ដោយ ទីន ហ្សាការីយ៉ា
ក្រុមអ្នកតាមដានសង្គម រិះគន់ការបំពេញការងាររបស់មន្ត្រីរាជការមួយចំនួន ថាធ្វើការបែបការិយាធិបតេយ្យ និងអសមត្ថភាពនៅក្នុងការគ្រប់គ្រងស្ថាប័ននីមួយៗ។
ក្រុមអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បានលើកឡើងថា មន្ត្រីរាជការបម្រើការងារនៅតាមស្ថាប័នរដ្ឋ ធ្វើការបាត់បង់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងគ្មានវិន័យ ពីព្រោះថា នៅតាមស្ថាប័នទាំងនោះ បុគ្គលិកនីមួយៗធ្វើការមិនបង្កភាពងាយស្រួលដល់អ្នកទៅទទួលសេវា នោះឡើយ។អ្នកស្រាវជ្រាវបានពន្យល់ថា មន្ត្រីរាជការទាំងអស់ ទោះបីជាបំពេញការងារប្រចាំថ្ងៃមិនសកម្ម មិនយកចិត្តទុកដាក់នឹងការងារយ៉ាងណាក៏ដោយ ក៏ពួកគេមិនប្រឈមនឹងការទទួលទោសកំហុសអ្វីដែរ ពិសេសមិនប្រឈមនឹងការដកចេញពីការងារដូចបុគ្គលិកបម្រើការងារនៅ ក្រុមហ៊ុនឯកជននោះទេ ដែលបញ្ហាទាំងនេះវារាំងស្ទះដល់ការអនុវត្តការងារឲ្យមាន ប្រសិទ្ធភាព។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា អស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ទាំងរដ្ឋាភិបាល ទាំងប្រទេសជាម្ចាស់ជំនួយ បានមើលរំលងអំពីការបំពេញការងាររបស់មន្ត្រីរាជការដែលបម្រើការងារ នៅស្ថាប័នរដ្ឋ ពីព្រោះថា រដ្ឋាភិបាល ឬក្រសួងនីមួយៗ មិនមានតារាងវិភាគទៅលើតួនាទី និងភារកិច្ចរបស់មន្ត្រីនីមួយៗឲ្យបានច្បាស់លាស់។
លោក កែម ឡី៖ «រដ្ឋាភិបាលមិនហ៊ានធ្វើការវិភាគមុខងារ និងភារកិច្ចស៊ីជម្រៅ ទោះបីជាមានការជួយប្រាក់ឧបត្ថម្ភពីភ្នាក់ងារពិសេស PAC មានPOC មានជួយច្រើនក្ដី ហើយភ្នាក់ងារជាដៃគូជួយអភិវឌ្ឍក៏ទទួលស្គាល់ថា មិនមានប្រសិទ្ធភាពដែរ»។
ការបម្រើការងាររបស់មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋនីមួយៗ បានបង្កការលំបាកដល់ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋត្រូវការទៅ រត់ការឯកសារនានា ដូចជាការទៅបង់ពន្ធដីធ្លី ការរត់ការស្នើសុំបើកអាជីវកម្មផ្សេងៗ ប្រជាពលរដ្ឋត្រូវការរង់ចាំពេលវេលាច្រើនថ្ងៃ ពេលខ្លះត្រូវបង់លុយក្រោមតុជូន ឬសូកប៉ាន់ ជាថ្នូរនឹងការរត់ការលឿន ឬ ដើម្បីឲ្យគេយករៀបចំឯកសារជូនឲ្យបានឆាប់រហ័សជាដើម។
ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ឈ្មោះ មុន្នី បានឲ្យដឹងថា កាលពីសប្ដាហ៍មុនលោកបានទៅបង់ពន្ធរថយន្តនៅខណ្ឌទួលគោក ត្រូវចំណាយពេលចំនួនបីថ្ងៃទើបបង់ពន្ធបាន។ លោក មុន្នី អះអាងថា ប្រជាពលរដ្ឋភាគច្រើនដែលមិនដឹងរឿងអំពីការសូកប៉ាន់ ត្រូវឈររង់ចាំមន្ត្រីពន្ធដារទទួលយកឯកសាររបស់ខ្លួន ដែលចំណាយពេលទៅបង់ពន្ធជាច្រើនដង ប៉ុន្តែបើដឹងអំពីរបៀបបង់លុយក្រោមតុជូនគេ ទើបគេសម្រួលឯកសារបានលឿន។
