Monday, 16 July 2012

វិភាគ៖ កម្ពុជា​អាចមាន​អតិផរណា​សញ្ញាប័ត្រ​ជាន់​ខ្ពស់​​នាពេល​អនាគត?

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  11-07-2012, 10:07 am) |  ដោយ កញ្ញា បូរមី

ភ្នំពេញ៖ និស្សិត ​ខ្មែរ​កាន់តែច្រើន​កំពុង​រៀន​យក​សញ្ញាប័ត្រ​អនុបណ្ឌិត​និង​បណ្ឌិត។ នេះ​ជាស​ញ្ញា​ល្អ​មួយ​ក្នុង​វិស័យ​អប់រំ។ ប៉ុន្តែ គុណភាព​សញ្ញាប័ត្រ​គឺជា​ក្តីបារម្ភ​ជាទូទៅ​មួយ។ សម្រាប់​ក្រុមអ្នកតាមដាន​ព្រឹត្តិការណ៍​នេះ ប្រសិនបើ​គេ​មិន​ពង្រឹងគុណភាព​សញ្ញាប័ត្រ​ទេ កម្ពុជា​អាច​នឹង​ប្រឈម​នឹង​អតិផរណា​ថ្នាក់អនុបណ្ឌិត​ឬ​ថ្នាក់បណ្ឌិត​ដែល​ គ្មាន​គុណភាព​ជាមិនខាន។


សព្វថ្ងៃនេះ មាន​និស្សិត​ច្រើន​ម៉ឺន​នាក់​បាន​ចេញពី​សាកលវិទ្យាល័យ​ជា​រៀងរាល់ឆ្នាំ។ ប្រទេស​កម្ពុជា​មិន​ខ្វះ​ទៀតឡើយ​ចំនួន​និស្សិត​ទទួលបាន​សញ្ញាប័ត្រ​បរិ​ញ្ញា ​ប័ត្រ អនុបណ្ឌិត និង​បណ្ឌិត ប៉ុន្តែ ធនធានមនុស្ស​ដែល​មានតែ​សញ្ញាប័ត្រ​តែ​មិនសូវមាន​គុណភាព និង​កង្វះ​ការងារ​សមរម្យ​សម្រាប់​អ្នក​ទាំងនោះ​គឺជា​ចំណោទបញ្ហា​សង្គម​មួយ។ បើ​យោងតាម​ការអង្កេត​ជាក់ស្តែង កង្វះ​ការងារ​សមរម្យ​សម្រាប់​អ្នកមាន​សញ្ញាប័ត្រ​ខ្ពស់​អាចជា​រឿង​មួយ ប៉ុន្តែ បញ្ហា​មួយទៀត​ដែល​អ្នកជំនាញ​មួយចំនួន​កំពុងតែ​បារម្ភ​ដែរនោះ​គឺ សញ្ញាប័ត្រ​ហាក់​បានមក​ដោយ​ស្រួល​ពេក​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ ធនធានមនុស្ស។ មិនមែន​តែ​និស្សិត​ទេ​ដែល​កំពុង​ផ្អើល​រៀន​យក​សញ្ញាប័ត្រ​ថ្នាក់ខ្ពស់ ប៉ុន្តែ មន្ត្រីរាជការ​មួយចំនួន​ក៏​កំពុង​ផ្អើល​នាំគ្នា​រៀន​យក​សញ្ញាប័ត្រ​ខ្ពស់​ ផុត​លេខ​នេះដែរ។

តើ​មូល​ហេតុអ្វី​បាន​ជាមាន​និន្នាការ​រៀន​យក​សញ្ញាប័ត្រ​ជាន់ខ្ពស់​នេះ?

ហេតុផល​ទី១ វា​មិន​ពិបាក​ក្នុង​ការឆ្លើយ​ទេពី​ព្រោះ​ជា​ក្រិត​ក្រម​សត្យានុម័ត នៅពេលដែល​មនុស្ស​មាន​ឱកាស​កាន់តែច្រើន មាន​ជីវភាព​កាន់តែ​ធូរធារ ពួកគេ​ចង់​តោង​ចាប់យក​ការសិក្សា​កាន់តែ​ខ្ពស់។ ការសិក្សា​កាន់តែ​ខ្ពស់​ធ្វើអោយ​មនុស្ស​មានការ​ពិចារណា​កាន់តែ​ជ្រៅ។ ការពិចារណា​កាន់​ជ្រៅ​អាច​ជំ​រុញអោយ​មនុស្ស​មានលទ្ធភាព​ទទួលបាន​ជ័យជំនះ​ ក្នុង​ជីវិត​កាន់​ច្រើន។ ប្រទេសមួយ​ដែល​ស​ប្បូរ​អ្នកចេះដឹង​នឹង​ស្គាល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ និរន្តរភាព។

