ដោយ ទេព សុរ៉ាវី
2012-08-01
បណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក (Facebook) ដែលអាចប្រើប្រាស់ទាំងភាសាខ្មែរ និងបរទេស កំពុងតែក្លាយជាចំណាប់អារម្មណ៍ចំពោះពលរដ្ឋខ្មែរជាទូទៅ អ្នកនយោបាយ មន្ត្រីរាជការ ក្រុមអង្គការសង្គមស៊ីវិល ក្រុមយុវជន និងអ្នកសារព័ត៌មានជាដើម។ក្រុមអ្នកសារព័ត៌មាន មន្ត្រីច្បាប់ និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ថាការដែលអ្នកសារព័ត៌មានយករូបថត ពាក្យសន្ទនា (Comment) នៅលើបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក មកចុះផ្សាយនៅលើទំព័រកាសែតរបស់ខ្លួន ឬតាមបណ្ដាញឃោសនានានា រួចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍គេនោះ នៅមិនទាន់មានច្បាប់ណាមួយអាចគ្រប់គ្រង និងដាក់ទោសទណ្ឌនៅឡើយទេ។
ប្រធានសមាគមមិត្តអ្នកសារព័ត៌មានខ្មែរ លោក ឱម ច័ន្ទតារា ឲ្យដឹងថា មនុស្សគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ។ ការប្រើពាក្យឆ្លងឆ្លើយតាមសារអេឡិចត្រូនិកជាសាធារណៈនៅលើ ហ្វេសប៊ុក គឺមានន័យថា អ្នកសារព័ត៌មានអាចមានសិទ្ធិដកស្រង់ពាក្យ ឬភាសាអង់គ្លេសហៅថា ខ្វូត (Quote) របស់បុគ្គលសាធារណៈទាំងនោះមកប្រើ ឬចុះផ្សាយនៅលើទំព័រកាសែតរបស់ខ្លួនដោយមិនចាំបាច់សុំការអនុញ្ញាត ជាមុន។
លោកបន្តថា រាល់សម្រង់ពាក្យត្រូវមានប្រភពច្បាស់លាស់ ហើយអ្នកសារព័ត៌មានក៏ត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួនឲ្យច្បាស់ ជៀសវាងយកសម្រង់ពាក្យពីប្រភពណាមួយដែលចុះផ្សាយទៅមានលក្ខណៈ ញុះញង់ និងបង្កមហន្តរាយដល់អ្នកដទៃ។
លោក ឱម ច័ន្ទតារា៖ «អ្នកព័ត៌មានគួរឆ្លាតវៃបន្តិច។ សំដីណាដែលជាសំដីពិត សំដីណាដែលជាសំដីពាក្យចចាមអារ៉ាម ដូច្នេះយើងត្រូវមានវិជ្ជាជីវៈដើម្បីប្រើប្រាស់បណ្ដាញ ប្រភពព័ត៌មានយើង។យើងកុំឲ្យឃើញថា កុំឲ្យតែមានទឹកយើងចេះតែផឹកមិនបានទេ»។
និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ ឲ្យដឹងថា កាសែតរស្មីកម្ពុជា ធ្លាប់បានដកស្រង់ Comment (មតិ) ពីប្រភពនៅលើហ្វេសប៊ុក មកចុះផ្សាយលើទំព័រកាសែត ដោយយល់ឃើញថា មតិទាំងនោះធ្វើឡើងជាសាធារណៈ ដោយមិនចាំបាច់សុំសិទ្ធិចុះផ្សាយជាមុន៖ «ទោះបីជាគាត់កំហិតជាមួយ Fan (អ្នកគាំទ្រ) គាត់ ១ពាន់ ២ពាន់នាក់ក៏ដោយ តែវាជាសាធារណៈ អ៊ីចឹងខ្ញុំយក ខ្ញុំចាត់ទុកថា នោះជា Commentមិនផ្លូវការ»។
