Monday, 2 July 2012

អ្នក​សារព័ត៌មាន​ដែល​ចុះផ្សាយ​បន្ត​ព័ត៌មាន​សម្ងាត់​របស់​តុលាការ​ខ្មែរក្រហម​អាច​ទទួល​ទោស​ដែរ​ឬ​ទេ?

ដោយ សេង ឌីណា
 
សហចៅក្រម​ស៊ើបអង្កេត​​នៃ​តុលាការ​ខ្មែរក្រហម​បាន​ចេញ​សេចក្តី​ ថ្លែងការណ៍​មួយ បញ្ជាក់ថា អាច​មាន​បុគ្គលិក​សាលាក្តី​ខ្មែរក្រហម​​ម្នាក់​លួចបញ្ចេញ​ឯកសារ​​ដែល​ចៅក្រម ​កំណត់​ថា​ជា​ឯកសារ​សម្ងាត់។ សហចៅក្រម​ស៊ើបអង្កេត​ក៏​បាន​ព្រមាន​ផង​​ដែរចំពោះ​អ្នកណា​​យក​ព័ត៌មាន​ចេញ​ពី ​ឯកសារ​សម្ងាត់​នេះ​ទៅ​ផ្សព្វផ្សាយ​។ តើ​អ្នកសារព័ត៌មាន ដែល​គ្រាន់តែ​យក​ព័ត៌មាន​ផ្តល់​ដោយ​បុគ្គលិក​តុលាការ​ខ្មែរក្រហម​ទៅ​ ចុះផ្សាយ​បន្ត ជា​ការ​ល្មើស​ច្បាប់​ដែរ​ឬទេ?

សេចក្តីថ្លែងការណ៍​របស់​សហចៅក្រម​ស៊ើបអង្កេត​ កាលពីថ្ងៃ​ទី៩ មិថុនា ២០១១ បាន​ធ្វើ​ឡើង ដោយ​យោង​ទៅលើ​វិធាន ៣៥ នៃ​វិធាន​​​​ផ្ទៃ​ក្នុង​​តុលាការ​ខ្មែរក្រហម ស្តីពី​ការ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​រដ្ឋបាល​របស់​អង្គជំនុំជម្រះ។

យោងតាម​វិធាន ៣៥​ អង្គជំនុំជម្រះវិសាមញ្ញ (តុលាការ​ខ្មែរក្រហម)​ “អាច​ដាក់ទណ្ឌកម្ម​ ឬ​បញ្ជូន​ទៅ​អាជ្ញាធរ​​មាន​សមត្ថកិច្ច នូវ​​ជនណា​ម្នាក់ ដែល​ផ្សាយចេញ​ព័ត៌មាន​សម្ងាត់ ដោយ​រំលោភ​ទៅលើ​ដីកា​របស់​សហចៅក្រម​ស៊ើបអង្កេត ឬ​អង្គជំនុំជម្រះ”។

បើ​យើងមើលទៅលើ​ករណី ដែល​សហចៅក្រម​ស៊ើបអង្កេត​បានលើកឡើង ក្នុង​សេចក្តី​ថ្លែងការណ៍​ កាល​ពី​ម្សិលមិញ​ វិធាន ៣៥​នេះ អាច​ត្រូវ​គេ​យក​មក​​បកស្រាយ​បាន​ពីរយ៉ាង​ខុសគ្នា​៖

ម្ខាង​គេ​អាច​បកស្រាយថា ជន​ដែល​ផ្សាយ​ចេញ​ព័ត៌មាន​សម្ងាត់ គឺ​បុគ្គលិក​របស់​តុលាការ។ ចំណែក​អ្នកសារព័ត៌មាន គឺ​គ្រាន់តែ​ជា​អ្នក​យក​ព័ត៌មាន​មក​ចុះផ្សាយ​បន្ត ដូច្នេះ មិនមែន​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់នេះ​ទេ។ តាម​ពិត​ព័ត៌មាន​សម្ងាត់​របស់​តុលាការ ត្រូវ​បាន​បែក​ធ្លាយ​រួចទៅហើយ ដោយ​បុគ្គលិក​របស់​តុលាការ​ខ្លួន​ឯង។

ម្ខាង​ទៀត គេ​អាច​បកស្រាយ​ថា បុគ្គលិក​របស់​តុលាការ​ជា​អ្នក​បញ្ជូន​ព័ត៌មាន​សម្ងាត់​ចេញ​ទៅមែន ក៏ប៉ុន្តែ គឺ​អ្នក​សារព័ត៌មាន ដែល​ជា​អ្នក​​យក​ទៅ​ផ្សព្វផ្សាយ​ជាសាធារណៈ។ ដូច្នេះ អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម​ទទួលខុសត្រូវ ក្នុង​ឋានៈ​ជា​អ្នក​សមគំនិត។

