ដោយ សួន សុផលមុន្នី
2012-09-07
ប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់សាសនាព្រះពុទ្ធមានរហូតទៅ ៩៥% ប៉ុន្តែអ្នកដែលបដិបត្តិតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធភាគច្រើន មានតែទៅលើមនុស្សចាស់ ដែលជាអ្នកកាន់សីល។ បញ្ហានេះបានធ្វើឲ្យគេមានការព្រួយបារម្ភទៅលើក្រុមយុវជននៅក្នុង ប្រទេសកម្ពុជា។ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា។ នៅពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ កំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅ ក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។
ព្រះសង្ឃព្រះនាម ទុយ លីណា គង់នៅវត្តពិភិទ្ធារាម មានថេរដីកាថា ក្រៅពីព្រះអង្គបួសជាសង្ឃគង់នៅក្នុងវត្ត ព្រះអង្គបានស្ម័គ្រចិត្តចូលរួមចំណែកលើការងារអភិវឌ្ឍន៍សង្គម។ ក្នុងនោះព្រះអង្គបានចូលប្រឡូកក្នុងការងារសហគមន៍ ទស្សនៈសីលធម៌ព្រះពុទ្ធសាសនា និងបានសម្ដែងធម្មទេសនាតាមវិទ្យុ។
ព្រះអង្គស្ម័គ្រចិត្តដោយបានបើកវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ហើយនិងផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សា៖ «បើកវគ្គបណ្ដុះ បណ្ដាលលើកឡើងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជា ដំណោះស្រាយ ការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់រស់នៅក្នុងឃុំគោលដៅហ្នឹង ឲ្យគាត់មានការភ្ញាក់រលឹកយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងស្រវឹង មានការបើកសិក្ខាសាលា អញ្ជើញវាគ្មិនចូលរួម ដើម្បីបកស្រាយអំពីបញ្ហាហ្នឹង ហើយមានការចូលរួមប្រជុំតាមសហគមន៍ ប្រជុំជាមួយក្រុមប្រឹក្សាឃុំសង្កាត់»។
នៅក្នុងសកម្មភាពនេះ ព្រះអង្គបានជំរុញឲ្យមេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ឲ្យមានការកោះអញ្ជើញប្រជាពលរដ្ឋឲ្យបានច្រើនចូលរួម ដើម្បីប្រជុំផ្សព្វផ្សាយស្វែងយល់ពីការងារសង្គម ដែលជាបញ្ហាប្រឈមជាច្រើនទៀត នៅក្នុងសង្គមកម្ពុជា។ ព្រះអង្គបន្តថា នៅពេលព្រះអង្គនិមន្តពីខេត្តមួយទៅខេត្តមួយ តែងតែឃើញនូវទិដ្ឋភាពនៃការប្រើអំពើហិង្សា ដែលកើតចេញដោយសារការប្រើប្រាស់គ្រឿងស្រវឹង។ នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គបានសម្ដែងធម៌ផ្ដោតទៅលើការដឹកនាំសត្វ ឲ្យរួចផុតពីទុក្ខក៏ពិតមែន ប៉ុន្តែទន្ទឹមគ្នានោះ ព្រះអង្គបានបន្សល់នូវទ្រឹស្ដីមួយចំនួនសម្រាប់អ្នករស់នៅក្នុង បច្ចុប្បន្នភាព។
