- 23 July 2012
- តុង សុប្រាជ្ញ
ការនិយាយដើមគេ មិនមែនជាវប្បធម៌ អរិយធម៌ខ្មែរទេ
តែជាទម្លាប់មិនល្អរបស់បុគ្គលមួយចំនួន ដែលចូលចិត្តនិយាយដើមគេ
ពោលគឺភាគច្រើននិយាយអាក្រក់ ពីបុគ្គលឯកជនណាម្នាក់។
សកម្មភាពនេះហាក់បីដូចជាគ្មានរឿងអ្វីថ្មីមកនិយាយ
គឺដើរតែនិយាយជុំៗគ្នា
ឬដើរពីផ្ទះមួយទៅផ្ទះមួយនាំគ្នានិយាយដើមគេ
ហើយពេលខ្លះក៏ឈ្លោះប្រកែកគ្នាដោយសារតែមាត់ឥតគម្របនិយាយដើមគេ
នោះដែរ។ នេះក៏មកតែភាគច្រើនគាត់អាន
កាសែតក្នុងស្រុកមួយចំនួនដែលចូលចិត្តតែនិយាយដើមគេហ្នឹង។
តើអ្នកអានទាំងនោះ
ទទួលបានផលអ្វីខ្លះពីការអានកាសែតបែបនិយាយដើមគេ
និងបរិហារកេរ្តិ៍ជីវិតឯកជនរបស់បុគ្គលណាម្នាក់នោះ?
នេះមិន
មែនជាសកម្មភាពដែលទើបតែកើតឡើងនាពេលបច្ចុប្បន្ននោះទេ
ចំពោះកាសែត ក៏ដូចជាទស្សនាវដ្តី ក្នុងស្រុកមួយចំនួន
គឺការសរសេរអត្ថបទហែកហួរកេរ្តិ៍ខ្មាសពីបុគ្គលណាម្នាក់
ពីជីវិតឯកជនរបស់គេ។ មានតំាងពីបញ្ហាផ្លូវភេទបី្តប្រពន្ធ
ឬការយករូបអាក្រាតរបស់ពួកគេមកចុះផ្សាយទៀតផង។
ការចុះផ្សាយទាំងងងឹតងងល់ ដោយមិនបានសម្ភាស
ឬក៏យករូបភាពរបស់បុគ្គលឯកជននៅក្នុងកន្លែងឯកជនរបស់បុគ្គលនោះ
គឺពុំមានការយល់ព្រមនោះទេ។
ឧទាហរណ៍៖ កាលពីសប្តាហ៍មុននេះ
មានសារព័ត៌មានក្នុងស្រុកមួយដែលនិយមផ្សព្វផ្សាយពីការនិយាយដើម
គេ បានចុះ ផ្សាយអត្ថបទអេចអូច
និងអត្ថាធិប្បាយបន្ថែមរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើស្រ្តីម្នាក់
និងរូបថតរបស់ស្រ្តីនោះទៀត
ដែលកំពុងចតរថយន្តឡើងលើចិញ្ចើមផ្លូវក្បែររបងស្ថានទូតបារាំង
ហើយបិទកញ្ចក់ បញ្ឆេះរថយន្តបើកម៉ាស៊ីនត្រជាក់
ហើយក៏សម្រាកនៅក្នុងរថយន្តនោះមួយភាំង បែរទៅជាអ្នកការសែតនេះ
បានចាប់យករូបភាពមួយទំហឹងតែម្តង
ហើយបានអត្ថាធិប្បាយបែបរបៀបបៀតបៀនកេរ្តិ៍ខ្មាស
និងបៀតបៀនផ្លូវភេទ
តាំងពីរូបសម្រស់រហូតដល់ហ៊ានវិនិច្ឆ័យថាស្រវឹងស្រាទៀតផង...។
តែ
តាមពិតនៅក្នុងអត្ថបទនោះ
អ្នកយកព័ត៌មាននោះមិនបានសម្ភាសជាមួយស្រ្តីនោះទេ
និងក៏គ្មានក្លិនស្រាចេញមកខាងក្រៅឯណាដែរ។
តើឯណាទៅក្រម
សីលធម៌របស់អ្នកកាសែតនោះ?
