Saturday, 5 November 2011

ការ​ពិនិត្យ​មើល​ផល​អាក្រក់​កើត​ចេញ​ពី​វប្បធម៌​ប៉ែង​ជើង ឬ​ក្ដិច​ត្រួយ​គ្នា

ការ​ពិនិត្យ​មើល​ផល​អាក្រក់​កើត​ចេញ​ពី​វប្បធម៌​ប៉ែង​ជើង ឬ​ក្ដិច​ត្រួយ​គ្នា

2011-11-03
ទម្លាប់​នៃ​ការ​ប្រកួតប្រជែង​គ្នា ឬ​ការ​ច្រណែន​និន្ទា​គ្នា បាន​បង្កើត​ទៅ​ជា​វប្បធម៌​មួយ​ដែល​គេ​និយម​ហៅ​ថា វប្បធម៌​ប៉ែង​ជើង​ជាន់​ពន្លិច ឬ​វប្បធម៌​ក្ដិច​ត្រួយ​គ្នា។

ទម្លាប់​នេះ​មាន​ន័យ​ថា ភាគី​ម្ខាង​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដទៃ​ដែល​ខ្លួន​មិន​ចូល​ចិត្ត​លូត​ទៅ​មុខ​ មិន​រួច ឬ​ឈាន​ដល់​ក្ដី​វិនាស​អន្តរាយ ​ដោយ​ប្រការ​ផ្សេងៗ​ជាដើម។

ប្រសិន ​បើ​សង្គម​ណា​មួយ​មាន​មនុស្ស​ចេះ​តែ​ក្ដិច​ត្រួយ​គ្នា​មិន​ឲ្យ​ចម្រើន​ លូតលាស់ តើ​សង្គម​នោះ​នឹង​ទទួល​រង​នូវ​វិបត្តិ​ទុក្ខទោស​យ៉ាង​ណា​ខ្លះ? ហើយ​ថា តើ​គេ​ត្រូវ​ដោះស្រាយ​តាម​វិធី​ណា​ដើម្បី​ជួយ​សង្គម​របស់​គេ​ឲ្យ​រួច​ផុត​ពី ​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ?

អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​វប្បធម៌ ព្រម​ទាំង​អ្នក​កាន់​សាសនា បាន​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​នាំ​គ្នា​បង្កើត​នូវ «វប្បធម៌​ប៉ែង​ជើង​គ្នា» ឬ​គេ​ហៅ​មួយ​បែប​ទៀត​ថា «វប្បធម៌​ក្ដិច​ត្រួយ​គ្នា»។

វប្បធម៌​នេះ​បាន​ជះ​ឥទ្ធិពល​បង្ក​ឲ្យ​មាន​ទំនាស់​ទាស់​ទែង​គ្នា​យ៉ាង​ ច្រើន ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ក្នុង​ការ​ស្វែង​រក​សុខ​សន្តិភាព ឬ​មិន​អាច​ឈាន​ទៅ​រក​ក្ដី​ចម្រើន​រុង​រឿង​បាន​ទាំង​ក្នុង​សង្គម​ការងារ​តូចៗ និង​ទាំង​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​ឡាយ​ដែល​កើត​មាន​បញ្ហា​នេះ។

