លោកនិពន្ធនាយកជាទីគោរពរាប់អាន!
តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត ស្ទើរតែពេញសប្តាហ៍ទីមួយ នៃខែមករានេះ អំពីហេតុការណ៍នៃការបណ្តេញចេញដោយបង្ខំ និងអំពើហិង្សា រវាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងអតីតប្រជាពលរដ្ឋរស់នៅប្លុកបុរីកីឡា។ ជាពិសេសសារព័ត៌មានភ្នំពេញបុស្តិ៍ ច្បាប់ចេញផ្សាយថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១២ ក្រោមចំណងជើងថា ( អ្នកបុរីកីឡា ២០០ គ្រួសារត្រូវបានជម្លៀសទៅទីតាំងថ្មី ខណៈអ្នកខ្លះទៀតនាំចូលតុលាការ) និងច្បាប់ចេញផ្សាយថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១២ ក្រោមចំណងជើងថា (អ្នកបុរីកីឡា សុំអន្តរាគមន៍ពីទូតមហាអំណាច)។
ក្រោយពីបានអានអត្ថបទទាំង ពីនេះហើយ ខ្ញុំមានអារម្មណ៍អាណិតអាសូរជាពន់ពេក ដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ រួមទាំងអ្នករងរបួស និងអ្នកដែលត្រូវបានតុលាការកាត់ទោស ជាពិសេស នោះ គឺក្រុមកុមារា-កុមារី។ ជាការកត់សម្គាល់របស់ខ្ញុំក្រោយហេតុការណ៍នេះ ខ្ញុំមានទស្សនប្រហាក់ប្រហែលនឹងបញ្ញាវ័ន្តខ្មែរ អ្នកនយោបាយខ្មែរ និងសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ដែលពួកគេបានសម្តែងនូវការព្រួយបារម្ភចំពោះចំណាត់ការរបស់ រដ្ឋាភិបាល ក្នុងការបណ្តេញចេញដោយអំពើហិង្សានេះ។
ជាការពិត ខ្ញុំទទួលស្គាល់ថា រាល់ការអភិវឌ្ឍទាំងអស់នៅលើពិភពលោកយើងនេះ តែងតែមានផលប៉ះពាល់ និងការប៉ះទង្គិចដោយចៀសមិនរួចរវាងអាជ្ញាធររដ្ឋាភិបាល និងប្រជាពលរដ្ឋមូលដ្ឋាន។ តាមរយៈនយោបាយ ឯកជនភាវូបនីយកម្ម ឬ សេដ្ឋកិច្ចទីផ្សារសេរី ប្រទេសកម្ពុជា បាននឹងកំពុងតែខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ សំណង់អគារសាធារណៈ និងឯកជន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើនកន្លែង ពាសពេញផ្ទៃប្រទេស។ នៅក្នុងបរិបទនេះ តើរដ្ឋាភិបាលគួរមានយន្តការ ឬគោលនយោបាយឈ្នះ ឈ្នះ អ្វីខ្លះ ដើម្បីផ្តល់អោយតួអង្គ ដែលជាប់ពាក់ព័ន្ធក្នុងអធិករណ៍នេះ អាចទទួលយកបានដោយការពេញចិត្តពេញថ្លើម?
