Sunday, 26 May 2013

ការក្រាញ​អំណាច​ជា «ជំងឺ» របស់​សង្គម​ខ្មែរ

ដោយ ប៉ែន បូណា (Radio France International-IRI)
ពុធ 08 ឧសភា 2013

សេចក្តីថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​សប្តាហ៍​នេះ​ដែល​ថា លោក​នឹង​បន្ត​កាន់តំណែង​រហូតដល់​អាយុ​ជាង​៧០​ឆ្នាំ​នោះ បាន​បង្កើត​ឲ្យ​មាន​ការ​ជជែក​គ្នា​យ៉ាង​ផុលផុស​អំពី​អាណត្តិ​របស់​មេដឹកនាំ​ កម្ពុជា។ មតិ​ខ្លះ​បាន​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ថា​នៅ «ក្រាញ​អំណាច» ទោះបីជា​ខ្លួន​កាន់​តំណែង​យូរហើយ​ក៏ដោយ។ ប៉ុន្តែ ប្រសិនបើ​គេ​ពិចារណា​ឲ្យ​ស៊ីជម្រៅ ការ​ក្រាញ​អំណាច​មិនមែន​ជា​រឿង​ដាច់​ដោយ​ឡែក​របស់​បុគ្គល​ណា​ទេ តែ​វា​ជា «ជំងឺ​សង្គម»​ខ្មែរ​ដែល​ត្រូវតែ​រួមគ្នា​ព្យាបាល។ តើ​ជំងឺ​នេះ​មាន​ឫសគល់​មកពីណា?

នៅ​កម្ពុជា ផ្លូវ​ឡើងទៅ​កាន់អំណាច​គឺជា​រឿង​ដ៏​លំបាក​មួយ​ទៅហើយ ប៉ុន្តែ ការចាកចេញ​ពី​អំណាច​​វិញ​វា​រឹត​តែ​លំបាក​ថែមទៀត។ លំបាក​នៅ​ត្រង់​ថា «វប្បធម៌​ក្រាញ​អំណាច»​កំពុង​ចាក់ឫស​និង​បាន​ក្លាយជា​«ជំងឺ​សង្គម»​មួយ​ដែល​ គួរតែ​នាំគ្នា​រក​វិធី​ព្យាបាល។

ការ​ចោទ​អ្នក​នេះ​ឬអ្នក​នោះ​ថា​ក្រាញ​អំណាច​ គ្រាន់តែ​ជាការ​បាចទឹក​ដាក់គ្នា​តែប៉ុណ្ណោះ​ ពី​ព្រោះនេះ​មិនមែនជា​បញ្ហា​ដោយឡែក​របស់​បុគ្គល​ណា​ម្នាក់​ឡើយ តែ​វា​ជា​បញ្ហា​រួម​របស់​សង្គម​ខ្មែរ​ទាំងមូល។ នៅក្នុង​រដ្ឋាភិបាល អ្នកដឹកនាំ​តែងតែ​ការពារ​អំណាច​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ។ នៅក្នុង​បក្ស​ក្រៅ​រដ្ឋាភិបាល​ឯណោះ​វិញ វប្បធម៌​នៃ​ការផ្តល់​តម្លៃ​ទៅលើ​បុគ្គល​ដែល​ជា​«តួឯក»​នយោបាយ​ក៏​កំពុង​ចាក់ ​ឫស​យ៉ាងរឹងមាំ​ណាស់​ដែរ។

ជាក់ស្តែង នៅពេល​គេ​និយាយ​ពី​គណបក្ស​កាន់អំណាច គេ​សំដៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុង​គណបក្ស​សម រង្ស៊ី គេ​និយាយ​តែ​ពី​លោក​សម រង្ស៊ី ខណៈដែល​គណបក្ស​សិទ្ធិមនុស្ស​គេ​និយាយ​តែ​ឈ្មោះ​លោក​កឹម សុខា។ តួអង្គ​នយោបាយ​ទាំងនោះ​ត្រូវបាន​គេ​លើក​តម្កើង​ថា​ជា​មនុស្ស​យ៉ាង​សំខាន់។ សំខាន់​រហូត​ដល់​ពេល​ខ្លះ​បញ្ហា​ប្រជាធិបតេយ្យ ឬក៏​ស្ថិរភាព​របស់​ប្រទេស​ទាំងមូល ត្រូវបាន​គេ​ចង​ភ្ជាប់​ជាមួយ​នឹង​បុគ្គល​តែ​ម្នាក់។ នៅ​កម្ពុជា កុំ​ថា​ឡើយ​ដល់​ទៅ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស សូម្បី​តែ​ប្តូរ​មេបក្ស​នយោបាយ​មួយ​ក៏​ជា​បញ្ហា​ដែរ។

នៅក្នុង​ពិភព​សង្គម​ស៊ីវិល​ក៏​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ដែរ។ បុគ្គល​ដែលជា​មេដឹកនាំ​ច្រើនតែ​កាន់អំណាច​រយៈពេល​យ៉ាងយូរ​ ដោយ​មិន​ព្រម​ប្រគល់​ឲ្យ​ទៅ​អ្នកដទៃ​ឡើយ។ តើ​នេះ​មិនមែន​ជា​«វប្បធម៌​លើក​ស្ទួយ​បុគ្គល» ដែល​ជា​ឫសគល់​នៃ​«ជំងឺ​ក្រាញ​អំណាច» នៅក្នុង​សង្គម​ខ្មែរ​ទេ​ឬ?

