Monday, 6 August 2012

និស្សិត​ខ្មែរ​និយាយ​ពី​ការ​ដោះស្រាយ​ជម្លោះ​ដី​នៅ​អាល្លឺម៉ង់

2012-08-06
និស្សិត​ខ្មែរ​ម្នាក់​សិក្សា​មុខ​វិជ្ជា​ចាត់ចែង និង​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​ប្រទេស​អាល្លឺម៉ង់ បាន​ពន្យល់​បង្ហាញ​ពី​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ប្រទេស​អភិវឌ្ឍន៍ ដូចជា​នៅ​អាល្លឺម៉ង់ ដោយ​ប្រៀបធៀប​របៀប​ដោះស្រាយ​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពេល​សង្គ្រាម​ដូច​គ្នា។

និស្សិត វុធ សូវៀត កំពុង​សិក្សា​មុខវិជ្ជា​នៃ​ការ​ចាត់ចែង​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​ឯ​សកលវិទ្យាល័យ ម៉ូនីក (Munich) នៃ​ប្រទេស​អាល្លឺម៉ង់ បាន​រៀបរាប់​ថា ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​ដែល​រស់ ​នៅ​ក្នុង​បន្ទាត់​ក្រីក្រ​ជាង​គេ គឺ​មាន​ន័យ​ថា ចាប់​ផ្ដើម​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ​លើ។

លោក​បញ្ជាក់​ថា ការ​ចូល​រួម​មតិ​ពី​ពលរដ្ឋ​ក្រីក្រ​ជា​កត្តា​នាំ​ឲ្យ​ប្រទេស​រីក​ចំរើន៖ «ការ ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​សំខាន់​ណាស់។ ទោះ​បី​ជា​យើង​គិត​ថា គាត់​អត់​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ ប៉ុន្តែ​បើ​និយាយ​ពី​ស្ថានភាព​នៅ​ក្នុង​ភូមិ​គាត់ បាន​ន័យ​ថា គាត់​ជា​បណ្ឌិត​នៅ​ក្នុង​ភូមិ​ឃុំ​ហ្នឹង។ នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​ដូច​ប្រទេស​អាល្លឺម៉ង់ ប្រជាពលរដ្ឋ​គេ​រួម​គ្នា​ណាស់»

លោក​ថា នៅ​ពេល​មាន​ទំនាស់​ដីធ្លី​កើត​ឡើង ប្រទេស​អាល្លឺម៉ង់ គេ​ផ្ដោត​យក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​មក​អនុវត្ត។ នេះ​ជា​កត្តា​ដែល​នាំ​ឲ្យ​ប្រទេស​នេះ​ជឿនលឿន​ទៅ​បាន​ក្រោយ​ពេល​សង្គ្រាម។ លោក​បញ្ជាក់​ថា អាល្លឺម៉ង់​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ មាន​ការ​ជួប​ប្រទះ​បញ្ហា​ជម្លោះ​ដីធ្លី​ជា​ច្រើន​ណាស់។

ការ​កសាង​ប្រទេស​ឡើង​វិញ ក្រោយ​ការ​ខ្ទេចខ្ទាំ​ធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាម អាល្លឺម៉ង់​បាន​អភិវឌ្ឍ​ផ្លូវ​ថ្នល់ និង​សំណង់​អគារ​ផ្សេងៗ​ក្នុង​ប្រទេស​របស់​ខ្លួន​យ៉ាង​សកម្ម។ ការ​កសាង​ឡើង​វិញ​ទាំង​នោះ បាន​ប៉ះពាល់​ដល់​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​គេ​ប្រើ​ដំណោះស្រាយ​មាន​តម្លាភាព ដោយ​ឲ្យ​ភាគី​ទាំង​ពីរ​ទទួល​បាន​សិទ្ធិ និង​ផល​ប្រយោជន៍​ស្មើ​គ្នា​ពី​ការ​ស្ថាបនា​នោះ។