តែទោះជាយ៉ាងណា លោក ប៉ែន សមិទ្ធិ បញ្ជាក់ថា អ្នកសារព័ត៌មាននៅតែត្រូវទទួលខុសត្រូវអត្ថបទរបស់ខ្លួនដែលដក ស្រង់សំដីប្រភពចេញពីហ្វេសប៊ុក។ ប្រសិនបើការចុះផ្សាយជាផ្លូវការធ្វើឲ្យប្រភពរបស់ខ្លួនប៉ះពាល់ ផលប្រយោជន៍ជាទ្រព្យសម្បត្តិ កិត្តិយស ឬប្រឈមនឹងការបាត់បង់ការងារជាដើម៖ «យើងត្រូវតែទទួលខុសត្រូវទៅ លើផលប៉ះពាល់ដែលកើតឡើងពីអ្វីដែលយើងប្រើ ដូចដែលយើង Interview (សម្ភាស) មនុស្សផ្សេងទៀតនៅខាងក្រៅអ៊ីចឹង។ តែច្បាប់ទំលាប់អំពីរឿងហ្នឹង នៅស្រុកខ្មែរយើងនៅមិនទាន់មានជាក់ស្ដែង»។
បណ្ដាញព័ត៌មានសង្គមដ៏ធំ ហ្វេសប៊ុក ត្រូវបានគេប្រើប្រាស់យ៉ាងសេរីនៅកម្ពុជា ដោយគ្មានច្បាប់គ្រប់គ្រង។ អ្នកនយោបាយ និងមន្ត្រីរាជការមួយចំនួននៅកម្ពុជា ក៏បានប្រើប្រាស់បណ្ដាញព័ត៌មាននេះ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងសង្គម និងមិត្តភ័ក្ដិ។ ជួនកាលបុគ្គលខ្លះជ្រុលបង្ហោះរូបអាសអាភាស ខ្លះបន្លំឈ្មោះ និងរូបភាពក្នុងហ្វេសប៊ុក និងខ្លះទៀតឆ្លងឆ្លើយសារអេឡិចត្រូនិកជាលក្ខណៈបុគ្គល តែត្រូវបានក្រុមអ្នកកាសែតមើលឃើញ និងយកមកចុះផ្សាយជាផ្លូវការនៅលើទំព័រកាសែតរបស់ខ្លួន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា ការជជែកនៅលើហ្វេសប៊ុក មិនស្ថិតជាលក្ខណៈឯកជនទៀតទេ ព្រោះគេដឹងជាទូទៅថា បណ្ដាញព័ត៌មាននេះជាសាធារណៈ ហើយអ្នកសារព័ត៌មានមានសិទ្ធិដកស្រង់សំដីរបស់មន្ត្រីអ្នកនយោបាយ ឬបុគ្គលណាមួយមកប្រើប្រាស់បានជាផ្លូវការ។
លោក ផៃ ស៊ីផាន៖ «កាលណា Social Network (បណ្ដាញសង្គម) លើសតែពីរនាក់ លើសពី Group (ក្រុម) គេពីរបីនាក់ វាលែងជា Privacy (ឯកជន) ល្គឹកណាគេនិយាយថា ហ្នឹងជាព័ត៌មានឯកជនរបស់ក្រុមគេ មិនអាចប្រើប្រាស់បានទេ អាហ្នឹងយើងប្រើប្រាស់អត់បានទេ។ តែបើគេអត់ដាក់ហាមនៅក្នុងហ្នឹង អាហ្នឹងយើងអាចប្រើប្រាស់បានហើយ ជាព័ត៌មានសាធារណៈហើយ»។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានពន្យល់ផ្នែកច្បាប់ថា នៅកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងព័ត៌មានតាមអ៊ីនធឺណិតនៅឡើយ ហើយគេមិនច្បាស់ដូចគ្នាថា រាល់ព័ត៌មានតាមហ្វេសប៊ុក អាចចាត់ទុកជាព័ត៌មានសាធារណៈ ដែលអាចប្រើជាផ្លូវការបាន ឬក៏អត់?
