ដោយ វោហារ ជាតិ
2012-07-05
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលសុំទិដ្ឋាការទៅប្រទេសអាមេរិក បានរិះគន់មន្ត្រីស្ថានទូតអាមេរិក ផ្នែកការិយាល័យផ្ដល់ទិដ្ឋាការប្រចាំកម្ពុជា ថាមានការតឹងតែងក្នុងការផ្ដល់ទិដ្ឋាការឲ្យពួកគាត់ ថែមទាំងធ្វើឫក្សក្រអឺតក្រទមទៀតផង។រៀងរាល់ព្រឹកគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់ចាប់ពី២០ ទៅ ៥០នាក់ នាំគ្នាតម្រង់ជួរនៅស្ថានទូតអាមេរិក ដើម្បីសុំទិដ្ឋាការទៅអាមេរិក។
ពេលចេញមកវិញ អ្នកដែលបានទិដ្ឋាការមានទឹកមុខរីករាយ។ ក៏ប៉ុន្តែអ្នកខ្លះខកចិត្ត ព្រោះពួកគាត់មិនត្រឹមតែមិនបានទិដ្ឋាការដូចក្ដីរំពឹងទុកទេ តែថែមទាំងអស់ប្រាក់ចំនួន ១៦០ដុល្លារ ថែមទៀត គឺប្រាក់បង់ថ្លៃសេវាសម្រាប់ទិដ្ឋាការ។
ជាអាទិ៍ដូចជាប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ពោលទាំងសោកស្ដាយថា គាត់នៅតែមិនអស់ចិត្ត មិនដឹងថាគាត់ខ្វះឯកសារអ្វីបានជាស្ថានទូតមិនផ្ដល់ទិដ្ឋាការឲ្យ។
គាត់បានអះអាងថាគាត់បានទៅចូលរួមពិធីអាពាហ៍ពិពាហ៍កូននៅសហរដ្ឋអាមេរិក៖ «អ្នក គ្រប់គ្នាដែលគេទៅសម្ភាសដូចខ្ញុំ អ្នកណាក៏គេខឹង ហើយគេស្ដាយលុយគេដែលបង់អស់ ១៦០ដុល្លារ។ សម្ភាសន៍ហ្នឹង គ្មានអ្នកណាបានសម្ភាសច្រើន សួរតែពីរបីម៉ាត់ថា ឯកសារអ្នកឯងអត់គ្រប់ទេ។ ដល់ពេលគេសួរហេតុអីបានមិនគ្រប់ មិនគ្រប់ហ្នឹងខ្វះស្អី? គេអត់ប្រាប់ថាខ្វះស្អី ទេ។ លុយ ១៦០ដុល្លារគេពិបាករកណាស់ដល់សួរតែពីរបីម៉ាត់ស្រាប់តែឲ្យគេ ធ្លាក់»។
ចំណែកអ្នកសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ម្នាក់ទៀតដែលសុំមិន បញ្ចេញអត្តសញ្ញាណ ដែលធ្លាប់សម្ភាសន៍ធ្លាក់ដូចគ្នាដែរនោះ ក៏អះអាងប្រហាក់ប្រហែលគ្នានេះដែរ ៖ «ជាក់ស្ដែងខ្ញុំកទទួល អ៊ីចឹងដែរ។ ការសួររបស់អ្នកសម្ភាសហ្នឹងហាក់មិនយកចិត្តទុកដាក់ជាមួយនឹងអ្នក បេក្ខជនដែលត្រូវទៅសម្ភាសន៍ ឬក៏គាត់អាចមើលប្រវត្តិយើងហើយក៏មិនដឹង យើងអត់ដឹងរឿងរបស់គាត់»។
ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ជាទូទៅគេសម្គាល់ថា ជាទិដ្ឋាការទេសចរណ៍ ឬទិដ្ឋាការសម្រាប់ទៅលេងសហរដ្ឋអាមេរិកជាបណ្ដោះអាសន្នសម្រាប់ធ្វើ ការងារ ធ្វើមុខជំនួញ ទេសចរណ៍ ឬទៅសិក្សា។