ហេតុផល​ទី២ អ្នករៀន​យក​សញ្ញាប័ត្រ​ថ្នាក់ខ្ពស់​មួយចំនួន​ហាក់​មាន​និ​ន្ន​ការចង់បាន​ កិត្តិយស​ច្រើនជាង​ចំណេះដឹង មានន័យថា ពួកគេ​រៀន​បន្ត​យក​សញ្ញាប័ត្រ​អនុបណ្ឌិត​ឬ​បណ្ឌិត​គឺ​ដោយសារតែ​ចង់អោយ​ មនុស្ស​នៅ​ជុំវិញខ្លួន​ឬ​សង្គម​អោយ​តម្លៃ​ទៅលើ​ពួកគេ។ អ្នក​ខ្លះទៀត សុខចិត្ត​បន្ត​ការសិក្សា​យក​សញ្ញាប័ត្រ​ជាន់ខ្ពស់​គឺ​ដោយសារតែ​ពួកគេ​មាន​ តួនាទី​តំណែង​ខ្ពង់ខ្ពស់​នៅក្នុង​ជួរ​រដ្ឋាភិបាល។ នៅពេលដែល​ពួកគេ​មាន​តំណែង​ខ្ពស់​ហើយ ដូច្នេះ ពួកគេ​ត្រូវការ​សញ្ញាប័ត្រ​ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​តំណែង​របស់​ពួកគេ។ មាន​តំណែង​ខ្ពស់ មាន​សញ្ញាប័ត្រ​ខ្ពស់ ពួកគេ​អាច​ចៀស​ផុតពី​ការរិះគន់​របស់​មនុស្ស​នៅក្រោម​ប​ង្គ្រា​ប់។ នេះ​ជា​គំនិត​ត្រឹមត្រូវ ប៉ុន្តែ តើ​សញ្ញាប័ត្រ​នោះ​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​រៀនសូត្រ​រប​ស់​ពួកគេ​ដែរឬទេ? នេះ​ទើប​ជា​សំណួរ​សំខាន់។

 រីឯ​មូលហេតុ​ទី៣វិញ អ្នកសិក្សា​ដែល​ប្រាថ្នា​ចង់បាន​សញ្ញាប័ត្រ​ជាន់ខ្ពស់​ពីព្រោះ​ពួកគេ​ រំពឹងថា រៀន​កាន់តែ​ខ្ពស់​ទទួលបាន​ប្រាក់ខែ​កាន់តែច្រើន។ ប៉ុន្តែ ដោយសារតែ​សញ្ញាប័ត្រ​ខ្វះ​គុណភាព អ្នក​រៀនសូត្រ​មួយចំនួន​បានទទួល​ការខកចិត្ត​ដ្បិត​គ្មាន​ការងារ​ធ្វើ​ទៅវិញ។

អ្នកជំនាញ​សង្គម​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​វិភាគ​ថា ជារួម រៀន​តែ​កាន់​ខ្ពស់​គឺជា​ប្រការ​ល្អ​សម្រាប់​ជីវិត​របស់​បុគ្គល​ខ្លួនឯង​និង​ សម្រាប់​សង្គមជាតិ​ទាំងមូល។ ប៉ុន្តែ នៅ​កម្ពុជា​បច្ចុប្បន្ន  និស្សិត​ដែលមាន​សញ្ញាប័ត្រ​ខ្ពស់​មួយចំនួន​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុង​ ការរក​ការងារ​ធ្វើ។ បញ្ហា​បណ្តាលមកពី​ទីផ្សារការងារ​ជាច្រើន​មិនទាន់​ហ៊ាន​អោយ​តម្លៃ​ប្រាក់ខែ​ ខ្ពស់​ទេ បញ្ហា​នេះ បានធ្វើ​ឲ្យ​ការងារ​សម្រាប់​អ្នកមាន​សញ្ញាប័ត្រ​ខ្ពស់​ហាក់​នៅមានកម្រិត។

និយាយ​បែបនេះ​មិនមែន​មានន័យថា ប្រទេស​កម្ពុជា​មិនត្រូវ​ការ​អ្នកចេះដឹង​ច្រើន​នោះទេ តាមពិត​ប្រទេស​នេះ​នៅ​ខ្វះ​អ្នកចេះដឹង​ច្រើនណាស់​សម្រាប់​ជា​ធនធានមនុស្ស​ កសាង​ប្រទេស​ទៅ​ថ្ងៃ​ធនាគ​ត។ ប៉ុន្តែ គុណភាព​សញ្ញាប័ត្រ ការរៀនសូត្រ​ដែល​ខ្វះ​ការតម្រង់ទិស​ទៅរក​ទីផ្សារការងារ និង​ប្រព​ន្ធ័​គ្រប់គ្រង​សង្គម​ដែល​នៅ​ប្រកាន់​បក្សពួក​បានធ្វើ​ឲ្យ​ អ្នកចេះដឹង​ខ្ពស់​ខ្លះ​គ្មាន​ការងារ​ពិតប្រាកដ​ទៅវិញ។

សរុបសេចក្តី​មកវិញ ការសិក្សារ​យក​សញ្ញាប័ត្រ​ជាន់ខ្ពស់​ជា​ប្រការ​ល្អ​ហើយ ប៉ុន្តែ និស្សិត​ទាំងឡាយ​គួរ​ពិចារណា​រៀន​យកមុខ​វិជ្ជា​ជំនាញ​ផង។ ម្យ៉ាងវិញទៀត អ្នកសិក្សា​គួរតែ​ក្រឡេកមើល​គុណភាព​សិក្សា​ជាជាង​សំឡឹងមើល​តែ​សញ្ញាប័ត្រ ពោលគឺ ពួកគេ​គួរអោយ​តម្លៃ​លើ​សមត្ថភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ខ្លាំង​ជាជាង​ការ​ កាន់តែ​សញ្ញាប័ត្រ​ដើររក​ការងារ​ធ្វើ។ ម្យ៉ាងទៀត ប្រេ​សិន​បើ​គេ​មិន​ប្រញាប់​ពង្រឹងគុណភាព​សញ្ញាប័ត្រ​ទេនោះ កម្ពុជា​នឹង​ជួប​អតិផរណា​សញ្ញាប័ត្រ​ជាន់ខ្ពស់​ដែល​គ្មាន​គុណភាព​ជាមិនខាន៕ 

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...