ដោយ ខែ សុណង
LAW STUDENTS REACTED WITH THESIS TOPICS PROHIBITED BY UNIVERSITY (RULE)
http://www.rfa.org/khmer/indepth/topics_for_writing_memoir_limited-03092012234749.html
SOURCE: RADIO FREE ASIA MARCH 10, 2012
ដោយ ខែ សុណង
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ បានសម្ដែងការមិនពេញចិត្តចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនេះ ដែលហាមមិនឲ្យយកប្រធានបទមួយចំនួនមកសរសេរសារណាបញ្ចប់ថ្នាក់ បរិញ្ញាបត្រឆ្នាំទី៤។ក្រុមនិស្សិតទាំងនោះបានថ្លែងថា នេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេ ដែលគេចង់ធ្វើអ្វីមួយឲ្យស្របទៅតាមបញ្ហាដែលកំពុងកើតមាននៅ ក្នុងសង្គមបច្ចុប្បន្ន។
និស្សិតផ្នែកច្បាប់ដែលចាប់ផ្ដើមធ្វើសារណាបញ្ចប់ថ្នាក់ បរិញ្ញាបត្រឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឬហៅកាត់ថា រូល (RULE) ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានចាត់ទុកថា ការហាមមិនសិស្សសរសេរប្រធានបទមួយចំនួនរបស់ថ្នាក់ដឹកនាំសាលាគឺជា រឿងមួយគួរឲ្យភ្ញាក់ផ្អើល។
និស្សិតដែលសាលាមិនអនុញ្ញាតឲ្យសរសេរសារណានោះ គឺជានិស្សិតដែលរៀនពូកែមានចំណាត់ថ្នាក់លេខ១ ដល់លេខ៥។
និស្សិតផ្នែកច្បាប់ម្នាក់ដែលកំពុងសរសេរសារណា បានថ្លែងថា ពួកគាត់មានការងឿងឆ្ងល់ចំពោះថ្នាក់ដឹកនាំសាលាដែលបានហាមប្រាម ប្រធានបទខ្លះ ដែលជាបញ្ហាបច្ចុប្បន្នភាពដែលសិស្សកំពុងចាប់អារម្មណ៍ច្រើន។
យុវជនរូបនេះបានបន្តថា ថ្នាក់ដឹកនាំសាលាមិនគួររារាំងនិស្សិតមិនឲ្យជ្រើសរើសប្រធានបទ សម្រាប់សរសេរសារណានោះទេ ហើយអាចជាការបន្ទច់បង្អាក់គំនិតរបស់ពួកគេ៖ «វាមានច្រើន ប៉ុន្តែក្នុងនោះវាមាន ២ប្រធានបទដែលចាប់អារម្មណ៍ជាងគេ ហើយគេអត់ឲ្យសរសេរទី១ ទាក់ទងវិស័យការងារ ហើយមួយទៀតទាក់ទងការដោះស្រាយវិវាទដីធ្លី ដែលបច្ចុប្បន្ននេះវាជាបញ្ហាមួយដែលកើតឡើងយ៉ាងក្ដៅគគុកនៅក្នុង ប្រទេសរបស់យើង។ អ្វីដែលខ្ញុំចង់សរសេរគឺបានរឹតត្បិតខ្ញុំអត់ឲ្យសរសេរ ...។ ហើយសម្រាប់ខ្ញុំទៀតសោត មុខវិជ្ជាច្បាប់ភូមិបាល គឺខ្ញុំអត់បានរៀន មិនមែនគេមិនឲ្យត្រឹមតែសរសេរទេ ប៉ុន្តែគេអត់ឲ្យខ្ញុំរៀនទៀត។ អ៊ីចឹងនេះឯងវាជាចម្ងល់សម្រាប់ខ្ញុំ ពីព្រោះនៅពេលដែលខ្ញុំទៅធ្វើការមិនមែនមានន័យថា ខ្ញុំអត់ធ្វើការលើជំនាញហ្នឹងទេ»។
