04 July 2012, David Boyle
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក(FAO)នៃអង្គការសហប្រជាជាតិ មានផែនការផ្គត់ផ្គង់ត្រីដល់សិស្សនៅកម្ពុជា ដែលយកពីតំបន់ដែលទទួលរងដោយគ្រោះរញ្ជួយដីនិងរលកយក្ស ស៊ូណាមិកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានវិបតិ្តនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា។
មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា ក្តីបារម្ភទាក់ទងនឹងការបំពុលដែលអាចកើតមានពីវិបត្តិនោះពុំ មានមូលដ្ឋានពេញលេញ ហើយថា ការធ្វើតេស្តឯករាជ្យយ៉ាងតឹងរ៉ឹងបានបង្ហាញថា ត្រីពុំមានសារធាតុវិទ្យុសកម្មនោះទេ។
ជំនួយស្បៀង ដែលផ្គត់ផ្គង់ដោយកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ក្រសួងការ បរទេសជប៉ុន ផ្តល់ត្រីពីតំបន់រងគ្រោះរលកយក្សស៊ូណាមិដល់សិស្សក្នុងប្រទេស កម្ពុជា ហ្គាណា កង់ហ្គោ សេនេហ្គាល់ និងស្រីលង្កា បានប្រកាសហើយកាលពីខែមីនា។
លោក Jean-Pierre de Margerie នាយកប្រចាំប្រទេសនៃ FAO បានថ្លែងថា ត្រី១២៤ តោនដែលមកដល់កម្ពុជា កាលពីខែមីនា បានធ្វើតេស្តដោយជប៉ុននិងអ្នកត្រួតពិនិត្យឯករាជ្យពីរក្រុម មុននឹងអនុម័ត បន្ទាប់ពីមានលទ្ធផលសារធាតុវិទ្យុសកម្មអវិជ្ជមាន។
លោក បន្តថា៖ «បើមានគ្រោះថ្នាក់ទាក់ទងស្បៀងអាហារដែលជាជំនួយផ្តល់ឲ្យ កម្មវិធីស្បៀងអាហារពិភពលោកនោះ យើងមិនទទួលយកជំនួយនោះទេ ហើយយើងមិនចែកចាយឡើយ។ រាល់ពេលខ្ញុំចុះមូលដ្ឋាន ខ្ញុំហូបជាមួយគ្នានឹងអ្នកទទួល ហើយខ្ញុំហូបត្រីជប៉ុនដូចគ្នា វាមានរសជាតិឆ្ងាញ់ ដូច្នេះ គឺគ្មានបញ្ហាទេ»។
លោក De Mangerie បានបន្តថា ត្រីបានមកដល់ក្នុងខែមីនា នឹងចែកចាយនៅខែតុលា តាមរយៈកម្មវិធីជាងមួយទសវត្សរ៍ ជាការលើកទឹកចិត្តឪពុកម្តាយក្នុងតំបន់ក្រីក្រនៃប្រទេសកម្ពុជា ឲ្យបញ្ជូនកូនទៅសាលារៀន តាមរយៈការផ្តល់អាហារូបត្ថម្ភពេលព្រឹក ជាការលើកទឹកចិត្ត។
លោកបន្ថែមថា អាហារមានប្រភពពីតំបន់ ហុកកៃដូ និង អាអុម៉ុរី មានចម្ងាយរាប់រយគីឡូម៉ែត្រពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម ដៃជីអី ប៉ុន្តែលោកថា អាជ្ញាធរជប៉ុនមិនបានពន្យល់ពីមូលហេតុអ្វីត្រីនោះមកពីតំបន់រង គ្រោះរលកយក្ស ស៊ូណាមិទេ។
តាមរបាយការណ៍ព័ត៌មានជប៉ុនបានឲ្យ ដឹងថា ត្រីសម្រាប់កម្មវិធីនេះមានប្រភពពីតំបន់ដូចជា អ៊ីបារ៉ាគី ដែលនៅជិតព្រំប្រទល់បំផុតគឺជាង៥០គីឡូម៉ែត្រពីរោងចក្រ បើទោះពុំមានព័ត៌មានបង្ហាញថា ត្រីតំបន់នេះគឺមានទិសដៅបញ្ជូនមកកម្ពុជាក៏ដោយ។
