Monday, 2 July 2012

ឡាវ ៖ ពីកុម្មុយនិស្តរណប​វៀតណាម​ មក​ជា​អំណាច​បក្ស​តែមួយ​ក្រោម​ឥទ្ធិពល​ចិន?

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 
ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង ​អំពី​របប​នយោបាយ​នៃ​ប្រទេស​ឡាវ។ ​ជា​ ប្រទេសកុម្មុយនិស្ត​តាំង​ពី​ឆ្នាំ​១៩៧៥​មក​ ប្រទស​ឡាវ​បាន​ចាប់​ផ្តើម​លះបង់​ចោល​សេដ្ឋកិច្ច​ផែន ការ​នៅ​ឆ្នាំ​១៩៨៦​ ដើម្បី​បែរ​ទៅ​រក​សេដ្ឋកិច្ច​ទី​ផ្សារ​វិញ​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋា ភិបាល​ឡាវ​ក៏​បាន​ផ្តើម​ងាក​ចេញ​ពី​មនោគមវិជ្ជា​ Marx-Lénine​និយម បាន​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​ចិន​ និង​ថៃ​ និង​បាន​រើ​បម្រះ​ម្តង​បន្តិចៗ​ ចេញពី​ឥទ្ធិពល​នយោបាយ​ផ្តាច់មុខ​របស់​វៀតណាម​។

ក្រោយ​ពី​បាន​ធ្លាក់​ទៅ​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ចលនា​ប៉ាថេតឡាវ​នៅ​ ឆ្នាំ​១៩៧៥​មក​ ប្រទេស​ឡាវ ​បាន​អនុម័ត​យក​របប​កុម្មុយនិស្ត​ផ្តាច់ការ​និង​សេដ្ឋកិច្ច​ ផែនការ​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​និង​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​ឥទ្ធិពល​ គ្នា​រវាង​សហភាព​សូវៀត​និង​ចិន ឡាវ​កុម្មុយនិស្ត ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​រណប​របស់​វៀតណាម​ដែល​បាន​ជ្រើស​ យក​សហភាព​សូវៀត​ធ្វើ​ជា​រៀម​ច្បង​ដើម្បី​ប្រឆាំង​នឹង​ចិន។​នៅ​ក្នុង​ន័យ​នេះ ​ថ្នាក់​ដឹកនាំ​ទីក្រុង​វៀងចន្ទន៍​(Vientiane)​បាន​អនុញ្ញាត​ឲ្យ​វៀតណាម​ ដាក់​ទ័ព​ប្រមាណ​ពី​៤០ ០០០​ទៅ​៥០ ០០០​នាក់​​​នៅ​លើ​ទឹកដី​ខ្លួន​ពី​ឆ្នាំ​១៩៧៥​រហូត​ដល់​ពាក់​កណ្តាល​ទសវត្សរ៍ ​ទី​៨០​។
 តាំង​ពី​ឆ្នាំ​១៩៨៦​មក​ ប្រទេស​ឡាវ​ដែល​យក​គំរូ​តាម​វៀតណាម បាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​ ដោយ​លះ​បង់ចោល​បណ្តើរៗ​សេដ្ឋកិច្ច​ផែនការ​ហើយ​ងាក​មក​រក​សេដ្ឋកិច្ច​ទីផ្សារ វិញ។ ប៉ុន្តែទន្ទឹម​នេះ​ ថ្នាក់​ដឹកនាំ​បន្ត​អនុវត្ត​របប​នយោបាយ​ផ្តាច់ការ​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​តែ​មួយ​គត់​ នោះ​គឺ​បក្ស​បដិវត្តន៍​ប៉ាថេតឡាវ(PRPL)។ ជាក់​ស្តែង តំណាង​រាស្រ្ត​ទាំង​អស់​លើក​លែង​តែ​៤​នាក់​ចេញ សុទ្ធ​តែ​ជា​សមាជិក​របស់​បក្ស​កុម្មុយនិស្ត។ អ្វីៗ ក៍​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​បក្ស​ដែល​លាត​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចូល​ទៅ ​ដល់​គ្រប់​កៀន​កោះ​នៃ​សង្គម​ តាម​រយៈ​អង្គការ​ផ្សេងៗ​ រួម​មាន​ជាអាទិ៍​រណសិរ្ស​កសាង​ជាតិ​ សហព័ន្ធ​សហជីព សហភាព​យុវវ័យ​បដិវត្តន៍​ និង​សហភាព​នារី​បដិវត្តន៍​។