លោក​បណ្ឌិត សុខ ទូច ជា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។ លោក​បាន​មាន​ប្រសាសន៍​ថា វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ​កំពុង​តែ​រីក​ដុះដាល និង​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​រីក​ចម្រើន​នោះ រហូត​ដល់​មាន​ការ​ផ្ដួល​រំលំ​គ្នា​ទម្លាក់​ចេញ​ពី​អំណាច​ចេញ​ពី​តំណែង​ ការងារ​ក៏​មាន។
លោក​បាន​បន្ត​ថា ក្នុង​សង្គម​កម្ពុជា ក៏​មាន​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ​ដែរ តាំង​ពី​ជំនាន់​មុនៗ រហូត​មក​ដល់​សព្វ​ថ្ងៃ។ រី​ឯ​ដើម​ចម​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​ឡើង ក៏​បណ្ដាល​មក​ពី​កត្តា​បី​យ៉ាង គឺ​ការ​ចង់​បាន​អំណាច​មក​ក្ដាប់​តែម្នាក់​ឯង ភាព​ល្ងង់ខ្លៅ និង​ការ​ប្រកួត​ប្រជែង​គ្នា​តាម​សម្ភារៈ៖ «អ៊ីចឹង​ហើយ​ បាន​ជា​គេ​ចង់​ឲ្យ​មាន​សង្គម​ប្រជាធិបតេយ្យ​ហ្នឹង ពីព្រោះ​ទុក​ឲ្យ​មហាជន​មើល​ថា អ្នក​ហ្នឹង​មាន​សមត្ថភាព​ដើម្បី​កុំ​បារម្ភ​ពី​ពួក​កាន់​អំណាច តើ​មាន​នរណា​ខ្ពស់​ជាង​ខ្លួន​ទៀត​នោះ​ទៅ​តាម​ក្ដិច​ត្រួយ​គេ។ បី​ឆ្នាំ ៤​ឆ្នាំ ក្រោយ​មក ឬ ៥​ឆ្នាំ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​នីមួយៗ អាច​ប្រកួត​ប្រជែង​គ្នា​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​ទៅ អា​ហ្នឹង​វា​ជា​ការ​ជោគជ័យ។ បើ​សិន​ជា​យើង​យល់​ថា អា​ហ្នឹង​គឺ​បុព្វសិទ្ធិ​របស់​ខ្ញុំ ជា​ព្រេង​សំណាង​របស់​ខ្ញុំ នោះ​ជឿជាក់​ថា វប្បធម៌​ក្ដិច​ត្រួយ​នៅ​តែ​បន្ដ ហើយ​លំបាក​នឹង​លប់​បំបាត់​ណាស់»

វប្បធម៌​ក្ដិច​ត្រួយ​គ្នា ឬ​គេ​ហៅ​ថា ប៉ែង​ជើង​ផ្ដួល​រំលំ​គ្នា​នេះ មាន​ទស្សនៈ​យោបល់​ខ្លះ​ទៀត បាន​លើក​ឡើង​ថា គឺ​ដោយសារ​បុគ្គល​ឯ​ណា​នីមួយ​នោះ ខ្វះ​ការ​អប់រំ​ផ្នែក​សីលធម៌​នៅ​ក្នុង​ខ្លួន។ កាល​ណា​មនុស្ស​គ្មាន​សីលធម៌​គេ​អាច​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ តែ​ខ្លួន​គេ​ម្នាក់ ឬ​បក្ស​ពួក​របស់​ខ្លួន បើ​ទោះ​បី​ជា​ដឹង​ថា ក្រុម​ខ្លួន ឬ​បុគ្គល​ខ្លួន​ឯង​នោះ​ធ្វើ​អំពើ​មិន​ត្រឹមត្រូវ​យ៉ាង​ណា​ក៏ដោយ។
លោក ពេជ្រ ទុំក្រវិល ជា​ទីប្រឹក្សា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ លោក​បាន​មាន​ប្រសាសន៍​ថា តាម​ការ​យល់​ឃើញ​របស់​លោក ហេតុ​ដែល​នាំ​ឲ្យ​មាន​វប្បធម៌​ក្ដិច​ត្រួយ​គ្នា ឬ​ប៉ែង​ជើង​គ្នា ពីព្រោះ​តែ​បុគ្គល​អ្នក​ប្រព្រឹត្ត​នោះ​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ លោភ និង​ក្ដី​ច្រណែន​និន្ទា។

