Saturday, 1 September 2012

ក្រសួង​អប់រំ៖ លទ្ធផល​ប្រឡង​បាក់ឌុប​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​អប់រំ

2012-09-01
ប្រធាន​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​អប់រំ លោក សម សេរីរដ្ឋ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ថា លទ្ធផល​នៃ​ការ​ប្រឡង​ជាប់​បាក់​ឌុប​នេះ បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់​សិស្ស និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មាតា​បិតា​សិស្ស ក្នុង​ការ​ជំរុញ​កូន​ឲ្យ​ព្យាយាម​រៀន​សូត្រ។

លោក សម សេរីរដ្ឋ៖ «ឥឡូវ​នេះ ក្មួយៗ​គេ​ខំ​រៀន និង​ម៉ែ​ឳ​គេ​ជំរុញ​ទៅ គេ​ខំ​រៀន គេ​ធ្វើ​តាម​ទៅ គេ​ក៏​ទទួល​បាន​គុណភាព​តាម​ក្រោយ»

លោក សម សេរីរដ្ឋ មាន​ប្រសាសន៍​បន្ត​ថា សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំង​អស់​ជាង​៨៦% ក្នុង​នោះ​និទ្ទេស​ល្អ​ប្រសើរ (និទ្ទេស​A) មាន​ចំនួន​១០៥​នាក់ និង​និទ្ទេស​ល្អ​ណាស់ (និទ្ទេស​B) មាន​ចំនួន​៣.៥០៥​នាក់។

ទោះ​យ៉ាង​ណា ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុប ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន បដិសេធ​ថា វា​មិន​មែន​ជា​លទ្ធផល​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​នៃ​ការ​អប់រំ​នោះ​ឡើយ វា​ជា​ការ​បង្ហាញ​បរិមាណ ព្រោះ​លទ្ធផល​នៃ​ការ​ប្រឡង​នេះ កើត​ចេញ​ពី​ការ​ចម្លង​គ្នា​របស់​សិស្ស​នៅ​ពេល​ប្រឡង៖ «ថ្នាក់​ដឹកនាំ​ ក្រសួង​អប់រំ តែង​តែ​ប្រកាស​ថា ល្អៗ ហើយ​លទ្ធផល​យើង​ទទួល​ស្គាល់​ថា សិស្ស​មួយ​ចំនួន​តូច មាន​សមត្ថភាព​ពិត​ប្រាកដ។ ប៉ុន្តែ មួយ​ចំនួន​ធំ​អត់​មាន​សមត្ថភាព ហើយ​មិន​ឆ្លើយ​តប​ទៅ​នឹង​បរិយាកាស​នៃ​ការ​ប្រឡង ពីព្រោះ​ការ​ប្រព្រឹត្ត​នៃ​ការ​ប្រឡង​មាន​បរិយាកាស​អាក្រក់ មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង ដូច​ជា​ការ​ប្រមូល​លុយ ការ​បើក​ចម្លង ការ​ផ្ដល់​ចម្លើយ​តាម​រយៈ​តេឡេហ្វូន (ទូរស័ព្ទ) សព្វ​បែប​យ៉ាង»

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ នេះ លោក សម សេរីរដ្ឋ អះអាង​ថា ការ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ អាច​ធ្វើ​ទៅ​បាន គេ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​បន្តិចៗ​ម្ដង៖ «យើង​ចង់​បាន​គុណភាព​ដូច​តែ​គ្នា​ហ្នឹង ប៉ុន្តែ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​ភ្លាម ត្រូវ​ការ​ចំណាយ​ពេល​វេលា​ណា»

ភ្ជាប់​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​អភិវឌ្ឍ​សង្គម លោក កែម ឡី ថ្លែង​ថា បើ​សិន​លទ្ធផល​នៃ​ការ​ប្រឡង​នេះ មិន​មែន​កើត​ចេញ​ពី​ការ​ចម្លង​គ្នា វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា វា​ជា​រឿង​ល្អ ព្រោះ​វា​បង្ហាញ​ពី​សមត្ថភាព​ពិត​របស់​សិស្ស ហើយ​យើង​ក៏​ទទួល​យក​លទ្ធផល​នេះ​ប្រកប​ដោយ​មោទនភាព​ខ្លាំង។ ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា លទ្ធផល​នៃ​ការ​ប្រឡង​នេះ កើត​ចេញ​ពី​ការ​ចម្លង​គ្នា​ទៅ​វិញ​ទៅ​មក​របស់​បេក្ខជន​ដែល​ចូល​ប្រឡង៖ «លទ្ធផល ​នៃ​ការ​ប្រឡង គឺ​បើ​យើង​ប្រឡង​ត្រឹមត្រូវ អត់​ចម្លង​គ្នា មាន​ភាព​យុត្តិធម៌ លទ្ធផល​ប្រឡង​ហ្នឹង​គឺ​អាច​បញ្ជាក់​អំពី​គុណភាព​នៃ​វិស័យ​អប់រំ​មួយ​ដែរ ក្នុង​ចំណុច​ជាច្រើន​ដែល​ឆ្លុះ​បញ្ចាំង​អំពី​គុណភាព​នៃ​ការ​អប់រំ បាន​ន័យ​ថា ក្មេង​រៀន​ចេះ អាច​ធ្វើ​លំហាត់​ដោយ​ខ្លួន​ឯង​បាន ប្រឡង​ជាប់ ប៉ុន្តែ​ដោយ​សារ​តែ​យើង​ធ្វើ​ការ​សិក្សា​ទៅ​ឃើញ​ថា ក្មេងៗ​ភាគ​ច្រើន​ចម្លង​គ្នា​ដោយ​សេរី»

លោក កែម ឡី បញ្ជាក់​ថា អង្គការ​របស់​លោក​បាន​សិក្សា​ស្រាវជ្រាវ​មណ្ឌល​ប្រឡង​នា​ទីក្រុង​ភ្នំពេញ​ ឃើញ​ថា មាន​សិស្ស​៦០​ទៅ​៧០% ដែល​ចម្លង​គ្នា និង​មើល​កំណែ​ចម្លើយ។ លោក​ថ្លែង​បន្ត​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា បេក្ខជន​ប្រឡង​មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការ​ចម្លង​គ្នា និង​ការ​ទទួល​បាន​កំណែ​ចម្លើយ ដូច​ជា​ការ​ប្រើ​ទូរស័ព្ទ​ដើម្បី​បញ្ជូន​កំណែ ការ​ប្រើ​លុយ​ដើម្បី​ទិញ​ទឹក​ចិត្ត​អនុរក្ស​នា​ពេល​ប្រឡង កុំ​ឲ្យ​ចាប់​ព្រុយយ៉ុង ការ​រៃលុយ​ឲ្យ​គ្រូ ដើម្បី​ធ្វើ​កំណែ​ឲ្យ​ជាដើម៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...