Monday, 8 July 2013

បទ​វិភាគ៖ តើ​បក្ស​កាន់​អំណាច​អាច​រក្សា​អាសនៈ​សភា​៩០​កៅអី​បាន​ឬ​ទេ?

 ដោយ វណ្ណ វិចារ

ចាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​រួម​ដឹក​នាំ​រដ្ឋាភិបាល​អស់ ៤​អាណត្តិ​ទៅ​ហើយ ​បើ​ទោះ​បី​បក្ស​នេះ​ចាញ់​ឆ្នោត​កាល​ពី​ការ​បោះ​ឆ្នោត​លើក​ដំបូង​ក្ដី។ គណបក្ស​ប្រជាជន​កម្ពុជា កើន​​អាសនៈ​ជា​លំដាប់​ពី ៦៦ នៅ​ឆ្នាំ​១៩៩៨ បន្ទាប់​មក ៧២ នៅ​ឆ្នាំ​២០០៣ និង​រហូត​ដល់ ៩០​អាសនៈ នៅ​ឆ្នាំ​២០០៨។

តើ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ នេះ​គណបក្ស​កាន់​អំណាច​អាច​បង្កើន​ចំនួន​អាសនៈ​ជា​បន្ត​ទៀត ឬ​យ៉ាង​ណា?

ធាតុ​ពិត​ការ​កើន​ឡើង​នៃ​ចំនួន​អាសនៈ​សភា​របស់​គណបក្ស​កាន់​អំណាច មិន​មែន​បាន​មក​ដោយ​ការ​ប្រជែង​ផ្នែក​ផ្សព្វផ្សាយ​គោលនយោបាយ​ឡើយ ​តែ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ប៉ែង​ជើង​គូប្រជែង ឬ​ដៃគូ​រដ្ឋាភិបាល​ចម្រុះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប៉ុណ្ណោះ។ គណបក្ស​កាន់​អំណាច មិន​អាច​ទាញ​សំឡេង​ឆ្នោត​ពី​បក្ស​ប្រឆាំង​បាន​ទេ ដោយសារ​តែ​បក្ស​ប្រឆាំង​ក៏​កើន​សំឡេង​គាំទ្រ​ដែរ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។

គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា យក​ឈ្នះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន ដោយសារ​ហ្វ៊ុនស៊ិនប៉ិច បែក​រង្គោះរង្គើ ​និង​ចាញ់​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​កណ្តាល​ទីក្រុង​ភ្នំពេញ​ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មួយ​ចំនួន បាន​ស្លាប់ ហើយ​ខ្លះ​ទៀត​ក៏​ចុះ​ចូល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា អម​ទៅ​ដោយ​អ្នក​គាំទ្រ​ទៅ​ជា​មួយ​ផង។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ទទួល​ឥស្សរជន​មួយ​ចំនួន​ពី​គណបក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា​របស់​ លោក សឺន សាន ដែរ។
កាល​ឆ្នាំ​នោះ​ដែរ លោក ហ៊ុន សែន មាន​ប្រជាប្រិយភាព​ខ្លាំង ដោយសារ​បង្កើត​នយោបាយ ឈ្នះ ឈ្នះ នាំ​ខ្មែរ​ក្រហម​ចូល​ស្រុក និង​បាន​មេដាយ​សន្តិភាព​ជា​លើក​ដំបូង ការ​សាងសង់​សាលារៀន​ស្ទើរ​គ្រប់​ទី​កន្លែង​ជា​ដើម។ រី​ឯ​គូ​ប្រកួត​របស់​លោក ហ៊ុន សែន កាល​នោះ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ហាក់​មិន​សូវ​មាន​ប្រជាប្រិយភាព និង​ថ្វី​មាត់​ដូច​លោក ហ៊ុន សែន ឡើយ។

លុះ​ដល់​ឆ្នាំ​២០០៣ គូប្រជែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដដែល។ ហ៊្វុនស៊ិនប៉ិច កាល​នោះ​ចុះ​ខ្សោយ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​វិបត្តិ​ជម្លោះ​ផ្ទៃ​ក្នុង។ មន្ត្រី​ធំៗ មាន​ឥទ្ធិពល​មួយ​ចំនួន​ បាន​ចុះ​ចូល​គណបក្ស​ប្រឆាំង សម រង្ស៉ី​ និង​អ្នក​ខ្លះ​បន្ត​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ចំហ និង​សម្ងាត់។ អ្នក​បោះ​ឆ្នោត​ក៏​បែក​សំឡេង អ្នក​ខ្លះ​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៉ី ​អ្នក​ខ្លះ​បន្ត​បោះ​ឆ្នោត​ឲ្យ​ហ៊្វុនស៊ិនប៉ិច ​និង​អ្នក​ខ្លះ​ទៀត បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។