និស្សិតផ្នែកច្បាប់ម្នាក់ទៀត ក៏មានការយល់ឃើញប្រហាក់ប្រហែលគ្នាដែរ៖ «ខ្ញុំ គិតថា មនុស្សយើងទាំងអស់មានគំនិតផ្សេងៗពីគ្នា ប្រធានបទដីធ្លីមែនតែវាមានបញ្ហាច្រើន។ ឧទាហរណ៍ដូចជាខ្ញុំមួយអ៊ីចឹង ខ្ញុំមានគំនិតទាក់ទងនឹងដីធ្លីដែរ តែខ្ញុំធ្វើប្រធានបទមួយផ្សេងអ៊ីចឹងទៅ ហើយក៏ម្នាក់ទៀតគាត់ដីធ្លីដែរ តែគាត់ធ្វើរឿងផ្សេង។ អ៊ីចឹងមុមផ្សេងៗគ្នាយកមកនិយាយអាចថា វាបំពេញឲ្យគ្នាម្នាក់បន្ដិចៗទៅវាអាចធ្វើឲ្យប្រធានបទនោះកាន់តែ ល្អ។ ការសរសេរហ្នឹងខ្ញុំគិតថា បើកទូលាយ ព្រោះក្នុងការសិក្សាមិនគួរណារឹតត្បិត។ ឧទាហរណ៍ថា បើយើងរៀនគឺមានមុខវិជ្ជាយើងតម្រង់ទិសមកអ៊ីចឹង សិស្សយើងត្រូវតែរៀនមុខវិជ្ជាតម្រង់ទិស ប៉ុន្តែបើយើងសរសេរសារណា គឺភាគច្រើនយើងត្រូវទៅរកប្រធានបទដែលយើងត្រូវការ ឬយើងគិតថាសំខាន់។ តែដល់ពេលសាលាគាត់អត់ឲ្យធ្វើអ៊ីចឹងមានអារម្មណ៍ថាអត់អស់ចិត្ត»។
នៅក្នុងសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ បានសរសេរថា និស្សិតឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ ក្នុងឆ្នាំសិក្សា ២០១១-២០១២ ដែលត្រូវសរសេរសារណានោះ មានប្រធានបទចំនួន ១៤មិនត្រូវអនុញ្ញាតឲ្យយកមកសរសេរឡើយ។
ក្នុងនោះមានដូចជា៖ ១. បញ្ហាគ្រឿងញៀនក្នុងសង្គម ២. ការរៀបចំនិងការប្រព្រឹត្តទៅនៃកាកបាទក្រហមកម្ពុជា ៣. គោលការណ៍និងនីតិវិធីដោះស្រាយវិវាទដីធ្លីនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ៤. សមត្ថកិច្ចដោះស្រាយវិវាទដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជា ៥. ផលប្រយោជន៍ទីផ្សារមូលបត្រនៅកម្ពុជា ៦. ការបង្ការនិងការដោះស្រាយវិវាទការងារ ៧. មជ្ឈត្តការពាណិជ្ជកម្មនិងមជ្ឈត្តការវិវាទការងារនៅព្រះរាជាណាចក្រ កម្ពុជា ៨. និយ័តករទីផ្សារមូលបត្រ ៩. ការបោះផ្សាយលក់មូលបត្រមហាជន ទី១០. ដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់សហគ្រាសសាធារណៈនៅកម្ពុជា ១១. ក្រុមហ៊ុនមូលបត្រ ១២. ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈជាលើកដំបូង ១៣. ការចុះបញ្ជីក្រុមហ៊ុនពាណិជ្ជកម្ម និងទី១៤. ការផ្សព្វផ្សាយព័ត៌មានដែលមានឥទ្ធិពលលើមូលបត្រ។
ឆ្លើយតបទៅនឹងចម្ងល់ពីការកំណត់ប្រធានបទក្នុងការសរសេរសារណានេះ ប្រធានការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក គង់ សាផន បានពន្យល់ថា អ្វីដែលសំខាន់នោះ គឺជៀសវាងការសរសេរជាន់គ្នាទៅនឹងសិស្សជំនាន់មុនៗ។ លោកបញ្ជាក់ថា ប្រធានបទមួយចំនួននិស្សិតពិបាកក្នុងការស្រាវជ្រាវដោយពុំមាន កិច្ចសហការពីស្ថាប័នពាក់ព័ន្ធ។
លោក គង់ សាផន បញ្ជាក់ទៀតថា ការសម្រិតសម្រាំងដកប្រធានបទមួយចំនួនចេញនោះ ពុំមានហេតុផលនយោបាយ ឬជាការកំណត់ពីក្រសួងអប់រំ ហើយក៏គ្មានស្ថាប័នណាមួយជ្រៀតជ្រែកនោះដែរ ផ្ទុយទៅវិញ សាលាបានគិតអំពីផលប្រយោជន៍របស់និស្សិត។
