- Wednesday, 15 August 2012
- សម រ៉ានី
- លោកការីនិពន្ធ ជាទីគោរពរាប់អាន
តាមការសង្កេត ជាទូទៅ របស់ខ្ញុំ នៅក្នុងអំឡុងសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រពឹត្តទៅ ចាប់ថ្ងៃទី ៦ ដល់ ថ្ងៃទី ៨ ខែសីហាកន្លងទៅនេះមានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិមួយចំនួន បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត អំពីទិដ្ឋភាពទាំងឡាយ នៃការប្រឡង ដែលមានបេក្ខជនចូលរួមប្រឡងទូទាំងប្រទេស សរុបទាំងអស់ ចំនួន ១១៤.៤១៤ នាក់ ។
ជាការកត់សម្គាល់ ថ្វីបើមានប្រព័ន្ធផ្សព្វផ្សាយខ្លះ បានសាទរអំពីដំណើរការប្រឡងនេះថា មានលក្ខណៈត្រឹមត្រូវ តម្លាភាព និងមានដំណើរការល្អ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗក៏ដោយ ក៏មានប្រព័ន្ធផ្សព្វផ្សាយខ្លះ បានរាយការណ៍អំពីភាពមិនប្រក្រតីទាំងឡាយដូចជា ភាពអនាធិបតេយ្យ ក្នុងការលួចបើកចម្លងគ្រប់រូបភាព អំពើពុករលួយ ការបែកធ្លាយវិញ្ញាសាជាដើម។ ជាពិសេស នៅក្នុងសារព័ត៌មានរបស់លោកក្រោមចំណងជើងថា «សមាគមគ្រូបង្រៀនចេញសេចក្តីថ្លែងការណ៍រិះគន់ការប្រឡងបាក់ ឌុប» ច្បាប់ចេញផ្សាយថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១២។ ដូចគ្នានេះដែរ នៅក្នុងកម្មវិធីសមធម៌ ភាគទី ៥៧ របស់ទូរទស្សន៍ជាតិកម្ពុជា បានរកឃើញថា «ការលួចចម្លងក្នុងពេលប្រឡង គឺជារោគពិសនៃប្រព័ន្ធអប់រំ។ វាបានធ្វើឲ្យបាត់បង់នូវគុណតម្លៃ នៃសញ្ញាបត្ររបស់ប្រទេស»។ ជាការពិត ព័ត៌មានទាំងនេះ អាចជះឥទ្ធិពលអវិជ្ជមាន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គុណភាពអប់រំ និងកិត្តិសព្ទរបស់ប្រទេសជាតិយើងនៅលើឆាកអន្តរជាតិ។ ដូច្នេះហើយ ទើបមានសាធារណជនជាច្រើន មានការងឿងឆ្ងល់ និងមានការរិះគន់ ទាក់ទងនឹងបញ្ហាសុចរិតភាព ក្នុងការប្រឡងនានា នៅកម្ពុជា។
ហេតុអ្វីបានជាការប្រឡង មានសភាពធូររលុង និងមានសភាពមិនប្រក្រតីទាំងឡាយកើតឡើង? តើយើងទាំងអស់គ្នាត្រូវធ្វើឲ្យមានយន្តការអ្វីខ្លះ ក្នុងការលុបបំបាត់ភាពមិនប្រក្រតីទាំងនេះ? តើយើងទាំងអស់គ្នា គួរចូលរួមចំណែកលើកស្ទួយតម្លៃសុចរិតភាព ក្នុងសម័យប្រឡងនេះយ៉ាងដូចម្តេចខ្លះ? តើតួអង្គណាខ្លះ អាចចូលរួមចំណែកក្នុងការលើកស្ទួយតម្លៃសុចរិតភាពនេះបាន?
