- Monday, 19 November 2012
- តុង សុប្រាជ្ញ
- «នែក្រុងប៉េកាំង ខ្មាំងចិត្តឫស្យា ប៉ុល ពត បរិវារ
កញ្ជះចិនដាច់ថ្លៃ។
នែពួកអាស៊ានឈ្លានពានឃុបឃិត...»នេះគឺជាឃ្លានៃបទចម្រៀងបដិវត្តន៍
កាលពីដើមទសវត្សរ៍ ឆ្នាំ៨០ ច្រៀងដោយលោក ហង្ស សាខន ចំអកទៅប្រទេសចិន
ដែលកាលនោះ
គាំទ្រក្រុមឧទ្ទាមខ្មែរក្រហមដែលប្រឆំាងនឹងរបបសាធារណរដ្ឋ
ប្រជាមានិតកម្ពុជា និងចំអកបណ្តាប្រទេសអាស៊ាន។
បន្ទាប់ពី រាជរដ្ឋាភិបាល បានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃដ៏តានតឹង មកដល់ពេលបច្ចុប្បន្ននេះ របត់នយោបាយ និងការកែទម្រង់បន្តិចម្តងៗ របស់កម្ពុជា ធ្វើឲ្យកម្ពុជាងាកមករកប្រទេសចិនធ្វើជាដៃគូអភិវឌ្ឍន៍ និងចូលក្នុងសហគមន៍អាស៊ាន«សហគមន៍តែមួយ វាសនាតែមួយ!»ទៅវិញ។ តែការចូលជាសមាជិកអាស៊ានរបស់កម្ពុជា ហាក់បីដូចជាមានដំណើរការយឺតយ៉ាវ ហើយសមាហរណកម្មរបស់កម្ពុជា ទៅក្នុងសហគមន៍អាស៊ានឆ្នាំ២០១៥ ខាងមុខនេះ ហាក់បីដូចជាមិនទាន់រៀបចំខ្លួនប្រាណបានច្បាស់លាស់នៅឡើយ គឺមានន័យថា ចេះតែចូលៗ តាមគេតាមឯងសិនទៅដោយខ្វះមូលដ្ឋានគ្រឹះ ហើយចាំគិតគ្នាក្រោយទៀត។ បើយោងតាម សន្ទស្សន៍នៃការអភិវឌ្បធនធានមនុស្សរបស់ អង្គការសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ឆ្នាំ២០១១ ចំណាត់ថ្នាក់លេខ ២ រាប់ពីក្រោមឡើងលើ គឺលើតែប្រទេសភូមា។ មានចំណុចខ្វះខាតលើវិស័យសំខាន់ៗដូចជា ទំនាក់ទំនងការទូត សេដ្ឋកិច្ច វប្បធម៌ និងអប់រំ យុវជន និងកីឡា៖ វិស័យ ទំនាក់ទំនងការទូតៈ កម្ពុជាហាក់បីដូចជានៅមិនទាន់មានជំហររឹងប៉ឹងរវាងប្រទេសចិន ដែលជាម្ចាស់ជំនួយដ៏ធំ និងអាស៊ាន ហើយនៅមានការខ្វះខាតការយល់ដឹងឲ្យបានស៊ីជម្រៅពីបណ្តាប្រទេស អាស៊ានមួយៗ អំពីចំណុចខ្លាំង ចំណុចខ្សោយ និងប្រវត្តិសាស្រ្តរបស់ប្រទេសទាំងនោះ សួរថា ហេតុអ្វីបានជាគេរីកចម្រើនលឿនខ្លាំងម្ល៉េះ?
