- Monday, 08 October 2012
- សែន ដាវីត
- លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ រូបថត ហុង មិនា
- ភ្នំពេញៈ
គ្រូបង្រៀនជិត៣០០នាក់មកពីទូទាំងប្រទេសបានប្រារព្ធពិធី
«ទិវាគ្រូបង្រៀន»កាលពីថ្ងៃសុក្រ នៅឧទ្យានសេរីភាព
ដើម្បីស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគ្រូដល់១លានរៀល។ ប៉ុន្តែ
រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា
ក្រសួងនឹងដំឡើង២០ភាគរយបើសេដ្ឋកិច្ចរីកចម្រើន។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឲ្យដឹងថា គ្រូបង្រៀនប្រហែល៣០០នាក់ មកពីទូទាំងប្រទេស និងសិស្សានុសិស្សបានផ្ញើលិខិតទៅរាជរដ្ឋាភិបាល រដ្ឋសភា និងក្រសួងអប់រំ ដើម្បីស្នើសុំដំឡើងប្រាក់បៀវត្សរ៍យ៉ាងហោចក៏ឲ្យបានមួយ លានរៀលដែរ ក្នុងមួយខែ។
លោកថា៖ «យើងបានស្នើសុំជាច្រើនឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០០ ឲ្យរដ្ឋាភិបាលដំឡើង ប៉ុន្តែ ការដំឡើងនោះមិនច្រើនណាស់ទេ សុំត្រឹមតែមួយលានរៀលក្នុង១ខែដើម្បីឲ្យមានតុល្យភាពនឹង តម្លៃប្រេង និងអាហារដែលមានតម្លៃខ្ពស់។ ប៉ុន្តែរដ្ឋាភិបាល និងក្រសួងអប់រំមិនដែលឆ្លើយតបជាវិជ្ជមានទេ រហូតដល់ពេលនេះ»។
អ្នក គ្រូ គឹម ដារ៉ានី មកពីខេត្តពោធិ៍សាត់ថា គាត់បង្រៀនតាំងពីឆ្នាំ១៩៨១ ប៉ុន្តែគាត់នៅតែទទួលបានប្រាក់ខែតែ ៣០ម៉ឺនរៀល។ គាត់សុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគ្រូបង្រៀន។ អ្នកគ្រូថា ៖«តើឲ្យខ្ញុំផ្គត់ផ្គង់ជីវភាពគ្រួសារយ៉ាងម៉េច បើអ្វីៗនៅទីផ្សារថ្លៃដូចជាប្រេងនិងម្ហូបជាដើម»។
លោកគ្រូ សុខ សំអូន មកពីខេត្ត ស្វាយរៀងថា ឥឡូវគ្រូបង្រៀនធ្វើការងារក្រៅ ពីព្រោះតែប្រាក់ខែតិចចាយមិនគ្រប់គ្រាន់ បើប្រៀបធៀបនឹងតម្លៃផលិតផលទីផ្សារ។
លោកថា៖ «គ្រូបង្រៀនខ្លះ ឆ្លៀតទៅលក់ដូរ រត់ម៉ូតូឌុប ឬបង្រៀនសាលាឯកជន ជាដើម។ យើងមិនចង់ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រូបង្រៀនទេ ប៉ុន្តែគ្មានជម្រើសឡើយដើម្បីក្រពះ»។
លោក អ៊ឹម សិទ្ធិ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាមានប្រសាសន៍ក្នុងឱកាសទិវាគ្រូបង្រៀននោះថា ក្រសួងមិនបានព្រងើយកន្តើយចំពោះជីវភាពរស់នៅរបស់គ្រូបង្រៀនឡើយ និងក៏មានផែនការដំឡើងប្រាក់បៀវត្សរ៍គ្រូជាជំហានៗ។
លោកថា ៖«រដ្ឋាភិបាលនឹងដំឡើង២០ភាគរយឬច្រើនជាងនេះជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៣ទៅ។ តែឥឡូវយើងនឹងដំឡើង២០ភាគរយ បើសិនសេដ្ឋកិច្ចជាតិរីកចម្រើន។ យើងពិតជាចង់ជំរុញគុណភាពវិស័យអប់រំណាស់ ប៉ុន្តែសមាគមខ្លះនៅតែបន្ទោសក្រសួង»៕ CC

No comments:
Post a Comment