06 July 2012 មាស សុខជា
ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបតិ្ត គណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្ន បានបន្ទោសនិងទម្លាក់កំហុស ទៅលើព្រះអង្គម្ចាស់នរោត្តម រណាឫទ្ធិ ចំពោះការកើតមានព្រឹត្តិការណ៍ផ្ទុះអាវុធដ៏បង្ហូរឈាម នៅកណ្តាលទីក្រុងភ្នំពេញ នៅថ្ងៃទី ៥-៦ កក្កដា កាលពី ១៦ ឆ្នាំមុន។
កាល ពីថ្ងៃទី ៥-៦ កក្កដា ឆ្នាំ ១៩៩៧ មានការផ្ទុះអាវុធដ៏បង្ហូរឈាមមួយ នៅកណ្តាលទីក្រុងភ្នំពេញ ដែលអ្នកខ្លះហៅថាជា«រដ្ឋប្រហារ» រវាងកងកម្លាំង ដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលកាលនោះជានាយករដ្ឋមន្ត្រីទី ១ និងកងកម្លាំងដែលស្មោះត្រង់ និងលោកហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីទី ២។ ការផ្ទុះអាវុធ ដែលមានការបាញ់ផ្លោងកាំភ្លើងធំ និងប្រើកងរថក្រោះ នៅកណ្តាលទីក្រុងភ្នំពេញ ដែលមានមនុស្សច្រើនកុះករនោះ ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យកងកម្លាំង និងមន្ត្រីដែលស្មោះត្រង់ នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ យ៉ាងហោចណាស់ ជាង ១០០ នាក់ ត្រូវបានគេសម្លាប់ ទាំងនៅក្នុងព្រឹត្តិការណ៍និងនៅក្រោយព្រឹត្តិការណ៍។
ប៉ុន្តែរហូតមកដល់ពេលនេះ មិនត្រឹមតែមិនមាននរណាម្នាក់ ឬក្រុមណាមួយ ត្រូវបានគេនាំយកទៅផ្តន្ទាទោស ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលគេមើលឃើញថា មានចំណែកជាប់ពាក់ព័ន្ធក្នុងរឿងនេះ ហាក់បីដូចជាបាននាំគ្នាបំភ្លេចពីព្រឹត្តិការណ៍នេះទៅវិញ។ នៅក្នុងសន្និសីទកាសែតដ៏កម្រមួយ កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ អតីតមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្ន បានថ្លែងថា ការផ្ទុះអាវុធ ថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ កើតឡើងដោយសារការមិនជឿទុកចិត្តគ្នានៅក្នុងរដ្ឋាភិបាលចម្រុះ។
លោក ញឹក ប៊ុនឆៃ ដែលក៏កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្ព័ន្ធភាព ស្អិតល្មួត ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាក់បានទម្លាក់កំហុស ទៅលើព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ ចំពោះការកើតមានព្រឹត្តិការណ៍ ថ្ងៃ ៥-៦ កក្កដា។ លោកបានគូសបញ្ជាក់ថា៖ «ព្រះអង្គ (រណឫទ្ធិ) ចង់ឲ្យកម្លាំងមានតុល្យភាព ជាមួយនឹងកងកម្លាំងរបស់គណបក្ស ប្រជាជនកម្ពុជា ខណៈពេលដែលព្រះអង្គធ្វើជានាយករដ្ឋមន្រ្តីទី ១ ព្រះអង្គមានកងទ័ពតែ ២០០០០ នាក់ ហើយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទី ២ មានកងទ័ពរហូតដល់ ១១០០០០ នាក់។