រក្សា​ការសម្ងាត់​ នេះ​ហើយ​គឺ​ជា​គោលការណ៍​របស់​សមាជិក​ទាំង​១១ ​រូប​នៃ​ ការិយាល័យ​នយោបាយ​​​បក្ស​ដែល​ជា​អ្នក​ត្រួតត្រា​ប្រទេស។ គ្មាន​ឡើយ​ស្រមោល​ឬ​វត្តមាន​របស់​អ្នក ប្រឆាំង​នៅ​លើ​ឆាក​នយោបាយ​ ហើយ​ក៏​គ្មាន​ដែរ​សិទ្ធិសេរីភាព​សំខាន់ៗ​ ដូច​ជា​សេរីភាព​សារព័ត៌មាន​ជា​ដើម​។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​ឡាវ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ល្អ​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ប្រមាណ​៦ឬ៧%​ ដោយសារ​តែ​គម្រោង​ធំៗ​មួយ​ចំនួន​ នៅ​លើ​វិស័យ​វារី អគ្គិសនី រ៉ែ​ ដឹក​ជញ្ជូន​និង​ទេសចរណ៍។ ក៏​ប៉ុន្តែ​ឡាវ​នៅ​តែ​ជា​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ ភូមិភាគ​អាស៊ី​អាគ្នេយ៍​។ ជា​ទូទៅ​ ការ​អភិវឌ្ឍន៍​មាន​លក្ខណៈ​យឺតយ៉ាវ​ ដោយហេតុ​តែ​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​កង្វះ​ធនធាន​មនុស្ស​។


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ឡាវ​ហាក់​បី​ដូច​ជា​បាននិងកំពុងបន្ត​រើបម្រះ​ខ្លួន​ចេញ​ពី​មនោគម​ វិជ្ជា​កុម្មុយនិស្ត​។ ឧទាហរណ៍​ជាក់​ស្តែង លោក​ប៊ូអាសូន ប៊ូផាវ៉ាន់​(Bouasone Bouphavanh)​ដែល​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១០ បាន​ប្រកាស​ដោយ​ឥត​លាក់លៀម​ថា​ លែង​ត្រូវ​ការ​ទៀត​ហើយ​ទ្រឹស្តី​របស់​Marx-Lénine​និង​ថា​ប្រទេស​ឡាវ​ត្រូវ​ តែ​អនុវត្ត​មនោគមវិជ្ជា​ថ្មី​ ដែល​សមស្រប​ទៅ​តាម​កាលៈទេសៈ​នៃ​សតវត្សរ៍​ទី​២១​ នោះ​គឺ​មនោគមវិជ្ជា​«សាច់​ការ​និយម»។​ រី​ឯ​លោក​នាយក រដ្ឋមន្ត្រី​បច្ចុប្បន្ន ​គឺ​លោក​ថុងស៊ីន​ថំម៉ាវុន​ (Thongsing Thammavong)​ក៏​មាន​ទស្សនៈ​ដូច​គ្នា​អ៊ីចឹង​ដែរ។

 ក្នុង​គ្រា​បច្ចុប្បន្ន​ នៅ​លើ​សាច់ការ​ជាក់ស្តែង​ មនោគមវិជ្ជា​កុម្មុយនិស្ត​ គ្មាន​ប្រយោជន៍​អ្វី​ផ្សេង សម្រាប់​បក្ស​បដិវត្តន៍ប៉ាថេតឡាវ ក្រៅ​តែ​ពី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​រដ្ឋបាល​ ដាក់​គំនាប​ទៅ​លើ​មន្ត្រីរដ្ឋការ​ឲ្យ​គោរព​វិន័យ​ និង​ទៅ​លើ​ប្រជាជន​ឲ្យ​កោតខ្លាច​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។

