Wednesday, 4 July 2012

បង្ក្រាប​ទីតាំង​ផលិត​គ្រឿង​ញៀន​ដ៏​ធំ​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ

04 July 2012  ម៉ៃ ទិត្យថារ៉ា

កំពង់ស្ពឺៈ កម្លាំង​ចម្រុះ​ប្រមាណ​ជា​៥០​នាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ការ​ចុះ​បង្រ្កាប​ទីតាំង​សង្ស័យ​ផលិត​គ្រឿង​ញៀន​ដ៏ធំ​មួយ​កន្លែង ​នៅ​ក្នុង​ភូមិ​កូន​ត្រុំ ឃុំ​អូរ ស្រុក​ភ្នំស្រួច ដោយ​រឹប​អូស​សារធាតុ​គីមី​បាន​ចំនួន ៨២​ប៊ីដុង​និង​ឧបករណ៍​ផលិត​គ្រឿង​ញៀន​ជាច្រើន​ទៀត។

លោក ចាន់ ដា មេបញ្ជា​ការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ចុះ​បង្ក្រាប​ទី តាំង​ផលិត​គ្រឿង​ញៀន​នោះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​ដើម្បី​ធ្វើ​ការ​បិទ​ទីតាំង​ដែល​ ជា​កន្លែង​សង្ស័យ ផលិត​គ្រឿង​ញៀន​នោះ​កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា បន្ទាប់​ពី​មាន​កម្មករ​ជា​ជនជាតិ​ខ្មែរ​ជា​អ្នក​យាម​ឃ្លាំង​ធុំ​ក្លិន​មិន ល្អ​ភាយ​ចេញ​ពី​ក្នុង​ឃ្លាំង​ បាន​​មក​ប្តឹង​សមត្ថកិច្ច។ លោក​ បាន​ឲ្យ​ដឹង​ថា ៖ «បន្ទាប់​ពី​ការ​ឆែកឆេរ យើង​សង្ស័យ​ថា​កន្លែង​នេះ​ធ្លាប់​បាន​ផលិត​គ្រឿង​ញៀន​ហើយ​នាំ​ចេញ​ម្តង ឬ​ពីរ​ដង​រួច​ទៅ​ហើយ​ ពីព្រោះ​នៅ​ពេល​ឆែកឆេរ​ឃើញ​សុទ្ធ​តែ​កំណក​ ហើយ​ម្សៅស​មួយ​ចំនួន​ត្រូវ​បាន​ពួក​គេ​កប់​នៅ​ក្នុង​ដី​»។

លោក​បាន​ ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​យុទ្ធនាការ​ចុះ​ឆែកឆេរ​នោះ​កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ប៊ីដុងជ័រ ខៀវ​ផ្ទុក​សារធាតុ​គីមី​ចំណុះ​១០០​លីត្រ​ចំនួន​៧១​ និង​ប៊ីដុង​ចំណុះ​៥០ លីត្រ​ចំនួន​១១ ម៉ាស៊ីន​សម្ងួត​ចំនួន​បួន កែវ​បាឡុង​និង​ឧបករណ៍​សម្រាប់​ផលិត​មួយ​ចំនួន​ទៀត​។
លោក ចាន់ ដា បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ទីតាំង​នោះ​កាល​ពី​មុន​ជា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ តែ​ក្រោយ​មក​មាន​ជន​ជាតិ​ចិន​តៃវ៉ាន់​ ជន​ជាតិ​ស្បែក​ស​និង​កូឡុំប៊ី បាន​មក​ជួល​ដោយ​យក​លេស​ថា​ចិញ្ចឹម​ជ្រូក​ ហើយ​ជាង​មួយ​ខែ​មុន​មាន​កុងតឺន័រ​មួយ​គ្រឿង​បាន​ដឹក​ឧបករណ៍​ដែល​ផលិត​ សារធាតុញៀន​ចូល​ក្នុង​កសិដ្ឋាន ហើយ​បាន​ប្រាប់​អ្នក​យាម​ឃ្លាំង​ថា​ ជា​ឧបករណ៍​សម្អាត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ហើយ​អ្នក​បច្ចេកទេស​របស់​ពួក​គេ​តែងតែ​មក​ពិនិត្យ​មើល​៤​ទៅ ៥​ថ្ងៃ​ម្តង​។ លោក បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «យើង​នៅ​មិន​ទាន់​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ទេ ហើយ​យើង​កំពុង​តែ​ទាក់ទង​ម្ចាស់​ដី​ដើម្បី​មើល​ឯកសារ​ជួល​ តែ​យើង​បាន​ដឹង​អត្តសញ្ញាណ​ជន​ទាំង​នោះ​មួយ​ចំនួន​ហើយ​»។​