ព្រះអង្គបានលើកយកទ្រឹស្ដីមួយដែលព្រះសម្មាសម្ពុទ្ធសម្ដែងទាក់ ទិនទៅសីលប្រាំ នៅក្នុងចំណុចសីលប្រាំ ព្រះអង្គហាមការបៀតបៀនអាយុជីវិតគ្នា ការកាប់សម្លាប់គ្នា នេះជាទ្រឹស្ដីមួយដែលព្រះអង្គបានសម្ដែងទុក សម្រាប់មនុស្សទាំងអស់គ្នាដែលរស់នៅ៖ «នេះជាទ្រឹស្ដីដែលព្រះអង្គ សម្ដែងចូលរួមអភិវឌ្ឍន៍យ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នហ្នឹង។ ពីព្រោះ បើសិនជាមនុស្សទាំងអស់អនុវត្តន៍ គោរពតាមពាក្យពេចន៍ទ្រឹស្ដីរបស់ព្រះអង្គ ដែលបានបន្សល់ទុកហ្នឹងមក អត់មានការផឹកស្រា អំពើហិង្សាកើតឡើងដោយសារគ្រឿងស្រវឹងទាំងអស់»។
អ្នកសម្របសម្រួលរបស់មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (ភីឌីភី) សាខាខេត្តបាត់ដំបង អ្នកស្រី កែវ ឈូក បានថ្លែងថា វិស័យព្រះពុទ្ធសាសនាកំពុងមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម កម្ពុជា។ នៅតាមទីអារាមជាកន្លែងបណ្ដុះធនធានមនុស្ស និងជួយដល់សិស្ស និស្សិត ដើម្បីស្នាក់នៅរៀនសូត្រ។ ព្រះពុទ្ធសាសនាបានជួយអភិវឌ្ឍន៍ផ្នែកស្មារតី តាមរយៈព្រះសង្ឃទេសនា ការផ្សព្វផ្សាយនៅតាមវិទ្យុ និងទូរទស្សន៍ អំពីដំបូន្មានល្អ ដែលធ្វើអោយមនុស្សកាត់បន្ថយហិង្សា ធ្វើឲ្យមនុស្សចេះស្រឡាញ់រាប់អានគ្នា៖ «ក្រៅពីហ្នឹង ព្រះសង្ឃបានចូលរួមចំណែកក្នុងការបង្ហាត់បង្រៀនអក្សរសាស្ត្រ ជាក់ស្ដែងដូចនៅបាត់ដំបង យើងនេះ មានសកលវិទ្យាល័យពុទ្ធិកព្រះសីហនុ មិនថាព្រះសង្ឃទេដែលអាចបន្តការសិក្សាបាន សូម្បីតែនិស្សិតជាគ្រហស្ថក៏អាចបន្តការសិក្សាបាន ដូចថា សាលាមានវិន័យបង្ហាត់បង្រៀនអក្សរសាស្ត្រច្បាស់លាស់»។
លោក គឹម ងួន ប្រធានការិយាល័យនៃមន្ទីរធម្មការខេត្តបាត់ដំបង លោកបានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជួយដល់ការងារអភិវឌ្ឍន៍សង្គមកម្ពុជា។ ក្នុងនោះ ព្រះសង្ឃបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រះធម៌ អប់រំសីលធម៌សង្គម តាមវិទ្យុ ទូរទស្សន៍ និងនៅតាមសាលារៀន។ នៅពេលមានគ្រោះមហន្តរាយដោយទឹកជំនន់ ដោយខ្យល់ព្យុះ គឺវត្តអារាមបានជួយជាថវិកា ជាសម្ភារៈ និងកម្លាំងកាយ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពីរងការខូចខាត៖ «នៅ តាមវត្តអារាម ព្រះសង្ឃបានជួយការងារសង្គម ពិសេសជួយដល់កូនចៅប្រជាពលរដ្ឋក្រីក្រ ដែលអត់មានកន្លែងស្នាក់នៅរៀនសូត្រ។ វត្តអារាមបានក្លាយជាទីតាំងយ៉ាងសំខាន់ សម្រាប់ជួយអោយសិស្សស្នាក់នៅ ដើម្បីសិក្សារៀនសូត្រ អនាគតក្មេងក្លាយជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិយើង»។