មុន នឹងឆ្លើយសំណួរទាំងនេះ យើងត្រូវស្វែងយល់ អំពីស្ថានភាព នៃប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាជាមុនសិន។ យើងទាំងអស់គ្នា ទទួលស្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសិក្សាធិការ កម្រិតមធ្យមសិក្សានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេមើលឃើញថាមានការរីកចម្រើនគួរជាទីមោទនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រី្តហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល និងឯកឧត្តម អ៊ឹម សិទ្ធី ជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
រាជរដ្ឋាភិបាល កម្ពុជា បានអនុវត្តនូវនយោបាយអប់រំជាច្រើន ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩- ២០១៣ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ ២០០៩ -២០១៣ ព្រមទាំងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទីពីរ ក្នុងគោលបំណងសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ កម្ពុជា និងផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា។ ជាលទ្ធផល ចំនួនគ្រឹះស្ថានអប់រំ និងចំនួនសិស្សានុសិស្សបានកើនឡើងជារៀងរាល់ឆ្នាំ។ ឧទាហរណ៍ ប្រទេសកម្ពុជាយើងបច្ចុប្បន្នមានអនុវិទ្យាល័យសរុបចំនួន ១១៦៩ និង មានវិទ្យាល័យចំនួន ៤២៦ ក្នុងនោះវិទ្យាល័យចាប់ពីថ្នាក់ទី ១០ ដល់ទី ១២ មានចំនួន ២៥ ។ ចំណែកឯសិស្សមធ្យមសិក្សាបឋមភូមិ មានចំនួនសរុប ៥៤១.១៤៧ នាក់ និងសិស្សមធ្យមសិក្សាទុតិយភូមិមានចំនួនសរុប ៣១៨.១៦៥ នាក់ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងអប់រំយុវជននិងកីឡាឆ្នាំ ២០១២ នេះ។
ទោះបីជាចំនួននេះ កើនឡើងយ៉ាងណាក៏ដោយ ក៏ត្រូវបានគេមើលឃើញថាចំនួនធនធានមនុស្សរបស់យើងនៅមានកម្រិត ទាប បើប្រៀបធៀបជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់។
យោង តាមរបាយការណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់កម្មវិធីអភិវឌ្ឍន៍នៃ អង្គការសហប្រជាជាតិឆ្នាំ ២០១១ បានបង្ហាញថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៣៩ ក្នុងចំណោមប្រទេសចំនួន ១៨៧ នៅលើពិភពលោក (ជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០) ខណៈពេលដែលបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដូចជាប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ២៦ ប្រទេសប្រ៊ុយណេ ជាប់ចំណាត់ថ្នាក់លេខ ៣៣ ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៦១ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ១០៣ ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ ១២៤ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១២៨ ប្រទេសឡាវជាប់ចំណាត់ថ្នាក់លេខ ១៣៨ និងប្រទេសភូមា ជាប់ចំណាត់ថ្នាក់លេខ ១៤៩។ ដោយសារតែ ចំនួនធនធានមនុស្សរបស់យើង នៅមានអត្រាទាបជាងបណ្តាប្រទេសនៅក្នុងតំបន់ ទើបរាជរដ្ឋាភិបាលកម្ពុជាយើង មានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការបង្កើនបរិមាណធនធានមនុស្ស ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ច ចូលក្នុងសហគមន៍អាស៊ាននាឆ្នាំ២០១៥ ខាងមុខនេះ។ អ្នកជំនាញខាងអប់រំបានផ្តល់អនុសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវធ្វើយ៉ាងណា ឲ្យមានតុល្យភាពរវាង បរិមាណនិង គុណភាព។ ជាងនេះទៅទៀត យុទ្ធសាស្រ្តនេះ បានជួយជំរុញឲ្យសិស្សានុសិស្ស មានឱកាសកាន់តែច្រើន ក្នុងការបន្តការសិក្សាថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៦៨ បានចែងថា«រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋម និងមធ្យមសិក្សានៅសាលារៀនសាធារណៈ សម្រាប់ពលរដ្ឋគ្រប់រូបដោយឥតបង់ថ្លៃ។ ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិច ៩ ឆ្នាំ»។
នៅ ក្នុងលិខិតនេះ ខ្ញុំគ្រាន់តែលើកយកទស្សនៈផ្ទាល់ខ្លួន ដែលជាការចូលរួមចំណែកបន្តិចបន្តួច ក្នុងការលុបបំបាត់ការលួចចម្លង ក្នុងពេលប្រឡង និងចូលរួមលើកស្ទួយតម្លៃសុចរិតភាព ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិតែប៉ុណ្តោះ។ ដូច្នេះ តួអង្គសំខាន់ៗ ដែលអាចចូលរួមចំណែកក្នុងការលើកស្ទួយតម្លៃសុចរិតភាព ក្នុងសម័យប្រឡងរួមមាន ក្រសួងស្ថាប័នដែលជាប់ពាក់ព័ន្ធ សិស្សានុសិស្សខ្លួនឯង លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្ស។ ពួកគេត្រូវមានករណីយកិច្ចដូចតទៅ៖
១. ក្រសួងស្ថាប័នដែលជាប់ពាក់ព័ន្ធ រួមមានក្រសួងអប់រំ យុវជននិងកីឡា និងអាជ្ញាធរមានសមត្ថកិច្ចដទៃទៀត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តនូវយន្តការ និងបទប្បញ្ញត្តិនានា ឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីឲ្យដំណើរការប្រឡង មានលក្ខណៈតម្លាភាព ចៀសវាងនូវភាពមិនប្រក្រតីទាំងឡាយ ដែលប៉ះពាល់ដល់គុណភាព នៃលទ្ធផលប្រឡង។ ក្រសួងអប់រំ ត្រូវមានវិធានការផ្លូវច្បាប់ និងទណ្ឌកម្មធ្ងន់ធ្ងរជាក់ស្តែងទៅបុគ្គលិករបស់ខ្លួន ឬជនទាំងឡាយណា ដែលបានរំលោភបទប្បញ្ញត្តិទាំងឡាយដែលខ្លួនបានចែង។ ឧទាហរណ៍ដូចជាបេក្ខជនណា ធ្វើជាមេខ្លោងប្រមូលលុយ ឬណែនាំបេក្ខជនដទៃឲ្យប្រមូលលុយ ឬយកលុយទៅឲ្យអនុរក្សនឹងត្រូវឲ្យធ្លាក់ជាស័្វយប្រវត្តិ និងផ្អាកមិនឲ្យប្រឡងរយៈពេល ១ ឆ្នាំ។ បេក្ខជនលួចចម្លងចម្លើយ ពីឯកសារព្រាង នឹងត្រូវទទួលបានពិន្ទុសូន្យ ហើយត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៀត នៅក្នុងសម័យប្រឡងនេះតែម្តង។ បេក្ខជនណាប្រើប្រាស់ទូរស័ព្ទ នៅក្នុងបន្ទប់ប្រឡង នឹងត្រូវឲ្យធ្លាក់ជាស័្វយប្រវត្តិ និងផ្អាកមិនឲ្យចូលរួមប្រឡងរយៈពេល២ឆ្នាំ។ ការដាក់ទណ្ឌកម្មគឺជាមធ្យោបាយមួយ ដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ភាពមិនប្រក្រតីទាំងឡាយ ដែលអាចកើតមានឡើងនៅក្នុងសម័យប្រឡងនៃឆ្នាំនីមួយៗ។
