Sunday, 2 September 2012

វប្បធម៌​គាំទ្រ​សម្ដី​​អ្នកធំ​ឬ​មេដឹកនាំ​ប្រទេស​​ចាក់​ឫស​​ក្នុង​​សង្គម​ខ្មែរ

2012-09-02
វប្បធម៌​គាំទ្រ​សម្ដី​របស់​​អ្នកធំ ឬ​មេដឹកនាំ​ប្រទេស ទោះ​ចេញ​ពី​ដួង​ចិត្ត​ពិត ឬ​គ្រាន់​តែ​បំពង​សំឡេង​ហៃអើៗ​តាម​ក្រោយ ដើម្បី​លាភ​សក្ការៈ​ក្តី កំពុង​ចាក់​ឫស​​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ។

អ្នក​តាម​ដាន​ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​សង្គម​ មើល​ឃើញ​ថា វប្បធម៌​នេះ​កើត​ឡើង​ដោយ​ឥទ្ធិពល​អំណាច​ខ្លាំង​ក្លា​ពេក ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​មួយ​នេះ​មិន​ទាន់​ជឿន​លឿន​ខាង​​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាប្រជាធិបតេយ្យ​នោះ​ទេ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​សង្គម​បាន​បង្ហាញ​ថា វប្បធម៌​ហៃអើ​ដែល​មនុស្ស​មួយ​ក្រុម​គេ​តែង​តែ​កៀរគរ​គ្នា​គាំទ្រ​លើ​សម្ដី​ មេដឹកនាំ​ប្រទេស ឬ​តំបន់​ណា​មួយ​នោះ បាន​បង្ហាញ​ថា មេដឹកនាំ​នោះ​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដល់​កំពូល​ហើយ។

ការ​ប្រើ​ប្រាស់​អំណាច ឬ​សមត្ថកិច្ច​គ្រប់​យ៉ាង​បែប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មិន​ហ៊ាន​ពិភាក្សា​ផ្លាស់​ប្ដូរ ​យោបល់ ឬ​ជំទាស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ភ័យ​ខ្លាច ហើយ​មាន​តែ​វិធី​ម្យ៉ាង​គត់ គឺ​គាំទ្រ​គំនិត​របស់​មេធំ​ បើ​ទោះ​បី​ជា​ការ​គាំទ្រ​នោះ​ខុស​ក៏ដោយ​ត្រូវ​ក៏ដោយ។
អ្នក​វិភាគ និង​ស្រាវ​ជ្រាវ​លើ​ការ​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​បង្ហាញ​ជុំវិញ​បរិបទ​ដែល​កំពុង​តែ​កើត​មាន​ក្នុង​សង្គម​សព្វ​ថ្ងៃ​​ថា ទម្លាប់​បែប​នេះ​វា​ស្ទើរ​តែ​ជា​ប្រពៃណី​មួយ​ទៅ​ហើយ អោយ​តែ​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​សម្រេច​លើ​រឿង​អ្វី​មួយ គឺ​អ្នក​នៅ​ខាង​ក្រោម​ឱវាទ​ចាំ​បាច់​ត្រូវ​តែ​នាំ​គ្នា​គាំទ្រ​ ដោយ​មិន​បាន​គិត​ពី​ចំណុច​អវិជ្ជមាន ឬ​គុណវិបត្តិ​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ណា​នោះ​ឡើយ។

លោក កែម ឡី៖ «ជា​វប្បធម៌ ឥឡូវ​នេះ​ទោះ​បី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏ដោយ ស្ថាប័ន​ក្នុង​រដ្ឋាភិបាល​ក៏ដោយ ច្រើន​តែ​ចុះ​ហត្ថលេខា​នឹង​គេ​ដែរ ព្រម​នឹង​គេ​ដែរ ទោះ​បី​ក្នុង​ចិត្ត ក្នុង​បេះដូង​មិន​ពេញ​ចិត្ត​ក៏ដោយ។ ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​នូវ​បរិយាកាស​នយោបាយ ដែល​ពុំ​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ ជា​ពិសេស​មតិ​ផ្ទុយ​នេះ​ឯង»

