Saturday, 1 September 2012

សិស្ស​ប្រឡង​ជាប់បាក់ឌុប​ឆ្នាំ​នេះមាន​ចំនួន​ច្រើន​ជាង​ឆ្នាំមុន ប៉ុន្តែ​លោក រ៉ុង ឈុន មិន​សាទរ

ដោយ គី សុខលីម
នៅ​ឆ្នាំ​សិក្សា​២០១២​នេះ សិស្ស​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន​ជាង​៨៦%​​ ពោល​គឺ​កើន​ជាង​ឆ្នាំ​មុន​ចំនួន​៤​%។ ប៉ុន្តែ ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មិន​សាទរ​ចំពោះ​លទ្ធផល​ប្រឡង​នេះ ​ទេ​ ពីព្រោះ​ការ​ប្រឡង​នា​ពេល​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

លោក សម មុនីរ័ត្ន អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ឆ្នាំ​២០១២​នេះ សិស្ស​ដែល​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន​ជាង​៨៦%​ពោល​គឺ​កើន​ជាង​ឆ្នាំ​មុន​ ចំនួន​៤%។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​រូបនេះ​បាន​ពន្យល់​ថា នៅឆ្នាំ​នេះ​សិស្ស​ធ្វើ​ត្រូវ​ច្រើន​ អ៊ីចឹង​ហើយ​ទើប​ពួកគេ​ប្រឡង​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​​បាន​បន្ថែម​ទៀត​ថា សិស្ស​ដែល​ទទួល​បាន​និទេ្ទស A នៅ​ឆ្នាំ​នេះ​មាន​ចំនួន​១០៥​នាក់ ​រីឯ​កាល​ពី​ឆ្នាំ​មុន​មាន​ចំនួន​តែ​៥០​នាក់​ប៉ុណ្ណោះ។

ទាក់ទង​ទៅ​នឹង​លទ្ធផល​ប្រឡង​បាក់ឌុប​នៅឆ្នាំ​នេះ លោក រ៉ុង ឈុន បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​សាទរ​ទេ​ពីព្រោះ​ការ​ប្រឡង​នាពេលកន្លងមក​ពោពេញ​ទៅ​ដោយ​ភាព​មិន​ ប្រក្រតី។ ភាព​មិនប្រក្រតី​ទាំងនោះ​ជារួម​មាន៖ អំពើ​សូកប៉ាន់និង​ការ​បើក​មើល​វិញ្ញាសារ​ព្រាង​ជា​ដើម។ លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យ​នៅ​ក្នុងប្រទេស​កម្ពុជា​​ដែល​បាន​ធ្វើ​ការ​ ស្រាវជ្រាវ​លើ​ការប្រឡង​បាក់ឌុប​នាពេល​កន្លងមក​បាន​ទទួល​ស្គាល់​ថា ការ​ប្រឡង​នាពេលកន្លងមក​មាន​ភាព​មិន​ប្រក្រតី​មែន​ប៉ុន្តែ​លោក​បានបញ្ជាក់​ តាមរយៈ​ការ​អង្កេត​របស់​លោក​ថា ​ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​តឹងរឹង​ជាង​ឆ្នាំ​មុន។

លោក រ៉ុង ឈុន បាន​បន្ត​បញ្ជាក់​ទៀត​ថា លទ្ធផល​នៃ​ការ​ប្រឡង​នេះ​មិន​ឆ្លើយតប​ទៅ​នឹង​សមត្ថភាព​ជាក់ស្តែង​របស់​សិស្ស ​ទេ មានន័យថា ប្រសិនបើ​ការ​ប្រឡង​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​យុត្តិធម៌​និង​ត្រឹមត្រូវ​នោះ ​ចំនួន​អ្នក​ប្រឡង​ជាប់​ត្រូវ​ទាប​ជាង​នេះ។ លោក ឈុន បាន​បន្ត​ទៀត​ថា លោក​មាន​ការព្រួយបារម្ភ​ពី​គុណភាព​មនុស្ស​នា​ពេលអនាគត​។ គុណភាព​ធនធាន​មនុស្ស​ខ្មែរ​​មិន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារឡើយ។ លោក រ៉ុង ឈុន ចោទ​ប្រកាន់​វិស័យ​អប់រំ​ខ្មែរ​ថា បណ្តុះបណ្តាល​ធនធាន​មនុស្ស​យក​តែ​បរិមាណ​ប៉ុន្តែ​មិន​គិត​ពី​គុណភាព។

ក្រៅ​ពី​បញ្ហា​គុណភាព លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​សិង្ហបុរី យុវជន​២​នាក់​ក្នុង​ចំណោម​យុវជន​៣​នាក់​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ រីឯ​នៅ​កម្ពុជា​វិញ យុវជន​ម្នាក់​ក្នុង​ចំណោម​២០​នាក់​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...