ដោយ អាន ស៊ីថាវ
2012-09-05
គុណភាពអប់រំនៅតាមសកលវិទ្យាល័យមួយចំនួននៅមានកម្រិត ភាពមានការងារធ្វើក៏មានតិចតួច រួមទាំងអាហារូបករណ៍ទៅបរទេសក៏នៅមានកម្រិតនៅប្រទេសកម្ពុជា បានបង្ខំឲ្យសិស្សានុសិស្ស ជាពិសេស ក្រុមគ្រួសារមានជីវភាពធូរធារ ចាប់យកការសិក្សានៅសកលវិទ្យាល័យឯកជននៅក្រៅប្រទេស។បច្ចុប្បន្ន មានចំនួនយុវជនជាច្រើន បានរកឱកាសសិក្សានៅក្រៅប្រទេស ដែលមានភាពប្រកួតប្រជែងខ្ពស់ ដើម្បីធានាភាពមានការងារធ្វើពេលបញ្ចប់ការសិក្សា។
អ្នកវិភាគសេដ្ឋកិច្ច បានអះអាងថា ការបង្កើតការងាររៀងរាល់ឆ្នាំមានចន្លោះពី៤ម៉ឺនទៅ៥ម៉ឺននាក់ ប៉ុន្តែ អ្នកដែលត្រូវការការងារធ្វើ ឬតម្រូវការទីផ្សារការងារវិញ មានចំនួនប្រមាណពី២០ម៉ឺនទៅ៣០ម៉ឺននាក់។ មូលហេតុនេះ ធ្វើឲ្យមានភាពគ្មានការងារធ្វើកើនឡើង ដែលជាក្ដីកង្វល់របស់យុវជន ជាពិសេស យុវជនដែលទើបចប់ថ្នាក់ទី១២ ឬមធ្យមសិក្សាទុតិយភូមិ។
ទោះជាយ៉ាងណាក៏ដោយ កត្តាសេដ្ឋកិច្ច ភាពខ្វះខាតការងារបច្ចុប្បន្ន និងភាពមិនស៊ីសង្វាក់គ្នាក្នុងទីផ្សារការងារ អាចជះឥទ្ធិពលដល់ការអប់រំនៅប្រទេសកម្ពុជា កាន់តែអន់ថយ ហើយជះឥទ្ធិពលដល់ភាពអត់ការងារកាន់តែកើនឡើងដែរ ក្នុងចំណោមយុវជនដែលពេញកម្លាំងធ្វើការ។
សិស្សានុសិស្សជាច្រើន កំពុងប្រឹងប្រែងរកឱកាសបន្តការសិក្សានៅសកលវិទ្យាល័យមួយចំនួន ទាំងក្នុង និងក្រៅប្រទេស។ យ៉ាងណាក៏ដោយ ការចាប់យកឱកាសសិក្សានៅក្រៅប្រទេស ជាកត្តាសំខាន់សម្រាប់ធានា ឬមានភាពប្រកួតប្រជែង ដែលក្រុមយុវជនភាគច្រើនបានឲ្យតម្លៃការសិក្សានៅបរទេសមានគុណភាព ល្អជាងនៅក្នុងប្រទេស។
អ្នកវិភាគវិស័យអប់រំ លោកសាស្ត្រាចារ្យ សាត ដារ៉ា មានប្រសាសន៍បង្ហាញអំពីបទពិសោធន៍ នៃការសិក្សានៅសកលវិទ្យាល័យបរទេសមួយចំនួនថា ការអប់រំនៅបរទេស តម្រូវការទីផ្សារការងារគឺបានបង្ហាញជាសាធារណៈ ឬចំពោះសកលវិទ្យាល័យ អំពីចំនួនតម្រូវការ និងការផ្គត់ផ្គង់នៅពេលបច្ចុប្បន្ន ប៉ុន្តែ នៅប្រទេសកម្ពុជា ចំនួនអ្នកដែលសិក្សាលើជំនាញគ្រប់គ្រង មានបរិមាណច្រើនជាងតម្រូវការទីផ្សារការងារ។
លោកមានប្រសាសន៍បន្តថា កត្តានេះគឺទាមទារឲ្យគ្រឹះស្ថានអប់រំ សហការគ្នាជាមួយរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់ទីផ្សារពលកម្ម និងទីផ្សារការងារ។ លោកអង្កេតឃើញថា ក្នុងចំណោមយុវជនដែលបញ្ចប់ពីសកលវិទ្យាល័យ មិនបានធានាថា ខ្លួនមានជំនាញពិតប្រាកដនៅឡើយ។
លោកសាស្ត្រាចារ្យ សាត ដារ៉ា៖ «នៅពេលដែលគាត់រៀនជំនាញគ្រប់គ្រង ទៅចុះ ហើយនៅស្រុកខ្មែរយើង អ្នកដែលចប់ជំនាញគ្រប់គ្រងខ្សត់ការងារជាងគេ។ ក៏ប៉ុន្តែ ពាក្យថាខ្សត់ការងារហ្នឹង គឺដោយសារតែគាត់ចេះតែគ្រប់គ្រង តែគាត់អត់ចេះធ្វើការគ្រប់គ្រង។ ខ្ញុំមានហាងមួយអ៊ីចឹង នៅពេលដែលគាត់ចូលមកធ្វើការ ខ្ញុំចង់ឲ្យគាត់ធ្វើការជំនាញគ្រប់គ្រង តែគាត់ឆ្លើយថា គាត់អត់ដឹងធ្វើម៉េចផង ព្រោះអីគាត់អត់ទាន់មានបទពិសោធន៍ ទាល់តែប្រើគាត់សិន។ ពីព្រោះអីយើងត្រូវចំណាយពេលយូរប្រើគាត់ ហើយប្រាក់បៀវត្សរបស់គាត់ចំណាយច្រើន ហើយជួនកាលគេអត់ប្រើទៀតផង»។
