី
ក៏កំពុងឈរជាបេក្ខជននៅខេត្ត កំពង់ចាមដែរហើយសង្ឃឹម
រក្សាអាសនៈដែលឈ្នះដោយអតីតគណបក្ស នរោត្តម រណឫទ្ធិ ក្នុងឆ្នាំ ២០០៨
(ដែលរួមបញ្ចូលជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច)។
ខេត្ត ព្រៃវែង
បើទោះជាគណបក្សប្រជាជនកម្ពុជា ទទួលបាន ៧ អាសនៈក្នុងចំណោមអាសនៈ
១១ នៅខេត្ត ព្រៃវែង នៅក្នុងការបោះឆ្នោតឆ្នាំ ២០០៨
ដោយសារការធ្លាក់ចុះឥទ្ធិពលរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏ដោយ
ក៏ខេត្តនេះគឺជាខេត្តប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងការ
បោះឆ្នោត ឃុំ-សង្កាត់ នាឆ្នាំ ២០១២ រវាងគណបក្សសិទ្ធិមនុស្សនិងគណបក្ស
សម រង្ស៊ី ដែលបានសំឡេងឆ្នោតគាំទ្រសរុបចំនួន ២១០.២០៩ ទល់នឹង ២៥៨.៧១៦
សំឡេង។
ដោយសារតែឥឡូវនេះគណបក្សទាំងពីរនេះបានរួមបញ្ចូលគ្នាទៅជាគណបក្ស
សង្គ្រោះជាតិ ខេត្ត ព្រៃវែង អាចបង្ហាញឲ្យឃើញថា
ជាខេត្តប្រកួតប្រជែងគួរឲ្យចាប់អារម្មណ៍មួយរវាងគណបក្សប្រជាជន
កម្ពុជានិងគណបក្សសង្គ្រោះជាតិ។
ដោយសារតែខេត្តនេះមានទីតាំងនៅជាប់ព្រំដែនវៀតណាម
ក្រុមអ្នកសង្កេតការណ៍គិតថា
វោហារស័ព្ទលើកឡើងប្រឆាំងនឹងអន្តោប្រវេសន៍ វៀតណាម
របស់គណបក្សសង្គ្រោះជាតិ អាចនឹងទាក់ទាញសម្រាប់អ្នកបោះឆ្នោត។
ខេត្ត សៀមរាប
បើទោះជាខេត្ត សៀមរាប ជាជំរំខ្លាំងមួយរបស់បក្សកាន់អំណាចយូរ
មកហើយក៏ដោយ (គណបក្សប្រជាជនកម្ពុជាឈ្នះ ៤ក្នុងចំនួន ៦
នៅទីនេះក្នុងឆ្នាំ ២០០៣ និងកើនដល់ ៥ អាសនៈក្នុងឆ្នាំ ២០០៨)
ប៉ុន្តែប្រសិនបើយុទ្ធនាការឃោសនាដ៏ខ្លាំងមួយរបស់គណបក្ស ប្រឆាំង
ដែលធ្វើឡើងថ្មីៗនេះមានប្រសិទ្ធភាព
នោះខេត្តនេះអាចជាខេត្តមួយក្នុងចំណោមខេត្តមានការប្រកួតប្រជែង
ខ្លាំងឡើង។ អ្នកគាំទ្រប្រមាណ ១១ ម៉ឺននាក់ បានចេញស្វាគមន៍លោក សម
រង្ស៊ី
នៅទីនោះកាលពីថ្ងៃពុធដោយបង្ហាញឲ្យឃើញចំនួនអ្នកគាំទ្រច្រើនជាង
នៅភ្នំពេញ (មូលដ្ឋានខ្លាំងរបស់បក្សនេះ)
សម្រាប់ការវិលត្រឡប់មកវិញពីការរស់នៅនិរទេស។
វោហារស័ព្ទរបស់លោក សម រង្ស៊ី នៅខេត្ត សៀមរាប
មានបំណងទាក់ទាញចំណាប់អារម្មណ៍ថា អាជីវកម្មរបស់«ជនជាតិវៀតណាម»
មានការគ្រប់គ្រងខ្លាំងទៅលើវិស័យទេសចរណ៍ដែលផ្តល់ប្រាក់ចំណូល
ច្រើនក្នុងខេត្តនេះ។ ក្រុមអ្នកវិភាគ ក៏បានគិតដែរថា
ស្តង់ដាររស់នៅក្នុងខេត្ត សៀមរាប
ដែលជាខេត្តក្នុងចំណោមខេត្តក្រីក្រនៅប្រទេសកម្ពុជានឹងជាបញ្ហា
សម្រាប់ការបោះឆ្នោតលើកនេះ។
ខេត្ត កំពង់ស្ពឺ
បើទោះជាខេត្តតូចមួយ (មានអាសនៈចំនួន ៦)
និងជាខេត្តមានឥទ្ធិពលគ្របដណ្តប់ខ្លាំងដោយគណបក្សប្រជាជនកម្ពុជា
កាលពីការបោះឆ្នោតជាតិលើកមុនក៏ដោយក៏ក្រុមអ្នកសង្កេតការណ៍មើល
ឃើញថា ខេត្ត កំពង់ស្ពឺ ជាខេត្តដែលការប្រកួតប្រជែងរវាងគណបក្សធំៗ
ទាំងពីរនឹងបង្កើនកំដៅសម្រាប់ការបោះឆ្នោតលើកនេះ។
គណបក្សនានាក្រៅពីគណបក្សប្រជាជនកម្ពុជា អាចឈ្នះ ៣៣