លោក​បន្ត​ថា បុគ្គល​ដែល​មាន​គំនិត​អស់​ទាំង​នេះ​គេ​មិន​ខ្លាច​ធ្វើ​អំពើ​ខុស​ទេ៖ «មិន ​ខ្លាច​នឹង​លាប​ពណ៌​អ្នក​ដទៃ មិន​ខ្លាច​នឹង​ធ្វើ​អ្នក​ដទៃ​ខាត​បង់។ ជា​រឿង​លោភៈ​ផ្ទាល់​ខ្លួន ធ្វើ​ម៉េច​ដើម្បី​បំផ្លាញ​អ្នក​ឯ​ទៀត​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។ កាល​ណា​សង្គម​មួយ​សម្បូរ​ទៅ​ដោយ​មនុស្ស​ដែល​ច្រណែន​និន្ទា​នោះ​ប្រយោជន៍​ជា​ រួម​ហ្នឹង​ក៏​មិន​ល្អ​ដែរ»

ទាក់ទង​នឹង​ពាក្យ​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​មិន​ឲ្យ​លូតលាស់​ ចម្រុងចម្រើន​នេះ គេ​ឃើញ​មាន​ការ​ចែង​ប្រាប់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ផង​ដែរ ប៉ុន្តែ​ជា​ពាក្យ​ប្រើ​តាម​ភាសា​បាលី​ថា ព្យាបាទៈ ឬ​ការ​ព្យាបាទ។ គឺ​ជា​ការ​ផ្គង​ចិត្ត ឬ​ប៉ុនប៉ង​គុំកួន​អ្នក​ដទៃ ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ឲ្យ​ដល់​នូវ​ក្ដី​វិនាស​អន្តរាយ​គ្រប់​បែប​យ៉ាង។

អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ការ​ទូន្មាន​ប្រាប់​ដល់​ពុទ្ធបរិស័ទ និង​មនុស្ស​ទូទៅ​ឲ្យ​ចៀសវាង​អំពើ​អាក្រក់​ផង​ទាំង​ពួង មាន​ការ​ព្យាបាទ​នោះ​ជា​ដើម ពីព្រោះ​ជា​អំពើ​ផ្ដល់​ទុក្ខទោស​ខ្លាំង​ណាស់​ដល់​មនុស្ស​ផង​គ្នា។

ព្រះ​តេជ​ព្រះ​គុណ ញឹម សុធន អតីត​ព្រះ​មេគណ​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​គង់​នៅ​វត្ត​ទួលទំពូង ក្រុង​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ថា ការ​ព្យាបាទ​នេះ​កើត​ឡើង​នៅ​ក្នុង​សន្ដាន​ចិត្ត​របស់​បុគ្គល​ដែល​មិន​បាន​ អប់រំ​ទូន្មាន​ក្នុង​ផ្លូវធម៌​ឲ្យ​បាន​ជ្រៅ​ជ្រះ។ បុគ្គល​ដែល​មិន​បាន​អប់រំ​ចិត្ត​ឲ្យ​បាន​ល្អ​នេះ គឺ​តែងតែ​កើត​មាន​នូវ​ក្ដី​ច្រណែន​និន្ទា​ឈ្នានីស​គ្នា ដែល​ភាសា​បាលី​ថា ឥច្ឆា ឬ​ក៏​ឥស្សា។

ព្រះ​តេជ​ព្រះ​គុណ ញឹម សុធន៖ «ដោយសារ​មនុស្ស​ហ្នឹង​បង្កប់​ទុក្ខ​នូវ​ ធម៌​ទាំង​បី​ក្នុង​ចិត្ត​របស់​ខ្លួន​ជា​ប្រចាំ ដែល​ធម៌​ទាំង​បី​ហ្នឹង គឺ លោភៈ ទោសៈ មោហៈ។ កាល​ណា​បើ​មនុស្ស​រក្សា​ធម៌​ទាំង​បី​នៅ​ក្នុង​ខ្លួន​ហើយ មនុស្ស​ហ្នឹង​ទៅ​កន្លែង​ណា​ហើយ តែង​តែ​មាន​សេចក្ដី​លោភលន់ មាន​សេចក្ដី​ចង់​បាន​វង្វេង និង​សេចក្ដី​ក្រោធ​កើត​ឡើង​ដល់​អ្នក​ដទៃ​ដែល​គេ​ខ្ពង់ខ្ពស់​ជាង​ខ្លួន​ក៏​ ចេះ​តែ​រក​វិធី​សាស្ត្រ​ផ្សេងៗ ដើម្បី​បញ្ចុះបញ្ចូល​ញុះញង់ ធ្វើ​យ៉ាង​ណា​ឲ្យ​បុគ្គល​ហ្នឹង​ទទួល​រង​នៅ​ការ​បាត់បង់​ការងារ»