កាល​នោះ​បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច រួម​បញ្ចូល​គ្នា​នឹង​គណបក្ស សម រង្ស៉ី ក៏​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​អាច​បាន​កៅអី​សភា​ដល់​ទៅ ៧២​អាសនៈ​ដែរ ​នេះ​បើ​ផ្អែក​តាម​រូបមន្ត​បែង​ចែក​អាសនៈ​សភា។ អ្នក​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៣ ក៏​មើល​មិន​សូវ​ឃើញ​ពី​ចំណុច​អវិជ្ជមាន​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

រហូត​ដល់​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​គគ្រឹកគគ្រេង​សំបើម​ណាស់។ ការ​ឈ្នះ​ឆ្នោត​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ តែ​ជា​សន្លឹក​ឆ្នោត​ដ៏​ច្រើន​សន្ធឹក​ដែល​បាន​មក​ពី​ការ​បែកបាក់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ជា​ពីរ។ ម្ខាង​ជា​គណបក្ស​ជាតិ​និយម​ដឹកនាំ​ដោយ​សម្រេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​ម្ខាង​ទៀត​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹក​នាំ​ដោយ​លោក ញឹក ប៊ុនឆៃ។
នៅ​ឆ្នាំ​២០០៨ នោះ លោក កឹម សុខា ដែល​ធ្លាប់​កាន់​ការ​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​សេរី​និយម​ព្រះពុទ្ធ​ សាសនា​របស់​លោក សឺន សាន នោះ ក៏​ឆ្លៀត​ឱកាស​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចំណេញ ៣​កៅអី​នឹង​គេ​ដែរ។ ឆ្នាំ​២០០៨ ក៏​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​ឡើង​ខ្ពស់ លោក ហ៊ុន សែន ក៏​ប្រើ​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក ថ្លែង​ថា លោក​គ្រប់​គ្រង​បាន​ល្អ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ដី​នៅ​តែ​ឡើង​ថ្លៃ​ជាដើម។ ម្យ៉ាង ថៃ​លើក​ទ័ព​ចូល​ប្រាសាទ​ព្រះវិហារ ជា​មូល​ហេតុ​មួយ​នាំ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​លោក ហ៊ុន សែន ដែរ។ ម្ចាស់​ឆ្នោត​ភាគ​ច្រើន​ជឿ​ថា ក្នុង​ចំណោម​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ពី​គណបក្ស​ធំៗ មាន​តែ​លោក ហ៊ុន សែន ទេ ដែល​មាន​ជំនាញ​ប្រើ​ទ័ព និង​ថ្នឹក​ខាង​ចម្បាំង​ដែល​អាច​រំដោះ​ប្រាសាទ​ព្រះវិហារ ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​បាន។

ចំណែក​នៅ​ឆ្នាំ​២០១៣ នេះ គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ដូចជា​មិន​បាន​បញ្ចេញ​ឥទ្ធិពល​ណា​មួយ​លេច​ធ្លោ ដែល​អាច​ឲ្យ​ចំនួន​អ្នក​បោះ​ឆ្នោត​កើន​ឡើង​សោះ​ឡើយ។ មួយ​អាណត្តិ​ចុង​ក្រោយ​នេះ គណបក្ស​កាន់​អំណាច បាន​ធ្វេសប្រហែស​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ហុច​ដង​ដាវ​ឲ្យ​បក្ស​ប្រឆាំង​កាប់​ផ្ទួនៗ។ ប្រការ​ទាំង​នេះ មាន​ជាអាទិ៍ ការ​ផ្ដល់​ដី​សម្បទាន បង្កើត​ជា​ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សមរម្យ អ្នក​តវ៉ា​ដីធ្លី​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច។ មនុស្ស​ស្លាប់​ជាង ​៣០០​នាក់ នៅ​កោះ​ពេជ្រ ដោយ​មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ។

អំពើ​អយុត្តិធម៌​សង្គម ឧទាហរណ៍​ករណី​អ្នកស្រី ​យ៉ោម បុប្ផា និង​ករណី​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​ប្រហារ​កម្មករ​នៅ​បាវិត។ ករណី​ចាប់​ខ្លួន​លោក​ ម៉ម សូណង់ដូ ដាក់​គុក​ជាដើម។ ក្នុង​នោះ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ​ម្ចាស់​ដីធ្លី​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជិត ៥០០​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។

ម្យ៉ាង​វិញ​ទៀត ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​កាន់​ អំណាច​ធ្លាក់​ប្រជាប្រិយភាព​ដែរ។ អ្នក​ប្រើ​អ៊ីនធឺណិត ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល ក៏​បាន​គាស់​កកាយ​រូបភាព​រឿងរ៉ាវ​សកម្ម​ផ្សេងៗ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​ ឡើង។