លោក មុន្នី៖ «ដល់ពេលយើងដាក់ឯកសារ យើងដាក់ខាងមុខហ្នឹង យើងអត់ដឹងរឿងចេះតែចាំគេ ពីរបីថ្ងៃ ជួនកាលមន្ត្រីពន្ធដារប្រាប់ថា អស់ហើយក្រដាសពន្ធតំលៃ ២៥ម៉ឺនរៀល ១២ម៉ឺននោះ ខ្ញុំស្ដាប់ទៅវង្វេង។ ដល់ពេលចាំយូរពេក ខ្ញុំចុះមកកន្លែងផ្ញើម៉ូតូ សួរគេទៅ គេប្រាប់ឲ្យទៅបង់ខាងក្រោយ គេរត់ការឲ្យ ឲ្យគេ ២ម៉ឺន៥ពាន់ទៅ»។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសវនកម្មនៃរដ្ឋសភា លោកបណ្ឌិត ជាម យៀប បានទទួលស្គាល់ថា កន្លងមកការអនុវត្តការងាររបស់មន្ត្រីរាជការខ្លះ ធ្វើការងារព្រងើយកន្តើយនឹងការងាររបស់ខ្លួនមែន។
លោកបណ្ឌិត ជាម យៀប បានបំភ្លឺថា បច្ចុប្បន្ននេះរដ្ឋាភិបាលមានវិធានការតឹងតែងចំពោះមន្ត្រីប្រព្រឹត្ត អំពើពុករលួយទាំងឡាយ ដោយរដ្ឋាភិបាលបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយជាដើម៖ «ឥឡូវ មន្ត្រីមួយចំនួនកំពុងដាក់នៅក្នុងការពិនិត្យរបស់រដ្ឋ អង្គភាពប្រឆាំងអំពើពុករលួយ ដែលគេចង់បាន អ៊ីចឹងយើងកំពុងរឹតត្បិត យើងមិនអាចព្រួញមួយបាញ់បានសត្វបានទាំងបីម្ដងបានទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានពន្យល់ថា ប្រព័ន្ធការងាររបស់មន្រ្តីរាជការបច្ចុប្បន្ននេះ បុគ្គលិករដ្ឋធ្វើការលឿន និងយកចិត្តទុកដាក់នោះ លុះត្រាណាបុគ្គលិកទាំងនោះធ្វើការនៅចំកន្លែងដែលមានលុយ។ មានន័យថា គេមានឱកាសដើម្បីទទួលសំណូកបាន ទោះបីជាកម្ពុជា មានស្ថាប័នប្រឆាំងអំពើពុករលួយក្ដី។ ក្រុមអ្នកវិភាគបានឲ្យដឹងថា ការអនុវត្តការងារនៅស្ថាប័នរដ្ឋ ជាការបង្កើតការិយាធិបតេយ្យនៅក្នុងស្ថាប័នរដ្ឋ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា មន្ត្រីរាជការបម្រើការងារនៅស្ថាប័នរដ្ឋបច្ចុប្បន្នមានបញ្ហាជា ច្រើន ដែលរដ្ឋាភិបាលត្រូវតែពង្រឹងវិន័យឡើងវិញ ពីព្រោះថា មន្ត្រីរាជការមិនគោរពពេលវេលា វាខុសពីបុគ្គលិកធ្វើការនៅស្ថាប័នឯកជន រាល់ពេលបំពេញតួនាទី ឬផ្ដល់សេវាជូនប្រជាពលរដ្ឋទាល់តែមានលុយសូកពីប្រជាពលរដ្ឋ ទើបគេរហ័សរហួនធ្វើការ។
លោកបណ្ឌិត សុខ ទូច៖ «ការិយាធិបតេយ្យបង្កើតអន្ទាក់កាន់តែច្រើន ដើម្បីទទួលផល លាភពីភាពយឺតយ៉ាវហ្នឹង។ ទី២ នីតិវិធីនៃការបង្កភាពសាំញ៉ាំហ្នឹងកាន់តែច្រើន។ ឧទាហរណ៍ដូចជាបង់ពន្ធដី នីតិវិធីស្មុគស្មាញ ដែលប្រជាជនខ្មែរយើងមិនសូវចេះ ធ្វើឲ្យមានការលំបាក»។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បានពន្យល់ទៀតថា មន្ត្រីរាជការគេកម្រឃើញត្រូវថ្នាក់លើរបស់ខ្លួនដាក់ពិន័យ ឬដកចេញពីតួនាទីនោះ ដោយសារវាជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ មានន័យថា មន្ត្រីរាជការភាគច្រើនជាសមាជិកគណបក្សកាន់អំណាច និងជាប់សែស្រឡាយរបស់មន្ត្រីធំនៅក្នុងក្រសួង ឬស្ថាប័នទាំងនោះ។