លោក​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ គឺ​តែង​មាន​ការ​ចូល​រួម​មតិ​ពី​មហាជន។ វិធីសាស្ត្រ​ក្នុង​សេចក្ដី​សម្រេច​នោះ គឺ​ផ្ដើម​ចេញ​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ​ថ្នាក់​លើ​វិញ៖ «គេ​ចង់​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ឆ្លង​កាត់​នៅ​ភូមិ​ហ្នឹង អ៊ីចឹង​មេ​ភូមិ​របស់​គេ គេ​ចាប់​ផ្ដើម​ប្រជុំ​ជាមួយ​មេ​ភូមិ​ថា ខាង​លើ​មាន​គំរោង​នឹង​សាងសង់​ដី​មួយ​ខ្សែ ដូច​ថា ឆ្លង​កាត់​ភូមិ​យើង​អ៊ីចឹង អ៊ីចឹង​គេ​ឲ្យ​ប្រជាជន​ចូល​រួម​ហ្នឹង​ថា តើ​ចង់​បាន​ផ្លូវ​ហ្នឹង​កាត់​ភូមិ​របស់​គេ​មែន ឬ​ក៏​ចង់​ទុក​ជា​របៀប​ធម្មជាតិ​ហ្នឹង​ពី​ដើម?ដូច​នេះ​គេ​ពិភាក្សា​គ្នា បើ​គេ​អត់​ចង់​បាន​ផ្លូវ​ហ្នឹង​ទេ អ៊ីចឹង​គេ​ពន្យារ​រហូត​អត់​អាច​ទៅ​មុខ​បាន​ទេ លុះ​ត្រា​តែ​មាន​ការ​ព្រមព្រៀង​ពី​ថ្នាក់​ក្រោម​កាត់​កន្លែង​ណា​ធ្វើ​ទៅ​ឲ្យ ​មាន​ការ​ព្រមព្រៀង​រហូត»

លោក​បន្ត​ថា ប្រទេស​អាល្លឺម៉ង់ ពេល​នោះ គេ​មាន​ច្បាប់​អស្សាមិក​ដូច​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ដែរ។ ច្បាប់​អស្សាមិក​មាន​ន័យ​ថា រដ្ឋ​មាន​សិទ្ធិ​ទិញ​អ្វី​មួយ​មុន​អ្នក​ដទៃ​សម្រាប់​អភិវឌ្ឍន៍ ប្រសិន​បើ​ការ​អភិវឌ្ឍ​នោះ​ផ្ដល់​ប្រយោជន៍​ជា​សាធារណៈ ហើយ​សំណង​នឹង​ទូទាត់​តាម​តម្លៃ​ទីផ្សារ​ដែល​ភាគី​ម្ខាង​ទៀត​ខាត​បង់។

លោក​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ផ្ដល់​សំណង​ទូទាត់​គឺ​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន រួម​ជាមួយ​នឹង​រដ្ឋាភិបាល៖ «បើ​សិន​ជា​គេ​ធ្វើ​ទៅ​ប៉ះពាល់​ដី​ហ្នឹង បាន​ន័យ​ថា​ដី​ហ្នឹង​គេ​ផ្ដល់​សំណង​ជា​ពីរ ប៉ុន្តែ​គេ​ចង់​បាន​ថវិកា​ជំនួស​ដី ឬ​ក៏​គាត់​ចង់​បាន​ដី​កន្លែង​ថ្មី​ជំនួស​ដី​ចាស់​ហ្នឹង? បើ​គាត់​ចង់​បាន​លុយ​ជំនួស​ដី​ហ្នឹង គេ​សុខ​ចិត្ត​ឲ្យ​ដី​ហ្នឹង​ក្នុង​តម្លៃ​ទីផ្សារ។ ...​គេ​បំពេញ​ឲ្យ​យើង​មិន​ឲ្យ​ខក​ចិត្ត​ទេ អា​ហ្នឹង​ច្បាប់​គេ​ហ្នឹង។ ឧទាហរណ៍​នៅ​ប្រទេស​ខ្មែរ យើង​ចង់​សង់​ថ្នល់​មួយ បើ​ទោះ​បី​ជំនួយ​ពី​បរទេស​មែន ប៉ុន្តែ​រដ្ឋាភិបាល​ហ្នឹង​គាត់​បាន​ចូល​រួម​ធ្វើ​បដិភាគ​ក្នុង​ថវិកា​សរុប​ នៃ​ការ​កសាង​ផ្លូវ​ហ្នឹង ភាគ​ច្រើន​ថវិកា​របស់​រដ្ឋ​ហ្នឹង គឺ​យើង​យក​មក​ដោះស្រាយ​ផល​ប៉ះពាល់»