ឬមួយក៏អ្នកកាសែតនេះមិនដែលបានចូលសាលា
ឬក៏មិនដែលធ្លាប់បានចូលវគ្គបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន
ហ្នឹងគេទេ គ្រាន់តែចេះសរសេរកំណត់ហេតុ
ហើយបន្ថែមបន្ថយពាក្យសម្តីដោយខ្លួនឯង?
ហើយហេតុអ្វីបានជានាយកនិពន្ធកាសែតនោះ ដាក់ទំាងអត្ថបទ
និងរូបភាពស្ត្រីនេះនៅទំព័រមុខកាសែតរបស់ខ្លួនទៀតទាំងងងើល?
ហ្នឹងហើយគេហៅថាអ្នកកាសែតជើងចាស់ដែលល្បីថាពូកែៗនោះ
ពូកែពេកទៅរហូតដល់មើលឃើញថាយកតែម្តង។
ឬមួយក៏អាងថាខ្លួនឯងជាអ្នកកាសែតចង់សរសេរអាក្រក់ពីនរណាក៏ចេះ
តែសរសេរទៅនោះ ដើម្បីធ្វើយ៉ាងណាបំពុលអ្នកអាន
ឲ្យពុលតាមដែលយកមកនិយាយដើមគេតៗគ្នា? តើអ្នកអានអត្ថបទបែបហ្នឹង
ទទួលបានចំណេះដឹងអ្វីខ្លះពីការអភិវឌ្ឍខ្លួននោះ?
ចំណុចនេះម្ចាស់អត្ថបទត្រូវតែពិចារណាឡើងវិញ
អ្វីដែលហៅថាអត្ថបទ? វិចារណកថា? ការវិភាគ?
និងអ្វីដែលហៅថាបុគ្គលសាធារណៈ? បុគ្គលជីវិតឯកជន?
ចុះបើ
ស្រ្តីនោះ ត្រូវជាប្រពន្ធ ឬក៏បងប្អូនស្រីរបស់ម្ចាស់អត្ថបទ
ឬក៏នាយកនិពន្ធវិញ
ហើយត្រូវបានកាសែតផ្សេងចុះផ្សាយដូចគ្នាអ៊ីចឹងដែរ
តើអស់លោកមានអារម្មណ៍បែបណា?
ឬមួយក៏អស់លោកមិនចេះខ្មាសគេទេ?
ឬមួយធ្វើកាសែតជិត១ជីវិតទៅហើយ
ចេះរកតែអត្ថបទបែបបរិហាកេរ្តិ៍ជីវិតឯកជនរបស់គេហ្នឹងទេ?