លោក ហុក ប៊ុនលី រស់នៅភ្នំពេញ ដែលលោកអះអាងថា មានបងប្អូនមានគូដណ្ដឹងនៅអាមេរិក ហើយសុំទិដ្ឋាការអន្តោប្រវេសន៍ទៅនៅអាមេរិកមិនបាន បានរំលឹកថា ជួនកាលមន្ត្រីស្ថានទូតសម្ភាសអ្នកដាក់ពាក្យសុំទិដ្ឋាការ ស្ដាប់ទៅប្រៀបដូចជាប៉ូលិសសួរចម្លើយជនសង្ស័យបទល្មើសអ្វីមួយទៅ វិញ។
លោក ហុក ប៊ុនលី៖ «ពេលសួរសំណួរខ្លះហាក់ដូចជាដេញដោលមែនទែន ថាយើងស្គាល់គូដណ្ដឹងយើងហ្នឹងពេលទំនេរចូលចិត្តធ្វើអី? ហ្នឹងតាមគេសួរណា។ យើងថា ចូលចិត្តមើលសៀវភៅ ហើយគេសួរថា សៀវភៅហ្នឹងសៀវភៅអី? យើងថាសៀវភៅរឿង អ៊ីចឹងគេសួរទៀតថា រឿងអី? ដេញដោលរហូតអ៊ីចឹងរហូតដល់យើងឆ្លើយអត់ចេញ។ ចុះអ្នកណាហើយទៅដឹងទាំងអស់ បើគូដណ្ដឹងនៅនោះយើងនៅនេះ។ មួយសំណួរទៀតដែលពិបាកឆ្លើយហ្នឹងមិនដឹងយ៉ាងម៉េច មានន័យថា គេសួរដេញដោលយើងមែនទែនចង់ទម្លាក់ ឬយ៉ាងម៉េចទេ។ គេសួរថា ចុះក្រៅពីមើលសៀវភៅរឿងធ្វើអីទៀត? អ៊ីចឹងគាត់ថា កីឡា។ កីឡាអីគេ? វ៉ៃហ្គោល វ៉ៃជាមួយអ្នកណា? មិត្តភ័ក្ដិគេសួរថា មិត្តភក្ដិឈ្មោះអី? ចុះម៉េចដឹងឈ្មោះអី មិត្តភក្ដិនៅអាមេរិកនោះ ហើយយើងនៅស្រុកខ្មែរនេះ។ អ៊ីចឹងយើងឆ្លើយអត់ចេញ។ អ៊ីចឹងគេថា អ្នកឯងស្គាល់គ្នាមិនទាន់ច្បាស់ទេ គេមិនអាចឲ្យវីសាទៅបានទេ។ អ្វីដែលគេសួរដេញៗទាល់យើងទាល់គេវាយតម្លៃយកបណ្ដោយ។ អ្នកដែលត្អូញត្អែរភាគច្រើនមានបញ្ហាអ៊ីចឹងឯង»។
ទោះយ៉ាងណា ការត្អូញត្អែរនេះត្រូវបានមន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈនៃ ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ លោក សន មគ្គិនថស្ស (Sean J. McItosh) ឆ្លើយបំភ្លឺថា មន្ត្រីស្ថានទូតធ្វើការគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួន និងគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដើម្បីធ្វើឲ្យប្រាកដប្រជាថា ការផ្ដល់ទិដ្ឋាការឲ្យទៅអ្នកសុំគីមិនមែនជនឆបោក។ ចំពោះតម្លៃសេវាទិដ្ឋាការ ១៦០ដុល្លារ លោកអធិប្បាយតាមសារអេឡិចត្រូនិកថា នេះជាគោលការណ៍សកលរបស់រដ្ឋាភិបាលអាមេរិក ដែលបានសម្រេចដំឡើងថ្លៃទិដ្ឋាការពីចំនួន ១៤០ ទៅ ១៦០ ដុល្លារ ដើម្បីតម្រូវទៅនឹងសេចក្ដីត្រូវការ និងការរៀបចំទុកដាក់ឯកសារ និងសេវាទិដ្ឋាការ។
តម្លៃទិដ្ឋាការបារាំង ៧៥ ទៅ ៧៨ដុល្លារ កាណាដា ៧៥ដុល្លារ អូស្ត្រាលី ២០ដុល្លារ។ តម្លៃទិដ្ឋាការដែលថោកជាងគេទិដ្ឋាការទៅប្រទេសជប៉ុន គឺតម្លៃត្រឹមតែ ៣ម៉ឺនរៀល ហើយបើសម្ភាសយកទិដ្ឋាការធ្លាក់ក៏ស្ថានទូតមិនយកប្រាក់ដែរ។
