ដោយ វណ្ណ វិចារ
2012-07-08
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)
គ្រោងស្នើសេចក្ដីព្រាងច្បាប់បន្ថែមទាក់ទងនឹងការឃោសនារបស់គណបក្សនយោបាយ ដើម្បីការពារកុំឲ្យមេគណបក្សដែលមានឈ្មោះជាទណ្ឌិត
អាចមានឱកាសឃោសនានយោបាយបាន។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា
នៅថ្ងៃទី០៧ ខែកក្កដា ឲ្យដឹងថា គ.ជ.ប.
មានគម្រោងជំរុញការបង្កើតនីតិវិធីបន្ថែមទៀត
ដើម្បីរារាំងមិនឲ្យមេដឹកនាំគណ បក្សនយោបាយដែលមានទោសមានសិទ្ធិ
ឃោសនាបោះឆ្នោតអាណត្តិទី៥ នាពេលខាងមុខ។
លោកបន្តថា គ.ជ.ប.
កំពុងតែសិក្សាពីនីតិវិធីមួយចំនួនស្ដីពីការឃោសនាបោះឆ្នោត
និងរង់ចាំពេលវេលាបន្ថែមទៀត ក្នុងការសម្រេចសេចក្ដីព្រាងនេះ៖ «យើងស្ថិតនៅលើការពិនិត្យមើលលើមូល ដ្ឋានច្បាប់ដែលមានជាក់ស្ដែង
រៀបចំនីតិវិធីនេះឲ្យស្របនឹងស្ថានភាពជាក់ស្ដែងក្នុងសង្គមកម្ពុជា»។
ទាក់ទងបញ្ហានេះអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជា
រិះគន់ថា គ.ជ.ប. មានគម្រោងបង្កើតច្បាប់នេះ
ដើម្បីសម្លាប់ជីវិតអ្នកនយោបាយ ជាពិសេសសំដៅទៅលោក សម រង្ស៉ី តែម្តង
ហើយទង្វើនេះធ្វើឡើងផ្ទុយនឹងឆន្ទៈប្រជាធិបតេយ្យ។
មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ
មានប្រសាសន៍ថា ស្ថាប័ន គ.ជ.ប. មានគម្រោងបង្កើតនីតិវិធីបន្ថែម
ដើម្បីផ្គាប់ចិត្តគណបក្សប្រជាជនកម្ពុជា
ហើយច្បាប់ក្រោយនេះធ្វើឡើងដើម្បីប្រឆាំងប្រធានគណបក្ស សម រង្ស៉ី
តែម្ដង។ លោកអះអាងថា
ការបង្កើតច្បាប់ប្រឆាំងទណ្ឌិតមិនឲ្យធ្វើការឃោសនាបោះឆ្នោតនេះ
នឹងមិនត្រូវបានអ្នកស្នេហាប្រជាធិបតេយ្យស្វាគមន៍ឡើយ។
លោក យឹម សុវណ្ណ បញ្ជាក់ថា បំណងកម្ចាត់លោក សម រង្ស៉ី
ចេញពីឆាកនយោបាយ បង្ហាញថា
គណបក្សកាន់អំណាចខ្លាចឥទ្ធិពលនយោបាយរបស់ប្រធានបក្សប្រឆាំង៖ «គ.ជ.ប.
ត្រូវតែធ្វើការ ងារខ្លួនប្រកបដោយឯករាជភាពដើម្បីធានាថា
ការមានសេរី និងយុត្តិធម៌ នេះជាទង្វើយ៉ាងច្បាស់បញ្ជាក់ថា
គណបក្សប្រជាជនខ្លាច សម រង្ស៊ី
លោកប្រធានកំពុងតែស្វះស្វែងរកឥទ្ធិពលការទូត
ដើម្បីឲ្យត្រឡប់មកកម្ពុជាវិញ»។
ទន្ទឹមនឹងនេះដែរ ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា
មានប្រសាសន៍ថា ការបង្កើតច្បាប់នៅកម្ពុជា
ប្រៀបដូចជាការកាត់ក្បាលតម្រូវមួក បានន័យថា គ.ជ.ប.
ធ្វើច្បាប់នេះដើម្បីកម្ចាត់លោក សម រង្ស៊ី។
លោកកត់សម្គាល់ថា កន្លងមកមានមតិជាច្រើនចោទថា គ.ជ.ប.
បម្រើគណបក្សកាន់អំណាចតែមិនទាន់មានភស្តុតាងច្បាស់
ប៉ុន្តែទង្វើបង្កើតច្បាប់នេះពិតជាការបង្ហាញឲ្យឃើញច្បាស់ថា
គ.ជ.ប. ធ្វើការបម្រើឲ្យគណបក្សប្រជាជនប្រាកដមែន៖ «ជារឿងមួយ
អាម៉ាស់របស់ គ.ជ.ប. និងបក្សកាន់អំណាចឈ្នះប៉ុណ្ណឹង
ហើយក៏នៅតែតាមផ្ដន្ទាគេទៀត។ ជារឿងនយោបាយសុទ្ធសាធករណីលោក សម
រង្ស៉ី»។
លោក កឹម សុខា បន្តថា
គណបក្សសិទ្ធិមនុស្សនឹងមិននៅស្ងៀមឡើយចំពោះករណីនេះ
ដោយលោកគ្រោងនឹងចេញសេចក្ដីថ្លែងការណ៍រិះគន់សេចក្ដីព្រាងនោះទៀត
ផង។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបដិសេធថាគណបក្សកាន់អំណាច មិនស្ថិតនៅពីក្រោយគម្រោងការបង្កើតច្បាប់ប្រឆាំង
មេបក្សដែលជាទណ្ឌិតទេ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា ការអនុវត្តនីតិវិធីរបស់ គ.ជ.ប. ជាផលប្រយោជន៍សកល
មិនមែនសំដៅតែក្រុមណាមួយ ឬបុគ្គលណាមួយទេ។ លោកបន្តថា កន្លងមក
គ.ជ.ប. តែងតែអនុវត្តការងាររបស់ខ្លួនបានត្រឹមត្រូវ
ប្រកបដោយតម្លាភាព ស្របតាមនីតិរដ្ឋ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា តាមច្បាប់ទណ្ឌិតមិនអនុញ្ញាតឲ្យធ្វើនយោបាយនោះឡើយ៖ «កាលណាយើងប្រើប្រាស់ពាក្យដើម្បីបំផ្លាញ គ.ជ.ប. ជារឿងខុសក្នុងលទ្ធិប្រជាធិបតេយ្យប្រជាធិបតេយ្យ សំដៅមតិភាគច្រើន»។
ទោះជាយ៉ាងនេះក្ដី
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា
មានប្រសាសន៍ថា គ.ជ.ប.