និស្សិត វុធ សូវៀត បញ្ជាក់​បន្ថែម​ថា លោក​ក៏​បាន​នាំ​យក​ឧទាហរណ៍​ទាក់ទង​នឹង​វិវាទ​ដីធ្លី​នៅ​កម្ពុជា មក​ពិភាក្សា​ជាមួយ​គ្រូ និង​ក្រុម​និស្សិត​ពី​ប្រទេស​ជា​ច្រើន​ដែរ។ លោក​ថា ភាព​ជោគជ័យ ឬ​បរាជ័យ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល៖ «អ្វី​ដែល​សំខាន់ គឺ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ។ សំខាន់​ណាស់ ប្រសិន​បើ​ជម្លោះ​មួយ​រដ្ឋាភិបាល​អត់​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ មិន​អាច​ទៅ​មុខ​បាន​ទេ។ មួយ​ទៀត អភិបាលកិច្ច​ដែល​ជា​គោលការណ៍ គេ​ឲ្យ​ឱសានវាទ​ហ្នឹង។ រដ្ឋ​គេ គេ​មាន​ការ​ដោះស្រាយ មាន​ការ​ចូល​រួម​ពី​ភាគី​ទាំង​អស់»

បញ្ហា​វិវាទ​ដីធ្លី​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​កើត​មាន​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ បញ្ហា​នេះ​នាំ​ដល់​ការ​បណ្ដេញ​ពី​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ប្រើ​អំពើ​ហិង្សា​ដល់​អ្នក​ស្រុក​ស្លូតត្រង់ ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជា​ដើម ហើយ​មន្ត្រី​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​នេះ​មក​ពី​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិចុ្ច ឬ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ដែល​មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ ច្បាស់​លាស់​ និង​គ្មាន​ការ​ផ្ដល់​សំណង​ត្រឹមត្រូវ។
ទោះ​បី​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​របាយការណ៍​របស់​តំណាង​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក៏​បាន​បង្ហាញ​ថា ជម្លោះ​ដីធ្លី និង​ការ​បណ្ដេញ​អ្នក​ភូមិ​ដោយ​សារ​តែ​វិវាទ​ដីធ្លី​នៅ​កម្ពុជា ជា​បញ្ហា​នាំ​មុខ​គេ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ដោះ​ស្រាយ​ដោយ​ចំហ និង​ស្មើ​ភាព​គ្នា ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌​ដល់​ម្ចាស់​ដី​ និង​បាន​ទទូច​ឲ្យ​មាន​ការ​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​ភូមិបាល​កម្ពុជា​ ឆ្នាំ​២០០១។
ចំណែក​និស្សិត វុធ សូវៀត ដែល​កំពុង​សិក្សា​មុខ​វិជ្ជា​នៃ​ការ​ចាត់ចែង​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​ឯ​សកលវិទ្យាល័យ ម៉ូនីក នៃ​ប្រទេស​អាល្លឺម៉ង់ បាន​តាំង​ចិត្ត​ថា ទៅ​អនាគត​លោក​នឹង​យក​ចំណេះ​ពី​ការ​សិក្សា​នេះ​ទៅ​ជួយ​ដល់​ប្រទេស​កម្ពុជា។ លោក​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​មហាវិទ្យាល័យ​មួយ និង​បំរើ​ការ​ជា​មន្ត្រី​ក្នុង​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដីធ្លី៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...