Monday, 9 July 2012

វៀតណាម​កុម្មុយនិស្ត​៖ «លទ្ធិ​ប្រជាធិបតេយ្យ»​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 
ថ្ងៃ​​នេះ​​ ហ្សង់-ហ្វ្រង់ស័រ​ តាន់​សូម​​បន្ត​​ចាប់​​អារម្មណ៍​​ទៅ​​លើ​​ភូមិ​សាស្ត្រ​នយោបាយ​​នៃ​​ភូមិភាគ ​​អាស៊ី​​អាគ្នេយ៍​​ត​​ទៅ​​ទៀត​​ ដោយ​​សូម​​លើក​​ឡើង​​អំពី​​របប​​កុម្មុយនិស្ត​​វៀតណាម។ ​ជិត​​​៤០​​ឆ្នាំ​​ កន្លង​​មក​​ហើយ​​​ដែល​​វៀតណាម​​ខាង​​ជើង​​និង​​វៀតណាម​​ខាង​​ត្បូង បាន​​ បង្រួប​​បង្រួម​​គ្នា​​ទៅ​​ជា​​ប្រទេស​​តែ​​មួយ​​ដែល​​ដឹក​នាំ​​ដោយ​​គណបក្សកុម្មុយនិស្ត​។​ ទោះ​បី​​ជា​​បាន​​និង​​កំពុង​​បន្ត​​ធ្វើ​​សេរីកម្ម​​សេដ្ឋកិច្ច​​ តាំង​ពី​​ឆ្នាំ​​១៩៨៦​​មក​​ក្តី​​ ក៏​​វៀតណាម​​ដែល​​​យក​​តម្រាប់​​តាម​​ប្រទេស​​ចិន​​ នៅ​​តែ​​ជា​​ប្រទេស​​កាន់​​អំណាច​​ផ្តាច់ការ​​ក្នុង​​ពេល​​បច្ចុប្បន្ន។​


ក្រោយ​បន្ទាប់​ពី​ទីក្រុងសៃហ្កុង(Saigon) បាន​ធ្លាក់នៅ​ខែ​មេសា​ឆ្នាំ​ ១៩៧៥​ វៀតណាម​ខាង ជើង​និង​វៀតណាម​ខាងត្បូង​ត្រូវ ​បាន​បង្រួប​បង្រួម​គ្នាទៅ​ជា​ប្រទេស​តែ​មួយ ​វិញ​ដែល​ក្លាយ​ជា​របប​កុម្មុយ និស្ត​ផ្តាច់ការ ក្រោម​ឈ្មោះ​ថា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

ឥឡូវ​នេះ​ ជិត៤០​ឆ្នាំ​ក្រោយ​មក ជា​ផ្លូវការ​ទីក្រុង​ហាណូយ ​(Hanoi)​ ចាត់​ទុក​របប​នយោបាយ​នៃ​ប្រទេស​ខ្លួន​ថា ​ជា​"លទ្ធិ​ប្រជាធិបតេយ្យ ដឹក​នាំ​ដោយ​គណបក្ស​តែ​មួយ" នោះ គឺ​គណបក្ស​កុម្មុយ និស្ត​វៀតណាម​។ រដ្ឋា​ភិបាល​ពន្យល់ថា ​ខ្លួន​កំពុង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រីក​ចំរើន​សន្សឹមៗ​ ទៅ​មុខ​ដោយ​សន្តិវិធី​។

នៅ​ក្នុង​ន័យ​នេះ​ អាជ្ញាធរ​អះអាង​ថា នៅ​ពេល​បោះ​ឆ្នោត​សភា​ម្តងៗ តែង​តែ​មាន​តំណាង​រាស្រ្ត​មួយ​ចំនួន​ ដែល​មិន​មែន​ចេញ​មក​ពី​ជួរ​គណបក្ស​កុម្មុយនិស្ត​។ ជាក់ស្តែង​ វា​មាន​អ៊ីចឹង​មែន​បេក្ខជន​មិន មែន​កុម្មុយនិស្ត​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​ ២០០៧ ក៏​ដូច​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១១​ដែរ។