កន្លង​មក​ថ្មី​នេះៗ ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅ​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​រដ្ឋសភា​ពី​បញ្ហា​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-​វៀតណាម ដោយ​មិន​ឲ្យ​បក្ស​ប្រឆាំង​ដែល​ជា​ម្ចាស់​សំណួរ​ត​មាត់​កាល​ពី​ថ្ងៃ​ទី​១៣ សីហា នោះ គេ​ឃើញ​មាន​ស្ថាប័ន​រដ្ឋ និង​ឯកជន​មួយ​ចំនួន​បាន​សរសេរ​លិខិត ឬ​ញត្តិ​គាំទ្រ​ជា​ហូរហែ ក្នុង​នោះ​ក៏​មាន​បទ​អត្ថធិប្បាយ​គាំទ្រ​ផងដែរ។

បទអត្ថាធិប្បាយ​មួយ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​​ ២២ ខែ​សីហា ​របស់​លោក អេង យេង ទីប្រឹក្សា​អម​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​សសេរ​លើក​តម្កើង​ថា "កម្លាំង​ចលករ​ដ៏​ខ្លាំងក្លា​នៃ​សម័យ​សម្ដេច​តេជោ សែន"។

អ្នក​សរសេរ​បទអត្ថាធិប្បាយ​នេះ​បាន​សម្ដែង​នូវ​ក្តី​រំភើប​ចំពោះ​ការ​ បកស្រាយ​បំភ្លឺ​របស់​លោក ហ៊ុន សែន អំពី​ការ​បោះ​បង្គោល​ខណ្ឌសីមា​កម្ពុជា-​វៀតណាម កាល​ពី​ថ្ងៃ​ទី​០៩ សីហា ឆ្នាំ​២០១២ នៅ​រដ្ឋ​សភា​ជាតិ។ បទអត្ថាធិប្បាយ​បាន​បង្ហាញ​ថា សំនួនវោហារ​ស្ដីពី​បញ្ហា​ព្រំដែន​ក្នុង​រយៈពេល​ជាង ៥​ម៉ោង​ដោយ​គ្មាន​ការ​ឈប់​សម្រាក​នោះ គឺ​ល្អ​ឥត​ខ្ចោះ និង​បាន​ចូល​ទៅ​អង្រួន​ដល់​ក្រអៅ​ដូង​ចិត្ត​ប្រជាជាតិ​ទាំង​មូល ដែល​មិន​ធ្លាប់​មាន​ពី​សម័យ​មុនៗ​មក។

គេ​ចាត់​ទុក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ខាង​លើ​នេះ​បាន​បញ្ជាក់​ យ៉ាង​ច្បាស់​ថា គ្មាន​អនុភាព​ណា​ខ្លាំង​ជាង​ការ​ដឹក​នាំ​ប្រកប​ដោយ​វីរភាព​ស្នេហា​ជាតិ​ដ៏​ ឧត្ដុង្គឧត្ដម​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ឡើយ។

អត្ថបទ​អត្ថាធិប្បាយ​មួយ​ទៀត​បាន​សរសេរ​ដោយ​ឈ្មោះឧត្តម សក្តិ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ក្នុង​ខែ​សីហា នេះ​ដែរ បាន​សរសេរ​បន្ទរ​បែប​ចំអក​ឲ្យ​បក្ស​ប្រឆាំង​ផង និង​លើក​សរសើរ​លោក ហ៊ុន សែន ផង​ថា "បក្ស​ប្រឆាំង​អស់​លេស​សម្រាប់​បោក​រាស្ត្រ​ក្នុង​រឿង​ព្រំដែន"។

