Monday, 6 August 2012

អប់រំគួរតែក្លាយជាវិស័យគំរូ!

ដោយ គី សុខលីម
នៅ​ពេល​ដែល​ការ​ប្រឡង​បាក់​ឌុប​ចូល​មក​ដល់​ម្តង​ៗ ក្រុម​អ្នក​រិះគន់​និង​មន្រ្តី​​រដ្ឋាភិបាល​តែងតែ​ខ្វែងគំនិតគ្នា​អំពី​​ អំពើ​​ពុករលួយ​ដែល​អាច​កើត​មាន​ឡើងនៅ​ក្នុង​ពេល​ប្រឡង។ ប៉ុន្តែ​ទោះបី​ជា​ការពិត​យ៉ាងណា​នោះ​វិស័យ​អប់រំ​គួរ​តែ​ក្លាយ​ជា​វិស័យ​ គំរូ​មួយ​សម្រាប់​សង្គម​ខ្មែរ។​គំរូ​​ទាំង​សកម្មភាព​គំរូ​ទាំង​ សតិសម្បជញ្ជៈ។

 អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​មតិសាធារណៈ​ទូទៅ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ​បាន​ជជែក​គ្នា​ជុំវិញ​ភាព​មិន​ប្រក្រតី​ដែល​អាច​កើត​មាន​ឡើង​នៅ ​ពេល​ប្រឡង​ម្តងៗ​ជា​ពិសេស​នៅ​ពេល​ប្រឡង​បាក់​ឌុប។

មតិសាធារណ​ជន​និង​ក្រុម​អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​ជា​រៀងរាល់​ឆ្នាំ​ថា អាច​មាន​អំពើ​ពុករលួយ​កើត​ឡើង​នៅ​រាល់​ការ​ប្រឡង​ម្តង​ៗ។ អំពើ​ពុក​រលួយ​ដែល​អ្នករិះគន់​បរិហារ​នោះ​មាន​ចាប់​តាំង​ពី​ការ​បែង​ចែក​ បុស្តិ៍​អោយ​គ្រូ​មេ​ប្រយោគ​ជាដើម។ មេ​ប្រយោគ​ដែល​ចង់​កាន់​សាលា​នៅ​ក្បែរ​ទី​ប្រជុំ​ជន​ត្រូវ​បង់​ថវិកា​ខ្លះ។ សូម​បញ្ជាក់​ថា មូលហេតុ​ដែល​មេប្រយោគ​ដណ្តើម​គ្នា​ចង់​កាន់​សាលា​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ ទី​ប្រជុំ​ជន​ពីព្រោះ​ពួកគេ​រំពឹង​ថា អាច​រក​ប្រាក់​ចំណូល​បាន​មក​វិញ​ខ្លះ​នៅពេល​ប្រឡង។

ក្រៅពី​​​ភាព​មិន​ប្រក្រតី​ទាក់ទង​ទៅនឹង​ការ​បែងចែក​សាលា សម័យ​ប្រឡង​បាក់​ឌុប​ម្តង​ៗ​ត្រូវ​បាន​គេ​រិះគន់​ថា​ អាច​មាន​​ការ​សូក​ប៉ាន់​នៅ​ក្នុង​ពេល​ប្រឡង​ជាដើម។ ពេលខ្លះ សិស្ស​អាច​នាំគ្នា​ប្រមូល​លុយ​​អោយ​គ្រូ​ដើម្បី​អាច​ចម្លង​គ្នា​ទៅវិញ​ទៅ​មក ​បាន​ឬ​លួច​មើល​វិញ្ញាសារ​ព្រាង​បាន។ នៅ​ថ្ងៃ​ចន្ទ​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅតែ​អះអាង​ថា មាន​ភាព​មិន​ប្រក្រីតី​កើត​ឡើង​ដដែល។

ឆ្លើយតប​ទៅនឹង​រាល់​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ មន្រ្តី​ក្រសួង​អប់រំ​តែងតែ​បដិសេធ​ដាច់​អហង្ការ​ដោយ​ការពារ​ថា គ្មាន​ឡើយ​ការ​សូកប៉ាន់​នៅ​ពេល​ប្រឡង។ ការ​រៀបចំ​ការ​ប្រឡង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រឹតតែ​ប្រសើ​ជាង​មុន ​ពោល​គឺ​ភាព​រញ៉េរ​ញ៉ៃ ភាព​មិន​ប្រក្រតី​ទាំងឡាយ​ដែល​ធ្លាប់​មាន​នាពេល​កន្លងមក​ត្រូវ​បាន​កាត់​ បន្ថយ​ជា​បណ្តើរ​ៗ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​បំបាត់​នូវ​រាល់​ការ​ជះ​ទឹក​ដាក់​គ្នា​ជុំវិញ​ភាព​មិន​ប្រក្រតី​នៅ​ ពេល​ប្រឡង​នោះ ក្រុម​យុវជន​ស្រាវជ្រាវ​មួយ​ក្រុម​គ្រោង​នឹង​សម្ភាសន៍​ជា​មួយ​សិស្ស​៤០០​ នាក់​ក្រោយ​ពេល​ប្រឡង​ចប់​ដើម្បី​ចង់​ដឹង​ថា សម័យ​ប្រឡង​ឆ្នាំ​២០១២​នេះ​មាន​អំពើ​ពុក​រលួយ​ដូច​អ្វី​ដែល​ធ្លាប់​បាន​ចោទ​ ប្រកាន់​ដែរ​ឬ​ទេ? និយាយ​បែប​ផ្សេង​មាន​ន័យ​ថា ការ​ស្ទង់​មតិ​ខាង​លើ​នេះ​អាច​ជាមធ្យោបាយ​មួយ​ក្នុង​ការ​បញ្ចប់​នូវ​មន្ទិល​ សង្ស័យ​នៅ​ក្នុង​សម័យ​ប្រឡង។