មនុស្សចាស់ជរា ស្ត្រីមេម៉ាយក្រីក្រ ព្រះសង្ឃបានជួយផ្ដល់ជាម្ហូបអាហារ ជាសំលៀកបំពាក់។ ក្រៅពីនេះ ព្រះសង្ឃជួយដល់មជ្ឈមណ្ឌលផ្ដាច់គ្រឿងញៀន ផ្ដល់ជាសម្ភារៈ ម្ហូបអាហារ និងឱវាទសម្រាប់ឲ្យអ្នកញៀនថ្នាំញៀន មានការកែប្រែតាមរយៈការអប់រំ។ ទន្ទឹមគ្នានេះ ព្រះសង្ឃបានចូលទៅអប់រំទណ្ឌិតនៅតាមពន្ធនាគារ។ ទាំងនេះ សុទ្ធតែជាសកម្មភាពរបស់ព្រះពុទ្ធសាសនា ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គម។
លោក គឹម ងួន៖ «នៅកន្លែងយើងនេះ យើងមានមណ្ឌលវិបស្សនានៅទូទាំងខេត្តបាត់ដំបង មាន៧ទីតាំង ជាពិសេសសកម្មភាពខ្លាំង គឺនៅខាងស្រុកបាណន់ ទ្រុងមាន់ ទ្រុងទា អាហ្នឹងគឺពុទ្ធបរិស័ទដែលមានវិបត្តិផ្លូវចិត្តចូលទៅក្នុងហ្នឹង។ យើងមានឲ្យធ្វើវិបស្សនាកម្មដ្ឋានទៅតាមកម្រិត មានកម្រិតបឋម មធ្យម និងឧត្ដម យើងសិក្សារយៈពេល១០វគ្គ មួយវគ្គ១០ថ្ងៃ មួយវគ្គមានតាំងពីកុមារអីក៏មានដែរនៅក្នុងហ្នឹង។ យើងមានមណ្ឌលវិបស្សនាដែលជាសកម្មភាពជួយខាងផ្នែកផ្លូវចិត្ត គេហៅថា មណ្ឌលវិបស្សនាលទ្ធិកា»។
ក្រៅពីនេះ ព្រះសង្ឃបានបើកអង្គការសម្រាប់ជួយកុមារកំព្រា។ ព្រះសង្ឃបានយកក្មេងៗទាំងនោះ ទៅចិញ្ចឹម ដោយបានបណ្ដុះបណ្ដាលពួកគេឲ្យរៀន រៀនអក្សរសាស្ត្រខ្មែរ រៀនជំនាញកាត់ដេរ។
ព្រះសង្ឃព្រះនាម ទុយ លីណា គង់នៅវត្តពិភិទ្ធារាម បានថេរដីកាថា នៅប្រទេសកម្ពុជា មានប្រជាពលរដ្ឋខ្មែរ៩៤ទៅ៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្តែមានអ្នកបដិបត្តិតាមធម៌ព្រះពុទ្ធមានតិចតួចណាស់។ ក្រុមយុវជននៅកម្ពុជា ពុំបានខិតខំប្រឹងប្រែងរៀនសូត្រទេ បញ្ហានេះគឺជាការងាររួមទាំងអស់គ្នា ទាំងវិស័យព្រះពុទ្ធសាសនា និងអាណាចក្រ ដែលចូលរួមអប់រំទប់ស្កាត់៖ «នៅក្នុងសង្គមខ្មែរយើង នាពេលបច្ចុប្បន្ន យុវជនអត់សូវចំណាប់អារម្មណ៍ទៅលើការសិក្សារៀនសូត្រអីប៉ុន្មានទេ គ្រាន់សប្បាយច្រើន គាត់មិនទាន់មានវ័យអីគ្រប់គ្រាន់ផង គាត់មានស្នេហាអ៊ីចឹងទៅ ជាបញ្ហាមួយដែលធ្វើឲ្យបាត់បង់នូវធនធានមនុស្ស។ បញ្ហាដ៏សំខាន់មួយទៀត គឺយុវជនតែងតែផឹកនូវគ្រឿងស្រវឹងដែលបញ្ហាហ្នឹងកើតឡើងដោយសារការ ផ្សព្វផ្សាយពាណិជ្ជកម្មនៃគ្រឿងស្រវឹង ហើយជំរុញឲ្យយុវជនហ្នឹងអ្ហែង ផឹកនូវគ្រឿងស្រវឹង ហើយជាពិសេសនៅក្នុងស្រុកខ្មែរ ស្នើគ្រប់ទីកន្លែងទាំងអស់ គ្រប់ផ្ទាំងប៉ាណូទាក់ទងទៅនឹងផ្លាកយីហោគ្រឿងស្រវឹងមានគ្រប់ ទីកន្លែងទាំងអស់»។
ព្រះអង្គបន្តថា កម្ពុជាមានយុវជន៣០% ក្នុងចំណោមប្រជាពលរដ្ឋប្រហែល១៥លាននាក់។ កម្ពុជា ជាប្រទេសមួយដែលសម្បូរទៅដោយកម្លាំងពលកម្ម ដែលពួកអ្នកវិនិយោគទុនក្រៅប្រទេសសម្លឹងឃើញថា អាចដាក់ទុនទៅបាន ព្រោះមានកម្លាំងពលកម្ម ប៉ុន្តែផ្ទុយទៅវិញ គេមានការបារម្ភពីប្រទេសកម្ពុជា ដោយគេយល់ថា កម្ពុជាទៅអនាគតពុំមានធនធានមនុស្ស ដោយសារយុវជនខ្មែរពុលទៅនឹងគ្រឿងស្រវឹង៕
No comments:
Post a Comment