បទអត្ថាធិប្បាយ​ដដែល​នេះ​បាន​សរសេរ​ទៀត​ថា បទ​បង្ហាញ​ស្តី​ពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-​វៀតណាម ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រៀប​បាន​ទៅ​នឹង​បំណាក់​ផ្ទាំង​ថ្ម​ភ្នំ​ដ៏​ធំ​សង្កត់​លើ​ក្រុម​ប្រឆាំង​ ឱ្យ​ដួលផ្ងាក​ងើប​ខ្លួន​លែង​រួច​ ហើយ​អំនួត​របស់​ពួក​គេ​នៅ​ពេល​កន្លង​មក​ដែល​យក​បញ្ហា​ព្រំដែន​ក្នុង​ការ​កេង ​ចំណេញ​នយោបាយ​ក៏​ត្រូវ​បាន​បញ្ចប់។

នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង និង​ក្រៅ​ប្រទេស​ ​ដែល​តែងតែ​រិះគន់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កាត់​ទឹក​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង ហើយ​បាន​បណ្ដែតបណ្ដោយ​ឲ្យ​វៀតណាម រំកិល​បង្គោល​​ទ្បាក់​ចូល​ក្នុង​ដី​កម្ពុជា ជា​ច្រើន​រយ​គីឡូម៉ែត្រ​ក្រឡា​ទៀត​ផង។

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក ថៅ វាសនា។ លោក​មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​អត្ថាធិប្បាយ​បែប​នេះ ហើយ​អង្គការ​លោក​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​នយោបាយ​ឈ្នះៗ​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដូច​ជា​បញ្ហា​ព្រំដែន ការ​កែទម្រង់​លើ​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក ថៅ វាសនា៖ «សម្ដេច​តេជោ​ដែល​យើង​គាំទ្រ​នោះ គឺ​គាំទ្រ​នយោបាយ​ដែល​មិន​ស៊ី​សាច់​គ្នា​នោះ គឺ​នយោបាយ​ឈ្នះៗ ហេតុនេះ​បាន​ជា​នាយករដ្ឋមន្ត្រី​ជា​វីរជន​មួយ​ដែល​មាន​តម្លៃ​លេចធ្លោ​ជា​សកល ដែល​យើង​មិន​អាច​នឹង​មិន​សរសើរ​មិន​បាន»

លោក​បន្ត​ថា កន្លង​មក​លោក​សង្កេត​ឃើញ​ថា បក្ស​ប្រឆាំង​ក្ដី ឬ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្ដី​ហាក់​ខ្វះ​សេចក្ដី​ក្លាហាន​ក្នុង​ការ​លើក​ សរសើរ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​បំពេញ​កិច្ចការ​ជូន​ជាតិ​ ត្រឹមត្រូវ ​និង​ទទួល​បាន​ជោគជ័យ។

ចំពោះ​លោក​បណ្ឌិត កែម ឡី ​វិញ លោក​មើល​ឃើញ​ថា ការ​គាំទ្រ​ទាំង​ឡាយ​ហាក់​មើល​ឃើញ​តែ​មួយ​ជ្រុង​ ចំណែក​មួយ​ជ្រុង​ទៀត គឺ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​ដែល​ជា​អ្នក​ជួប​បញ្ហា​បាត់​បង់​ដីធ្លី​ ជា​កេរដំណែល​ពី​ដូន​តាន​នោះ គឺ​ពុំ​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ដឹង​ច្បាស់​ថា ខាត​បង់​ប៉ុន្មាន ចំណេញ​ប៉ុន្មាន​នោះ​ទេ គឺ​បាន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​តែ​នៅ​លើ​ផែនទី​លើ​ក្រដាស​ប៉ុណ្ណោះ៖ «ពុំ​មាន​អ្នក​ជំនាញ​ព្រំដែន​ណា ស៊ាន ប៉េងសែ ឬ​ក៏ វ៉ា គឹមហុង ឬ​ក៏​គណៈកម្មការ​ទាំង​អស់​នឹង​មិន​ដឹង​ថា បាត់​នៅ​ត្រង់​ណា​ទេ អ្នក​ដែល​ដឹង​បាត់​ពិត គឺ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន»