លោកបញ្ជាក់ថា អ្នកកាសែតដែលស្រង់មតិប្រភពពីហ្វេសប៊ុក យកមកប្រើ ដោយគេមិនមែនជាសមាជិក មិត្តភ័ក្ដិ (Friend) ដោយគ្មានការអនុញ្ញាតនោះ សាមីខ្លួន ឬប្រភពអាចដាក់ពាក្យប្ដឹងទៅអ្នកកាសែតបាន។ តែអ្វីជាឧបសគ្គ គឺការដាក់ពាក្យបណ្ដឹងនោះ អាចមានការលំបាក ត្រង់ថាកម្ពុជាមិនមានច្បាប់គ្រប់គ្រងព័ត៌មានតាមអ៊ីនធឺណិត ដែលគេពិបាកកំណត់ថា តើការដាក់ពាក្យប្ដឹងនោះស្ថិតក្រោមបទចោទអ្វីឲ្យបានច្បាស់?
លោកបន្ថែមថា ជនរងគ្រោះ ឬប្រភពអាចដាក់ពាក្យប្ដឹងអ្នកកាសែតទៅតុលាការពីបទបរិហារកេរ្តិ៍ ប្រសិនបើការចុះផ្សាយនោះមិនពិត និងធ្វើឲ្យខូចខាតផលប្រយោជន៍របស់ខ្លួន៖ «បរិហារកេរ្តិ៍ក៏មានការ ពិបាកដែរ។ ដែលហៅថា បរិហារកេរ្តិ៍ ឬញុះញង់បាន ទាល់តែយើងធ្វើក្នុងទីសាធារណៈដែរ ដូច្នេះមតិនឹងវាផ្សព្វផ្សាយជាសាធារណៈ ឬអត់...? មានន័យថា នរណាក៏មើលបាន។ កាលណាមនុស្សលើពិភពលោកមើលបាន ចុះមនុស្សដែលអត់មានអ៊ីនធឺណិត និងកុំព្យូទ័រមើលមិចបាន ដូច្នេះហើយទាល់តែមានច្បាប់បញ្ជាក់ទើបបាន យើងមិនអាចយកអាហ្នឹងទៅបកស្រាយទទេៗទេ»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត ឲ្យដឹងថា ការដកស្រង់សំដីប្រភពពីហ្វេសប៊ុក ដោយគ្មានការអនុញ្ញាត ជាការរំលោភសិទ្ធិឯកជន ដែលធ្វើឲ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះ និងអាចប៉ះពាល់ដល់ការងាររបស់គេ៖ «ខ្ញុំគិតថា វាជាការរំលោភទៅលើសិទ្ធិរបស់គេមួយដែរ គិតថា វាមិនទាន់មានបទល្មើសណាមួយដែលអាចចោទប្រកាន់បាន ប៉ុន្តែសាមីខ្លួនគេអាចប្តឹងបាន»។
ទោះជាមានការពិបាកក្នុងការគ្រប់គ្រងព័ត៌មានតាមប្រព័ន្ធ អ៊ីនធឺណិតក៏ដោយ ក៏ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ មិនចង់ឲ្យរដ្ឋាភិបាលបង្កើតច្បាប់នេះនោះទេ ដោយបានលើកឡើងថា គួរតែឲ្យប្រជាពលរដ្ឋខ្មែរមានសេរីភាពអាចផ្សព្វផ្សាយព័ត៌មានតាម បច្ចេកវិទ្យាទំនើបឲ្យបានពេញលេញ ខណៈដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសេចក្ដីព្រាងនៃច្បាប់គ្រប់គ្រងអ៊ីនធឺណិតនោះ។
សម្រាប់លោក អំ សំអាត ក៏បានស្នើសុំឲ្យអ្នកលេងហ្វេសប៊ុក គួរមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេចខ្លួនរាល់ការបង្ហោះរូបភាព និងការបញ្ចេញមតិនៅលើហ្វេសប៊ុក ដើម្បីកាត់បន្ថយការចុះផ្សាយដោយគ្មានការអនុញ្ញាត។ ម្យ៉ាងវិញទៀតគួរតែសរសេរកំណត់សំគាល់មួយនៅខាងក្រោម រាល់ការបញ្ចេញមតិ ដោយបញ្ជាក់ថា ការបញ្ចេញមតិនោះវាអាចប្រើប្រាស់តែក្នុងមិត្តភ័ក្ដិរបស់ខ្លួន ប៉ុណ្ណោះ មិនអាចយកចុះផ្សាយជាសាធារណៈបានទេ៕
No comments:
Post a Comment