Monday, 2 July 2012

តើ​មូលហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ក្នុង​ខណៈពេល​ដែល​ទីផ្សារ​ក្នុង​ស្រុក​កំពុង​ខ្វះ​កម្លាំង​ពលកម្ម?

ដោយ គី សុខលីម
 
កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ជា​ច្រើន​​ប៉ុន្តែ ​ព្រមពេល​ជាមួយគ្នា​បែរ​ជា​មាន​ពលករ​ខ្មែរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ធ្វើ​ ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ដូច​ជា​ទៅ​ប្រទេស​ថៃ​ឬ​​​ប្រទេស​ផ្សេង​ទៀត។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី?

សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​តែងតែ​និយាយ​ថា ពួកគេ​ខ្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យនេះ។ វិស័យ​កាត់ដេរ​ត្រូវការ​កម្មករ​ជំនាញ​កាត់ដេរ ជំនាញ​ពិនិត្យ​គុណភាព ជំនាញ​ជួសជុល​ម៉ាស៊ីន ជំនាញ​ច្នៃ​ម៉ូត​និង​ជំនាញ​ដទៃ​មួយ​ចំនួន​ផ្សេងទៀត។ នាពេល​កន្លងមក ដោយសារ​កម្ពុជា​ខ្វះ​កម្មករ​ជំនាញ​ខាង​ធ្វើ​ម៉ូត​សម្លៀក​បំពាក់ រោងចក្រ​មួយ​ចំនួន​បាន​ប្រើប្រាស់​​កម្មករ​ជំនាញ​ជនជាតិ​បរទេស។

លើសពីនេះទៅទៀត កាល​ពីពេល​ថ្មីៗ​កន្លងមក​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ខ្វះ​កម្លាំង​ពលកម្ម​ ទាំង​ក្នុង​​វិស័យ​សំណង់ វិស័យ​កសិកម្ម រហូតដល់​វិស័យ​ឧស្សាហកម្ម។ ប្រមុខរាជ​រដ្ឋាភិបាល​បាន​អំពាវនាវ​អោយ​ពលករ​ខ្មែរ​ដែល​សម្រុក​ទៅ​ធ្វើ​ការ​ ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​វិល​មក​រក​ការងារ​នៅ​ក្នុង​ស្រុក​វិញ។ លោក​បាន​ពន្យល់​ថា ការងារ​ក្រៅ​ស្រុក​មាន​ការ​លំបាក​ណាស់​បើទោះបី​ជា​ទទួល​បាន​ប្រាក់​កម្រៃ​ ខ្ពស់​បន្តិច​មែន។ ពួកគេ​ត្រូវ​​ទៅ​ឆ្ងាយ​ពី​ផ្ទះ ឆ្ងាយ​ពី​ប្រពន្ធ​កូន និង​ត្រូវ​ចំណាយ​ច្រើន​ទៀត​ផង។ លើស​ពី​នេះ ពួកគេ​ក៏​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផង​ដែរ។

មិនមែន​តែ​នៅ​ក្នុង​វិស័យក​សិកម្ម ឧស្សាហកម្ម​ឬសំណង់​ទេ​ដែល​ខ្វះ​កម្លាំងពលកម្ម​នោះ​ តាមពិត​ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឬ​ក្នុង​វិស័យ​មួយ​ចំនួន​ផ្សេងទៀត កម្ពុជា​ក៏​ប្រឈម​នឹង​កង្វះវិស្វករ​ជំនាញ​ដែរ។

តើ​មូលហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ក្នុង​ខណៈពេល​ដែល​ទីផ្សារ​ក្នុង​ស្រុក​កំពុង​ខ្វះ​កម្លាំង​ពលកម្ម?

នេះ​ជា​សំណួរ​ដែល​គួរតែ​ស្វែងយល់ និង​ត្រូវ​រក​ចម្លើយ។ ប្រភពពី​គ្រួសារ​ដែល​ទៅ​ធ្វើការ​នៅក្នុង​ទឹកដី​ថៃ ហើយ​ដែល​សមប្រកប​គ្មាន​ជួប​បញ្ហា​បាន​បង្ហើប​អោយ​ដឹងថា ប្រទេស​ជិតខាង​មួយ​នេះ​បានផ្តល់​ប្រាក់​កម្រៃ​ខ្ពស់ជាង​ការងារ​ក្នុងស្រុក​ យ៉ាងច្រើន។ សូម្បីតែ​កម្មករ​ដក​ដំឡូង ឬ​កាប់​អំពៅ​និង​ការងារ​ក្នុង​វិស័យ​កសិកម្ម​ជាច្រើន​ទៀត​ដែល​មិន​ទាមទារ​ ជំនាញ​​​ពលករម្នាក់ៗ​អាច​សន្សំ​បាន​ប្រាក់ច្រើន​រយ​ដុល្លារ​ក្នុង​មួយ​ខែៗ។ លើសពីនេះទៅទៀត ថៅកែ​​បាន​ផ្តល់​អាហារ និង​កន្លែង​ស្នាក់នៅ​បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​សមរម្យ​។