ព្រឹត្តិការណ៍​ដែល​ឆក់​យក​បេះ​ដូង​យុវវ័យ​ឲ្យ​គិត​ថា រដ្ឋាភិបាល​ដែល​នាំ​ដោយ​គណបក្ស​ប្រជាជន​មិន​ល្អ​ច្រើន​នោះ រួម​មាន​អាជ្ញាធរ​បង្ក្រាប​អ្នក​តវ៉ា​យ៉ាង​ព្រៃផ្សៃ ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​ថ្ងៃ​ទី​៥-​៦ កក្កដា ព្រឹត្តិការណ៍​វាយ​បង្ក្រាប​ហ្វូង​បាតុករ រួម​ទាំង​វាយ​សំពង​លើ​ព្រះ​សង្ឃ​កាល​ពី​ឆ្នាំ​១៩៩៨ ។ល។

ក្រៅ​ពី​នោះ អំពើ​ពុករលួយ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់​បង់​ជំនឿ​ចិត្ត​ពី​សាធារណជន​ដែរ។ បើ​តាម​តួលេខ​ស្រាវជ្រាវ ​កម្ពុជា​នៅ​តែ​ជាប់​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​លំដាប់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ជាង ១៧០ ទូទាំង​ពិភពលោក។ គ្រាន់​តែ​ភ្ញាក់​ពី​ដេក​ក្រឡេក​មើល​ផ្លូវ​ថ្នល់​ដែល​សង់​មិន​បាន​មួយ​ឆ្នាំ ​ឡើង​រលួយ​វល់​នោះ​ ក៏​គេ​គិត​ថា ពុក​រលួយ​បាត់​ហើយ គេ​មិន​ចាំ​បាច់​គិត​ដល់​ជីវភាព​ដ៏​ធូរធារ​របស់​មន្ត្រី​ធំៗ ដែល​ជិះ​ឡាន​ទំនើប ចាយ​វាយ​សុទ្ធតែ​ ដុល្លារ តែ​ប្រាក់​ខែ​ត្រឹម​មួយ​លាន​ពីរ​លាន​រៀល​នោះ​ទេ។

ទន្ទឹម​នឹង​នោះ​ការ​រឹង​មាំ​នៃ​កម្លាំង​ប្រមូល​ផ្តុំ​របស់​គណបក្ស​ ប្រឆាំង ក៏​ជា​មូលហេតុ​នាំ​ឲ្យ​បក្ស​កាន់​អំណាច​ចុះ​អន់​ថយ​ដែរ។ បក្ស​ប្រឆាំង​បាន​បង្ហាញ​គោលនយោបាយ ៧​ចំណុច គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​អ្នក​ក្រ និង​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​ខែ​ទាប និង​មិន​មាន​ឱកាស​ប្រព្រឹត្ត​ពុករលួយ។ ចង់​មិន​ចង់​កម្លាំង​ប៉ូលិស ទាហាន គ្រូ​បង្រៀន ដែល​មាន​ប្រាក់​ខែ​ចាយ សល់​ថ្ងៃ​ផង​នោះ ក៏​គង់​គិត​ថា តើ​គាត់​គួរ​យក​ប្រាក់​ខែ​ច្រើន ឬ​ធ្វើ​ការ​ក្រោម​ឥទ្ធិពល​អំពើ​ពុក​រលួយ​តទៅ​ទៀត?

កាល​ពី​ពេល​បោះ​ឆ្នោត​មុនៗ ឲ្យ​តែ​ជិត​ដល់​ពេល​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ពិធី​បញ្ចូល​សមាជិក​បក្ស​ថ្មី កន្លែង​ខ្លះ​បញ្ចូល​រហូត​ដល់​រាប់​ពាន់​នាក់ តែ​ឥឡូវ​ហាក់​ដូច​ជា​ស្ងាត់​ទៅ​វិញ។មួយ​វិញ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បង្ហាញ​គោលនយោបាយ ឬ​កម្មវិធី​កំណែ​ទម្រង់​ណា​ថ្មី​ប្លែក ​គួរ​ជា​ទី​ទាក់​ទាញ​ម្ចាស់​ឆ្នោត​ទេ។ ពលរដ្ឋ​ភាគ​ច្រើន​ចង់​បាន​តុលាការ​យុត្តិធម៌ ចង់​បាន​ការងារ​ធ្វើ​សម​រម្យ​អ្នក​ធ្វើ​ការងារ​រដ្ឋ​ចង់​បាន​ប្រាក់​ហូប​ ឆ្អែត​ជា​ដើម។