លើស​ពី​នេះ​ទៅ​ទៀត​ កម្មាភិបាល​ជំនាន់​ថ្មី​នៃ​បក្ស​កុម្មុយនិស្ត​ឡាវ​យល់​ឃើញ​ថា​ អ្វី​ដែល​សំខាន់​ក្នុង​សម័យ​ឥឡូវ​ គឺ​សេដ្ឋកិច្ច​ មិនមែន​មនោគមវិជ្ជាទៀត​ទេ​។ ពួក​គេ​ចង់​បើក​ដៃ​កាន់​តែ​ធំ​ទទួល​សេដ្ឋកិច្ច​ទីផ្សារ​ បើក​ចំហ​ទ្វារ​នៃ​ប្រទេស​ទទួល​អង្គការ​អន្តរជាតិ​នានា​ និង​បើក​សិទ្ធិ​ឲ្យ​ឡាវ​និង​ឡាវ​អាច​ជជែក​ពិភាក្សា​គ្នា​ដោយ​សេរី​។

ការ​ប្រាថ្នា​ចង់​ឲ្យ​សង្គម​ផ្លាស់ប្តូរ​បែប​នេះ​មិន​មែន​ចៃដន្យ​ឡើយ​។ សេដ្ឋកិច្ច​ទី​ផ្សារ​បាន​និង​កំពុង​បន្ត​ជួយ​រំដោះ​ប្រទេស​ឡាវ​ឲ្យ​រួច​ផុត​ ពី​ឥទ្ធិពល​ផ្តាច់មុខ​របស់​វៀតណាម ដែល​ត្រូវ​ប្រជែង​ជើង​គ្នា​នឹង​ចិន​ ថៃ​ ព្រម​ទាំង​បស្ចិម​ប្រទេស​មួយ​ចំនួន​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣៧​ដែល​ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​ឡាវ​សព្វ​ថ្ងៃ ​ វៀតណាម​ជាប់​លំដាប់​ថ្នាក់​លេខ​៣​តែ​ប៉ុណ្ណោះ​ នៅ​ក្រោយ​ថៃ​និង​ចិន​។

ការ​ប្រជែង​ជើង​គ្នា​រវាង​ចិន​និង​វៀតណាមក្នុង​ការ​ទាក់ទង​រកស៊ី​ជា​មួយ​ ប្រទេស​ឡាវ ​បាននិង កំពុង​ ​បន្ត​បំផុស​ឱ្យ​មាន​នូវ​សំណួរ​មួយ​ចំនួន​ជុំ​វិញ​ឥទ្ធិពល​នយោបាយ​របស់​ ទីក្រុង​ហាណូយ ទៅ​លើ​ទីក្រុង​វៀងចន្ទន៍។ តើ​បក្ស​បដិវត្តន៍​ប៉ាថេត​ឡាវ​នៅ​តែ​ឋិត​ក្រោម​បង្គាប់​របស់​ទីក្រុង​ហាណូយ​ ​ដូច​ពី​មុន​ទៀត​ដែរ​ឬ​ទេ​?តើ​តាម​រយៈយុទ្ធសាស្រ្ត​នៃ​អំណាច​ស្រទន់​«Soft Power» ចិន​កំពុង​បង្កើន​ឥទិ្ធពល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ឡាវ​ដែរ​ឬ​ទេ​?

យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ឃើញថា​ វគ្គ​បណ្តុះបណ្តាល​នយោបាយ​ដែល​បក្ស​កុម្មុយនិស្ត​​ឡាវ​រៀបចំ​ឡើង​ប្រាំ​ខែ​ ម្តងសម្រាប់​មន្ត្រី​រដ្ឋការ​ និង​ដែល​ពី​ដើម​តែងតែ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងហាណូយ​ ឥឡូវ​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ប្រទេស​ចិន​វិញ​ នៅ​ទីក្រុង​Kunming​ ក្នុង​ខេត្ត​Yunnan​ ជាប់​នឹង​ព្រំដែន​ខាង​ជើង​នៃ​ប្រទេស​ឡាវ​៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...