ទោះជាយ៉ាងណាក៏ដោយ យុវជនជាច្រើនបានបង្ហាញពីភាពជឿជាក់លើគុណភាពអប់រំនៅប្រទេសកម្ពុជា ថា នៅមានកម្រិតតិចតួចនៅឡើយ ដែលអាចទទួលបានការងារច្បាស់លាស់នៅពេលបញ្ចប់ការសិក្សា។
បញ្ហាប្រឈមដទៃទៀត នៃការជំរុញឲ្យយុវជនស្វែងរកការសិក្សានៅបរទេស មានដូចជា គុណភាពអន់នៃការអប់រំ សមត្ថភាពស្រាវជ្រាវមានកម្រិតទាបនៅថ្នាក់ឧត្ដមសិក្សា ភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់ និងកម្លាំងពលកម្មផលិតភាពទាប នៃកម្លាំងពលកម្ម និងកង្វះទាំងជំនាញផ្នែកបច្ចេកទេស និងខាងវិទ្យាសាស្ត្រសង្គមជាដើម។
មូលហេតុនេះ យុវជនជាច្រើនបានប្រឹងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេស ប៉ុន្តែចំនួននេះមានតិចតួចនៅឡើយ ដែលមិនអាចស្រូបយកចំនួនសិស្សដែលមានតម្រូវការ។ ដូចច្នេះ យុវជនប្រឹងស្វែងរកការសិក្សានៅតាមសកលវិទ្យាល័យឯកជននានា នៅតំបន់អាស៊ី និងអឺរ៉ុប។
នាយកក្រុមហ៊ុនបញ្ជូនសិស្សទៅសិក្សានៅបរទេស លោក គឹម ឡាយ បានឲ្យដឹងថា រហូតដល់ពេលនេះ មានការសហការគ្នារវាងគ្រឹះស្ថានអប់រំបរទេសជាមួយក្រុមហ៊ុនក្នុង ស្រុក ក្នុងការស្វែងរកសិស្សបន្តការសិក្សានៅបរទេសដោយបង់ថ្លៃ មាននិន្នាការកើនឡើង។ ប៉ុន្តែ បរិមាណសិស្សដែលទៅសិក្សាក៏នៅមានចំនួនតិចតួចនៅឡើយ។
លោកមានប្រសាសន៍បន្តថា នៅអាស៊ីមានប្រទេសវៀតណាម និងម៉ាឡេស៊ី ដែលយុវជនកម្ពុជាជាច្រើន បន្តការសិក្សាដោយបង់ថ្លៃនៅទីនោះ។
លោក គឹម ឡាយ៖ «ម៉ាឡេស៊ី ច្រើន តម្លៃវាថោក ហើយវៀតណាម សាលាគេមកទាក់ទងយើងតែម្ដង និងសាលាស្រួលរក។ យើងមានវែបសាយ គេឃើញហើយគេថា ឲ្យបញ្ជូនមកគេមក»។
លោក គឹម ឡាយ បន្ថែមថា បើទោះជាការបង់ថ្លៃ ប៉ុន្តែយុវជនដែលមានបំណងបន្តការសិក្សា ត្រូវមានកម្រិតយល់ដឹងភាសាអង់គ្លេសទៅតាមការចង់បានរបស់ គ្រឹះស្ថានអប់រំណាមួយនោះ ដោយលោកបញ្ជាក់ទៀតថា ការបន្តការសិក្សានៅបរទេសដោយបង់ថ្លៃ មានយុវជនជាច្រើនបានដាក់ពាក្យស្នើសុំដោយខ្លួនផ្ទាល់ ព្រោះថាយុវជនទាំងនោះមានការយល់ដឹងខ្ពស់អំពីបែបបទ នៃការដាក់ស្នើសុំទាំងនោះ ដែលតាមការប៉ាន់ស្មានមានប្រមាណជាង៤០%។
លោក គឹម ឡាយ៖ «សិស្សឥឡូវ គេយល់ដឹងច្រើន ទីមួយ គេដឹងតាមឯកសារ តាមស្ថានទូត ហើយគ្រួសារគេមានលទ្ធភាពទៅ គេដាក់ពាក្យដោយខ្លួនគេ ប្រហែលជា៤០% ហើយគេពឹងការិយាល័យនោះ៦០%»។
លោកបន្ថែមទៀតថា តម្លៃការសិក្សានៅថ្នាក់ឧត្ដមសិក្សានៅប្រទេសសិង្ហបុរី មានចំនួនជាមធ្យម ១ម៉ឺន៧ពាន់ដុល្លារ ក្នុងមួយឆ្នាំ និងការសិក្សានៅប្រទេសម៉ាឡេស៊ី មានចន្លោះពី៣ពាន់ទៅ៤ពាន់ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ យុវជនអាចស្វែងយល់អំពីការសុំសំណុំបែបបទនៃការចូលរៀននៅ សកលវិទ្យាល័យបរទេសមួយចំនួន និងអំពីលក្ខខ័ណ្ឌទាំងឡាយដែលតម្រូវឲ្យបេក្ខជនត្រូវបំពេញតាមរយៈ គេហទំព័ររបស់សកលវិទ្យាល័យនោះដោយផ្ទាល់ផងដែរ៕
No comments:
Post a Comment