លោក ញឹក ប៊ុនឆៃ បានលើកឡើងដូច្នេះថា៖ «សម្តេចក្រុមព្រះ បាននាំអាវុធចូលមក [កម្ពុជា]។ ព្រះអង្គ បានបញ្ជាខ្ញុំទៅជួបលោក ខៀវ សំផន មេដឹកនាំខ្មែរក្រហម ចូលដោយមិនបានប្រាប់សម្តេច ហ៊ុន សែន។ ចំណុចនេះ បង្កឲ្យមានភាពមិនប្រាកដប្រជា ក្នុងរដ្ឋាភិបាលចម្រុះ»។ លោកបានបន្ថែមថា៖ «សម្តេច ហ៊ុន សែន បានស្នើជួបសម្តេចក្រុមព្រះ ដើម្បីពិភាក្សា ពីបញ្ហាទាំងនេះ ប៉ុន្តែសម្តេចក្រុមព្រះមិនព្រម ហើយចាកចេញទៅក្រៅប្រទេស។ នោះហើយ ជាមូលហេតុ បណ្តាលឲ្យមានព្រឹត្តការណ៍ថ្ងៃទី ៥‑៦ កក្កដា ឆ្នាំ១៩៩៧»។ លោក ញឹក ប៊ុនឆៃ បានគូសបញ្ជាក់ទៀតថា៖«សម្តេចក្រុមព្រះ គួរហ៊ានទទួលខុសត្រូវ ចំពោះមួយផ្នែកធំ នៃព្រឹត្តិការណ៍នេះ»។
បើទោះបីជាមានការ រិះគន់ជាច្រើនថា នៅក្នុងនិងក្រោយព្រឹត្តិការណ៍ដ៏បង្ហូរឈាមនោះ មានការសម្លាប់ក្រៅច្បាប់ ទៅលើមន្ត្រីដែលស្មោះត្រង់នឹងគណបក្សហ៊្វុនស៊ិនប៉ិចរហូតដល់ជាង ១០០ នាក់ក្តី ក៏លោក ញឹក ប៊ុនឆៃ បានលើកឡើងថា វាជារឿងធម្មតា ដែលទាហានស្លាប់ នៅថ្ងៃទី ៥‑៦ ខែកក្កដា ព្រោះភាគីទាំងពីរ បាញ់គ្នាទៅវិញទៅមក ហើយពួកគេ តែងតែត្រូវបានសម្លាប់ ដោយសារគ្រាប់កាំភ្លើងពីភាគីម្ខាងទៀត ប៉ុន្តែ លោកក៏បានទទួលស្គាល់ផងដែរថា ទាហានខ្លះ ត្រូវបានសម្លាប់ក្រោយពីចាប់ខ្លួន ដោយសារកំហឹងបុគ្គល ហើយទាហានហ៊្វុនស៊ិនប៉ិចដទៃទៀត ដែលត្រូវបានចាប់ខ្លួន ត្រូវបានដោះលែង បន្ទាប់ពីលោក ហ៊ុន សែន បានដឹងពីបញ្ហានេះ។
នៅ ពេលទាក់ទងកាលពីម្សិលមិញ លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិ មិនចង់ធ្វើអត្ថាធិប្បាយច្រើនទេ ដោយលោកគ្រាន់តែនិយាយថា អ្វីដែលលោក ញឹក ប៊ុនឆៃ លើកឡើង គឺគ្រាន់តែដើម្បីបុព្វហេតុនយោបាយប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា៖ «ប្រជាជនបានដឹង ពីមូលហេតុចម្បង ដែលធ្វើឲ្យកើតមានព្រឹត្តិការណ៍ថ្ងៃទី ៥‑៦ ខែកក្កដា។ សម្តេចក្រុមព្រះគ្មានហេតុផលអ្វី ត្រូវបង្កើតព្រឹត្តិការណ៍នេះទេ ព្រោះព្រះអង្គជាអ្នកឈ្នះឆ្នោត ហើយព្រះអង្គសង្ឃឹមឈ្នះក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ ទៀត»។
នៅ ថ្ងៃនេះ គណបក្ស សម រង្ស៊ី នឹងប្រារព្ធពិធីរំឭកខួប ដល់ការសម្លាប់កងទ័ពហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី ៥‑៦ ខែកក្កដា ដោយហៅព្រឹត្តិការណ៍នេះថាជា«រដ្ឋប្រហារ» បង្កើតឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទី ២ នៅពេលនោះ។ លោកគង់ គាំ ប្រធានស្តីទី គណបក្ស សម រង្ស៊ី បានថ្លែងថា៖ «យើងរៀបចំពិធីនេះ ដើម្បីគោរពអ្នកដែលត្រូវបានសម្លាប់ក្នុងអំពើរដ្ឋប្រហារ។ យើងហៅវាជារដ្ឋប្រហារ ព្រោះ[គណបក្ស ប្រជាជនកម្ពុជា] បានបណ្តេញ [គណបក្ស ហ៊្វុនស៊ិនប៉ិច] ដោយអាវុធ និងសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលាការ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីរបស់លោក តែងតែលើកឡើងថា ការផ្ទុះអាវុធថ្ងៃ ៥‑៦ កក្កដា១៩៩៧មិនមែនជារដ្ឋប្រហារទេ ប៉ុន្តែវាជាការបង្ក្រាបលើកម្លាំងអនាធិបតេយ្យ៕ TK
No comments:
Post a Comment