នេះមកតែពីដឹងអំពីឥរិយាបថរបស់អ្នកអានដែលចូលចិត្តនិយាយដើមគេ
បែបហ្នឹង ដែលគ្មានផ្តល់ចំណេះដឹងអ្វីបន្តិចសោះ
មិនតែប៉ុណ្ណោះថែមទាំងបញ្ឆេះតែគំនិតនិយាយដើមគេទៅវិញទេ។
តាម
ពិតទៅការដែលធ្វើដូចស្រ្តីនោះ
ដែលដឹងខ្លួនថាបើកទៅមុខលែងរួចរកកន្លែងឈប់ចតសម្រាកបែបនេះ
គឺជាការត្រឹមត្រូវទៅវិញទេ។ ពីព្រោះបើគាត់ទៅមុខទៀត
គឺគាត់ប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ណាស់
ដែលផ្ទុយពីអ្នកគ្រោះថ្នាក់ចរាចរណ៍ខ្លះ
ដឹងខ្លួនថាខ្លួនឯងបើកទៅមុខលែងរួច
បាត់បង់ភាពម្ចាស់ការក៏នៅតែប្រឹងទៅមុខទៀតដែរ
ទាល់តែបុកគេបានដឹងខ្លួន។
ចំពោះករណីនេះ
គឺស្រ្តីរងគ្រោះនេះអាចប្តឹងកាសែតនោះបានប្រសិនបើស្រ្តីនោះ
មិនយល់ព្រម គឺតាមក្រមព្រហ្មទណ្ឌ
នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១០ ពីការប៉ះពាល់ដល់ជីវភាពឯកជន
មាត្រាទី២០៣
បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល៖«អំពើថតរូបភាពនៃបុគ្គលនៅ
ក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ទៅ១(មួយ)ឆ្នាំ
និងពិន័យជាប្រាក់ពី១០០.០០០(មួយសែន)រៀល
ទៅ២ .០០០.០០០(ពីរលាន)រៀល
លើកលែងតែករណីដែលច្បាប់អនុញ្ញាត។»និងក៏អាចប្តឹងតាមរយៈ
មាត្រាទី៣០៦អំពើបរិហារកេរ្តិ៍តាមសារព័ត៌មាន។
ព្រោះករណីនេះ
ជាសិទ្ធិជីវិតឯកជន ដែលមិនមែនជាបុគ្គលសាធារណៈ ដូច លោក ហោ
ណាំហុងមានតួនាទីមុខងារសាធារណៈ
យកកូនប្រុស៣នាក់មកធ្វើការកាន់តួនាទីធំៗ
នៅក្នុងក្រសួងការបរទេស និងឯកអគ្គរាជទូតជប៉ុន និងអង់គ្លេសទៀត។
ឯលោក ចម ប្រសិទ្ធ លើសលោក ហោ ណាំហុងទៀត ដែលមានទាំងប្រពន្ធ
ទាំងកូនប្រពន្ធមុន
ទាំងប្រពន្ធក្រោយគឺនៅមូលនបគ្នាកាន់តួនាទីធំៗសុទ្ធតែកន្លែង
សម្រេចចិត្ត ហើយជ្រៀតជ្រែកកិច្ចការក្នុងក្រសួងពាណិជ្ជកម្ម
ដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនធ្លាប់បានព្រមានម្តងរួចមកហើយកាលពីខែមីនា ឆ្នំា២០១០
មកម្ល៉េះ តែមកដល់ពេលនេះ
ការព្រមាននោះគ្មានអ្វីផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ។
ទីបំផុតអ្នកអានកាសែតរបៀបនេះ ជាង២ទសវត្សរ៍
គឺមិនបានទទួលផលប្រយោជន៍អ្វីសោះពីអត្ថបទបែបនេះទេ
គឺថែមទាំងខាតពេលវេលាទៀត។
ដូច្នេះអ្នកអានគួរតែជ្រើសរើសយកកាសែតណាដែលមានអត្ថបទផ្តល់ផល
ប្រយោជន៍ និងចំណេះដឹងដើម្បីអភិវឌ្ឍខ្លួនឯង។
ជាមួយគ្នានេះដែរ
អ្វីដែលគួរឲ្យខ្មាសគេនោះកាសែតដែលចូលចិត្តតែបង្ហាញពីរូបភាព
ហិង្សា រូបភាពអាសអាភាសន៍
និងរូបភាពបែបហែកកេរ្តិ៍បុគ្គលជីវិតឯកជននៅទំព័រមុខនោះ
ដាក់បង្ហាញឲ្យសមាជិកអាស៊ានមកប្រជុំអាន។
កុំថាឡើយដល់ឲ្យអ្នកបកប្រែបកឲ្យស្ដាប់នោះ ផ្ទុយទៅវិញ
គេគ្រាន់តែឃើញតែរូបភាពឆ្អែតបាត់ទៅហើយ។ ទន្ទឹមនឹងនោះ
គេក៏អាចវាយតម្លៃគុណភាពនៃសារព័ត៌មានទាំងនោះនិងពីការពុំមាន
សុវត្ថិភាពក្នុងសង្គមផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
No comments:
Post a Comment