ក៏​ប៉ុន្តែ​ ការ​ពិត​ទាំងស្រុង វា​មិន​ដូច​មាត់​រដ្ឋា​ភិបាលថា​នោះ​ឡើយ​។ អ្នក​ដែល​មិនមែន​កុម្មុយនិស្ត​ ​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ លុះ​ត្រា​តែ​អ្នក​នោះ​ជា​បេក្ខជន​ឯកឯង​ គ្មាន​អង្គការ​នយោបាយ​ សង្គម​ឬ​សាសនា​ នៅ​ពី​ក្រោយ​។ យ៉ាប់​ជាង​នេះ​ទៅ​ទៀត​ បេក្ខភាព​នៃ​បណ្តា​ជន​ឯករាជ្យ​​ទាំង​អស់​នោះ​ ត្រូវ​ឆ្លង​កាត់​មុខ​អាជ្ញាធរ​មូលដ្ឋាន​ រួច​ហើយ​មុខ​អាជ្ញាធរ​ថ្នាក់​ជាតិ​។

ជា​ទូទៅ​ បេក្ខភាព​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ត្រូវ​បាន​ច្រាន​ចោល​ ក្រោម​លេស​ថា​ ជា​ការ​គំរាម​កំហែង​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

ក្រោម​លេស​ថា​ជា​ការ​គំរាមកំហែង​សណ្តាប់​ធ្នាប់​សាធារណៈ​  អាជ្ញាធរ​វៀតណាម​ ចាប់​សកម្មជន​​ប្រជាធិបតេយ្យ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ញាត់​បញ្ចូលគុក​ ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ជនជាតិ​ភាគ​តិច​ ទៅ​លើ​ប្រមុខ​ពុទ្ធ​សាសនា​ និង​ប្រមុខ​គ្រិស្តសាសនា​។ មិន​ត្រឹម​តែ​គ្មាន​សេរីភាព​​សាសនា​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​សេរីភាព​សារពត៌មាន​ក៏​គ្មាន​ដែរ​។ ជាក់ស្តែង នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំ​២០០៨​របស់​ខ្លួន​ អង្គការ​អ្នក​សារពត៌មាន​គ្មាន​ព្រំ​ដែន​ បាន​សរសេរ​ជា​អាទិ៍​ថា"នគរបាល​នយោបាយ​ នៅ​វៀត​ណាម​ បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​បោះពុម្ភ​ផ្សាយ​ផ្សេងៗ​​របស់​ពួក​អ្នក​ ជំទាស់​។ អ្នក​កាសែត​ម្នាក់ និង​ពួក​អ្នក​សរសេរ​អត្ថបទ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ តាមអ៊ីនធ័រណែត​ ចំនួន​ជាង​១០​នាក់​ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ហើយ​អ្នក​កាសែត​បារាំង​ម្នាក់​ធ្វើ​ការ​ឲ្យ​វិទ្យុ​ប្រឆាំង​មួយ​ ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​បទ​ភេរវកម្ម។"

និយាយ​រួម ប្រព័ន្ធ​នយោបាយ​នៃ​ប្រទេស​វៀតណាម​មាន​មូលដ្ឋាន​នៅ​លើ​អំណាច​នៃ​បក្ស​ កុម្មុយនិស្ត។ គឺ​គណៈកម្មាធិការ​មជ្ឈិម​និង​ការិយាល័យ​នយោបាយ​នៃ​បក្ស​ជា​អ្នក​អនុម័ត​រាល់ ​សេចក្តី​សម្រេចចិត្ត​សំខាន់ៗ។ បក្ស​កុម្មុយនិស្ត​វៀតណាម​មាន​វត្តមាន​នៅ​គ្រប់​ជាន់​ថ្នាក់​និង​គ្រប់​ទី​ កន្លែង ពី​រដ្ឋបាល​ជាតិ​និង​មូលដ្ឋាន ពី​កងទ័ព​និង​នគរបាល រហូត​ទៅ​ដល់​សាលា​រៀន​និង​សហគ្រាស​រដ្ឋ​ឬ​ឯកជន។

*

ផ្ទុយ​ទៅ​វិញ​ នៅ​លើ​វិស័យ​សេដ្ឋកិច្ច ​វៀតណាម​យក​តម្រាប់​តាម​ចិន​ដោយ​បាន​បោះ​បង់​ចោល​ សេដ្ឋកិច្ច​​ផែនការ​បែរ​ទៅ​រក​សេដ្ឋកិច្ច​ទី​ផ្សារ​និង​បើក​ចំហ​ប្រទេស​ ដើម្បី​ទទួល​វិនិយោគ​បរទេស។​

ថ្នាក់​ដឹក​នាំ​វៀតណាម​ បាន​ផ្តើម​ធ្វើ​សេរីកម្ម​សេដ្ឋកិច្ច​នៅ​ឆ្នាំ​១៩៨៦​។ កាល​នោះ​ ទី​ក្រុង​ហាណូយ​បាន​អនុម័ត​ច្បាប់​មួយ​ចំនួន​ បានអនុញ្ញាត​ឲ្យ​មានវិនិយោគ​បរទេស​ជា​លើក​ទី​មួយ​បង្អស់​។ គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​នយោបាយ​doi moi ដែល​គេ​អាច​បក​ប្រែ​ថា​ជា​ កំណែ​ទម្រង់​ ឬ​ការ​​ផ្លាស់ប្តូរ​ឲ្យ​បាន​ប្រសើរ​ឡើង​​ស្រដៀង​គ្នា​នឹង​ពាក្យ​  Perestroïka នៅ​សហភាព​សូវៀត​សម័យ​​​លោក ​Gorbatchev​។

ក្រោយ​មក​ទៀត​ នៅ​ឆ្នាំ​១៩៩១​ ថ្នាក់​ដឹក​នាំ​វៀតណាម​ បាន​ផ្តើម​ធ្វើ​សេរីកម្ម​នៅ​លើ​វិស័យ​កសិកម្ម។​ ដី​ធ្លី​លែង​ជា​កម្មសិទ្ធិ​របស់​សមូហភាព។​ រដ្ឋាភិបាល​ទទួល​ស្គាល់​វិស័យ​ឯកជន​ និង​ធ្វើ​កំណែ​ទម្រង់​ក្រុមហ៊ុន​រដ្ឋ​។ នយោបាយ​doi moi បាន​នាំ​មក​យ៉ាង​លឿន​រហ័ស​ នូវ​លទ្ធផល​ល្អ​ហួស​ការ​ស្មាន​ និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ទី​បំផុត​។ នៅ​ចុង​ទសវត្សរ៍​ទី​៩០​ វៀតណាម​ដែល​ជា​ប្រទេស​ក្រ​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ បាន​ក្លាយ​ជា​ប្រទេស​លក់​អង្ក​រចេញ​ទៅ​ក្រៅ​លំដាប់​ថ្នាក់​លេខ​មួយ​​ នៅ​ក្នុង​ពិភព​លោក​។ នៅ​ឆ្នាំ​១៩៩៥​ វៀតណាម​ក្លាយ​ជា​សមាជិក​នៃ​អាស៊ាន​ មាន​ទំនាក់​ទំនង​ទូត​ឡើង​វិញ​ជា​មួយ​សហរដ្ឋ​អាមេរិក​ ដែល​បាន​សម្រេច​ឈប់​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​អតីត​សត្រូវ​មួយ​ នេះ​របស់​ខ្លួន​ នៅ​ឆ្នាំ​១៩៩៤​។

ជា​ការ​ពិត​ណាស់​ដែល​ថា​ សេរីកម្ម​សេដ្ឋកិច្ច​នៅ​វៀតណាម​ មិន​បាន​នាំ​មក​ទន្ទឹម​គ្នា​នូវ​ប្រជាធិ បតេយ្យូបនីយកម្ម​នៃ​ប្រទេស​។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​ អះអាង​ថាសព្វ​​ថ្ងៃ​នៅ​​​​​ផ្ទៃ​​ក្នុង​គណ បក្ស​កុម្មុយនិស្ត​វៀតណាម​ មាន​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​ ជុំ​វិញ​ប្រធាន​រឿង​ពីរ​។ ប្រធាន​រឿង​ទី​មួយ​គឺ​ការ​ចាំ​បាច់​ក្នុងការបង្កើត​ឲ្យ​មាន​អង្គការ​មួយ​ ចំនួន​ដែល​មិន​អាស្រ័យ​​នឹង​​បក្ស​កុម្មុយនិស្ត​ដូច​យ៉ាង​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជា​ដើម​។

