Saturday, 21 July 2012

អាស៊ានអំពាវនាវឲ្យភាគីជាប់ពាក់ព័ន្ធសមុទ្រចិនខាងត្បូងបន្តអត់ធ្មត់ និងយកច្បាប់អន្តរជាតិមកនិយាយ

Friday, 20 July 2012 18:04 ដោយៈ បាន ចក់-Posted ID-030 

ភ្នំពេញៈ បន្ទាប់ពីកម្ពុជាបានដាក់ចំណុច ជាគោលការណ៍ទៅកាន់ បណ្តាសមាជិកអាស៊ានទាំង អស់ ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២នេះ អាស៊ានបាន អំពាវនាវដល់ប្រទេសទាំងអស់ ដែលជាប់ពាក់ព័ន្ធអំពីបញ្ហា ដែនសមុទ្រខាងត្បូងបន្តការអត់ធ្មត់ ហើយត្រូវធ្វើការដោះស្រាយគ្នា ដោយកុំប្រើប្រាស់អាវុធ និងគួរតែយកច្បាប់អន្តរជាតិមកនិយាយ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមាន ប្រសាសន៍ប្រាប់ដល់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនាវិមានសន្តិភាពថាសមាជិកអាស៊ាន ទាំងអស់ បានតាំងចិត្តនិងប្តេជាជាថ្មី ដើម្បីឲ្យមានសន្តិសុខក្នុងតំបន់ ជាពិសេសគឺបញ្ហាសមុទ្រ ចិនខាងត្បូង ដែលបច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធជាមួយ នឹងប្រទេសមហាយក្សចិន ជាមួយនិង សមាជិកអាស៊ានចំនួនបួននោះ រួមមានប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ។

លោក ហោ ណាំហុង បានមានប្រសាសន៍ថា អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍ ចំនួន៦ ចំណុច ដើម្បីបញ្ជាក់អំពីជំហររបស់ពួកគេ អំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលចំណុចជា គោលការណ៍ទាំងនោះមានដូចជាៈ

១- ការអនុវត្តទាំងស្រុងនូវសេចក្តីប្រកាស ពាក់ព័ន្ធនិងការប្រតិបត្តិ នៃភាគីនៅសមុទ្រចិនខាងត្បូង (២០០២)
២- គោលការណ៍ណែនាំសម្រាប់ ការអនុវត្តសេចក្តីប្រកាសពាក់ព័ន្ធ និងការប្រតិបត្តិនៃភាគីនៅសមុទ្រចិនខាងត្បូង (២០១១)
៣- សម្រេចឱ្យបានឆាប់ នូវក្រមប្រតិបត្តិតំបន់នៅសមុទ្រចិនខាងត្បូង
៤- គោរពទាំងស្រុងគោលការណ៍ នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលមានការទទួលស្គាល់ជាសកល
៥- បន្តរក្សាភាពអត់ធ្មត់ និងការមិនប្រើកម្លាំងនៃគ្រប់ភាគីទាំងអស់
៦- ការដោះស្រាយវិវាទនេះ ដោយសន្តិវិធីស្របទៅតាមគោលការណ៍ នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលមានការទទួលស្គាល់ជាសកល។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ប្តេជ្ញាបង្កើនការសិក្សាពិគ្រោះយោបល់របស់អាស៊ាន ដើម្បីជំរុញនូវគោលការណ៍ខាងលើនេះ ស្របទៅតាមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (១៩៧៦) និង ធម្មនុញ្ញអាស៊ាន (២០០៨)។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមានប្រសាសន៍បន្តថា អាស៊ានក៏ដូចជាមហាយក្សចិន គឺមានគោលបំណងដូចគ្នាតែមួយ ពួកគេចង់និយាយអំពី ក្រមប្រតិបត្តិ CoC (Code of Conduct) ដើម្បីជំរុញឲ្យ DoC ( Declaration of Conduct) បានសម្រេច។

លោក ហោ ណាំហុង បានមានប្រសសន៍បន្តថា បញ្ហា CoC នេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន តែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឲ្យមានការប្រជុំមិនផ្លូវការរបស់ ឧត្តមមន្រ្តីអាស៊ាន ជាមួយនិង ចិន ដើម្បីផ្លាស់ប្តូរយោបល់អំពី CoC នោះ។ «ខិតខំកាលពីឆ្នាំ២០០២ សម្រចបាន DoC (សេចក្តីថ្លែងការណ៍រួម នៃក្រមប្រតិបត្តិ) ដែលជាឯកសារមួយសំខាន់ណាស់ សម្រាប់ដោះស្រាយបញ្ហានៅសមុទ្រ ចិនខាងត្បូង ១០ឆ្នាំក្រោយមក កម្ពុជាក៏ខិតខំដើម្បីឲ្យឈានទៅរក ការចរចារបញ្ហាក្រមប្រតិបត្តិ CoC ទៀត»។

សូមបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះហើយ ដែលជាបញ្ហាក្តៅគគុកជាងគេក្នុងតំបន់ ក៏ដូចជាពិភពលោក ហើយក៏ជាឧបសគ្គធំជាងគេ ចំពោះសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៥ ដែលបានបញ្ចប់កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២កន្លងទៅនេះ មិនបានចេញផងដែរ។

ជាមួយនិងសេចក្តីថ្លែងការណ៍ទាំង ៦ចំណុចខាងលើ ដែលអាស៊ានបានចេញនៅថ្ងៃទី២០ ខែកក្កដា ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសាទរដោយចាត់ទុកថា សេចក្តីថ្លែងការណ៍ទាំង៦ចំណុច ជាជោគជ័យដ៏ធំមួយរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន៕

Photo by DAP-News

No comments:

WIPO-Harvard Law School Course on Patent Law and Global Public Health

Patent Law and Global Public Health hashtag - WIPO-Harvard Law School Course on Patent Law and Global Public Policy Health . https://lnkd.i...