អ្នកស្រី Yukie Tokura មកពី Stop! Hamaoka Nuclear Power Plant ជាយុទ្ធនាការបិទរោងចក្រក្នុងតំបន់រងគ្រោះរញ្ជួយដី ៨ រ៉ិចទ័រ ដែលអាចកើតមាន៨៧ភាគរយ ក្នុង៣០ឆ្នាំទៀតនោះ បានតវ៉ានឹងកម្មវិធី ODA/WFP ហើយថា អ្នកស្រីខ្មាសអៀននឹងស្តង់ដារទ្វេដងគ្មានក្រមសីលធម៌របស់ រដ្ឋាភិបាលជប៉ុន។
តាមអ៊ីមែលអ្នកស្រីថា៖ «វាហាក់ដូចជា រដ្ឋាភិបាលជប៉ុនយកត្រីដែលប្រជាជនជប៉ុនមិនចង់ទិញ បង្ខំឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទទួលក្រោមជំនួយអន្តរជាតិ»។ ស្ថាន ទូតជប៉ុននៅភ្នំពេញមិនបានឆ្លើយតបនឹងភ្នំពេញ ប៉ុស្តិ៍ ទេ ហើយមន្រ្តីអប់រំកម្ពុជា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងថា មិនបានដឹងពីកម្មវិធីនោះទេ។ មន្ត្រី កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើត្រីមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយសារគោលការណ៍ផ្ទៃក្នុង។
លោក James Sutherland អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិនៅអង្គការ Friends International បានថ្លែងថា ប្រសិនបើ FAO ផ្តល់ការធានាពីសុវត្ថិភាពនៃស្បៀងអាហារ លោកគិតថា ពួកគេប្រាកដប្រជា ប៉ុន្តែវានឹងជួយថែមទៀត បើលទ្ធផលតេស្ត ធានាដល់សាធារណជន ។ លោក Sutherland បានបន្តថា ប្រជាជននឹងសួរថា៖ «ហេតុអីមិនផ្តល់ឲ្យប្រទេសឯទៀត ហេតុអ្វីឲ្យតែប្រទេសកំពុងអភិវឌ្ឍន៍?»
អ្នក ផ្គត់ផ្គង់អាហារសមុទ្រជប៉ុននៅតំបន់ដែលរងគ្រោះរលកយក្ស បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពីមានគ្រោះថ្នាក់មក ដោយសារការខូចខាតលើនាវានិងការភ័យខ្លាចពីអ្នកបរិភោគត្រីដែល អាចរងការបំពុល។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំមុន គ្រោះរញ្ជួយដីកម្លាំង៩ រ៉ិចទ័រ កើតឡើងនៅឈូងសមុទ្រឦសាននៃប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រ ក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូជីម៉ា ដៃអីជី ទាំង ៣ បិទដោយស្វ័យប្រវតិ្ត។
ប៉ុន្តែកម្លាំងរញ្ជួយដីបានបង្កើតរលក យក្ស កម្ពស់១៥ម៉ែត្រ ដែលបក់បោកលើរោងចក្រថាមពល និងប្រទេសជប៉ុន ធ្វើឲ្យប្រព័ន្ធធ្វើឲ្យត្រជាក់ដ៏សំខាន់ក្នុងរោងចក្រឈប់ ដំណើរការ បើទោះជាការបំបែកនុយក្លេអ៊ែរបិទក៏ដោយ។ ឧស្ម័នអ៊ី ដ្រូសែនបានផ្ទុះរបើកដំបូល និងជញ្ជាំងពីម៉ាស៊ីនរ៉េអាក់ទ័រ បញ្ចេញសារធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស។
