Wednesday, 27 June 2012

រឿង​រ៉ាវ​ទំនោរ​របស់​កម្ពុជា... រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក?

លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជា​មួយ​មេ​ដឹក​នាំ​ចិន កាល​ពី​ពេល​កន្លង​មក​។ រូបថត ហេង ជីវ័ន

សូម​គោរព​លោក​ការីនិពន្ធ
តើ​ប្រទេស​កកម្ពុជា​ កំពុង​មាន​ទំនោរ​ទៅ​ខាង​ប្រទេស​ចិន ឬ​សហរដ្ឋ​អាមេរិក? តាម​បរិបទ​ប្រទេស​កម្ពុជា សំណួរ​នេះ​ ត្រូវ​បាន​កប់​បាត់​ម្តង​រួច​ទៅ​ហើយ ​ក្រោយ​សម័យ​ខ្មែរ​ក្រហម​បាន​ដួល​រលំ។ តាម​ប្រវត្តិសាស្ត្រ នៅ​ទសវត្សរ៍ ១៩៦០ ប្រទេស​កម្ពុជា​មាន​ទំនោរ​ទៅ​ខាង​ចិន ហើយ​នៅ​ទសវត្សរ៍ ១៩៧០ កម្ពុជា​ មាន​ទំនោរ​ទៅ​ខាង​អាមេរិក។ ក្រោយ​មក​សម្រាប់​រយៈ​ពេល៣ ទសវត្សរ៍​បន្ទាប់ កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ បណ្តាល​ឲ្យ​ប្រជាជន​រាប់​លាន​នាក់​រង​ទុក្ខវេទនា។ ពេល​នោះ​ហើយ​ជា​ពេល​ដែល​រឿង​ទំនោរ​ខាង​ណា​នោះ ​បាន​សាប​រលាប​បាត់។

តាម​ការ​បារម្ភ​របស់​យើង បច្ចុប្បន្ន រឿង​នេះ​ ហាក់​ដូច​ជា​កំពុង​លេច​ឡើង​សាជាថ្មី។ ជាមួយ​ការ​ងើប​ឡើង​របស់​ចិន ​តាម​រយៈ​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា និង​ការ​ចំណាយ​ថវិកា​ សម្រាប់​វិស័យ​យោធា​ដ៏​សម្បើម​របស់​ខ្លួន​នៅ​ម្ខាង ហើយ​អ្វី​ដែល​គេ​ហៅ​ថា​«សតវត្សរ៍​ប៉ាស៊ីហ្វិក​របស់​អាមេរិក​» នៅ​ម្ខាង​ទៀត​នោះ ការ​តស៊ូ​ដើម្បី​ឥទ្ធិពល កំពុង​ដុត​កម្តៅ​ឡើង ​រវាង​ប្រទេស​មហា​អំណាច​ទាំង ២ នេះ។ ទោះ​បី​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ មាន​ចែង​ពី​ភាព​អព្យាក្រឹត និង​មិន​ចូល​បក្ខ​សម្ព័ន្ធក្តី ពិភព​ខាង​ក្រៅ​ មើល​ឃើញ​ផ្សេង ដោយ​ពិនិត្យ​ទៅ​លើ​ទំហំ​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី ជាមួយ​ចិន​ទល់​នឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាមួយ​អាមេរិក។

និយាយ​ពី​នយោបាយ ខណៈ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ទោះ​បី​វា​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ខ្លាំង​ក្តី ពាក្យ​ចចាម​អារ៉ាម​បាន​លើក​ឡើង​ថា កម្ពុជា​បាន​បញ្ជូន​គ្រប់​ឯកសារ​ទាំង​អស់​ទៅ​ឲ្យ​ចិន នៅ​មុន​កិច្ច​ប្រជុំ​ជាមួយ​អាស៊ាន។ វា​ពិបាក​នឹង​ជឿ​ណាស់​ថា​ មាន​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ នឹង​រឿង​កំប្លែង​ចោទ​ប្រកាន់​ដ៏​អាក្រក់​នេះ​ថា​ជា​រឿង​ពិត នៅ​ពេល​«ការ​វេញ​ជា​ធ្លុង​មួយ» និង​«តួ​នាទី​កណ្តាល​របស់​អាស៊ាន​»គឺជា​និមិត្ត​រូប​ស្នូល​របស់​អាស៊ាន។

និយាយ​ពី​សេដ្ឋកិច្ច មនុស្ស​មួយ​ចំនួន ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ធ្ងន់​ធ្ងរ​ អំពី​ឥទ្ធិពល​នៃ​ប្រាក់​របស់​ចិន​ នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ តើ​មាន​ប្រទេស​ប៉ុន្មាន​ នៅ​លើ​ពិភពលោក ដែល​មិន​ចង់​ទទួល​ប្រាក់​របស់​ចិន នៅ​ពេល​ប្រទេស​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ជួប​វិបត្តិ ហើយ​សេដ្ឋកិច្ច​អាមេរិក​ចុះ​អន់​ថយ​នោះ? នៅ​ដើម​ខែ​មិថុនា​នេះ សូម្បី​តែ​ជប៉ុន​ ក៏​ចាប់​ផ្តើម​បង្វែរ​ទៅ​រក​ការ​ដោះ​ដូរ​ផ្ទាល់​រវាង​រូបិយប័ណ្ណ​យ៉េន របស់​ជប៉ុន និង​រូបិយ​ប័ណ្ណ​យន់​របស់​ចិន​ដែរ។ នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ ល្គឹក​ណា​វា​ពុំ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រយោជន៍​សន្តិសុខ​របស់​ជាតិ វា​ពិបាក​នឹង​ឃើញ​ប្រទេស​ណា​មួយ​កម្រិត​ចំនួន​ដៃ​គូ​សេដ្ឋកិច្ច​របស់​ ខ្លួន​ណាស់។

នេះ​បង្ហាញ​ថា ការ​យល់​ឃើញ​ពី​ពិភព​ខាង​ក្រៅ​ គួរ​ឲ្យ​ភ័យ​ខ្លាច​យ៉ាង​ដូច​ម្តេច។ យ៉ាង​ណា​ក្តី សម្រាប់​កម្ពុជា យើង​ពុំ​មាន​ភាព​រង្គោះ​រង្គើ​ទេ ព្រោះ​ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត ៣០ ឆ្នាំ​មក​នេះ​ ទើប​តែ​នៅ​ថ្មីៗ។ បទ​ពិសោធ​ប្រាប់​យើង​ថា នៅ​ពេល​មាន​សង្គ្រាម​ស៊ីវិល និង​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​ភាព​អាសន្ន រឿង​ទំនោរ​បក្ខពួក​ ពុំ​មាន​ឮ​គេ​លើក​យក​មក​និយាយ​ឡើយ។ បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​ ក៏​បួង​សួង​ សុំ​ឲ្យ​រឿង​ទំនោរ​បក្ខ​ពួក​នេះ​ សាប​រលាប​មិន​ត្រូវ​គេ​លើក​ឡើង​ផង​ដែរ នៅ​ពេល​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិ​ភាព​នោះ៕ CR
ដោយ ស៊ីម វីរៈជា​មន្ត្រីរដ្ឋាភិបាល​មួយ​រូប

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...