លោក គង់ សាផន៖ «ជាពិសេសបំផុតគ្រឿងញៀននេះ ចេះគិតថា ពិបាកណាស់ ទី១ គ្រូសាលាច្បាប់យើងរៀនតែបទល្មើសព្រហ្មទណ្ឌគ្រឿងញៀន។ បញ្ហាគ្រឿងញៀនច្បាស់លាស់ហ្មង គឺអត់មានគ្រូណែនាំទេ តិចតួចណាស់។ ហើយយើងចេះតែអនុញ្ញាតទៅ តែដល់យូរៗទៅអត់ឃើញអីសំខាន់ ក៏យើងផ្អាកសិន យើងគិតថា ឥឡូវអ៊ីចេះបើគិតថា ឲ្យចុះទៅ ទី១ ទៅអាជ្ញាធរគ្រឿងញៀនដើម្បីរកព័ត៌មាន រកទិន្នន័យ ហើយរកម៉េចបានបើឥឡូវកំពុងមានបញ្ហាអ៊ីចឹង? យើងនិយាយឲ្យខ្លីទៅ នៅក្រសួងមហាផ្ទៃ និស្សិតដែលចប់គឺយំទាំងអស់។ ទី១ ការចេញចូលក៏ពិបាក ការផ្ដល់ឯកសារឲ្យគ្នាក៏ពិបាក ការយកចិត្តទុកដាក់ក៏អត់សូវមាន។ ក្រសួងគេអត់សូវយកចិត្តទុកដាក់ជាមួយយើងទេ ទោះបីជាមានអនុក្រឹត្យរបស់រដ្ឋាភិបាលយ៉ាងម៉េចក៏ដោយឯកសារសំងាត់ ទាំងអស់»។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDPលោក ជាង សុខា មានមតិថា ហេតុផលនៃការបកស្រាយដែលថ្នាក់ដឹកនាំសាលាអះអាងនេះ ហាក់ពុំទាន់មានលក្ខណៈសមស្របនៅឡើយ។ លោកថាការដែលនិស្សិតមានសិទ្ធិទូលំទូលាយក្នុងការជ្រើសរើសប្រធានបទ ដែលខ្លួនស្រលាញ់ ពេញចិត្តយកមកសរសេរនោះ គឺនាំឲ្យនិស្សិតមានការចាប់អារម្មណ៍ខ្លាំងក្នុងការស្រាវជ្រាវ និងសរសេរបានល្អ។
លោក គង់ សាផន៖ «វាជាហេតុផលរបស់សាលា។ ប៉ុន្តែបើខ្ញុំស្ដាប់ទៅ ហេតុផលហ្នឹងក៏វាមិនមានលក្ខណៈសមរម្យសម្រាប់ដាក់កំហិតសេរីភាព សម្រាប់ការជ្រើសរើសប្រធានបទទេ ព្រោះវាទាមទារឲ្យសាលាហ្នឹងជួយប្រកាសធ្វើម៉េចឲ្យស្ថាប័ន ពាក់ព័ន្ធហ្នឹងមានការសហការជាមួយនិស្សិតរបស់យើងក្នុងការសរសេរ សារណា ឬក៏អីហ្នឹង។ នេះមិនមែនជាប្រយោជន៍របស់និស្សិតយើងទេ គឺជាប្រយោជន៍រួមរបស់សង្គមនៅពេលដែលនិស្សិតយើងបានធ្វើការសិក្សា ស្រាវជ្រាវរកឃើញអំពីមូលហេតុ ហើយមានអនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធទៅដល់រដ្ឋាភិបាលសុទ្ធតែជារឿង ល្អទាំងអស់ គឺជួយឲ្យសង្គមមានយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហា ទោះបីបញ្ហាគ្រឿងញៀនក្ដី បញ្ហាដីធ្លីក្ដីសុទ្ធតែជារឿងល្អហើយ»។
ក្រៅពីមុខវិជ្ជាច្បាប់ និស្សិតដែលបញ្ចប់ឆ្នាំសិក្សា២០១១-២០១២ លើមុខជំនាញដូចជា សេដ្ឋកិច្ច គណនេយ្យ ធនាគារ និងផ្នែកព័ត៌មានវិទ្យា ក៏ត្រូវបានសាលាកំណត់ប្រធានបទហាមសរសេរមួយចំនួនដូចគ្នាដែរ ទាក់ទងនឹងប្រធានជម្លោះដីធ្លីនៅកម្ពុជា ការដោះស្រាយវិវាទការងារ និងទីផ្សារមូលបត្រកម្ពុជានោះដែរ ដោយសំអាងថា ប្រធានបទដែលហាមសរសេរទាំងនោះគឺនិស្សិតជំនាន់មុនបានសរសេររួចហើយ។
និស្សិតមកដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅ ប្រទេសកាដាណា បានថ្លែងថា នេះជារឿងមួយចម្លែកសម្រាប់នាង។ ហើយថា សម្រាប់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យគេពុំបានបិទសិទ្ធិសេរីភាព សិស្សដោយគ្រាន់តែសរសេរប្រធានបទដូចគ្នានោះទេ ពីព្រោះគំនិតនៃការសរសេរ និងការវិភាគផ្សេងៗគ្នា និស្សិតណាចាប់អារម្មណ៍លើបញ្ហាអ្វីក៏អាចសរសេរបានដែរ ជៀសវាងតែការលួចចម្លងគ្នាតែប៉ុណ្ណោះ៕
No comments:
Post a Comment