ប្រសិន​បើ​គ្មាន​ការ​អង្កេត​ឬ​ការ​ស្ទង់មតិ​អោយ​បាន​ច្បាស់​លាស់​ទេ​នោះ តម្លាភាព​ក្នុង​សម័យ​ប្រឡង​វា​នៅ​តែ​ជា​តម្លាភាព​នៅ​ក្នុង​ភាព​ងងឹត។ ហើយ​សូម​កុំ​ភ្លេច​ថា តម្លាភាព​នៅ​ក្នុង​ភាព​ងងឹត​គឺ​ជា​តម្លាភាព​ដែល​នៅ​តែ​ដិតដាន​ដោយ​ក្តី​ មន្ទិល​សង្ស័យ។ ដូច្នេះ មាន​តែ​ការ​ស្ទង់​មតិ​ឯករាជ្យ​ទេ​ដែល​អាច​បញ្ចប់​ភាព​ចម្រូង​ចម្រាស់​ក្នុង​ វិស័យ​អប់រំ​បាន។

អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​ខ្លះ​ដែល​បាន​តាម​ដាន​សម័យ​ប្រឡង​បាក់ឌុប​អស់​ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​អត្ថាធិប្បាយ​ថា នេះ​គឺ​ជា​ពេល​វេលា​ដែល​ក្រសួង​អប់រំ​ត្រូវ​បញ្ចប់​នូវ​ភាព​ចម្រូង​ចម្រាស់​ ក្នុង​សម័យ​ប្រឡង​បាក់​ឌុប​នេះ​ហើយ។ ​បើមិន​ដូច្នេះ​ទេ រូបភាព​នៃ​វិស័យ​អប់រំ​ខ្មែរ​នៅ​តែ​ប្រឡាក់​ដិតដាម​ស្នាម​ខ្មៅ​ដដែល។ ហើយ​នេះ​ ពេល​ខ្លះ ​វា​ខុស​ពីការ​ពិត​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​នៅក្នុង​វិស័យ​អប់រំ។ ការពិត​អាច​ថា គ្មាន​ទាល់​តែ​សោះ​អំពើ​ផ្តេសផ្តាស​នៅក្នុង​វិស័យ​អប់រំ​និយាយ​ជារួម​និង​ និយាយ​ដោយ​ឡែក​ នៅពេល​ប្រឡង​បាក់ឌុប​នេះ​តែ​ម្តង។

ប៉ុន្តែ​ដើម្បី​អាច​ធ្វើ​អោយ​គេ​ជឿជាក់​ថា សម័យ​ប្រឡង​នេះ​ឬ​សម័យ​ប្រឡង​នោះ​មាន​សុក្រិត្យភាព​១០០​%​ អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​គួរ​បង្ហាញ​អ្វី​ដែល​ជា​មន្ទិល​សង្ស័យ​ទៅកាន់​ សាធារណជន អាច​តាម​រយៈ ការ​ស្ទង់​មតិ​ក្តី ឬ​តាម​រយៈការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ក្តី។ ប្រសិន​បើ​អ្នក​ពាក់ព័ន្ធ ហ៊ាន​បង្ហាញ​តម្លាភាព​យ៉ាង​ដូច្នេះ ពេលនោះ ក្រុម​អ្នក​រិះគន់​ដែល​ធ្លាប់​តែ​ទាញ​ប្រយោជន៍​នយោបាយ​ពី​សម័យ​ប្រឡង​នោះ​ នឹង​លែង​មាន​ប្រសិទ្ធិភាព​តទៅ​ទៀត។

អ្នក​តាមដាន​សភាពការណ៍​សង្គម​សេដ្ឋកិច្ច​ដដែល​បាន​អត្ថាធិប្បាយ​បន្ត​ទៀត​ថា វិស័យ​អប់រំ ទោះ​បីថា​ល្អ​ឥតខ្ចោះ​ហើយ​ក្តី​ឬ​ក៏​ធ្លាប់​មាន​បញ្ហា​ខ្លះ​ក៏​ដោយ​ក្តី វា​គួរ​តែ​ក្លាយ​ទៅ​ជា​វិស័យគំរូ​មួយ​ចាប់​ពី​ពេល​នេះ​ត​ទៅ គំរូ​ទាំង​សកម្មភាព​ គំរូ​ទាំង​សតិ​សម្បជញ្ជៈ​សម្រាប់​សង្គម​ជាតិ​ទាំង​មូល៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...