ស្របពេលនេះដែរ ក៏មានពាក្យរិះគន់មន្ត្រីស្ថានទូតផ្នែកការិយាល័យទិដ្ឋាការដែរ ដូចជាថា ស្ថានទូតអាមេរិក មិនរើសបុគ្គលិកខ្មែរធ្វើការមានតែបុគ្គលិកជនជាតិអាមេរិកដែលពិបាក ក្នុងការប្រាស្រ័យទាក់ទងគ្នាជាភាសាខ្មែរពេលសម្ភាសន៍។ ក៏ប៉ុន្តែលោក សន មគ្គិនថស្ស ឆ្លើយថា ស្ថានទូតមានទាំងបុគ្គលិកខ្មែរទាំងអាមេរិក ធ្វើការងារគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ក្រុមមន្ត្រីទាំងនោះបានទទួលការហ្វឹកហាត់ការងារយ៉ាងស្ទាត់ជំនាញ មុនបញ្ជូនមកធ្វើការនៅទីនេះ។
ចំពោះការអះអាងរបស់លោក សន មគ្គិនថស្ស ត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គាំទ្រ។
លោកបញ្ជាក់ថា រូបលោកផ្ទាល់ត្រូវមន្ត្រីទូតអាមេរិកសម្ភាសពេលថ្មីនេះ ពេលលោកអញ្ជើញទៅអាមេរិកជាផ្លូវការរដ្ឋ៖ «មិន មែនដូចគេត្អូញត្អែរអ៊ីចឹងទេ គឺមានបុគ្គលិកខ្មែរធ្វើការនៅហ្នឹងដែរ។ ជនជាតិបរទេសមិនមែនខ្មែរគេនិយាយភាសាខ្មែរខ្ញុំអាចស្ដាប់បាន។ ប៉ុន្តែខ្លាចខ្មែរទៀតស្ដាប់មិនបាន ហើយបទពិសោធន៍មិនយូរពេកទេ ទើបថ្មីៗប៉ុន្មានខែមុននេះទេ។ ខ្ញុំបានឃើញដោយផ្ទាល់ គឺមានបុគ្គលិកខ្មែរធ្វើការនៅក្នុងហ្នឹងដែរ។ ខ្ញុំអត់ដឹងថា អ្នកដទៃហ្នឹងគេជួបស្ថានភាពខុសពីខ្ញុំ ផ្សេង ខ្ញុំគ្មានយោបល់ទេ។ តម្លៃទិដ្ឋាការខ្ញុំអត់ដឹងទេ ពីព្រោះកាលគេហៅខ្ញុំទៅសម្ភាសន៍ហ្នឹង គេអត់បានទារតម្លៃទិដ្ឋាការពីខ្ញុំទេ។ ប្រហែលជាខ្ញុំជាមន្ត្រីរាជការដែលត្រូវគេអញ្ជើញក៏មិនដឹងដែរ»។
តែប្រជាពលរដ្ឋខ្លះបានបន្លុយពាក្យថា មន្ត្រីស្ថានទូតអាមេរិក ពិតជាទទួលរាក់ទាក់លោក កុយ គួង ដូច្នេះពិតមែនហើយ ព្រោះលោក កុយ គួង ជាមន្ត្រីរាជការមានមុខមាត់មួយរូប ហើយត្រូវបានមន្ត្រីរដ្ឋាភិបាលអាមេរិកអញ្ជើញទៅទៀត វាពិតជាគ្មានបញ្ហាអ្វីកើតឡើងទេ។
គេនៅចាំបានថា ស្ថានទូតអាមេរិកបានបិទទ្វារការិយាល័យទិដ្ឋាការម្ដងរួចមកហើយ ហើយបានបណ្ដេញបុគ្គលិកខ្មែរបម្រើការផ្នែកការិយាល័យទិដ្ឋាការ ៣នាក់ ទាក់ទងរឿងអាស្រូវផ្ដល់ទិដ្ឋាការមិនប្រក្រតីនៅឆ្នាំ២០០២។ ពេលនោះ អ្នកសុំទិដ្ឋាការទៅអាមេរិក ត្រូវធ្វើដំណើរទៅស្ថានទូតអាមេរិកប្រចាំបាងកក ប្រទេសថៃ។
