ក្រុមជំនាញស្រាវជ្រាវលើដំណើរការប្រឡងបាក់ឌុប កាលពីដើមខែសីហានេះ នឹងបង្ហាញលទ្ធផលស្រាវជ្រាវរបស់ខ្លួននៅថ្ងៃចន្ទស្អែក ព្រមទាំងផ្ញើលទ្ធផលជូនទៅក្រសួងអប់រំនៅចុងសប្តាហ៍ក្រោយ។ លទ្ធផលអង្កេតបានបង្ហាញថា កូនសិស្សប្រឡងបាក់ឌុបចំនួន៦៧%បានឆ្លើយថា ពួកគេបានចំណាយថវិកាសម្រាប់ការប្រឡងនាពេលកន្លងមក។
«កូនសិស្សប្រឡងបាក់ឌុបចំនួន៧៨%បានឆ្លើយថា ពួកគេអាចចម្លងគ្នាទៅវិញទៅមកបាននៅក្នុងថ្នាក់ប្រឡង។ កូនសិស្ស៦៧%បានឆ្លើយថា ពួកគេបានចំណាយប្រាក់សម្រាប់ការប្រឡងបាក់ឌុប»។ ទាំងនេះគឺជាលទ្ធផលអង្កេតរបស់ លោក កែម ឡី អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ចឯករាជ្យដែលបានធ្វើការអង្កេតជុំវិញ ភាពមិនប្រក្រតីលើការប្រឡងបាក់ឌុបកាលពីដើមខែសីហាកន្លងមកនេះ។ ការអង្កេតរបស់លោក កែម ឡី បានធ្វើឡើងជាមួយសិស្សប្រឡងបាក់ឌុបចំនួន១៥៤នាក់ ជាមួយសាស្រ្តាចារ្យមួយចំនួនតូចនិងជាមួយមាតាបិតាសិស្សមួយចំនួនផង ដែរ។
លទ្ធផលអង្កេតលើការប្រឡងបាក់ឌុបដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃចន្ទ ស្អែកនេះ បានបញ្ជាក់ថា កូនសិស្សប្រឡងបាក់ឌុបបានចំណាយប្រាក់ជាមធ្យមចំនួន៣០ដុល្លារ ដើម្បីអាចបើកមើលវិញ្ញាសាព្រាងបាន។ កូនសិស្ស៩២%បានឆ្លើយថា ពួកគេជាអ្នកមានគំនិតផ្តួចផ្តើមប្រមូលប្រាក់ដោយខ្លួនឯងដើម្បីយក ទៅជូនលោកគ្រូអ្នកគ្រូ។ កូនសិស្សបានឆ្លើយថា ការប្រមូលប្រាក់កាសជូនលោកគ្រូអ្នកគ្រូនៅពេលប្រឡងបានក្លាយទៅជា វប្បធម៌ទៅហើយ។
ត្រង់ចំណុចនេះ លោក កែម ឡី អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានសម្តែងក្តី ព្រួយបារម្ភខ្លាចទម្លាប់នេះក្លាយទៅជាវប្បធម៌ដែលពិបាកកែប្រែនា ពេលអនាគត។
របាយការណ៍ដដែលបានលើកឡើងទៀតថា កូនសិស្ស២៥%បានឆ្លើយថា ការប្រឡងបាក់ឌុបនាពេលកន្លងមកមិនមានភាពយុត្តិធម៌ទេ ក្នុងខណៈពេលដែលសិស្ស៥០%ផ្សេងទៀតថា មានភាពយុត្តិធម៌។ បើទោះបីជាមានការចោទប្រកាន់ថា មានភាពមិនប្រក្រតីច្រើនយ៉ាងណាក៏ដោយជុំវិញការប្រឡងបាក់ឌុបនោះ ប៉ុន្តែមន្រ្តីក្រសួងអប់រំតែងតែបដិសេធទៅនឹងការចោទប្រកាន់ទាំង នោះ។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ធ្លាប់បានអះអាងថា ក្រសួងអប់រំបានបូកសរុបការវាយតម្លៃរួចរាល់ហើយ ហើយថាគ្មានបញ្ហាអី្វកើតឡើងទេ។ ម៉្យាងវិញទៀត វាគ្មានផលប៉ះពាល់ដល់ដំណើរការប្រឡងឡើយ។ លោកអះអាងថា ក្រសួងអប់រំបានសន្និដា្ឋនថា ការប្រឡងឆ្នាំនេះអាចទទួលយកបាន។
សូមបញ្ជាក់ថា របាយការណ៍អង្កេតលើការប្រឡងបាក់ឌុបនឹងត្រូវគេផ្សព្វផ្សាយជា សាធារណៈចាប់ពីថ្ងៃចន្ទស្អែកនិងផ្ញើជូនក្រសួងអប់រំនៅក្នុង សប្តាហ៍ក្រោយនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏លោក កែម ឡី បានបញ្ជាក់ទៀតថា ប្រសិនបើគេវាយតម្លៃជារួម ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានការរឹតបន្តឹងល្អជាងឆ្នាំមុនៗ៕
No comments:
Post a Comment