ភាគរយនៃអាសនៈសរុបនៅទីនេះ ក្នុងការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ ២០១២។
នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំមុន គណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស ដែលរួមបញ្ចូលគ្នាបានឈ្នះ ៣៤
ភាគរយនៃសំឡេងឆ្នោតសរុប ទល់នឹង ៥៦ ភាគរយរបស់គណបក្សប្រជាជនកម្ពុជា
ដែលមានការកើនឡើង ២៨ ភាគរយនៃសំឡេងដែលបានឈ្នះនៅក្នុងការបោះឆ្នោត
ឆ្នាំ ២០០៨។ គូបដិបក្ខចាស់ ក៏នឹងមកដឹកនាំនៅក្នុងខេត្ត កំពង់ស្ពឺ
ផងដែរ គឺលោក ប៉ែន សុវណ្ណ
អតីតនាយករដ្ឋមន្រ្តីដំបូងរបស់កម្ពុជាបន្ទាប់ពីរបបខ្មែរក្រហម
និងជាគូបដិបក្ខរបស់លោក ហ៊ុន សែន ហើយលោក ប៉ែន សុវណ្ណ
ឈរលំដាប់លេខរៀងទី១ នៃបញ្ជីបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន ម៉ានី កូនប្រុសពៅលោកនាយករដ្ឋមន្រ្តី
ដែលជាអ្នកជំនួសសម្រាប់ការកាន់អំណាច
គឺជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តនេះដែរ។
ជោគជ័យក្នុងការបោះឆ្នោតនេះ
សម្រាប់គាត់ជាសញ្ញាបោះជំហាននៃជំនាន់ថ្មីក្នុងការដឹកនាំរបស់
គណបក្សប្រជាជនកម្ពុជា។
រាជធានី ភ្នំពេញ
រាជធានី ភ្នំពេញ មានអាសនៈចំនួន ១២
នឹងជាសមរភូមិប្រយុទ្ធមួយសម្រាប់ការបោះឆ្នោត។ ក្នុងឆ្នាំ ២០០៣
ពាក់កណ្តាលនៃអាសនៈទាំងអស់ បានទៅគណបក្ស
សមរង្ស៊ីហើយគណបក្សប្រជាជនឈ្នះបាន ៤ អាសនៈនិងគណបក្ស ហ្វ៊ុនស៊ិនប៉ិច
បាន ២ អាសនៈ។
ជាមួយនឹងការបាត់បង់ទាំងស្រុងរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច
នៅក្នុងការបោះឆ្នោតឆ្នាំ ២០០៨ គណបក្សប្រជាជនកម្ពុជាបានទទួល ៧ អាសនៈ
ទល់នឹងគណបក្ស សម រង្ស៊ី ដែលទទួលបានចំនួន ៥ ក្នុងឆ្នាំ ២០០៨។
សម្រាប់ការបោះឆ្នោតលើកនេះ
ទម្ងន់ខ្លាំងមួយគឺនឹងមានដោយប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា
ស៊ីម និងអតីតអភិបាលរាជធានី ភ្នំពេញ លោក កែប ជុតិមា
កំពុងឈរជាបេក្ខជនសម្រាប់គណបក្សកាន់អំណាច
ខណៈតំណាងរាស្រ្តដ៏មានឥទ្ធិពលរបស់គណបក្សសង្គ្រោះជាតិគឺ លោក សុន
ឆ័យ និងអ្នកនាំពាក្យគណបក្សគឺលោក យឹម សុវណ្ណ ឈរឈ្មោះនៅទីនេះ។
ខេត្ត កណ្តាល
ជាខេត្តមានអាសនៈចំនួន ១១ ខេត្ត
កណ្តាលជាអាសនៈសភារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ត្រូវអ្នកសង្កេតការណ៍មួយចំនួនគិតថាជា«ខេត្តដែលត្រូវផ្តោត»លើ
ការបោះឆ្នោតនេះ។ ក្នុងឆ្នាំ ២០០៨ គណបក្ស សម រង្ស៊ី ទទួលបាន ៣ អាសនៈ។
ដៃគូគឺគណបក្សសិទ្ធិមនុស្សបាន ១ អាសនៈដែរនៅពេលគណបក្ស
ហ៊្វុនស៊ិនប៉ិច បាត់បង់អាសនៈទាំងអស់ចំនួន ៣ នៅក្នុងខេត្តនេះ។
បក្សប្រឆាំងសង្ឃឹមថានឹងដណ្តើមអាសនៈខ្លះពីអាសនៈចំនួន ៧
របស់គណបក្សប្រជាជនដែលដើម្បីកេរ្តិ៍ឈ្មោះ លោក ហ៊ុន សែន
គណបក្សកាន់អំណាចនឹងប្រឹងប្រែងអស់ពីសមត្ថភាព៕ PS
No comments:
Post a Comment