ចម្លើយ ចំពោះសំណួរនេះ គឺរដ្ឋាភិបាល គួរពិចារណាឡើងវិញ ពីបទពិសោធដ៏ជូរចត់នាពេលអតីតកាល និងគួររៀនសូត្រអំពីបទពិសោធល្អៗ នៃបណ្តាប្រទេសជិតខាងរបស់យើង។ តើបទពិសោធជូរចត់ជាអ្វី? វាសំដៅទៅលើរាល់សកម្មភាព ឬចំណាត់ការប្រកបដោយអំពើហិង្សាធ្ងន់ធ្ងរប៉ះពាល់ដល់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ តើវាផ្តល់ផលវិបាកអ្វីខ្លះដល់សង្គមជាតិយើង? វាបានប៉ះពាល់យ៉ាងដំណំ ដល់កិត្តិសព្ទជាតិយើង នៅលើឆាកអន្តរជាតិ និងផ្តល់ឱកាសអោយបណ្តាប្រទេសមហាអំណាចមួយចំនួន ដាក់គំនាប ឬជ្រៀតជ្រែកមកលើអធិបតេយ្យភាពជាតិយើង។ តួយ៉ាង តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ធ្វើអោយសាធារណៈមតិអន្តរជាតិ វាយតម្លៃពីស្ថានភាពអវិជ្ជាមានទាំងឡាយ និងមានទស្សនមិនល្អមកលើកម្ពុជា។ ជាងនេះទៀត ខ្មែរយើងនៅពេលដែលមានវិវាទដោះស្រាយជាមួយគ្នាមិនចេញលទ្ធផល យើងតែងតែរត់ទៅរកកិច្ចអន្តរាគមន៍ពីជនបរទេសជាក់ស្តែងដូចជា អ្នកបុរីកីឡាជាដើម។
ទង្វើនេះ បានធ្វើអោយបរទេសមើលងាយ និងអាចធ្វើអោយប៉ះពាល់ដល់មោទនភាពរបស់ជាតិយើង។ តើយើងគួររៀនសូត្របទពិសោធពីបណ្តាប្រទេសជិតខាងរបស់យើងអ្វី ខ្លះ? ករណីដូចជានៅប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង សិង្ហបុរី មុននឹងរដ្ឋាភិបាលសម្រេចបណ្តេញប្រជាពលរដ្ឋចេញពីតំបន់ដែលពួកគេ រស់នៅ ដើម្បីធ្វើការអភិវឌ្ឍ អ្វីមួយ គេបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងថ្មីរួចជាស្រេច ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ទីអារាម ទឹក ភ្លើង អគាររស់នៅ ដើម្បីអោយប្រជាជនប្តូរទៅកាន់ទីតាំងថ្មីនេះ។ លើសពីនេះទៅទៀត គេបានធ្វើគោលនយោបាយ និងប៉ះប៉ូវសំណងផ្លូវច្បាប់សមស្រប ដល់ប្រជាជនរបស់គេ ដើម្បីចៀសវាងអធិករណ៍ ជាយថាហេតុណាមួយកើតឡើង។ តើកម្ពុជាយើងអាចធ្វើបានដែរឬទេ? ចំណុចសំខាន់គឺឆន្ទៈនយោបាយ។
សរុបសេក្តីមក រដ្ឋាភិបាល គួរតែពិចារណាឡើងវិញ ចំពោះមេរៀនពីអតីតកាល និងខិតខំរិះរកដំណោះស្រាយនយោបាយឈ្នះៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន។ ប្រជាជនកម្ពុជាបានឆ្លងកាត់សោដនាដកម្មនៃភ្លើងសង្រ្គាម និងអស្ថិរភាពនយោបាយអស់ជាច្រើនទសសវត្សរ៍កន្លងមកហើយ ដូចនេះ ពួកគេគួរតែរស់នៅអោយបានសមសួនថ្លៃថ្នូរ ក្នុងឋានៈជាប្រជាជនមួយដែលធ្លាប់មានអារ្យធម៌រុងរឿងនាសម័យ អង្គរដ៏បវររបស់យើង។ រដ្ឋាភិបាលគួរតែពិចារណាផងដែរ នូវអនុសាសន៍ល្អៗ ពីសំណាក់សង្គមស៊ីវិល និងឥស្សរជននយោបាយផ្សេងៗ។
ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំ ទៅលើកម្មវិធីនយោបាយរបស់រដ្ឋាភិបាល។ ខ្ញុំជឿជាក់ថា ឆ្នាំថ្មីនេះ រដ្ឋាភិបាលនឹងធ្វើកំណែទម្រង់គោលនយោបាយបន្ថែមទៀត ដែលផ្តល់ឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ឲ្យស័ក្តិសមជាប្រទេសកំពុងបន្តដំណែង ក្នុងឋានៈជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕
សូមលោកនិពន្ធនាយក មេត្តាទទួលនូវការគោរពរាប់អានអំពីខ្ញុំ។
សំ រ៉ានី បេក្ខជនបណ្ឌិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តម៉ាឡេស៊ី (USM)
http://www.postkhmer.com/index.php?option=com_content&view=article&id=71287:2012-01-09-21-26-29&catid=23:letter-to-editor&Itemid=85
No comments:
Post a Comment