លោក ​បាន​បន្ថែម​ថា ​នេះ​ជា​ករណី​បង្ក្រាប​បទ​លើ្មស​ទ្រង់​ទ្រាយ​ធំ​លើក​ទីពីរ​ហើយ​នៅ​ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ការ​បង្ក្រាប​លើក​ទី​មួយ​នៅ​ក្នុង​ឆ្នាំ២០០៧ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែក​ឆេរ​នៅ​ទីតាំង​ផលិត​គ្រឿង​ញៀន​មួយ​នៅ​ឃុំ​ ត្រែង​ត្រយឹង​ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ដែល​មាន​ចម្ងាយ​ពីទី​នេះ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ ហើយ​បាន​ប្រទះ​ឃើញ​ម៉ាស៊ីន​ផលិត​គ្រឿង​ញៀន ម៉ាស៊ីន​កិន​ និង​សារធាតុ​លាយ​ផ្សំ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ ទីតាំង​នេះ​ផលិត​គ្រឿង​ញៀន​មេតំហ្វេតាមីន។
កម្លាំង​​ប៉ូលិស​ ប៉េអឹម​ប្រមាណ​ជា​៥០​នាក់​ត្រូវ​បាន​ពង្រាយ​ហ៊ុមព័ទ្ធ​ទី​តាំង​ដែល​សង្ស័យ ថា​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​នោះ​ចាប់​តាំងពី​ម៉ោង​ ៣ រសៀល​ថ្ងៃ​ទី​២ ខែ​កក្កដា​ រហូត​ដល់​ម៉ោង ៩និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែ​កក្កដា​ទើប​អាជ្ញាធរ​ចម្រុះ​បាន​ចាក់​សោ​របង​របស់​កសិដ្ឋាន​ដើម្បី​ធ្វើ​ ការ​ឆែកឆេរ ដោយ​នៅ​ក្នុង​បរិវេណ​កសិដ្ឋាន​នោះ​មាន​រោង​ធ្វើ​អំពី​ឥដ្ឋ​ចំនួន​៥​ល្វែង ដែល​ផ្ទុក​ឧបករណ៍​និង​សារធាតុ​ផ្សំ​ផលិត​គ្រឿង​ញៀន។

លោក​ម៉ែន សុផល​ នាយ​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​ បាន​ឲ្យ​ដឹង​ថា​ តាម​ធ្វើ​ការ​ពិនិត្យ​សារធាតុ​ផ្សំ​គ្រឿង​​ញៀន​ជាច្រើន អាច​សន្និដ្ឋាន​បាន​ថា​ទីតាំង​នេះ ​គឺជា​កន្លែង​ផលិត​គ្រឿង​ញៀន​មេតំហ្វេតាមីន ហើយ​អាច​ធ្លាប់​ផលិត​នាំ​ចេញ​១​ឬ​២​លើក​រួច​ទៅ​ហើយ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖ «​អ្វី​ដែល​យើង​បារម្ភ​ គឺ​​សារធាតុ​ផ្សំ​ដែល​ពួក​គេ​បាន​ចាក់កប់​ចូល​ទៅ​ក្នុង​ដី​វា​អាច​បង្ក​ គ្រោះថ្នាក់»។