ព្រះតេជព្រះគុណ​បាន​មាន​ព្រះ​ថេរដីកា​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​សង្គម​គ្រួសារ សង្គម​ការងារ ឬ​ក៏​ប្រទេស​មួយ​មាន​ភាព​សុខដុមរមនា មិន​មាន​ការ​ច្រណែននិន្ទា​ឈ្នានីស​គ្នា ឬ​ក៏​មិន​មាន​វប្បធម៌​ក្ដិច​ត្រួយ​គ្នា លុះ​ត្រា​តែ​មនុស្ស​នៅ​ក្នុង​សង្គម​ទាំង​ឡាយ​នោះ​ស្វះស្វែង​ប្រកាន់​ភ្ជាប់​ នូវ​សីលធម៌ ឬ​ព្រហ្មវិហារ​ធម៌​ទាំង ៤​យ៉ាង គឺ​មាន​ចិត្ត​មេត្តា ឬ​សេចក្ដី​ស្រឡាញ់​រាប់​អាន មាន​ចិត្ត​ករុណា ឬ​សេចក្ដី​អាណិត​អាសូរ មាន​មុទិតា ឬ​ការ​ជួយ​ត្រេកអរ​ដល់​អ្នក​ដទៃ​នៅ​ពេល​ដែល​ឃើញ​គេ​មាន​គេ​បាន​សេចក្ដី​សុខ និង​មាន​ចិត្ត​ជា​ឧបេក្ខា ជា​កណ្ដាល​មិន​លម្អៀង ព្រោះ​ស្អប់ ព្រោះ​ក្ដី​ស្រឡាញ់។

ព្រះ​តេជ​ព្រះ​គុណ ញឹម សុធន៖ «ដូចជា​ឪពុក​ម្ដាយ​អ្នក​មាន​ព្រហ្ម​ វិហារធម៌​មក​លើ​កូន​អ៊ីចឹង បើ​សិន​ជា​ឪពុក​ម្ដាយ​មិន​មាន​ព្រហ្មវិហារ​ធម៌​ចំពោះ​កូន​ទេ គ្រួសារ​ហ្នឹង​មិន​មាន​សេចក្ដី​ចម្រុងចម្រើន​រុងរឿង​បាន​ទេ ហើយ​កូន​ហ្នឹង​ក៏​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ។ ការ​គ្រប់គ្រង​ស្រុក​សង្គម​ជនបទ​ក៏​យើង​យក​ព្រហ្ម​វិហារធម៌​ហ្នឹង​ជា​គោល​ ដែរ ទាំង​ព្រះ​មហាក្សត្រ​ក្ដី មន្ត្រី​រាជការ​តៗ​មក​ក្ដី ក៏​លោក​យក​ព្រហ្ម​វិហារ​ធម៌​ហ្នឹង​ក្នុង​ការ​គ្រប់គ្រង​ដោយ​សុខសាន្ត​ សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ហ្នឹង»

លោក ព្រាបចាន់ ម៉ារ៉ា សាស្ត្រាចារ្យ​ផ្នែក​អារ្យធម៌​ខ្មែរ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​ សិល្បៈ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា នៅ​ក្នុង​សង្គម​ខ្មែរ​កាល​ពី​ជំនាន់​ដើម គឺ​បុព្វបុរស​លោក​ក៏​បាន​ប្រកាន់​យក​នៅ​ព្រហ្ម​វិហារធម៌​ទាំង ៤​នេះ​ដែរ ដើម្បី​មក​ធ្វើ​ការ​ទូន្មាន​ចិត្ត​របស់​ខ្លួន និង​ជួយ​គ្រប​សង្កត់​នូវ​វប្បធម៌​ក្ដិច​ត្រួយ​គ្នា​នេះ។