ឧទាហរណ៍៖ លោក លី ក្វាន់យូ ទទួលស្គាល់ធ្លាប់រៀនសូត្រ ពីការរីកចម្រើនរាជធានីភ្នំពេញ កាលពីសម័យសង្គមរាស្រ្តនិយមផងដែរ។ តែ ៤០ ឆ្នាំក្រោយមក ប្រទេសសិង្ហបុរី ក្លាយទៅជាកូនខ្លាមួយ នៅអាស៊ីទៀតផង។ ចំណុចសំខាន់មួយទៀត គឺរាជរដ្ឋាភិបាល បានព្យាយាមប្រមែប្រមូលនិស្សិតតិចតួច ដែលធ្លាប់បានសិក្សានៅក្រៅប្រទេសដែលមានជំនាញខាងទំនាក់ទំនង អន្តរជាតិ និងប្រវត្តិសាស្រ្ត បណ្តាប្រទេសអាស៊ាន និងអាស៊ី ហើយដោយប្រាក់ខែទាបពេក ពួកគាត់ខ្លះ ធ្វើការបណ្តើររត់ទៅបង្រៀនបណ្តើរ ដោយមិនបានពេញដៃពេញជើងទេ។ ហេតុអ្វីបានជារាជរដ្ឋាភិបាល មិនចំណាយកញ្ចប់ថវិកា សម្រាប់ក្រុមជំនាញឲ្យគិតតែសិក្សាស្រាវជ្រាវស៊ីជម្រៅ ទៅលើប្រទេសមួយៗ នៅអាស៊ាននេះ ដើម្បីផ្តល់យោបល់ទៅរាជរដ្ឋាភិបាល ជាជាងចំណាយថវិកាលើការជួសជុលផ្លូវដដែលៗ? បើនិយាយពីរឿងសិក្សាអាស៊ានសម្រាប់ក្រុមផ្តល់យោបល់ឯករាជ្យ វិញ«Think Tank» សម្រាប់ជួយផ្តល់យោបល់រដ្ឋាភិបាលវិញ គឺមានតែកូនវិទ្យាស្ថានខ្មែរសហប្រតិបត្តិការ និងសន្តិភាព(CICP) តូចមួយ ហើយខ្វះធនធានមនុស្សទៅទៀត។ បើប្រៀបធៀបនៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម គឺគេមានវិទ្យាស្ថានអាស៊ាន និងប៉ាស៊ីហ្វិកជាច្រើន ហើយក៏មានអ្នកជំនាញការខ្មែរ កំពុងធ្វើការនៅទីនោះដែរ។ តែផ្ទុយទៅវិញ អាស៊ាននឹងបង្កើតមជ្ឈមណ្ឌលកម្ចាត់មីននៅកម្ពុជា ព្រោះកម្ពុជាមានជំនាញខាងមីន និងអ្នកពិការច្រើនជាងគេលើពិភពលោក។ ចំណែកឯរបៀបនិយាយការទូតរបស់កម្ពុជា ធ្វើឲ្យមតិជាតិ និងអន្តរជាតិ មើលទៅហាក់បីដូចជាយកកំហឹងទល់នឹងកំហល់ ដែលមិនទៅតាមបច្ចេកទេសការទូតនៅឡើយទេ។
វិស័យសេដ្ឋកិច្ចៈ ការទទួលផលពីការចូលសមាហរណកម្មអាស៊ាននេះ កម្ពុជានៅតែរត់តាមពីក្រោយគេទៀតហើយគឺវិបត្តិធនធានមនុស្ស។ គ្រាន់កម្លាំងពលកម្មក្នុងស្រុកសោះ សហគ្រិនមួយៗមានការត្អូញត្អែរពីសមត្ថភាពជំនាញ និងកម្លាំងពលកម្មរបស់បុគ្គលិក។ តាមរយៈការសិក្សាស្រាវជ្រាវរបស់ធនាគាពិភពលោកឆ្នាំ២០១១ បង្ហាញថា ៧៣ភាគរយ នៃនិយោជក ត្អូញត្អែរថានិស្សិតដែលបានបញ្ចប់សាកលវិទ្យាល័យធ្វើការមិន ត្រូវជំនាញដែលខ្លួនបានរៀន។ ពោលគឺពេលចូលសមាហរណកម្ម យើងបានត្រឹមតែហុចបន្លែត្រីសាច់ ឲ្យគេស្លទៀត នៅពេលបានផល គឺឈ្មោះរបស់គេជាអ្នកធ្វើដដែល។ ចំណែកឯការចំណាកស្រុកទាំងស្របច្បាប់ នឹងមិនស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេស ក៏ជាបញ្ហាមួយដែលខ្វះកម្លាំងពលកម្មផងដែរ ដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ក្នុងការទប់ស្កាត់លំហូរចលនាចំណាកស្រុកនេះ។ ឯអ្នកមានចំណេះដឹង និងជំនាញខ្ពស់ មកពីក្រៅប្រទេសមួយចំនួន នាំគ្នារត់ទៅរស់នៅប្រទេសជឿនលឿនទៅវិញ។ ទំាងនេះ គឺជាបញ្ហាដែលកម្ពុជាត្រូវពិចារណា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង។
វិស័យវប្បធម៌ៈ មិនដឹងថា កម្ពុជាមានវប្បធម៌ថ្មីៗអ្វីខ្លះ ទៅបង្ហាញ និងផ្លាស់ប្តូរនឹងគេនៅឆ្នាំ ២០១៥ ទេ? បើកភ្នែកឡើងមើលទៅលើកញ្ចក់ទូរទស្សន៍ឃើញតែយកបទពីបរទេសច្រៀង នឹងរាំថតចម្លងតែពីបរទេស ឥតមានលក្ខណៈជាខ្មែរសោះ។ រីឯរបាំ និងការរាំវិញ គឺនៅដដែល មិនបានច្នៃប្រឌិតឲ្យវាថ្មីសោះ។ សូម្បីតែក្បាច់រាំចាស់ៗ ហ្នឹងក៏មិនបានចាក់ផ្សាយញឹកញាប់ផង អំពីក្បាច់មួយៗ ហើយពន្យល់កូនខ្មែរឲ្យស្គាល់ថាក្បាច់ហ្នឹងចេញមកពីណា។ បើវិស័យភាពយន្តវិញគឺចប់តែម្តង បើគេធ្វើការប្រកួតខ្សែភាពយន្តថ្មីៗនៅអាស៊ានវិញគឺមិនដឹងជាយក រឿងអ្វីទៅប្រកួតហ្នឹងគេផងហ្នឹង។ គ្មានការផលិតខ្សែភាពយន្ត មកពីរោងភាពយន្ត ត្រូវបានគេលក់ស្ទើរតែទាំងអស់ ឬក៏មកតែសម្បូរចោរលួច តែគំនិតគេ និងថតចម្លងរបស់គេលក់? ទីបំផុតវប្បធម៌បែបនេះ មិននាំឲ្យជាតិរីកចម្រើនទេ ហើយចូលសមាហរណកម្ម ២០១៥រឹតតែពិបាកទៅទៀត។ សំណួរនៅតែសួរដដែល ថាតើ ក្រសួងវប្បធម៌ធ្វើអ្វីខ្លះសព្វថ្ងៃនេះ?
អប់រំ យុវជន និងកីឡាៈ ពីមួយឆ្នាំទៅមួយឆ្នាំ មាននិស្សិតដែលបានបញ្ចាប់ថ្នាក់ឧត្តមសិក្សារាប់ម៉ឺននាក់ ជាមួយនឹងសាកលវិទ្យាល័យទាំងរដ្ឋ ទាំងឯកជនសរុបចំនួន៩៩សាកលវិទ្យាល័យនិងវិទ្យាស្ថានទូទាំងប្រទេស។ និស្សិតបានបញ្ចប់ថ្នាក់ឧត្តមសិក្សាឆ្នាំ ២០១១ មានចំនួន ៤៥ ៦៥០នាក់ និងចំនួនកំពុងសិក្សាឆ្នាំ ២០១១-២០១២ គឺមាន ២៤៥ ០០០ នាក់។ (ទិន្នន័យនាយកដ្ឋានឧត្តមសិក្សាឆ្នាំ២០១២) តែទោះជាច្រើនយ៉ាងនេះក៏ដោយ ក៏នៅមានការត្អូញត្អែរពីថ្នាក់ដឹកនាំមន្ត្រីរាជការ និងនិយោជកមួយចំនួនផងដែរ អំពីបុគ្គលិកខ្វះគុណភាពក្នុងការងារ ពេលខ្លះហាក់ដូចជាមិនយល់ និងយកចិត្តទុកដាក់កិច្ចការងារ សូម្បីតែលិខិតសុំច្បាប់ឈប់ និងពាក្យសុំបន្តិចបន្តួចក៏សរសេរមិនត្រូវផង ហើយពិបាកជ្រើសរើសបុគ្គលិកឲ្យសមស្របទៅនឹងតួនាទីទៀតផង។ ភាពទន់ខ្សោយផ្នែកអប់រំនេះ ធ្វើឲ្យមតិជាច្រើនរិះគន់ទៅលើប្រព័ន្ធអប់រំទាំងមូលខ្សោយ បើប្រៀបធៀបជាមួយនឹងប្រទេសនៅប្លុកអាស៊ាននេះ។ ធាតុពិតជាក់ស្តែង កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជួយបានមួយកម្រិតហើយ ចំពោះថ្នាក់ឧត្តមសិក្សានេះ បើប្រៀបធៀបទៅនឹងទសវត្សរ៍ឆ្នាំ ៨០ និង៩០ ហើយបច្ចុប្បន្ននេះ មានគ្រូល្អៗទាំងជាតិដែលធ្លាប់បានទៅសិក្សានៅក្រៅប្រទេស និងគ្រូៗអន្តរជាតិមួយចំនួនផងដែរ។ សាកលវិទ្យាល័យខ្លះ រៀនសុទ្ធតែជាភាសាអង់គ្លេសទៀត និងមានសិទ្ធិជ្រើសរើសបង់ថ្លៃសាលាណាក៏បានដែរ។ ហេតុអ្វីបានជានិស្សិតមួយចំនួនធំបានសញ្ញាបត្រហើយ នៅតែប្រើការមិនកើតទៀត? សំណួរសួរថា តើមកពីសាកលវិទ្យាល័យឬមួយក៏មកពីនិស្សិតខ្លួនឯង? ក្នុងនាមជាឪពុកម្តាយ ឬបងៗ ដែលរៀនបានខ្ពស់ៗហ្នឹង មានធ្លាប់តាមដានការសិក្សាកូន ឬប្អូនៗដែរឬទេ? មានធ្លាប់ធ្វើកិច្ចការគ្រប់គ្រាន់តាមអ្វីដែលគ្រូដាក់ឲ្យធ្វើ ដែរ ឬទេ? ហើយពេលប្រឡងម្តងៗមានបើកចម្លងដែរឬទេ? សូម្បីតែលោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់រិះគន់ផងដែរ មាននិស្សិតខ្លះ រៀនសុទ្ធតែថា្នក់បណ្ឌិត ឬក៏អនុបណ្ឌិត មិនចេះប្រើកុំព្យូទ័រ ហើយសរសេរនិក្ខេបទជួលគេសរសេរឲ្យ។ អ្វីៗដែលជាអំពើអបាយមុខ ដូចជា គ្រឿងស្រវឹង ក្លិប ខារ៉ាអូខេ...នៅជុំវិញយុវជន មានមិនខ្វះហើយងាយស្រួលរកបាន ហើយមានតម្លៃថោកទៀត។ យុវជនខ្មែរភាគច្រើន ក្លាហានណាស់ ក្នុងការប្រយុទ្ធកាប់ចាក់គ្នា វាយតប់គ្នា ពេលខ្លះរហូតដល់បាញ់គ្នាក៏មាន តែខ្លាចណាស់ការសិក្សា មិនហ៊ានប្រយុទ្ធទេ។ តើឲ្យទំពាំងស្នងឫស្សីរបៀបម៉េច បើទំពាំងនោះរលួយតាំងពីមិនទាន់ធំផងនោះ?
រីឯកីឡាវិញ គឺមានដំណើរការរីកចម្រើនយឺតយ៉ាវណាស់។ ឧទាហរណ៍៖ កីឡាបាល់ទាត់ លេងតំាងពីគ្រាប់ មានចាញ់មានឈ្នះ តែលេងលើកចុងក្រោយនេះនៅប្រទេសភូមា ការប្រកួតជម្រុះ ដើម្បីទៅប្រកួតស៊ុយសូគីខាប់ នៅអាស៊ានសោះ ខ្មែរចាញ់ទាំងអស់។
សរុប មកវិញ ទាំងអស់នោះ សុទ្ធតែជាចំណុចខ្វះខាត ក្នុងការត្រៀមខ្លួនសមាហរណកម្មអាស៊ាន ២០១៥។ ហេតុដូច្នេះរាជរដ្ឋាភិបាល គួរតែបង្ហាញឆន្ទៈផ្នែកខាងគោលនយោបាយ ឲ្យបានជាក់លាក់ ជាពិសេស ផ្តោតទៅលើការបង្កើតមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវអាស៊ាន នៅសាកលវិទ្យាល័យ និងមានការចូលរួមធ្វើទាំងអស់គ្នា ទើបការធ្វើសមាហរណកម្មកម្ពុជាក្នុងអាស៊ាននាឆ្នាំ២០១៥ ដំណើរការទៅដោយរលូន៕
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Tuesday, 4 December 2012
សមាហរណកម្មកម្ពុជានៅអាស៊ាន២០១៥មិនទាន់រៀបចំជ្រះស្រឡះនៅឡើយ
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment