Wednesday, 8 August 2012

សមាគម​គ្រូបង្រៀន​បដិសេធ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ

2012-08-08
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បដិសេធ​មិន​ទទួល​យក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​២០១២ ទេ ដោយ​អះអាង​ថា វិញ្ញាសា​ប្រឡង​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា និង​មាន​អំពើ​ពុក​រលួយ ដែល​លទ្ធផល​មិន​អាច​យក​ជា​ការ​បាន។

ការ​បែក​ធ្លាយ​វិញ្ញាសា​នេះ ធ្វើ​ឲ្យ​សិស្សានុសិស្ស​ដែល​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​ដោយ​ប្រើ​ សមត្ថភាព​របស់​ខ្លួន​សុទ្ធសាធ មិន​ចេះ​សូក​ប៉ាន់​នោះ សម្ដែង​អារម្មណ៍​ខក​ចិត្ត។
មន្ត្រី​សង្គម​ស៊ីវិល និង​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ (បាក់ឌុប) ឆ្នាំ​នេះ គ្មាន​ជំនឿ​ទៅ​លើ​ការ​ដឹក​នាំ​របស់​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មិន​អាច​ទប់​ស្កាត់​ការ​បែក​វិញ្ញាសា​ប្រឡង​បាន។

លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១២ លោក​បាន​អះអាង​ថា វិញ្ញាសា​សំខាន់ៗ​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា មាន​ដូច​ជា វិញ្ញាសា​គីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា និង​មុខ​វិជ្ជា​ខ្មែរ​ជា​ដើម។

លោក​បន្ត​ថា សមាគម​គ្រូ​បង្រៀន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ឆ្នាំ​នេះ​ទេ ព្រោះ​គ្មាន​លក្ខណៈ​ត្រឹមត្រូវ គ្មាន​តម្លាភាព និង​គ្មាន​យុត្តិធម៌៖ «យើង​មើល​ឃើញ​ថា មាន​ការ​គ្រប់គ្រង​ដែល​ធ្វើ​ឲ្យ​បេក្ខជន​និមួយៗ​ហ្នឹង បាន​យក​ទូរស័ព្ទ​តាម​ខ្លួន ហើយ​បាន​បើក​ចម្លង​ទៅ​តាម​រយៈ​ហ្វែសប៊ុក (Facebook) ដែល​មាន​បង្ហោះ​ចម្លើយ​នៅ​ក្នុង​ហ្វែសប៊ុក ហើយ​មាន​ក្រុម​មិត្តភ័ក្ដិ​បង្ហោះ​ទៅ​ឲ្យ និង​មាន​ការ​បើក​ចម្លង មាន​ការ​បាញ់​ចម្លើយ​តាម​ទូរស័ព្ទ​ជា​បន្ត​បន្ទាប់»
លោក​បាន​ចាត់​ទុក​សកម្មភាព​ដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា មាន​ភាព​កម្សោយ នាំ​ឲ្យ​វិស័យ​អប់រំ​កម្ពុជា​ធ្លាក់​ចុះ​គុណភាព។

លោក​ថា ក្រៅ​ពី​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង ក៏​មាន​ករណី​មន្ត្រី​អនុរក្ស ឬ​មេ​ប្រយោគ​ទទួល​សំណូក​ពុក​រលួយ​ពី​សិស្ស​ពី ៥ពាន់​ទៅ​៥ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ ជា​ថ្នូរ​ឲ្យ​បេក្ខជន​អាច​ចម្លង​កំណែ​វិញ្ញាសា។ បន្ថែម​លើ​នេះ លោក រ៉ុង ឈុន បញ្ជាក់​ថា ក៏​មាន​លេច​ឮ​ព័ត៌មាន​ប្រធាន​មណ្ឌល​បាន​សហការ​ជាមួយ​គ្រូ​បង្រៀន​ថ្នាក់​ ទី១២ ធ្វើ​កំណែ​លក់​ជូន​បេក្ខជន កើត​មាន​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន​ថែម​ទៀត។