លោក​បារម្ភ​ខ្លាច​សកម្មភាព​លើក​សរសើរ​ថ្នាក់​ដឹកនាំ​បែប​នេះ​ក្លាយ​ទៅ​ជា ​ទម្លាប់​ថ្មី​មួយ​ទៀត ដែល​មនុស្ស​បង្រៀន​គ្នា​ឲ្យ​ចេះ​និយាយ​កុហក មិន​ហ៊ាន​និយាយ​ត្រង់ និយាយ​អ្វី​ដែល​ចេញ​ពី​បេះដូង​ដែល​ខ្លួន​មើល​ឃើញ​ពិត​ប្រាកដ​នោះ​ទេ។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ពួកគេ​ចង់​សន្សំ​សុខ ឬ​មិន​ចង់​នាំ​ទុក្ខ​ដល់​ខ្លួន​ អ្នក​ខ្លះ​ទៀត​ចង់​បាន​មុខ​មាត់ បុណ្យ​សក្ដិ និង​លាភ​សការៈ​ផ្សេងៗ​ជាដើម៖ «បើ​យើង​នៅ​តែ​អ៊ីចឹង​បាន​ន័យ​ថា អាជ័យ​ធ្លាក់​ទឹក​ហៃអើៗ ដោយ​អត់​នាំ​គ្នា​ជួយ​កែលំអ​នោះ​ទេ ខុស​ក៏​គាំទ្រ​ត្រូវ​ក៏​គាំទ្រ»

ទន្ទឹម​គ្នា​នេះ​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​រិះគន់ ឬ​ជំទាស់​នឹង​គំនិត​របស់​អ្នក​ធំ​នោះ គេ​តែង​តែ​ចោទ​ប្រកាន់​ថា ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ បង្ក​អសន្តិសុខ​សង្គម​ជាដើម។ ជាក់ស្ដែង​ដូច​ជា​សកម្មជន​ព្រំដែន លោក រ៉ុង ឈុន លោក ម៉ម សូណង់ដូ ជាដើម សុទ្ធ​តែ​ធ្លាប់​បញ្ចេញ​មតិ​ពី​បញ្ហា​ព្រំដែន ហើយ​អ្នក​ទាំង​នោះ​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់ និង​បាន​ចាប់​ដាក់​គុក ហើយ​មាន​ខ្លះ​ទៀត​ត្រូវ​រត់​ចោល​ស្រុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

អ្នក​វិភាគ​បញ្ហា​សង្គម​និយាយ​ថា បញ្ហា​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ដឹកនាំ​សង្គម​មួយ​ជា​លក្ខណៈ ​បុគ្គល​និយម និង​បក្ស​ពួក​និយម ហើយ​ការ​ដឹក​នាំ​របៀប​នេះ​គេ​តែង​តែ​រក​លេស​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​ មាន​ទស្សនៈ​ផ្ទុយ​ពី​បក្ស ឬ​ក្រុម​របស់​គេ​នោះ។

អ្នក​វិភាគ​យល់​ឃើញ​ទៀត​ថា បើ​សិន​ជា​បញ្ហា​នេះ​កាន់​តែ​រីក​ធំធាត់​ទៅ​នោះ វា​ជា​គ្រោះថ្នាក់​មួយ​ដល់​ការអភិវឌ្ឍន៍ និង​ការ​កសាង​ប្រទេស​មួយ​ប្រកប​ដោយ​នីតិរដ្ឋ និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​មិន​មាន​តុល្យភាព​នៃ​អំណាច និង​ការ​រក​ទទួល​ទាន​នៅ​ក្នុង​សង្គម​នោះ​ឡើយ៕


No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...