លោក​បាន​បន្ត​ថា បុព្វបុរស​ខ្មែរ​បាន​ធ្វើការ​អប់រំ​ខ្លួន​រហូត​ដល់​ទៅ​សាង​ប្រាសាទ​ព្រហ្ម​ មុខ​៤ ឬ​ព្រហ្ម​មុខ​៤​ថែម​ទៀត ដែល​គេ​ឃើញ​មាន​នៅ​សេសសល់​សព្វថ្ងៃ​នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប។ ការ​សាងសង់​ប្រសាទ​មាន​មុខ​៤ ឬ​ហៅ​ថា ប្រាសាទ​បាយ័ន​នោះ គឺ​តំណាង​បញ្ជាក់​ពី​អរិយធម៌ វប្បធម៌​រាប់​អាន​គ្នា​របស់​ខ្មែរ៖ «ជី​ដូន​ជី​តា​យើង​នេះ​លោក​ឲ្យ​យោបល់ លោក​ប្រដៅ​ណែនាំ​មក​នេះ​ក្នុង​គំនិត​អ្វីៗ វា​ទៅ​ជា​សង្គម​អ្វីៗ​វា​ទៅ​ទាំង​អស់​គ្នា​វា​ទៅ​អ្វី​ជុំ​គ្នា។ ការ​ដែល​លូតលាស់​តែ​ម្នាក់​ឯង ថ្កុំថ្កើង​តែ​ម្នាក់​ឯង រុងរឿង​តែ​ម្នាក់​ឯង​ក៏​មិន​ប្រសើរ»

ព្រះតេជព្រះគុណ ញឹម សុធន អតីត​ព្រះ​មេគណ​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​គង់​នៅ​វត្ត​ទួលទំពូង ក្រុង​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ថា មនុស្ស​គ្រប់​រូប​មិន​ថា​តែ​ជន​ជាតិ​ខ្មែរ​ទេ​នៅ​ក្នុង​លោក​នេះ គឺ​ម្នាក់ៗ​តែង​ប្រាថ្នា​ចង់​បាន​នូវ​សេចក្ដី​សុខ​សប្បាយ ចម្រើន​រុង​រឿង​ដូច​គ្នា ដូច្នេះ​គួរ​អ្វី​នាំ​គ្នា​បង្កើត​វប្បធម៌​ស្អប់​ខ្ពើម ផ្ដួល​រំលំ​គ្នា ក្ដិច​ត្រួយ​គ្នា​ទៅ​វិញ។ បើ​គេ​នាំ​គ្នា​បង្កើត​តែ​ធម៌​ក្ដៅ​ក្រហាយ​គំនុំ​គុំកួន​ច្រណែន​ឈ្នានីស​ គ្នា​យ៉ាង​ដូច្នោះ តើ​សេចក្ដី​សុខ​ចម្រើន​អាច​កើត​មាន​ដល់​ខ្លួន​ឯង​យ៉ាង​ដូចម្ដេច​បាន?
ព្រះតេជព្រះគុណ​បាន​បញ្ជាក់​ទៀត​ថា បើ​មនុស្ស​គ្រប់​គ្នា​ចង់​បាន​សេចក្ដី​សុខ​ចម្រើន​រុង​រឿង​ខ្លួន​ឯង​បាន​នោះ គឺ​ត្រូវ​តែ​ផ្ដល់​សេចក្ដី​សុខ​ចម្រើន​រុង​រឿង​ឲ្យ​ដល់​អ្នក​ដទៃ​ដូច​គ្នា​ នឹង​ខ្លួន​ឯង​ផង​ដែរ ទើប​បុគ្គល​នោះៗ​ទទួល​បាន​នូវ​សេចក្ដី​សុខ​ពិតប្រាកដ និង​មាន​ស្ថិរភាព​យូរ​អង្វែង​បាន៕

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...