ដោយ ខែ សុណង
2012-07-05
លទ្ធផលស្រាវជ្រាវមួយរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលសហការគ្នាជាមួយក្រសួងអប់រំ បានរកឃើញថា គ្រូបង្រៀនជិត៩០%ដែលបានសម្ភាសន៍ថា ប្រាក់បៀវត្សពួកគេនៅមានកំរិតទាប មិនឆ្លុះបញ្ចាំងនូវគុណតម្លៃការងារ ដែលជំរុញឲ្យពួកគេប្រកបមុខរបរទីពីរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ការស្រាវជ្រាវមួយរបស់អង្គការភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល (NEP) ស្ដីពីការវាយតម្លៃឥទ្ធិពលនៃគ្រឿងលើកទឹកចិត្តទៅលើការបំពេញ ការងាររបស់គ្រូបង្រៀន ដែលចេញផ្សាយនៅថ្ងៃទី៤ កក្កដា បានឲ្យដឹងថា ៧៨% នៃគ្រូដែលបានសម្ភាសន៍ បញ្ជាក់ថា ប្រាក់បៀវត្សមិនគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់ខ្លួន។
ប្រាក់បៀវត្ស គឺជាកត្តាលើកទឹកចិត្តខ្លាំងជាងគេ ដែលលើកឡើងដោយគ្រូ៩៥%។ អ្នកផ្ដល់ចម្លើយចំនួន៨៩% បានលើកឡើងថា ប្រសិនជាប្រាក់បៀវត្សរបស់ពួកគេកើនឡើងដល់ ១០០ដុល្លារក្នុង១ខែនោះ ពួកគេនឹងមានទឹកចិត្តបំពេញការងារខ្លាំងជាងនេះ។ ហើយក្រសួងអប់រំ គួរបន្តដំឡើងប្រាក់បៀវត្សដល់គ្រូបន្ថែមទៀត នៅពេលទំនិញឡើងថ្លៃ។ ការស្រាវជ្រាវនេះ គេបានធ្វើឡើងទៅលើគ្រូ និងនាយក នាយិកាសាលា ចំនួន ៣៨៦រូប នៅខេត្តចំនួនបួនគឺ ខេត្តកំពត សៀមរាប រតនគិរី និងខេត្តកំពង់ចាម។
អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវរបស់អង្គការភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល អ្នកស្រី អាង សូផា បានថ្លែងថា នេះជាការរកឲ្យឃើញនូវកំរិតនៃទឹកចិត្តបំពេញការងាររបស់ គ្រូបង្រៀន នាំទៅរកការកែលម្អលទ្ធផលការងារអប់រំ ដើម្បីឲ្យអ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធ មានការយកចិត្តទុកដាក់បន្ថែមទៀត។ ពីព្រោះគ្រូបង្រៀន គឺជាកត្តាមួយធំក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ។
អ្នកស្រី អាង សូផា៖ «តាមពិតយើងមានគ្រឿងលើកទឹកចិត្តជាច្រើន ដែលខ្ញុំបានលើកឡើង គឺយើងបានចែកជា២ក្រុម។ ទី១ គឺទាក់ទងនឹងគ្រឿងលើកទឹកចិត្តដែលទាក់ទងនឹងសាច់ប្រាក់ ទាក់ទងនឹងលុយកាក់។ ហើយមួយទៀត គឺគ្រឿងលើកទឹកចិត្តមិនមែនជាប្រាក់។ គ្រឿងលើកទឹកចិត្តដែលជាប្រាក់នោះ យើងឃើញថា គាត់លើកឡើងដូចថា ប្រាក់បៀវត្សជាកត្តាចម្បងគេ ដែលជំរុញទឹកចិត្តរបស់គាត់»។
ឆ្លើយតបបញ្ហានេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំក្រសួងអប់រំ យុវជន និងកីឡា លោក សារ ណាក់ ដែលបានចូលរួមក្នុងការស្រាវជ្រាវនេះ មានប្រសាសន៍ថា លទ្ធផលនៃការសិក្សានេះពុំមែនជារឿងភ្ញាក់ផ្អើលរបស់ក្រសួងអប់រំ នោះទេ។ ប៉ុន្តែ ដោយសារការប្រកាន់យកគោលការណ៍ភាពជាដៃគូនោះ ក្រសួងបានធ្វើការរួមគ្នាជាមួយអង្គការពាក់ព័ន្ធ ដើម្បីស្វែងរកការពិត។
លោក សារ ណាក់៖ «គាត់មានទឹកចិត្តលើកឡើង ថាអ្វីដែលគាត់ត្រូវការ យើងឃើញមិញហើយ ប្រាក់បៀវត្សដើម្បីឡើង។ ប៉ុន្តែមិនមែនរាជរដ្ឋាភិបាលលោកព្រងើយកន្តើយទេ ឡើងម្ភៃភាគរយដូចជ្រាបស្រាប់អ៊ីចឹង ប៉ុន្តែការរកឃើញនោះ មិនមែនម្ភៃភាគរយគ្រប់សម្រាប់គាត់ទេ។ ជួលកាល ពេលដំឡើងស្រាប់តែអតិផរណា ទំនិញឡើងថ្លៃ គេលើកឡើងមិញ។ ប៉ុន្តែអាហ្នឹង ជាគ្រឿងមួយគេដឹងលឺទាំងអស់គ្នា។ មែនទែន លទ្ធផលដែលបាន មិនមែនធ្វើជារឿងដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ។ កាលដែលខ្ញុំធ្វើការអប់រំយូរ ក៏ការហ្នឹងខ្ញុំដឹងដែរ។ ប៉ុន្តែអ្វីៗ វិធានការដែលដោះស្រាយចំពោះមុខ វាទៅបណ្ដើរៗមិនអាចដោះស្រាយភ្លាមៗបានទេ»។
របាយការណ៍បានសរសេរទៀតថា ដោយសារគ្រូបង្រៀនទទួលបានប្រាក់បៀវត្សទាប មានគ្រូ៧៦% ត្រូវបង្ខំចិត្តធ្វើការជាមុខរបរទីពីរទៀត ដើម្បីទ្រទ្រង់សុវត្ថិភាពជីវភាពគ្រួសារ។ ការប្រកបមុខរបរទីពីរនេះ មានផលប៉ះពាល់ជាអវិជ្ជមានទៅលើការបំពេញការងារជាគ្រូបង្រៀន។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងអប់រំអះអាងថា នឹងលើកយកលទ្ធផលនៃការស្រាវជ្រាវនេះ ដាក់ជូននៅក្នុងសន្និបាតអប់រំ ដើម្បីស្វែងរកចំណុចដោះស្រាយ៕
No comments:
Post a Comment