គោល​ដៅ​ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​បណ្តើរៗ​ ស្ថាប័ន​ឯករាជ្យ​ដែល​អាច​ទប់​កម្លាំង​ខ្លាំង​ជ្រុល​​របស់​គណបក្ស​​​ កុម្មុយនិស្ត​ ពីព្រោះ​ពិភព​លោក​ដែល​ផ្លាស់​ប្តូរ​ ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដែរ​នៅ​ក្នុង​ប្រទេស​វៀតណាម​។

ប្រធាន​រឿង​ទី​ពីរ​នៃ​ការ​តស៊ូ​មតិ​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស​កុម្មុយនិស្ត​ វៀតណាម​សព្វ​ថ្ងៃ​គឺ​ការ​រៀប​ចំ​ឲ្យ​​មាន​ តុល្យភាព​ល្អ​ រវាង​ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ត្បូង​ និងចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ជើង​។ គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​១៩៧៥​ ក្រោយ​ពេល​ដែល​ទី​ក្រុង​សៃហ្កុងបាន​ធ្លាក់​ ពួក​កុម្មុយនិស្ត​ដែល​បាន​បង្កប់​ខ្លួន​នៅ​វៀត ណាម​ខាងត្បូង​បាក់​កម្លាំង​ ទន់ខ្សោយ​ខ្លាំង​។ មូលហេតុ​ទី​មួយ​គឺបណ្តាល​​​មក​ពី​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៨​ និង​ឆ្នាំ​១៩៧៥​ ពួក​កុម្មុយនិស្ត​បង្កប់​ខ្លួន​ នៅ​វៀតណាម​ខាង​ត្បូង​ បាន​ស្លាប់​អស់​ច្រើន​។

ឯ​មូល​ហេតុ​ទី​ពីរ​ គឺ​បណ្តាល​មក​ពី​ ការ​បង្រួបបង្រួម​យ៉ាង​លឿន​រហ័ស វៀតណាម​​ខាងត្បូង​និង​វៀតណាម​ខាងជើង​ទៅ​ជា​ប្រទេស​តែ​មួយ​និង​ការ​លាត​ សន្ធឹង​របៀប​គ្រប់គ្រង​ប្រទេស​តាម​បែប​កុម្មុយនីស្ត​ ពី​ខាង​ជើង​មក​ខាង​ត្បូង​ ធ្វើ​ឲ្យ​ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ជើង​ មាន​ឥទ្ធិពល​ខ្លាំង​ជាង​ ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ត្បូង​។

ក៏ប៉ុន្តែ នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ​ សេដ្ឋកិច្ច​មាន​តម្លៃ​ជាង​មនោគមវិជ្ជា​ បាន​ន័យ​ថា​តំបន់​ប៉ែក​​ខាង​ត្បូង​ ជា​ពិសេស​ទី​ក្រុង​សៃហ្កុង​ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​កំពុងស្គាល់ការ អភិវឌ្ឍន៍​លឿន​ជាង​តំបន់​ប៉ែក​ខាង​ជើង​ ជា​ហេតុ​ធ្វើ​ឲ្យ​ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ត្បូង​ មាន​ទឹក​មាត់​ប្រៃ​ឡើង​វិញ​។

លើស​ពី​នេះ​ទៅ​ទៀត​ ប្រជាជន​វៀតណាម​នៅ​បរទេស​ កូន​ចៅ​របស់​ជនភៀស​ខ្លួន​ Boat people ដែល​បាន​រៀន​សូត្រ​នៅ​អាមេរិក​ឬ​នៅ​អឺរ៉ុប​ ត្រឡប់​ចូល​មក​ក្នុង​មាតុ​ប្រទេស​វិញ​ ជា​ពិសេស​មករស់​នៅ​ទីក្រុង​សៃហ្កុង​ និង​រក​ស៊ី​មាន​បាន​ ក្លាយ​ជា​តួអង្គ​សេដ្ឋកិច្ច​សំខាន់ៗ​ ដែល​ពី​អំណើះ​ត​ទៅ​ គណ បក្ស​កុម្មុយនិស្ត​វៀតណាម​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...