Saturday, 11 August 2012

ពន្លឺ​មួយ​ក្នុង​ភាព​ងងឹត​សូន្យសុង​នៃ​បញ្ហា​ព្រំដែន

ដោយ ប៉ែន បូណា
ការបកស្រាយ​រយៈពេល​ជាង៥ម៉ោង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​គឺជា​ពន្លឺ​មួយ​នៅក្នុង​ពិភព​ងងឹត​សូន្យសុង ​អំពី​បញ្ហា​ព្រំដែន។ ទោះបីជា​ការបកស្រាយ​នេះ​មិនបាន​ធ្វើ​ឲ្យ​បក្សប្រឆាំង និង​អ្នកតាមដាន​បញ្ហា​ព្រំដែន​មួយចំនួន​អស់ចិត្ត ក៏ប៉ុន្តែ ជាទូទៅ មានការ​យល់ស្រប​គ្នា​ថា​បញ្ហា​ព្រំដែន​ដែល​ជា​ប្រធានបទ​នយោបាយ​ដ៏​ក្តៅគគុក និង​ស្ថិតក្នុង​ភាពអាថ៌កំបាំង​ជា​យូរ​មកហើយ​នោះ ត្រូវបាន​រដ្ឋាភិបាល​លើក​មក​បកស្រាយ​ជា​សាធារណៈ។ នេះ​ជា​ពន្លឺ​មួយ​ក្នុង​ភាព​ងងឹត​សូន្យសុង​នៃ​បញ្ហា​ព្រំដែន។ តើ​គេ​គួរ​ដក​បទពិសោធន៍​យ៉ាងណា​អំពី​បញ្ហា​នេះ?
ការបកស្រាយ​រយៈពេល​ជាង៥ម៉ោង​នៅ​ចំពោះមុខ​សភា និង​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ អំពី​បញ្ហា​ព្រំដែន បានធ្វើ​ឲ្យ​អ្នកតាមដាន​ព្រឹត្តិការណ៍​នេះ​ជក់ចិត្ត។ ជក់ចិត្ត​ដ្បិត​គឺជា​លើក​ទី១ហើយ​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​លើកយក​បញ្ហា​ដ៏​ ក្តៅគគុក និង​ដែល​ស្ថិតក្នុង​ភាពអាថ៌កំបាំង​ជា​យូរ​មកហើយ​នោះ មក​បកស្រាយ​ជា​សាធារណៈ។

រយៈពេល​ជាង៥ម៉ោង​គ្មាន​ការឈប់​សម្រាក​ គឺជា​វេទិកា​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​មានឱកាស​បកស្រាយ​យ៉ាង​ពិស្តា​ អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​តែប៉ុណ្ណោះ​ទេ តែ​នេះ​ក៏​ជា​វេទិកា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ប្រើប្រាស់​ ដើម្បី​ការពារខ្លួន​ពី​ការចោទប្រកាន់ និង​វាយបក​ទៅលើ​បក្សប្រឆាំង និង​ក្រុម​អ្នក​រិះគន់​វិញ​យ៉ាង​ចាស់ដៃ និង​យ៉ាង​គ្រោតគ្រាត​ផងដែរ។ យ៉ាងណាក៏ដោយ អ្នកតាមដាន​ការបកស្រាយ​នេះ រាប់ទាំង​តំណាងរាស្ត្រ​បក្សប្រឆាំង​ដែលមាន​វត្តមាន​ក្នុង​រដ្ឋសភា​ផង បាន​ផ្ចង់​ស្តាប់​ដោយ​យកចិត្តទុកដាក់​តាំងពី​ដើម​រហូតដល់​ចប់។

ជាការ​ពិត បញ្ហា​ព្រំដែន​គឺជា​រឿង​ដ៏​ស្មុគស្មាញ ទាំង​លើ​ទិដ្ឋភាព​នយោបាយ និង​បច្ចេកទេស។ ភាពស្មុគស្មាញ​នេះហើយ​ដែល​មហាជន​ទូទៅ​ពិបាក​វិនិច្ឆ័យ​ថា តើ​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​មាន​ភាព​គួរ​ឲ្យ​ជឿជាក់​កម្រិតណា? នេះ​គឺជា​ចំណុច​មិន​អស់ចិត្ត​ទី១ ។ ចំណែកឯ​ការមិន​បើកឱកាស​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង ដែលជា​ម្ចាស់​សំណួរ បាន​សួរដេញដោល​ទៅនឹង​ចម្លើយ​របស់លោក​នាយក​រដ្ឋមន្ត្រី​ គឺជា​ចំណុច​មិន​អស់ចិត្ត​ទី២ ។ ចំណុច​មិន​អស់ចិត្ត​ទាំងពីរ​នេះ​នៅតែ​បង្ក​មន្ទិលសង្ស័យ​នៅឡើយ ​ចំពោះ​បញ្ហា​ព្រំដែន​បើទោះបីជា​គ្រប់គ្នា​ហាក់​មាន​អារម្មណ៍​ជ្រះថ្លា​ ចេញពី​ភាព​ងងឹតសូន្យ​នៃ​ភាពអាថ៌កំបាំង​នេះ​ក៏ដោយ។