ទាក់​ទិន​បញ្ហា​នេះ យុវ​សិស្ស​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​បាក់ឌុប នៅ​មណ្ឌល​ខេត្ត​ព្រៃវែង មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង ដែល​ក្រសួង​អប់រំ​មិន​អាច​ទប់​ស្កាត់​បាន។ យុវជន​រូប​នេះ បាន​ហៅ​ការ​បែក​ធ្លាយ​វិញ្ញាសា​ថា នាំ​ឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​របស់​ខ្លួន​គ្មាន​ន័យ៖ «ខ្ញុំ​ ប្រឡង​នេះ ខ្ញុំ​ពឹង​ទៅ​លើ​សមត្ថភាព​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្តង គឺ​មិន​បើក​សំណៅ​ឯកសារ​ចម្លង​ដូច​សិស្ស​ដទៃ​ទៀត​ទេ។ ដូច្នេះ ខ្ញុំ​អន់​ចិត្ត​បន្តិច​ដែរ ព្រោះ​ថា​ការ​ប្រឡង​វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ»

ចំណែក​អាណាព្យាបាល​សិស្ស​រស់​នៅ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា អនុរក្ស ឬ​មេ​ប្រយោគ​ប្រចាំ​មណ្ឌល​ប្រឡង បាន​ជំរិត​យក​លុយ​ពី​កូន​របស់​គាត់​ចន្លោះ​ពី ៥ម៉ឺន​ទៅ​១០ម៉ឺន​រៀល​ក្នុង​១ថ្ងៃ ដោយ​អះអាង​ថា បើ​សិស្ស​ណា​មិន​បង់​ជូន​ពួក​គេ នឹង​មាន​បញ្ហា​ពេល​ប្រឡង។
លោក សន ជ័យ ជា​មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ជា​អង្គការ​មួយ​ធ្វើ​ការ​ជាមួយ​យុវជន លោក​ព្រួយ​បារម្ភ​ចំពោះ​ធនធាន​មនុស្ស​របស់​យុវជន​កម្ពុជា ខ្លាច​មិន​មាន​គុណភាព​អាច​ប្រកួត​ប្រជែង​ជាមួយ​យុវជន​ក្នុង​បណ្ដា​ប្រទេស​ សមាជិក​សមាគម​អាស៊ាន ពេល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នា​ឆ្នាំ​២០១៥។ លោក​បាន​ស្តី​បន្ទោស​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ ដែល​មិន​អាច​ទប់​ស្កាត់​វិញ្ញាសា​ប្រឡង មិន​ឲ្យ​បែក​ធ្លាយ​បាន។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ​ បាន​ទេ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា។

ប៉ុន្តែ លោក អ៊ឹង ង៉ោហុក ប្រធាន​នាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ នៃ​ក្រសួង​អប់រំ បាន​ថ្លែង​ថា ការ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​នេះ មាន​ដំណើរ​ការ​ល្អ និង​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ៖ «គ្មាន​ការ​បែក​ធ្លាយ ​វិញ្ញាសា​អ្វី​ទាំង​អស់។ ធម្មតា​ការ​រៀន គឺ​វិញ្ញាសា​គេ​ត្រូវ​ចេញ​គ្រប​ដណ្ដប់​នៅ​ក្នុង​កម្មវិធី​សិក្សា មាន​ន័យ​ថា ខ្លឹមសារ​មាន​នៅ​ក្នុង​សៀវភៅ។ អ៊ីចឹង វា​គ្មាន​អី​ក្រៅ​ពី​ក្នុង​សៀវភៅ​ទេ។ ដូច្នេះ អ្វី​ដែល​ថា​ជា​ការ​ចោទ​ប្រកាន់​ទៅ​លើ​ការ​បែក​ធ្លាយ​វិញ្ញាសា គឺ​ជា​រឿង​មិន​ពិត។ ពីព្រោះ​គណៈ​មេ​ប្រយោគ​យើង​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ ឬ​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​២០១២ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៤.៤១៤​នាក់។
មណ្ឌល​ប្រឡង​មាន​ចំនួន ២៥៤​មណ្ឌល និង​មាន​បន្ទប់​ប្រឡង​ចំនួន ៤.៦៦៣​បន្ទប់ នៅ​ទូទាំង​ប្រទេស។ សម័យ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប មាន​រយៈពេល ២ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ​ចន្ទ ទី​៦ ដល់​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១២៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...