នៅលើក្រដាស ថៃជាប្រទេសប្រជាធិបតេយ្យ តាំងពីឆ្នាំ១៩៣៣ មកម៉្លេះ។ ក៏ប៉ុន្តែ នៅលើសាច់ការជាក់ស្តែងវិញ ប្រទេសនេះតែងតែឋិតនៅក្រោមការដឹកនាំរបស់យោធា។ ទោះជាបានប្រសូតចេញពីការបោះឆ្នោតក៏ដោយ គ្រប់រដ្ឋាភិបាលស៊ីវិលសុទ្ធតែឋិតនៅក្រោមការគំរាមកំហែងធ្វើរដ្ឋ ប្រហារពីសំណាក់យោធានិងសុទ្ធតែឋិតនៅក្រោមឥទ្ធិពលដ៏ខ្លាំងជ្រុល របស់ព្រះបរមរាជវាំង។
រាប់ទាំងរដ្ឋប្រហារថ្ងៃទី១៩កញ្ញាឆ្នាំ២០០៦ ដែលបានទម្លាក់លោកថាក់ ស៊ីន(Thaksin)ចេញពីតំណែងនាយករដ្ឋមន្ត្រី ប្រទេសថៃបានស្គាល់រដ្ឋប្រហារយោធាទាំងអស់ចំនួន១៩លើក តាំងពីឆ្នាំ១៩៣២មក។ នេះស្តែងឲ្យឃើញថា យោធាដើរតួនាទីធំសម្បើមណាស់ នៅក្នុងជីវិតនយោបាយនៃប្រទេសថៃ។
មែនទែនទៅ អន្តរាគមន៍យោធាដ៏ញឹកញាប់បែបនេះដែលតាមធម្មតាគ្មានការបង្ហូរឈាម ឡើយ មិនមែនជារឿងចៃដន្យទេ។ ម្យ៉ាង យោធាជាអ្នកដែលបានផ្តួលរំលំរបបរាជានិយមផ្តាច់ការនៅឆ្នាំ១៩៣២ និងជាអ្នកដែលបានបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤មិថុនាឆ្នាំ១៩៣៣។ ម្យ៉ាងទៀត ពេញមួយសតវត្សរ៍ទី២០ យោធាដែលមិនចាំបាច់គិតគូរពីរឿងការពារជាតិ ដ្បិតប្រទេសថៃមិនដែលឆ្លងកាត់សង្គ្រាម បានងាកមករវីរវល់តែពីរឿងផ្ទៃក្នុងនៃប្រទេស។
អ៊ីចឹងហើយ បានជាមកទល់សព្វថ្ងៃ យោធាថៃតាំងខ្លួនជាកម្លាំងមួយម្ចាស់ការ មិនស្តាប់បញ្ជាអ្នកនយោបាយ ផ្តល់សិទ្ធិធំដល់ខ្លួនឯង ដើម្បីគាបសង្កត់ឬរំលំរដ្ឋាភិបាល។ អ៊ីចឹងហើយដែរ បានជានាយករដ្ឋមន្ត្រីថៃជាច្រើនរូប សុទ្ធសឹងជានាយទាហានឬជាអតីតនាយទាហាន ដូចយ៉ាងលោកភីប៊ុន(Phibun) លោកសារីត(Sarit) លោកថានំ(Thanom) ឬក៏កន្លងទៅថ្មីៗនេះ លោកសុងធី(Sonthi)។
លើកណាក៏ដូចលើកណា ក្រុមនាយទាហានដែលបានធ្វើរដ្ឋប្រហារ តែងតែអះអាងថា គឺដើម្បីការពារផលប្រយោជន៍ជាតិ។ ឧទាហរណ៍ ទាក់ទិននឹងរដ្ឋប្រហារឆ្នាំ១៩៤៧ ឧត្តមសេនីយ៍ភីប៊ុនបាននិយាយអះអាងថា គឺដើម្បីការពារភាពថ្លៃថ្នូរនៃរបបរាជានិយម ប្រឆាំងនឹងរដ្ឋាភិបាលមួយដែលទន់ជ្រាយពេក នៅចំពោះមុខបស្ចិមលោក។ ពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ១៩៧១វិញ ក្រុមឧត្តមសេនីយ៍បានពន្យល់ថា គឺដើម្បីការពារប្រទេស ទប់ទល់់នឹងឥទ្ធិពលកុម្មុយនិស្តដែលចេញមកពីតំបន់បណ្តោយព្រំដែនជា មួយប្រទេសម៉ាឡេស៊ី។ ហើយស្តីពីរដ្ឋប្រហារឆ្នាំ២០០៦វិញ ក្រុមឧត្តមសេនីយ៍បានថ្លែងថា គឺដើម្បីរក្សាស្ថិរភាពនៃប្រទេស។
