ដោយ វណ្ណ វិចារ (ទស្សនរបស់វិទ្យុអាស៊ីសេរី)
2012-06-26
ទំនាក់ទំនងផ្លូវការរវាងកម្ពុជា និងវៀតណាម បានកន្លងទៅអស់រយៈពេល ៤៥ឆ្នាំមកហើយ គិតមកត្រឹមឆ្នាំ២០១២ នេះ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្ញើសារជូនពររៀបរាប់ពីទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយគ្នា។កាលពីថ្ងៃទី២៤ ខែមិថុនា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានទៅសម្ពោធបង្គោលព្រំដែនលេខ ៣១៤ រួមគ្នានៅខេត្តកំពត ប្រទេសកម្ពុជា ជាប់នឹងខេត្តគៀងយ៉ាង ប្រទេសវៀតណាម ដើម្បីរំលឹកខួប ៤៥ឆ្នាំ និងដើម្បីរឹតចំណងសាមគ្គីភាពនេះបន្តទៀត។
នៅក្នុងខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា ទំនាក់ទំនងកម្ពុជា និងវៀតណាម ថា ជាទំនាក់ទំនងល្អប្រសើររវាងប្រទេសភូមិផងរបងជាមួយគ្នា។ អ្នកដឹកនាំប្រទេសទាំងពីរបានហៅព្រឹត្តិការណ៍នេះថា បានបង្ហាញពីចំណងមិត្តភាពដ៏ល្អក្នុងរយៈពេល ៤៥ឆ្នាំ ចុងក្រោយនេះរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងហាណូយ។ ប៉ុន្តែក្រុមអ្នកតាមដានស្ថានភាពសង្គមយល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺភាគីវៀតណាម តែងតែកេងចំណេញយ៉ាងច្រើនពីកម្ពុជា។
សកលវិទ្យាធិការសកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា និងវៀតណាម មានតាំងពីមហាសន្និបាតបក្សឥណ្ឌូចិន តាំងពីឆ្នាំ១៩៣០ ប៉ុន្តែនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ជាថ្ងៃដែលទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាប់ផ្ដើមទទួល ស្គាល់ជាផ្លូវការ និងជាអន្តរជាតិ។ ប៉ុន្តែក្នុងចំណងទាក់ទងនេះ គេឃើញវៀតណាម មានការរីកចម្រើនជាងកម្ពុជា ហើយមេដឹកនាំវៀតណាម តែងតែរំលឹកពីគុណបំណាច់របស់ពួកគេដែលចូលមកបណ្ដេញក្រុមខ្មែរក្រហម ប៉ុល ពត កាលពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នោះ។
លោក សុខ ទូច បញ្ជាក់ថា ចំពោះរឿងនយោបាយផ្ទៃក្នុងរបស់វៀតណាម កាលពីអតីតកាលវិញ បើគ្មានការជួយជ្រោមជ្រែងពីកម្ពុជានោះ វៀតណាមពិតជាមិនមានការឯកភាពជាតិរហូតមកដល់សព្វថ្ងៃនេះឡើយ។ ប៉ុន្តែវៀតណាម មិនដែលរំលឹកគុណនេះដល់កម្ពុជាទេ៖ «អ្នកឯងចងចាំ ពីទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា អ្នកក៏ត្រូវចងចាំដែរថា បើគ្មានកម្ពុជា អ្នកឯងក៏មិនបានជ័យជំនះលើបារាំង និងឯកភាពជាតិដែរ។ ប៉ុន្តែគេអត់ដែលរំលេចទេ គេរំលេចតែគុណវៀតណាម»។
លោក សុខ ទូច បន្តថា តាមប្រវត្តិសាស្ត្រកាលពីសម័យសង្គ្រាមវៀតណាម ទសវត្សឆ្នាំ១៩៧០ វៀតណាមបានដាក់កងទ័ពក្នុងទឹកដីខ្មែរជាង ៤០ពាន់នាក់ ស៊ីអង្ករខ្មែរ តែវៀតណាម មិនដែលរំលឹកពីបញ្ហានេះឡើយ។
