តាមទ្រឹស្តី គ្មានទៀតឡើយ ការត្រួតពិនិត្យលើបណ្តាញសារព័ត៌មាននៅក្នុងប្រទេសភូមា មានន័យថា អ្នកកាសែតអាចចុះផ្សាយគ្រប់អត្ថបទពាក់ព័ន្ធនឹងរឿងនយោបាយ និងសាសនាដោយមិនចំាបាច់សុំការអនុញ្ញាតពីរដ្ឋាភិបាលទេ។ គួរជម្រាបជូនថា មកទល់ពេលនេះ មុននឹងបោះផ្សាយអត្ថបទអ្វីមួយ ពិសេសអត្ថបទដែលពាក់ព័ន្ធនឹងរឿងនយោបាយ និងសាសនា អ្នកកាសែតចំាបាច់ត្រូវតែបញ្ជូនអត្ថបទរបស់ខ្លួនទៅឲ្យ គណៈកម្មាធិការត្រួតពិនិត្យ ជាមុនសិន។ បន្ទាប់ពីគណៈកម្មាធិការត្រួតពិនិត្យធ្វើការកែសម្រួលរួចហើយ ទើបអ្នកកាសែតអាចយកអត្ថបទរបស់ខ្លួនទៅចុះផ្សាយបាន។នៅប្រទេសភូមា រដ្ឋាភិបាលភូមាបានសម្រេចលុបចោលការត្រួតពិនិត្យលើបណ្តាញសារព័ត៌មាន។ ចាប់ពីពេលនេះតទៅ គ្រប់សារព័ត៌មាន និងទស្សនាវដ្តីទំាងអស់មិនចំាបាច់បញ្ជូនអត្ថបទទាក់ទងនឹងរឿង នយោបាយ និងសាសនាទៅឲ្យគណៈកម្មាធិការត្រួតពិនិត្យដើម្បីសុំការអនុញ្ញាត បោះផ្សាយដូចមុនទៀតឡើយ។ តែគេត្រូវរង់ចំាមើលថា តើវិធានាការនេះនឹងត្រូវគេយកទៅអនុវត្តឲ្យបានត្រឹមត្រូវដែរ ឬទេ។ ថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចព្យួរការផ្សាយរបស់ទស្សនាវដ្តីប្រចំាសប្តាហ៍ ចំនួនពីរ។ ឃើញថា នេះគឺជាកាយវិការមួយដែលបានបង្ហាញថា រដ្ឋអំណាចនៅមិនទាន់បានត្រៀមខ្លួនដើម្បីបញ្ឈប់ការត្រួតពិនិត្យ ទំាងស្រុងលើបណ្តាញសារព័ត៌មានក្នុងស្រុកទេ។
ជាមួយនឹងវិធានការថ្មីនេះ រដ្ឋាភិបាលទីក្រុងណៃពីដ៏មិនបានរំលាយគណៈកម្មាធិការត្រួតពិនិត្យចោល ទេ ក៏ប៉ុន្តែ គណៈកម្មាធិការនេះនឹងលែងធ្វើការងារត្រួតពិនិត្យលើសារព័ត៌មានដូចមុន ទៀតឡើយ។ តែទន្ទឹមគ្នានេះ រដ្ឋាភិបាលបានបង្កើតចេញនូវក្រុមប្រឹក្សាសារព័ត៌មានភូមាមួយ។ ក្រុមប្រឹក្សានេះមានតួនាទីជាអ្នកសិក្សាលើគ្រប់បញ្ហាដែលជាប់ ពាក់ព័ន្ធនឹងសារព័ត៌មាន។
យ៉ាងណាក៏ដោយ ក្រុមអ្នកកាសែតភូមានៅមិនទាន់ហ៊ានសម្តែងការត្រេកត្រអាលរបស់ខ្លួន នៅឡើយទេ ដោយពួកគេរង់ចំាមើលការអនុវត្តន៍ជាក់ស្តែងរបស់រដ្ឋាភិបាលជាមុនសិន។ គួររម្លឹកជូនថា ការពីចុងខែកក្កដាកន្លងទៅ មានទស្សនាវដ្តីប្រចំាសប្តាហ៍ចំនួនពីរបានត្រូវរដ្ឋអំណាចផ្អាក សកម្មភាពមួយរយៈ បន្ទាប់ពីបានចុះផ្សាយអត្ថបទរបស់ខ្លួន ដោយមិនបានបញ្ជូនអត្ថបទទៅឲ្យគណៈកម្មាធិការត្រួតពិនិត្យជាមុន។ តែបន្ទាប់ពីមានការតវ៉ាប្រឆំាងពីសំណាក់ក្រុមអ្នកកាសែតមក ទើបរដ្ឋាភិបាលអនុញ្ញាតឲ្យទស្សនាវដ្តីប្រចំាសប្តាហ៍ទំាងពីរនោះមាន ដំណើរការជាធម្មតាឡើងវិញ។
ម្យ៉ាងទៀត អ្នកកាសែតភាគច្រើនបានយល់ឃើញថា ក្រុមប្រឹក្សាសារព័ត៌មានភូមាដែលទើបបង្កើតឡើង ដោយមានសមាជិកតែងតំាងដោយរដ្ឋាភិបាល និងដឹកនំាដោយអតីតចៅក្រមនោះ នឹងគ្មានឯករាជ្យទេ៕
No comments:
Post a Comment