ចាប់ ពីនោះមក ទឹកជាច្រើនត្រូវយកទៅចាក់លើម៉ាស៊ីនរ៉េអាក់ទ័រ ដើម្បីកុំឲ្យវាឡើងកម្តៅ រលាយ ជាហេតុធ្វើឲ្យទឹកមានសារធាតុបំពុលដែលខ្លះអាចស្ថិត ក្នុងមហាសមុទ្រ។ សារធាតុនុយក្លេអ៊ែរដែលបញ្ចេញដោយវិបតិ្តគ្រោះធម្មជាតិនោះ ដែលជាក្តីបារម្ភខ្លាំង គឺ Iodine -131, Caesium-134 និង Caesium-137។
ខណៈ ដែល e Iodine-131 មានអាយុប្រហែលតែ៨ថ្ងៃ ហើយផុយរលួយក្នុងបរិយាកាសធម្មជាតិ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ Caesium -134 មានអាយុដល់ទៅ ២ ឆ្នាំ ហើយ Caesium-137 មានអាយុដល់ទៅ៣០ ឆ្នាំ ហើយអាចបន្តមានជាច្រើនទសវត្សរ៍។ កម្រិតគ្មានសុវតិ្ថ ភាពក្នុងអាហារ សារធាតុទាំងនេះអាចបង្កគ្រោះកើតជំងឺមហារីកដែលប្រមូលផ្តុំនៅ ក្រពេញទីរ៉ូអ៊ីដ បំពង់ក ដែលគ្រប់គ្រងអត្រារីកលូតលាស់តាមការបង្កើតអ័រម៉ូនដ៏សំខាន់ សម្រាប់ការរីកលូតលាស់របស់កុមារ។
កម្រិតសារធាតុវិទ្យុសកម្ម ក្នុងអាហាររបស់ជប៉ុនមានកម្រិតតឹងរ៉ឹងឬ តឹងរ៉ឹងជាងកម្រិតរបស់សហគមន៍អឺរ៉ុប និងប្រទេសដទៃទៀត ដូចជា សហរដ្ឋអាមេរិក។ ការធ្វើតេស្តរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ក៏ដូចជារបាយការណ៍ពីទីភ្នាក់ងារការពារបរិស្ថានអាមេរិក និងអ្នកឯកទេសសារធាតុវិទ្យុសកម្មបង្ហាញថាកម្រិតបំពុលក្នុង ត្រីមានទាបជាងទូទៅ ឬ ក៏គ្មាន។ កាលពីថ្ងៃចន្ទ សប្តាហ៍មុន ជាលើកទី១ បន្ទាប់ពីគ្រោះរញ្ជួយដី ជប៉ុនអនុញ្ញាតឲ្យលក់ត្រីដែលចាប់ពីឈូងសមុទ្រ ហ៊្វូគូសីម៉ាផ្ទាល់ បន្ទាប់ពីសហករណ៍ត្រីក្នុងតំបន់ថារកមិនឃើញសារធាតុវិទ្យុ សកម្ម។ នេះបើតាម BBC។
ប៉ុន្តែ គេនៅតែមានមន្ទិលចំពោះសុវត្ថិភាពម្ហូបអាហារ បន្ទាប់ពីមានការបញ្ចេញព័ត៌មានមិនច្បាស់លាស់ពីរដ្ឋាភិបាល ជប៉ុន និងក្រុមហ៊ុន Tokyo Electric Power Company អំពីកម្រិតធ្ងន់ធ្ងរនៃវិបតិ្ត។ ការសិក្សាដោយ Meteorological Research Institute នៅខែកុម្ភៈបានបង្ហាញសារធាតុ caesium ទ្វេដងជាងការរំពឹងទុក ដែលហូរពីម៉ាស៊ីនរ៉េអាក់ទ័រលេខ១ ហ៊្វូគូស៊ីម៉ា ដៃអីជី បន្ទាប់ពីគ្រោះរញ្ជួយដី ហើយប្រមាណ៧០ភាគរយបានហូរទៅសមុទ្រ៕ TK រាយការណ៍បន្ថែមៈ ផាក់ ស៊ាងលី
No comments:
Post a Comment