កត្តានយោបាយនាំឲ្យមានលំហូររវាងជនជាតិវៀតណាម ចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ និងទឹកដីកម្ពុជាក្រោម ត្រូវបារាំងកាត់ដាក់ឲ្យនៅក្រោមការត្រួតត្រារបស់វៀតណាម ទៀត។ តាមប្រវត្តិសាស្ត្របានបង្ហាញដែរថា ខ្មែរក្រហមមានការស្អប់ខ្ពើមវៀតណាម ហើយវៀតណាម ក៏ធ្លាប់បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមផងដែរ។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោមនៅកម្ពុជា លោក គឹម ស៊ីសមណា មានប្រសាសន៍ថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាំផលល្អសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ។ លោកបន្តថា មន្ត្រីរដ្ឋាភិបាលរបស់វៀតណាម តែងតែមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសួរសុខទុក្ខជនជាតិវៀតណាម នៅប្រទេសកម្ពុជា។
លោក គឹម ស៊ីសមណា បញ្ជាក់ថា លោកចង់ឲ្យប្រទេសវៀតណាម រាប់អានកម្ពុជា ដោយស្មោះស កុំឆ្លៀតរាប់អានរដ្ឋាភិបាលក្រុងភ្នំពេញ បែរជាជាន់កខ្មែរកម្ពុជាក្រោម៖ «សិទ្ធិទទួលបានការអប់រំហ្នឹង រដ្ឋាភិបាលវៀតណាម មិនគាំទ្រខ្មែរក្រោមឡើយ ថ្នាក់ដឹកនាំខ្មែរធ្វើបុណ្យសួរសុខទុក្ខខ្មែរកម្ពុជាក្រោមអីគឺ អត់មានសោះ»។
យ៉ាងណាមិញ ទំនាក់ទំនងប្រទេសទាំងពីរគេឃើញនាំមកនូវផលវិជ្ជមានលើវិស័យ សេដ្ឋកិច្ចខ្លះដែរ។ ទិន្នន័យពីក្រសួងផែនការ និងវិនិយោគរបស់វៀតណាម បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៨ មកវៀតណាមបានផ្តល់អាជ្ញាប័ណ្ណ ១១ សម្រាប់គម្រោងនៅកម្ពុជា ដែលមានទឹកប្រាក់ ៥៣លានដុល្លារ និងបានចេញអាជ្ញាប័ណ្ណវិនិយោគចំនួន ១១២ ដល់វិនិយោគិនវៀតណាម មកវិនិយោគនៅកម្ពុជា ដែលមានទុនចុះបញ្ជីសរុប ២,៣៦ពាន់លានដុល្លារ។
ការវិនិយោគទាំងអស់របស់វៀតណាម នៅកម្ពុជា គឺ ៤០ភាគរយលើវិស័យកសិ-ឧស្សាហកម្ម ៣៤ភាគរយ លើការផលិតអគ្គិសនី និង ១១ភាគរយលើវិស័យធនាគារ និងហរិញ្ញវត្ថុ ហើយសល់ប៉ុន្មានវិនិយោគលើវិស័យរ៉ែ ការដឹកជញ្ជូន និងទូរគមនាគមន៍។ ក៏ប៉ុន្តែកម្ពុជា មិនអាចទាញសក្តានុពលពីពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានខ្លាំងក្លា នោះឡើយ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដូចជាវៀតណាម ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច ប៉ុន្តែវៀតណាមបានកេងចំណេញយ៉ាងច្រើនក្នុងវិស័យសេដ្ឋកិច្ច ដូចជាក្រុមហ៊ុនវៀតណាម ជាច្រើនមកវិនិយោគនៅកម្ពុជា ថែមទាំងនាំមកនូវកម្មករអ្នកបច្ចេកទេសជាច្រើនចូលមករស់នៅក្នុង កម្ពុជាទៀត។
លោក សុន ឆ័យ បញ្ជាក់ថា នយោបាយវៀតណាម កំពុងតែឆ្លៀតប្រើឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា៖ «ការបញ្ចូលជនជាតិគេក្នុងប្រទេសកម្ពុជា ការឈ្លានពាននាពេលកន្លងទៅ នយោបាយវៀតណាម សុទ្ធតែគិតគូរឲ្យប្រទេសកម្ពុជា ឲ្យស្ថិតក្នុងនឹមត្រួតត្រារបស់គេ ចាំបាច់គ្រប់គណបក្សត្រូវមានស្មារតីឯកភាពជាតិ គិតគូរពីបញ្ហានេះ»។
លោក សុន ឆ័យ បន្តថា លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ប្រើប្រាស់ទំនាក់ទំនងកម្ពុជា-វៀតណាម ប្រកបដោយភាពឆ្លាតវៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យផលប្រយោជន៍ប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម មានការសហការគ្នាយ៉ាងល្អដើម្បីបង្កើនមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការសេដ្ឋកិច្ច។