ទោះបីជាមិនចេញមុខខ្លាំង ឥទ្ធិពលរបស់ព្រះមហាក្សត្រថៃធំលើសអំណាចរបស់ពួកយោធាទៅទៀត។ បើសិនជាគ្មានការគាំទ្រពីព្រះចៅភូមីបុល(Phumibol) និងពីព្រះបរមរាជវាំងទេ រដ្ឋប្រហារយោធាបន្តបន្ទាប់គ្នាតាំងពីឆ្នាំ១៩៥០មក ប្រហែលជាមិនអាចទទួលជោគជ័យងាយៗ អ៊ីចឹងបានទេ។ ជាក់ស្តែង នៅឆ្នាំ១៩៨១ រដ្ឋប្រហារប្រឆាំងនឹងឧត្តមសេនីយ៍ព្រេម(Prem) ដែលគ្មានការគាំទ្រពីសំណាក់ព្រះចៅភូមីបុល បានទទួលបរាជ័យស្មោះ។
ដោយឡែក យោធា រដ្ឋាភិបាល និងរាស្ត្រថៃ ទទួលស្គាល់តួនាទីជាចាំបាច់របស់ព្រះមហាក្សត្រ ក្នុងការដោះស្រាយវិបត្តិធ្ងន់ធ្ងរនិងក្នុងការផ្សះផ្សាជាតិ ទោះបីជាតួនាទីនោះ មិនបានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។ នៅឆ្នាំ១៩៧៣ ក្រោយពីរដ្ឋាភិបាលបានវាយបង្ក្រាបក្នុងថ្លុកឈាមចលនានិស្សិត ឧត្តមសេនីយ៍ថានំត្រូវបង្ខំចិត្តលាលែងចេញពីមុខតំណែងនាយក រដ្ឋមន្ត្រី និងត្រូវបង្ខំចិត្តនិរទេសទៅរស់នៅក្រៅប្រទេស តាមសំណូមពររបស់ព្រះចៅភូមីបុល។
លើសពីនេះទៅទៀត ព្រះមហាក្សត្រថៃមានសិទ្ធិប្រើអំណាចវេតូ(Veto) ដោយមិនឡាយ ព្រះហស្តលេខាប្រកាសឲ្យប្រើប្រាស់ច្បាប់ណាដែលព្រះអង្គមិនឯកភាព។ ហើយជាទូទៅ សភាតែងតែបោះបង់ចោលជាស្ថាពរ ច្បាប់ដែលត្រូវបានជំទាស់ដោយព្រះមហាក្សត្រ។
នៅក្នុងបរិបទបែបនេះ គេអាចអះអាងបានថា លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅប្រទេសថៃ នារយៈពេល៨០ឆ្នាំចុងក្រោយនេះមានដំណើររប៉ាក់រប៉ើក។ មូលហេតុទីមួយ គឺបណ្តាលមកពីឥទ្ធិពលធំធេងពេករបស់ព្រះមហាក្សត្រ ធំធេងហួសសេចក្តីចែងរបស់រដ្ឋធម្មនុញ្ញ។
មូលហេតុទីពីរ គឺបណ្តាលមកពីរដ្ឋប្រហារយោធាមិនចេះឈប់ឈរ ដែលមិនអាចធ្វើឲ្យ
លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៃប្រទេស រីកធំនិងរឹងមាំបាន។ នារយៈពេល៨០ ឆ្នាំចុងក្រោយនេះ ក្រោយរដ្ឋប្រហារម្តងៗ យោធាថៃតែងតែឡើងកាន់កាប់អំណាចមួយឆ្នាំឬពីរឆ្នាំមុននឹងប្រគល់ អំណាចទៅឲ្យស៊ីវិលវិញ ហើយមិនតែប៉ុណ្ណោះ រដ្ឋាភិបាលស៊ីវិលទាំងនោះគ្រប់គ្រងប្រទេស ក្រោមការឃ្លាំមើលរបស់យោធាទៅទៀត។
ឯមូលហេតុចុងក្រោយនៃលទ្ធិប្រជាធិបតេយ្យរប៉ាក់រប៉ើកនៅប្រទេសថៃ គឺបណ្តាលមកពី
អស្ថិរភាពខ្លាំងនៃរដ្ឋាភិបាលនីមួយៗ។ កម្រមានណាស់រដ្ឋាភិបាលមួយដែលអាចដឹកនាំប្រទេសមួយអាណត្តិពេញ ពីព្រោះសុទ្ធសឹងជារដ្ឋាភិបាលចម្រុះដែលត្រូវតែរលំបះជើង ពេលមានការបាក់បែកប្រេះឆា នៅក្នុងជួរថ្នាក់ដឹកនាំប្រទេសម្តងៗ។