ទោះជា​យ៉ាងណា បើ​ពិនិត្យ​ជារួម ការបកស្រាយ​រយៈពេល​ជាង៥ម៉ោង​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​មហាជន​ខ្មែរ​ជាទូទៅ​ ដែល​ស្ទើរតែ​មិនដែល​បានដឹង​ឮ​ទាល់តែសោះ​ អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ក្រៅតែពី​ឮ​ពាក្យរិះគន់ និង​ចោទប្រកាន់​គ្នា​អំពី​ការបាត់បង់​ទឹកដី​តាមរយៈ​សារព័ត៌មាន។

ដូច្នេះ ប្រាកដ​ណាស់​ថា ព្រឹ​ត្តិ​ការណ៍​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ មិន​ត្រឹមតែ​សម្រាប់​បញ្ហា​ព្រំដែន​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទាំងមូល​ផងដែរ។ វិជ្ជមាន​នៅត្រង់ថា ទី១៖ វា​បានបង្ហាញ​ពី​សេចក្តីក្លាហាន​មិន​ធ្លាប់​ដែល​ឃើញ​របស់​រដ្ឋាភិបាល​ ក្នុងការ​លើកយក​បញ្ហា​ដ៏​រសើប​មក​បកស្រាយ​ជា​សាធារណៈ។ ទី២៖ ការ​ឡើងទៅ​ឆ្លើយ​ដោយផ្ទាល់​មាត់​របស់​ប្រមុខ​រដ្ឋាភិបាល​តាម​សំណើ​ តំណាងរាស្ត្រ​បក្សប្រឆាំង​អំពី​បញ្ហា​ជាតិធំៗ គឺជា​ដំណើរការ​ដ៏​សំខាន់​មួយ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។ និង​ទី៣៖ ព្រឹត្តិការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​ ចំពោះមុខ​សភា ក៏ដូចជា​ចំពោះមុខ​ប្រជាពលរដ្ឋ​របស់ខ្លួន​ផងដែរ។

ក៏ប៉ុន្តែ ព្រឹត្តិការណ៍​នោះ ក៏បាន​ជះ​ចេញ​ចំណុច​អវិជ្ជមាន​មួយចំនួន​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ ជាក់ស្តែង រដ្ឋាភិបាល​ហាក់ដូចជា​នៅ​រឹត​ត្បឹ​ត​ពេក​ចំពោះ​ការផ្តល់​វេទិកា​ខ្លះ​ដល់​ ម្ចាស់​សំណួរ​ដើម្បី​បាន​ដេញដោល​បញ្ហា​មួយចំនួន​ ដើម្បី​ឲ្យ​ពួកគេ​អស់​ចិត្តនឹង​ចម្លើយ។ ម្យ៉ាងទៀត បញ្ហា​មួយចំនួន​គួរតែ​ត្រូវបាន​ជជែក​គ្នា​ដោយ​សម្ងាត់ ​រវាង​អ្នកនយោបាយ​ជាជាង​លើក​មក​ជជែក​គ្នា​ជា​សាធារណៈ​ក្នុងស្ថានភាព «ហែក​ទ្រូង​ឲ្យ​ក្អែក​ចឹក»។ នេះ​ក៏​ដោយសារតែ​កង្វះ​ទម្លាប់​ជជែក​គ្នា ​រវាង​គណបក្សកាន់អំណាច និង​បក្សប្រឆាំង​នេះឯង។

ម្យ៉ាងទៀត តាមរយៈ​ការបកស្រាយ​របស់លោក​នាយករដ្ឋមន្ត្រី បញ្ហា​ព្រំដែន​គួរតែ​ជា​រឿង​ដែល​អាច​ជជែក​គ្នា​បាន​ក្នុងចំណោម​អ្នកនយោបាយ​ ខ្មែរ​ដោយ​មិនចាំបាច់​លើកយក​បញ្ហា​នេះ​ទៅធ្វើជា​ចំណុចក្តៅ​នៃ​ជម្លោះ​នយោបាយ ​ឡើយ ពីព្រោះ​វា​ជា​ប្រយោជន៍​រួម​របស់​ជាតិ។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ច្បាស់​ថា ជម្លោះ​នយោបាយ ជាពិសេស​ជម្លោះ​អំពី​បញ្ហា​ព្រំដែន​តែម្តង គឺជា​ប្រភព​នៃ​ការធ្លាក់ចុះ​របស់​កម្ពុជា​ក្នុង​អតីតកាល ហើយ​វា​ក៏​ជា​ប្រភព​ដ៏​សំខាន់​ដែរ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ។ ក្នុង​បរិបទ​នេះ តើ​គេ​គួរ​ប្រែក្លាយ​បញ្ហា​ព្រំដែន​ឲ្យ​ទៅជា​ជម្លោះ​បែកបាក់​រវាង​ខ្មែរ និង​ខ្មែរ​តទៅទៀត​ដែរឬទេ? 

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...