២. សិស្សានុសិស្ស ត្រូវលះបង់នូវគំនិតទុទិ្ទដ្ឋិនិយម និងទម្លាប់មិនល្អទាំងឡាយ ក្នុងការលួចបើកចម្លងរាល់ពេលប្រឡងម្តងៗ។ ពួកគេត្រូវមានគំនិតសុចរិតក្នុងការសិក្សា និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពីសមត្ថភាព និងត្រូវមានស្មារតីចងចាំជានិច្ចថា ចំណេះដឹងរបស់ពួកគេ នៅថ្នាក់មធ្យមសិក្សា ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ជួយពួកគេ ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ គុណភាពនៃចំណេះដឹង របស់ពួកគេពិតជាធនធានដ៏មានតម្លៃ សម្រាប់ចូលរួមចំណែកកសាងប្រទេសជាតិនាពេលអនាគត។
៣. លោកគ្រូអ្នកគ្រូ ត្រូវមានកាតព្វកិច្ចបណ្តុះឆន្ទៈសិស្សានុសិស្សរបស់ខ្លួនឲ្យមាន ក្រមសីលធម៌ខ្ពស់ ក្នុងការសិក្សារបស់ពួកគេ។ ពួកគេត្រូវលើកទឹកចិត្តឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្ររៀងៗខ្លួន តាមរយៈការប្រកួតប្រជែងក្នុងថ្នាក់ប្រកបដោយសុចរិតភាព និងតម្លាភាព។ លោកគ្រូ អ្នកគ្រូ ត្រូវដាក់ទណ្ឌកម្មដល់សិស្សរបស់ខ្លួន ក្នុងករណីដែលពួកគេលួចបើកចម្លងឯកសារ ក្នុងពេលប្រឡងក្នុងថ្នាក់។ លើសពីនេះទៅទៀត លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូ បង្រៀន ដែលអាចធ្វើជាគំរូដ៏ប្រពៃដល់ពួកគេ។
៤. អាណាព្យាបាល ត្រូវលើកទឹកចិត្ត និងប្រៀនប្រដៅបុត្រធីតារបស់ខ្លួនឲ្យខិតខំរៀនសូត្រ ព្រមទាំងត្រូវតាមដានជាប្រចាំអំពីស្ថានភាពនៃការសិក្សារបស់ពួក គេ។ អាណាព្យាបាល មិនត្រូវលើកទឹកចិត្ត ឬគាំទ្របុត្រធីតារបស់ខ្លួន ក្នុងការប្រពឹត្តអំពើមិនគប្បីទាំងឡាយ ក្នុងការប្រឡងដូចជា ការលួចបើកចម្លងឯកសារ ការសូកប៉ាន់គ្រូ ក្នុងការប្រឡងជាដើម។ អាណាព្យាបាល ក៏ត្រូវដាក់ទណ្ឌកម្មដល់ពួកគេផងដែរ ក្នុងករណីដែលពួកគេប្រពឹត្តអំពើខុសឆ្គង ក្នុងទង្វើដូចបានរៀបរាប់ខាងលើនេះ។
សរុបសេចក្តីមក យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរ យើងត្រូវមានកាតព្វកិច្ចចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃសុចរិតភាព ក្នុងការប្រឡងគ្រប់ភូមិសិក្សា ជាពិសេសការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិនេះ។ យើងទាំងអស់គ្នា មានសុទិដ្ឋិនិយមជានិច្ចថា ប្រសិនបើសិស្សានុសិស្សរបស់យើងមានស្មារតីសុចរិតភាពក្នុងការសិក្សា រៀនសូត្រប្រកបទៅដោយទំនួលខុសត្រូវខ្ពស់ ពួកគេនឹងក្លាយជាធនធានមនុស្សប្រកបដោយ គុណតម្លៃសម្រាប់ស្ថាបនាមាតុភូមិដ៏បវររបស់យើង ឲ្យបានរុងរឿងដូចអារ្យប្រទេសនានានៅលើពិភពលោក នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ដោយ សម រ៉ានី ជាបេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តម៉ាឡេស៊ី(USM) សូមចូលរួមផ្តល់យោបល់តាមរយៈ៖ sam_rany@yahoo.com
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Wednesday, 15 August 2012
ការលើកកម្ពស់តម្លៃសុចរិតភាពក្នុងសម័យប្រឡងគ្រប់ភូមិសិក្សាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
Subscribe to:
Post Comments (Atom)
The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China
My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...
No comments:
Post a Comment