ដោយឡែក ភាពតានតឹងនិងអស្ថិរភាពនយោបាយនៅក្នុងប្រទេសតាំងពីឆ្នាំ២០០៦មក គឺជាការគំរាមកំហែងថ្មីដល់លទ្ធិប្រជាធិបតេយ្យថៃ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧ ដែលគេចាត់ទុកថាមានលក្ខណៈប្រជាធិបតេយ្យជាងគេ ត្រូវបានបោះបង់ចោល។ រីឯលោកថាក់ស៊ីន ដែលបានឈ្នះឆ្នោតនៅឆ្នាំ២០០១និងនៅឆ្នាំ២០០៥ ក៏ដូចបក្សពួករបស់លោកនៅក្នុងជួរគណបក្សអំណាចប្រជាជនដែលបានឈ្នះ ឆ្នោតនៅឆ្នាំ២០០៧ ត្រូវគេរារាំងមិនឲ្យដឹកនាំប្រទេសបាន។ ជាក់ស្តែង នៅឆ្នាំ២០០៨ រដ្ឋាភិបាលរបស់លោកសាម៉ាក់(Samak) ត្រូវបានរំលំដោយពួកអាវលឿងដែលបានកាន់កាប់ទីស្នាក់ការរបស់ រដ្ឋាភិបាលនៅខែសីហា និងអាកាសយានដ្ឋាននៅទីក្រុងបាងកកនៅខែធ្នូ។ ក្រោយមកទៀត រដ្ឋាភិបាលលោកសុមឆៃ(Somchai) ដែលជាប្អូនថ្លៃរបស់លោកថាក់ស៊ីន ក៏បានដួលរលំដូចគ្នា ក្រោយពីតុលាការបានសម្រេចចិត្តរំលាយចោលគណបក្សរបស់លោក គឺបក្សអំណាចប្រជាជន។
បន្ទាប់មកទៀត លោកអាភីស៊ីត(Abhisit) ដែលជាសត្រូវរបស់លោកថាក់ស៊ីន និងដែលបានដឹកនាំប្រទេសរហូតដល់ការបោះឆ្នោតខែកក្កដាឆ្នាំ២០១១ បានឋិតនៅក្រោមការអុកឡុករបស់ពួកអាវក្រហមវិញម្តង។ ពួកអាវក្រហមដែលស្និទ្ធនឹងលោកថាក់ស៊ីនបានធ្វើបាតុកម្មធំនៅឆ្នាំ ២០១០នៅកណ្តាលទីក្រុងបាងកក រហូតដល់បានជំរុញឱ្យមានការវាយបង្ក្រាបពីសំណាក់កងទ័ព។ កាលណោះ អន្តរាគមន៍របស់យោធាបានបណ្តាលឱ្យមានស្លាប់៩១នាក់ និងរបួស១ ៩០០នាក់។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ប្រទេសថៃបានវិលមកឋិតនៅក្រោមការគ្រប់គ្រងរបស់បក្សពួកលោក ថាក់ស៊ីនវិញម្តង។ គណបក្សភឿថៃដែលដឹកនាំដោយប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រីយីនឡាក់(Yingluck) បានឈ្នះឆ្នោតនៅខែកក្កដាឆ្នាំ២០១១ ហើយលោកស្រីយីនឡាក់បានក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលចម្រុះមួយដែលចូលរួមដោយគណបក្សចំនួនប្រាំ។
យ៉ាងណាក៏ដោយ លោកស្រីនាយករដ្ឋមន្ត្រីត្រូវប្រឈមមុខនឹងបញ្ហាជាអាទិភាពជាច្រើន។
ម្យ៉ាង គឺបញ្ហាសេដ្ឋកិច្ចជាពិសេសក្រោយគ្រោះទឹកជំនន់ដ៏កាចមួយមិនដែលមាន កាលពីឆ្នាំទៅមិញ។ ម្យ៉ាងទៀត គឺការផ្សះផ្សាជាតិ រវាងអ្នកមាននិងអ្នកក្រ រវាងអ្នកទីក្រុងនិងអ្នកស្រុកស្រែចម្ការ រវាងពួកអាវលឿងនិងពួកអាវក្រហម រវាងពួកអ្នកស្អប់និងអ្នកស្រឡាញ់ថាក់ស៊ីន៕
No comments:
Post a Comment