ម្យ៉ាងវិញទៀត លោក កែម ឡី ជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បានអះអាងថា មន្ត្រីរាជការថ្នាក់ក្រោមធ្វើការមិនមានប្រសិទ្ធភាពនោះ ក៏វាទាក់ទងទៅនឹងប្រាក់បៀវត្សនៅមានកម្រិតទាបដែរ។ លោកបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលមានគោលនយោបាយដំឡើងប្រាក់បៀវត្សជូនមន្ត្រី រាជការក្នុង ១ឆ្នាំ ចំនួន ១៥% ក្ដី ប៉ុន្តែបើប្រៀបធៀបចំណូលថវិកាជាតិក្នុងឆ្នាំ១៩៩៣ មានប្រមាណ ៧០ ទៅ ៨០លានដុល្លារក្នុងមួយឆ្នាំ រីឯចំណូលថវិកាជាតិក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១ មានជាង ១.៧០០លានដុល្លារ ដូច្នេះការដំឡើងប្រាក់ខែ ១៥% នេះ នៅមានកម្រិតទាបនៅឡើយ។
លោក កែម ឡី៖ «តែប្រាក់បៀវត្ស កាលពីឆ្នាំ១៩៩៣ មានតិចបំផុតពី ២០ដុល្លារ និង ៣០ដុល្លារ ប៉ុន្តែបច្ចុប្បន្នកំណើនសេដ្ឋកិច្ចឡើងច្រើនហើយ ប្រាក់បៀវត្សមានត្រឹម ៣០ដុល្លារ ឬ ៤០ដុល្លារទេ ដូច្នេះកំណើតសេដ្ឋកិច្ចបច្ចុប្បន្នឡើងលើសពីមុនប្រហែល ២០ដង ដូច្នេះរដ្ឋាភិបាលគួរតែពិចារណាឡើងវិញចំពោះបញ្ហានេះ»។
ដោយឡែកចំពោះអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច វិញ មានទស្សនៈថា ការអនុវត្តការងារមិនល្អរបស់បុគ្គលិករដ្ឋនោះ វាមិនជាប់ពាក់ព័ន្ធនឹងកម្រិតប្រាក់ខែទាបទាំងស្រុងនោះទេ សំខាន់បំផុតគឺស្ថិតនៅលើក្រមសីលធម៌ វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងវិន័យ។
ក្រុមអ្នកវិភាគបានផ្ដល់អនុសាសន៍ថា ដើម្បីកែប្រែឲ្យមន្ត្រីរាជការអនុវត្តការងារមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវកំណត់ឲ្យមន្ត្រីរាជការមានក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពវិន័យ រើសមនុស្សដាក់ធ្វើការឲ្យត្រូវជំនាញ និងមានសមត្ថភាព កុំជ្រើសរើសយកមនុស្សតែក្រុមបក្សខ្លួនឯង។
ឆ្លើយតបទៅនឹងបញ្ហានេះ លោកបណ្ឌិត ជាម យៀប បានពន្យល់ថា ប្រទេសកម្ពុជាបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ។ អ្នកចេះដឹងភាគច្រើនត្រូវគេកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម ដូច្នេះមន្ត្រីរាជការមួយចំនួនបម្រើការនៅស្ថាប័នរដ្ឋខ្វះ សមត្ថភាព។ ប៉ុន្តែលោកអះអាងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងកែទម្រង់បន្តិចម្ដងៗ និងមានវិធានការតឹងរ៉ឹងចំពោះមន្ត្រីរាជការដែលប្រព្រឹត្តអំពើ ពុករលួយនោះ៕
No comments:
Post a Comment