ប្រភពដែលដឹងរឿងនេះ បានរំលឹកដោយសុំមិនបញ្ចេញឈ្មោះថា អំពើពុករលួយនោះបានប៉ះពាល់កិត្តិយសខ្មែរយ៉ាងខ្លាំង ដោយសារការផ្ដល់ទិដ្ឋាការកាលនោះឲ្យទៅប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការមួយចំនួនដែលឆបោក ព្រោះពួកគេលាក់ខ្លួនសម្ងំរស់នៅអាមេរិក មិនវិលមកស្រុកវិញ៖ «ខ្ញុំ ស្គាល់ខាងសម្ដែងសាលាវិចិត្រសិល្បៈ កូនសិស្សវិចិត្រសិល្បៈមួយចំនួនទៅសម្ដែង រួចនៅហ្នឹង ហើយមានមន្ត្រីច្រើនទៅហើយអត់មកវិញក៏មានដែរ។ កាលហ្នឹងសម្បូរអ្នកអាចមានលទ្ធភាពគេចទៅហ្នឹងបានច្រើន»។
ប្រភពខ្លះអះអាងថា មានប្រជាពលរដ្ឋខ្មែរខ្លះ មានគំនិតចង់ទៅរស់នៅប្រទេសអាមេរិក ព្រោះយល់ថា អាមេរិកជាប្រទេសអ្នកមាន ស្រួលរស់នៅ។ ដូច្នេះហើយទើបមានខ្មែរខ្លះព្យាយាមទៅទាំងស្របច្បាប់ និងខុសច្បាប់ដើម្បីទៅរស់នៅប្រទេសអាមេរិក។
បើទោះបីជាមានអ្នករិះគន់យ៉ាងណាក្ដី
ក៏មានអ្នកដែលបានទទួលទិដ្ឋាការទៅអាមេរិក
កោតសរសើរគោលនយោបាយស្ថានទូតអាមេរិក
ក្នុងការផ្ដល់ទិដ្ឋាការនាបច្ចុប្បន្ននេះច្រើនដែរ។
លោក សាន សេដ្ឋា ប្រជាពលរដ្ឋរស់នៅភ្នំពេញ
ដែលដឹងរឿងអ្នកក្លែងបន្លំមន្ត្រីស្ថានទូតអាមេរិកកន្លងមក
បានសំណូមពរឲ្យមន្ត្រីស្ថានទូតដែលធ្វើការទាក់ទងការផ្ដល់ទិដ្ឋាការ
ទាំងអន្តោប្រវេសន៍ និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍
ឲ្យផ្ដល់ចំជនដែលត្រូវការទិដ្ឋាការពិតប្រាកដជាជាងផ្ដល់ឲ្យជន
ឆបោក ដែលធ្វើឲ្យប៉ះពាល់ដល់មោទនភាពជាតិខ្មែរដែរ។
តួលេខស្ថានទូតអាមេរិកបង្ហាញថា
ស្ថានទូតអាមេរិកបានផ្ដល់ទិដ្ឋាការដល់ពលរដ្ឋកម្ពុជា
ដែលមិនមែនអន្តោប្រវេសន៍ទៅអាមេរិក ចំនួន ៣.៤៤៣នាក់ នៅឆ្នាំ២០០៩ និង
៣.៥១៣នាក់ ក្នុងឆ្នាំ២០១០។
ចំពោះសំណួររបស់អ្នកសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ខ្លះថា
តើគាត់ត្រូវមានឯកសារអ្វីខ្លះទើបស្ថានទូតផ្ដល់ទិដ្ឋាការជូន?
លោក សន មគ្គិនថស្ស ឆ្លើយថា គឺមាន ៥ចំណុច។ ចំណុចទី១
អ្នកដាក់ពាក្យសុំគឺជាអ្នកមានបំណងទៅលេង ធ្វើជំនួញ
ឬព្យាបាលសុខភាព។ ចំណុចទី២
គឺត្រូវបញ្ជាក់ពេលវេលាស្នាក់នៅច្បាស់លាស់។ ទី៣
ត្រូវមានភស្តុតាងបញ្ជាក់អំពីមូលនិធិ
ឬប្រាក់ចំណាយនៅពេលស្នាក់នៅអាមេរិក។ ទី៤
ត្រូវមានភស្តុតាងបញ្ជាក់អំពីចំណងទាក់ទងសង្គម
និងសេដ្ឋកិច្ចនៅបរទេស។ ទី៥ ត្រូវមានលំនៅឋានក្រៅប្រទេសអាមេរិក
រួមទាំងមានចំណងទាក់ទងធានាថា
ពួកគាត់ពិតជាត្រឡប់វិញបន្ទាប់ពីបានស្នាក់នៅប្រទេសអាមេរិករួច
ហើយ៕
No comments:
Post a Comment