លោក​ មាន​ប្រសាសន៍​ថា​ កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន​នោះ​មិន​ស្គាល់​ជាតិ​គីមី​ផលិត​ គ្រឿង​ញៀន​ទេ​ គាត់​មាន​អាការ​ហើម​មុខ​ក៍​ទៅ​រក​ពេទ្យ​មើល​ ហើយ​ពេទ្យ​ថា​ពួក​គេ​ត្រូវ​រង​នូវ​សារធាតុ​គីមី​ទើប​ពួក​គេ​ប្តឹង​សម្ថកិច្ច ​ឲ្យ​ចុះ​ទៅ​ត្រួត​ពិនិត្យ។ លោក​ បន្ត​ថា​ ៖«ការ​ភាយ​ក្លិន​ចេញ​ពី​ក្នុង​កសិដ្ឋាន​នោះ​ គឺវា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ផង​ដែរ ដូច្នេះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរៗ​នោះ​ត្រូវ​តែ​ចៀសវាង​ការ​ប្រើប្រាស់​ ទឹក​នៅ​ក្បែរ​នោះ»។
ប្រាង រ៉ា អាយុ ៣០ ឆ្នាំ ​ដែល​រស់​នៅ​ក្បែរ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​នេះ​ទើប​តែ​ចាប់​ផ្តើម​ធ្វើ​របង​អំពី​ឥដ្ឋ​ប្រហែល​ជា​ជិត​២​ខែ​ ប៉ុណ្ណោះ​ តែ​គាត់​មិន​ដឹង​ថា​ពួក​គេ​ធ្វើ​អ្វី​នោះ​ទេ​ ឃើញ​ធ្លាប់​មាន​កុងតឺន័រ​មួយ​ធ្លាប់​បើក​ចូល​ក្នុង​បរិវេណ​កសិដ្ឋាន​ ប៉ុន្តែ​នៅ​ក្នុង​កសិដ្ឋាន​នោះ​ពុំ​ឃើញ​មាន​កម្មករ​ច្រើន​ទេ​។ អ្នក​ស្រី បាន​ឲ្យ​ដឹង​ថា​ ៖ «​ខ្ញុំ​ទើប​តែ​ដឹង​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​រមាស់​ គឺ​ដោយ​សារ​តែ​សារធាតុគីមី​ចេញ​ពី​ខាង​ក្នុង​កសិដ្ឋាន​ ​ដែល​ត្រូវ​បាន​ប៉េអឹម​គេ​ចុះ​មក​ហ៊ុមព័ទ្ធ កាល​ពី​ថ្ងៃ​ម្សិលមិញ ពី​មុន​ខ្ញុំ​ស្មាន​តែ​កម្ទេច​ដែល​ធ្លាក់​មក​ពី​ដំបូល​ផ្ទះ​ ខ្ញុំ​មិន​ដឹង​សោះ​ថា​ជិត​ផ្ទះ​ខ្ញុំ​គឺ​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​»។

គុជ រី អាយុ ៤៥​ ឆ្នាំ ដែល​ជា​អ្នក​យាម​ដី​និង​ឃ្លាំង​បាន​ឲ្យ​ដឹង​ថា ខ្លួន​ទើប​តែ​មក​យាម​ដី​ឲ្យ​​គេ​បាន​ចំនួន​ជិត​២​ ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​រូប​គេ​បាន​ធ្វើ​របង​ឲ្យ​កសិដ្ឋាន​រួច​រាល់​ហើយ​។ ម្ចាស់​ដី​របស់​លោក​ គឺ​លោក​ឧកញ៉ាសុខ រ៉ាថន​ តែ​លោក​ពុំ​បាន​ដឹង​ថា​នៅ​ក្នុង​កសិដ្ឋាន​នោះ​គេ​ធ្វើ​អ្វី​នោះ​ទេ​គឺ​គេ​ គ្រាន់​តែ​ប្រាប់​ថា​ចិញ្ចឹម​ជ្រូក​។ លោក ​បាន​ឲ្យ​ដឹង​ថា​ ៖ «​ខ្ញុំ​ពុំ​បាន​ដឹង​​ថា​កន្លែង​ខ្ញុំ​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ទេ ពីព្រោះ​ចិន​គេ​ប្រាប់​ថា​ឧបករណ៍​ទាំង​អស់​គឺ​សម្រាប់​ចិញ្ចឹម​ជ្រូក​»។

លោក ​ខៀវ សាម៉ន ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ទីតាំង​នោះ​ជា​ទីតាំង​សង្ស័យ​ផលិត​គ្រឿង ញៀន​នៅ​ឡើយ​ទេ​ ពី​ព្រោះ​អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ការ​ពិនិត្យ​នឹង​កោសល្យ​វិច្ច័យ​នៅ​ឡើយ​ ដូច្នេះ​ប្រសិន​បើ​ហ៊ាន​ធ្វើ​ការ​សន្និដ្ឋាន​មុន​វា​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​របស់​គេ។​ លោក​បាន​ឲ្យ​ដឹង​ថា​ ៖ «​វា​គ្រាន់​តែ​ជា​សារធាតុគីមី ដូច្នេះ​យើង​មិន​ដឹង​ថា​វា​ជា​ស្អី​ទេ​ សារធាតុ​គីមី​ជាច្រើន​ទើប​អាច​ផ្សំ​ជា​គ្រឿង​ញៀន​បាន​»។

លោក សុខ រ៉ាថន មិន​អាច​ទំនាក់​ទំនង​សុំ​ធ្វើ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...