ដើម្បីស្វែងយល់ពីបញ្ហានេះ គេគួរពិនិត្យមើលមូលហេតុមួយចំនួនដូចតទៅ៖

មូលហេតុទី១ ៖ គឺ​បញ្ហា​មុខមាត់។ ជាទូទៅ សង្គម​ខ្មែរ​ច្រើន​តែ​ឲ្យ​តម្លៃ​ខ្លាំង​ពេក​ទៅលើ​តំណែង។ ក្នុងន័យនេះ ការបាត់បង់​មុខតំណែង​ត្រូវគេ​ចាត់ទុកថា ជា​ការបាក់​មុខមាត់​យ៉ាងខ្លាំង។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកមាន​មុខតំណែង​តែង​ក្រាញ​មិន​ចង់​ចុះចេញ​ដោយ​ងាយៗ ​ឡើយ។

មូលហេតុទី២ ៖ ការ​ក្រាញ​អំណាច​ គឺ​ជា​ផលវិបាក​នៃ​នយោបាយ​សងសឹក​គ្នា​តាម​យុទ្ធសាស្ត្រ​«អ្នកឈ្នះ​ជា​វីរជន រីឯ​អ្នកចាញ់​ជា​ជន​ក្បត់ជាតិ»។ ទស្សនៈ​នេះហើយ​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​មិន​ងាយ​បោះបង់​អំណាច។ ប្រសិនបើ​ត្រូវ​បោះបង់​ក៏​ពួកគេ​រៀប​ជើង​ព្រួល​ទុកជាមុន​ឲ្យ​ហើយ​ដែរ។

មូលហេតុទី៣ ៖ ប្រព័ន្ធ​ច្បាប់​ដែល​មិន​បាន​កំណត់​អាណត្តិ​របស់​មេ​ដឹកនាំ​ ក៏​ជា​ឱកាស​ដែល​បើកផ្លូវ​ឲ្យ​អ្នកដឹកនាំ​តោង​អំណាច​តាម​ដែល​អាចធ្វើ​ទៅបាន។


ដូច្នេះ ដើម្បី​ព្យាបាល​«ជំងឺ​ក្រាញ​អំណាច» សង្គម​ខ្មែរ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​មួយ​ចំនួន​ជា​ចាំបាច់។ ជាបឋម គេ​គួរ​យល់ថា មុខតំណែង​ជាពិសេស​តំណែង​ដឹកនាំ​កំពូល​របស់​ប្រទេស​មិនមែនជា​កម្មសិទ្ធិ​ ផ្តាច់មុខ​របស់​អ្នកណា​ម្នាក់​ឡើយ តែ​វា​គ្រាន់តែ​ជាទី​លាន​បង្ហាញ​សមត្ថភាព​របស់​អ្នកដឹកនាំ​ឲ្យ​ប្រជាពលរដ្ឋ​ បាន​ឃើញ​ក្នុង​រយៈពេល​កំណត់​ណា​មួយ​តែ​ប៉ុណ្ណោះ ពោលគឺ​វា​មិន​ខុសពី​សង្វៀន​ប្រកួត​កីឡា​នោះឡើយ។ ការឡើង​ ឬ​ចុះ​ពីស​ង្វៀន​នេះ​ គឺជា​រឿង​ធម្មតា​ដែល​គ្មានអ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។ ផ្ទុយទៅវិញ ការ​ស្ថិតនៅក្នុង​មុខតំណែង​យូរ​ពេក កំហុស​ក៏​អាច​កើតមាន​កាន់តែ​ច្រើន​ដែរ។

ក្នុង​បរិបទ​នេះ កា​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ផ្លាស់ប្តូរ​មេដឹកនាំ​ដោយ​ធានា​បាន​នូវ​ សុវត្ថិភាព​របស់​អ្នក​ចេញពី​អំណាច​ផង និង​ស្ថិរភាព​សង្គម​ទាំងមូល​ផង គឺជា​មូលដ្ឋាន​សំខាន់​ជាងគេ​មួយ។ ប៉ុន្តែ មេដឹកនាំ​ប្រទេស​ក៏​មិនត្រូវ​ប្រព្រឹត្ត​បំពាន​អំណាច​ណា​មួយ​ដែរ​នៅក្នុង​ អាណត្តិ​ដឹកនាំ​របស់ខ្លួន​ដើម្បី​ចៀសវាង​ការចោទប្រកាន់​ពេលចេញ​ពីមុខ​តំណែង។ តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ដំណើរការ​នៅ​ពេលនេះ​ គួរតែ​ជា​មេរៀន​សម្រាប់​មេដឹកនាំ​ខ្មែរ ហើយ​ព្រឹតិ្តការណ៍​បែបនេះ​ក៏​មិនគួរ​នឹង​កើតឡើង​ជាថ្មីទៀត​ដែរ។

សរុប​មកវិញ វត្ថុធាតុ​ដើម​សម្រាប់​ផ្សំ​ជា​ឱសថ​ព្យាបាល​«ជំងឺ​ក្រាញ​អំណាច»​នៅក្នុង​ សង្គម​ខ្មែរ​មាន​អស់​ហើយ។ ដូច្នេះ ដល់​ពេល​ហើយ​​ដែល​ត្រូវ​នាំគ្នា​ព្យាបាល​ជំងឺ​នេះ​ឲ្យ​អស់ពី​សង្គម៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...