តែ​គណបក្ស​កាន់​អំណាច​ឃោសនា​តែ​រឿង​ដដែល ​ដូច​ជា​ការ​លើក​សរសើរ​សមិទ្ធផល​ដែល​ធ្វើ​រួច មាន​ស្ពាន ផ្លូវ សាលារៀន​ជាដើម។ គណបក្ស​ប្រជាជន​ប្រហែល​ជា​ភ្លេច​គិត​ហើយ​មើល​ទៅ​ថា សមិទ្ធផល​ដែល​រដ្ឋាភិបាល​សាងសង់​មួយ​ចំនួន​មិន​សូវ​មាន​គុណភាព​នោះ​ឡើយ។

ទោះ​យ៉ាង​ណា​ក៏ដោយ បក្ស​កាន់​អំណាច​បាន​លេង​ល្បិច​ជា​ច្រើន ដូច​ជា​ការ​ចាក់​បំបែក​មេ​បក្ស​ប្រឆាំង សម រង្ស៉ី និង​លោក កឹម សុខា តាម​រយៈ​អាយ៉ៃ​ឆ្លើយឆ្លង។ ការ​បង្កើត​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម។ បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដែល​ដឹក​នាំ​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជុំ ម៉ី ព្រម​ទាំង​បណ្ដឹង​ពីរ​ប្រឆាំង​លោក កឹម សុខា ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។ ប៉ុន្តែ​បក្ស​ប្រឆាំង​នៅ​តែ​ដើរ​ឆ្ពោះ​ទៅ​មុខ​មិន​ថយ​ក្រោយ​ ទេ។

នៅ​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត​នេះ គណបក្ស​កាន់​អំណាច​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ព័ត៌មាន ចេញ​លិខិត​មួយ​ហាម​ឃាត់ ​មិន​ឲ្យ​វិទ្យុ FM ក្នុង​ស្រុក​ផ្សាយ​បន្ត​នូវ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អន្តរជាតិ​ទេ។ បម្រាម​នេះ ​ធ្វើ​ឲ្យ​មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ស្រទាប់​មហាជន​ទូទៅ​អ្នក​កាន់​ ជើង​បក្ស​ប្រឆាំង និង​អ្នក​កាន់​ជើង​បក្ស​កាន់​អំណាច​រហូត​ដល់​អ្នក​ខ្លះ​ចង់​ធ្វើ​បាតុកម្ម​ ថែម​ទៀត។ ស្រប​គ្នា​នោះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សហរដ្ឋអាមេរិក​ផង​នោះ ក៏​ផ្ទុះ​ប្រតិកម្ម​ដៀល​ថា រាជរដ្ឋាភិបាល​ជាន់​ឈ្លី​រដ្ឋធម្មនុញ្ញ និង​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដែរ។ ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល ក្រសួង​ព័ត៌មាន​ក៏​ចេញ​លិខិត​មួយ​លុប​ចោល​បម្រាម​នេះ​យ៉ាង​តក់ក្រហល់​ដែរ។ តាម​រយៈ ​បម្រាម​របស់​ក្រសួង​ព័ត៌មាន​នេះ ក៏​កាន់​តែ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កើន​ប្រជាប្រិយភាព​ថែម​ទៀត។
មូលហេតុ​ចុង​ក្រោយ​មួយ​ទៀត​ គឺ​ការ​រួម​បញ្ចូល​គ្នា​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​បក្ស​ជាតិ​និយម ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ ក៏​ត្រូវ​បាន​សង្គម​ស៊ីវិល​បញ្ជាក់​ថា ចំនួន​អាសនៈ​សភា​របស់​គណបក្ស​ទាំង​នោះ មាន​ការ​កើន​ឡើង ដោយ​ផ្អែក​តាម​រូបមន្ត​គណនា​រក​កៅអី​សភា​ដែរ។

ប្រការ​ទាំង​អស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ​ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ឆ្នោត​រហូត​ដល់ ៩០​កៅអី ដូច​អាណត្តិ​មុន​ណាស់។ តែ​គណបក្ស​កាន់​អំណាច ទំនង​ជា​នឹង​ឈ្នះ​ឆ្នោត​ដដែល ហើយ​មិន​ច្រើន​ទេ ​គឺ​អាច​ប្រដំប្រសងគ្នា​នឹង​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត បើ​សិន​ជា​មិន​មាន​ការ​កែ​ទម្រង់​នយោបាយ​ក្រសោប​ចិត្ត​រាស្ត្រ​ឲ្យ​បាន​ទេ​ នោះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់​បង់​អំណាច​នៅ​អាណត្តិ​បន្ទាប់​ក៏​អាច​ថា​បាន៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...