នឹងត្រូវរៀបចំនីតិវិធីនោះឲ្យចប់សព្វគ្រប់មុនថ្ងៃឃោសនាបោះឆ្នោត
តំណាងរាស្ត្រឆ្នាំ២០១៣ ខាងមុខ ដោយយកច្បាប់បោះឆ្នោតជាមូលដ្ឋាន។
លោក ទេព នីថា បញ្ជាក់ថា
ចំពោះពេលវេលាជាក់លាក់នៃការចេញសេចក្ដីព្រាងនីតិវិធីបន្ថែមនេះ
មិនទាន់បានកំណត់រួចរាល់នៅឡើយទេ៖ «ច្បាប់បានហាម
ពាក់ព័ន្ធនឹងការឈរឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
តើអ្នកទាំងអស់នោះមានសិទ្ធិធ្វើការឃោសនាបោះ ឆ្នោត ឬក៏អត់
ច្បាប់មិនសំដៅលើនរណាទេ សំដៅទូទៅតែម្ដង»។
ការបោះឆ្នោតសភាអាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា
ឆ្នាំ២០១៣ ដោយរក្សាចំនួនអាសនៈ ១២៣ ដូចអាណត្តិទី៤ដែរ។
បើសិនជាសេចក្ដីព្រាងហាមឃាត់ទណ្ឌិតមិនឲ្យចូលរួមឃោសនាក្លាយជា
ច្បាប់មែននោះ បានន័យថា លោក សម រង្ស៉ី
មិនអាចឃោសនាតាមរយៈបច្ចេកវិទ្យា វីដេអូ ផ្សាយផ្ទាល់ (Video
Conference) បានដូចមុនទេ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត
និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
ឬអង្គការ និកហ្វិច (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា
លោកមិនគាំទ្រចំពោះការរៀបចំច្បាប់ដែលរៀបចំឡើងសំដៅគោលដៅនយោបាយ
ឡើយ។
លោកពន្យល់ថា មិនជាការចាំបាច់ទេចំពោះការរៀបចំនីតិវិធីថ្មីសំដៅរារាំងទណ្ឌិតមិនឲ្យឃោសនាបោះឆ្នោតនោះ៖ «បើ
សិនជាសិក្សាច្បាប់នៅប្រទេសផ្សេង ដូចជានៅថៃ ថាក់ស៊ីន
តុលាការកាត់ទោសហើយនៅតែអាចជួបអ្នកគាំទ្រខ្លួនតាមវីដេអូ
ខនហ្វើរិន ដូចនេះវាមិនចាំបាច់មាននីតិវិធីបន្ថែម នេះទេ»។
ប្រធានគណបក្សប្រឆាំង សម រង្ស៉ី លោក សម រង្ស៉ី
បាននិរទេសខ្លួនទៅក្រៅប្រទេសបន្ទាប់ពីដកតម្រុយបង្គោលព្រំដែន
កម្ពុជា-វៀតណាម កាលពីឆ្នាំ២០១០ នៅខេត្តស្វាយរៀង។
សាលាឧទ្ធរណ៍នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១
បានសម្រេចផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី
ដោយបន្ថយទោសដាក់ពន្ធនាគារពី ១០ឆ្នាំ មកត្រឹម ៧ឆ្នាំ
និងពិន័យជាប្រាក់សរុបចំនួន ៦៣លានរៀល
ពីបទក្លែងបន្លំឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម
និងបទញុះញង់ មានន័យថា លោក សម រង្ស៉ី ក្លាយជាទណ្ឌិត។
រាល់ការជួបជុំសមាជិកម្តងៗ ជាពិសេសពេលឃោសនាបោះឆ្នោតឃុំសង្កាត់
អាណត្តិទី៣ កន្លងទៅ លោក សម រង្ស៉ី
តែងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក វីដេអូ ខនហ្វើរិន
ដើម្បីទាក់ទងទៅកាន់សមាជិករបស់ខ្លួន។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មាត្រាទី៣៤
ថ្មីចែងថា
ចំពោះជនណាដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទ
ឧក្រិដ្ឋ ឬបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ
គឺគ្មានសិទ្ធិឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្របានទេ។
ចំពោះការឃោសនាបោះឆ្នោតវិញ
មិនទាន់មានច្បាប់ណាមួយហាមប្រាមចំពោះនីតិបុគ្គល ឬទណ្ឌិតនោះឡើយ៕
No comments:
Post a Comment