លោកបន្តថា ការលើកឡើងរបស់បក្សប្រឆាំងដែលថា រដ្ឋាភិបាលកម្ពុជា បណ្ដោយឲ្យវៀតណាម ប្រើឥទ្ធិពលលើកម្ពុជា ជារឿងមិនពិត៖ «បាទ! នេះគ្រាន់ជាការវាយប្រហារប្រមាថដល់រដ្ឋាភិបាលតែប៉ុណ្ណឹង គាត់មិនបង្ហាញពីការដឹងការយល់ជូនពលរដ្ឋទេ»។
នៅក្នុងសារលិខិតនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្ត្រីវៀតណាម ក៏បានគូសបញ្ជាក់ថា "ចំណងមិត្តភាពនឹងជួយជំរុញការឈានទៅមុខជាប្រពៃណី និងសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ"។ សារលិខិតបន្តថា ប្រជាជនកម្ពុជា នៅតែចងចាំប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅនូវការជួយឧបត្ថម្ភ របស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋ និងអ្នកនយោបាយមួយចំនួនមិនឲ្យតម្លៃការលើកទ័ពវៀតណាម ចូលកម្ពុជា នៅឆ្នាំ១៩៧៩ នោះឡើយ ដោយពួកគេអះអាងថា វៀតណាមមកឈ្លានពានកម្ពុជា។
អ្នកវិភាគឯករាជ្យឲ្យដឹងថា បើគ្មានទ័ពវៀតណាមទេ ពលរដ្ឋកម្ពុជា ក៏ប្រហែលជាត្រូវស្លាប់ជាច្រើនទៀតដោយសាររបប ប៉ុល ពត ដែរ ប៉ុន្តែកម្ពុជាក៏មិនត្រូវដឹងគុណវៀតណាម ហួសហេតុដែរ។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ទំនាក់ទំនងល្អរបស់ប្រទេសជិតខាងជាភាពសុខក្សេមក្សាន្តនៅក្នុង តំបន់។ លោកបន្តថា ពលរដ្ឋខ្មែរ រដ្ឋាភិបាលខ្មែរ សង្គមស៊ីវិលខ្មែរ បក្សប្រឆាំងខ្មែរមិនចាំបាច់តែរំលឹកគុណវៀតណាម រហូតនោះឡើយ ព្រោះខ្មែរក៏ធ្លាប់ធ្វើគុណឲ្យវៀតណាមច្រើនដែរ។
លោកបញ្ជាក់ថា ការរៀបចំប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ត្រឹមត្រូវជាកត្តាជំរុញទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរដែរ៖ «យើង មានដែលឲ្យវៀតណាម ដឹងគុណយើងទេ នៅថ្ងៃ៣០ មេសា ១៩៧៥ បើសិនគ្មានខ្មែរឲ្យទឹកដីវៀតណាម អាចរំដោះប្រទេសបានទេ អាហ្នឹងដែលយើងត្រូវនិយាយសុំឲ្យរៀបចំប្រវត្តិសាស្ត្រ កុំបំភ្លៃប្រវត្តិសាស្ត្រ ការបំភ្លៃនេះហើយ ដែលធ្វើឲ្យខ្មែរបែកបាក់ជាមួយសៀម-ខ្មែរ បែកបាក់ជាមួយយួន»។
បើតាមប្រវត្តិសាស្ត្រទំនាក់ទំនងកម្ពុជា-វៀតណាម បានបណ្ដាលឲ្យអតីតមហាក្សត្រខ្មែរព្រះបាទជ័យជេដ្ឋាទី២ នៅឆ្នាំ១៦២៣ ព្រះរាជានុញ្ញាតឲ្យវៀតណាម ចូលកាន់កាប់កម្ពុជា ជាច្រើនខេត្ត។
ទំនាក់ទំនងកម្ពុជា-វៀតណាម ក៏បានរួមគ្នាប្រឆាំងនឹងអាណានិគមនិយមបារាំង។ ទំនាក់ទំនងកម្ពុជា-វៀតណាម បាននាំឲ្យវៀតណាម បង្រួបបង្រួមជាតិបានសម្រេចនៅក្នុងសង្គ្រាមវៀតណាម។ទំនាក់ទំនង កម្ពុជា-វៀតណាម បានវាយកម្ទេចរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ សង្គ្រោះពលរដ្ឋកម្ពុជា។
អ្នកវិភាគមួយចំនួននៅតែបារម្ភថា កម្ពុជាចាញ់ប្រៀបវៀតណាម ខណៈពេលដែលពលរដ្ឋវៀតណាម តែងតែលើកពាក្យស្លោកថា តឹកដឹក តឹកវ៉ាង (Tat dat tat vang) ដែលមានន័យជាភាសាខ្មែរថា មួយសង់ទីម៉ែត្រដីស្មើនឹង ១សង់ទីម៉ែត្រមាស៕
No comments:
Post a Comment