ដោយសារ​តែ​តុលាការ​ខ្មែរក្រហម ស្ថិត​នៅក្រោម​ច្បាប់​របស់​កម្ពុជា ដូច្នេះ ទាក់ទង​នឹង​ការ​ចុះផ្សាយ​ព័ត៌មាន​សម្ងាត់​របស់​តុលាការ​ខ្មែរក្រហម យើង​គួរ​ពិនិត្យ​មើល​ទៅលើ​ច្បាប់​ពីរទៀត​របស់​កម្ពុជា គឺ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ឆ្នាំ​២០០៧ និង​ច្បាប់​ស្តីពី​ របប​សារព័ត៌មាន ឆ្នាំ​១៩៩៥។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​សហចៅក្រម​ស៊ើបអង្កេត ឯកសារ​សម្ងាត់ ដែល​ត្រូវ​​បុគ្គលិក​តុលាការ​​លួច​បញ្ជូនចេញ​នេះ គឺ​ទាក់ទង​នឹង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ មានន័យថា​ ជា​​សំណុំរឿង ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ។

យោងតាម​មាត្រា ៨៣ និង​​មាត្រា ១២១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ខ្មែរ ការស៊ើបអង្កេត និង​ការ​ស៊ើបសួរ​ត្រូវ​តែ​ជា​ការសម្ងាត់។ បុគ្គល​ទាំងឡាយ​ដែលចូលរួម​ក្នុងការ​ស៊ើបអង្កេត ឬ​ក្នុង​ការ​ស៊ើបសួរ ត្រូវ​តែ​រក្សា​ការសម្ងាត់​នៃ​វិជ្ជាជីវៈ។

ទាក់ទង​នឹង​អ្នកសារព័ត៌មានវិញ មាត្រា ៤ នៃ​ច្បាប់ ស្តីពី​របបសារព័ត៌មាន​ ឆ្នាំ​១៩៩៥ ចែង​ថា អ្នកសារព័ត៌មាន​អាច​ចុះផ្សាយ​នូវ​ព័ត៌មាន ស្តីពី​​គ្រប់ទិដ្ឋភាព​នៃ​ដំណើរការ​របស់​តុលាការ រាប់ទាំង​នីតិវិធី​ទាំងឡាយ​ផង លើកលែង​តែ​ក្នុង​ករណី ដែល​​តុលាការ​ហាម​មិន​ឲ្យ​បើក​ចំហរ​ដល់​សាធារណជន និង​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿង​ដែល​នៅ​ក្នុង​ការ​ស៊ើបអង្កេត ស៊ើបសួរ​របស់​តុលាការ​នៅឡើយ។

ដូច្នេះ បើ​មើលទៅលើ​ទិដ្ឋភាព​ច្បាប់​សុទ្ធសាធ អ្នកសារព័ត៌មាន​មិន​អាច​ចុះផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​សំណុំរឿងដែល​កំពុង​ ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត ឬ​ក្នុង​ដំណាក់កាល​ស៊ើបសួរ​​បានទេ។

ក៏ប៉ុន្តែ ជារឿយៗ គេ​តែងតែ​សង្កេតឃើញ​មាន​វិវាទ ​រវាង​ម្ខាង​​ភាព​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត​របស់​តុលាការ និង​ម្ខាងទៀត សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុង​ការទទួល​ព័ត៌មាន។

ជាការពិត​ថា ភាព​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត​ មាន​លក្ខណៈ​ចាំបាច់ ដើម្បី​ធានា​ដំណើរការ​​របស់​តុលាការ ដូចជា បង្ការ​កុំ​ឲ្យ​ជនសង្ស័យ​រត់គេចខ្លួន កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ភស្តុតាង កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង ឬ​ដាក់​សម្ពាធ​ដល់​​សាក្សី និង​ដើម្បី​ធានា​ការ​គោរព​គោលការណ៍​​សច្ចធារណ៍​នៃនិរទោស។ ក៏ប៉ុន្តែ ការ​រក្សា​ការសម្ងាត់​ជ្រុលហួស​ពី​ភាព​ចាំបាច់​ អាច​នឹង​ក្លាយ​ទៅ​​ជា​ការ​រឹត​ត្បិត​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ដែល​ជា​សិទ្ធិសេរីភាព​ជាមូលដ្ឋាន មាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស និង​ដែល​ទទួលបាន​ការការពារ​ពី​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា៕ 

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...