ប្រសិនបើ​គ្មាន​បញ្ហា​ដូចជា​ប៉ូលិស​ថៃ​ចាប់​ខ្លួន ឬក៏​ប៉ូលិស​ព្រំដែន​ខ្មែរ​ជម្រិត​ទារប្រាក់នោះ​ទេ ពួកគេ​អាច​សល់​ប្រាក់​មក​ផ្ទះ​យ៉ាង​សម​ប្រកប​ ជាជាង​ការងារ​សំណង់ ឬ​កម្មករ​រោងចក្រ​នៅក្នុង​ស្រុក​យ៉ាងច្រើន។

ងាក​មក​និយាយ​ពី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​វិញ ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​មាន​ប្រាក់​ខែ​គោល​៦១ដុល្លារ កម្មករ​ខ្មែរ​ត្រូវ​ចេញ​ថ្លៃ​ផ្ទះ និង​ថ្លៃ​អាហារ​ដោយ​ខ្លួន​ឯង។ ពួកគេ​ខិតខំ​សន្សំ តាម​រយៈ​ការ​ហូបចុក​យ៉ាង​ត្បឹត​ត្បៀត​បំផុត ទម្រាំ​សល់​ប្រាក់​បន្តិច​បន្តួច​សម្រាប់​ជួយ​គ្រួសារ។ នេះ​ជា​ហេតុផល​ដែល​ជំរុញ​អោយ​កម្លាំង​ពលកម្ម​ហូរ​ចេញពី​ប្រទេស​យ៉ាងច្រើន​ជា ​រៀង​រាល់​ថ្ងៃ។
ហេតុផល​មួយទៀត​ដែល​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​អោយ​កម្ពុជា​ខ្វះកម្លាំង​ ពលកម្ម​ដែរ​នោះ​គឺ​ដោយសារ​ប្រជាជន​ខ្មែរ​មួយ​ភាគ​គ្មាន​ជំនាញ ​គ្មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ដែល​អាច​ចាប់​យក​ការងារ​នៅ​ក្នុង​ប្រទេស​បាន។ ពេលខ្លះ​ ដោយសារកម្ពុជា​ខ្វះ​កម្មករ​ជំនាញ​ឬ​ខ្វះ​វិស្វករ​ជំនាញ ​ម្ចាស់ក្រុមហ៊ុន​ត្រូវ​បង្ខំចិត្ត​ជួល​អ្នក​ជំនាញ​បរទេស​ដែល​មាន​តម្លៃ​ ខ្លួន​ខ្ពស់។

ជា​ទូ​ទៅ ជនជាតិ​ខ្មែរ​ស្គាល់​ច្បាស់​ទស្សនៈ៖«ជួញ​ជិត​ជាជាង​ជួញ​ឆ្ងាយ»ពោលគឺ​គ្មាន​ អ្នកណា​ប្រាថ្នា​ចង់​ចេញទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​ឡើយ។ មិនចាំបាច់​ឡើយ​ដល់​ទៅបាន​ប្រាក់​ឈ្នួល​ស្មើ​នឹង​​ប្រទេសជិតខាង តែបើ​ទោះជា​កម្រិត​ប្រាក់​ឈ្មួ​ល​អប្បបរមា​ទាប​ជាងគេ​បន្តិច​ក៏ដោយ ក៏​ពលករ​ខ្មែរ​សុខចិត្ត​ទទួលយក​ការងារ​ជិត​ផ្ទះ​យ៉ាង​ប្រាកដ។

ដូច្នេះ វា​ដល់ពេល​ហើយ​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រង​ កម្លាំង​ពលកម្ម​របស់ខ្លួន​ដើម្បី​ទាក់ទាញ​កម្លាំង​ពលកម្ម​ទាំង​នោះ​អោយ​មក​ បម្រើ​ការងារ​ជា​ប្រយោជន៍​សម្រាប់​​សេដ្ឋកិច្ចជាតិ​ក៏​ដូច​ជា​កាត់​បន្ថយ​ ចលនា​ចំណាក​ស្រុក​ដ៏​គ្រោះថ្នាក់​ផង​ដែរ។
ប៉ុន្តែ​ដើម្បីដោះស្រាយបញ្ហាដែលកំពុង​កើតមាន​នេះបាន គេត្រូវគិតគូរឡើងវិញ​ជាបន្ទាន់​អំពីប្រាក់ឈ្នួល​​និង​គិតគូរ​ ពីសាលាបណ្តុះបណ្តាលកម្មករជំនាញ​និង​​វិស្វករ​ជំនាញ​៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...